Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដើម្បីជាជំនួយខ្លះៗដល់ការសិក្សារបស់សិស្ស និស្សិត ក៏ដូចជាការប្រើប្រាស់ឱសថឲ្យបានសមស្របថែមទៀត និងការសង្កេតឃើញថាមិនទាន់មានឯកសារជាភាសាជាតិយើងនៅឡើយ ក្រុមវេជ្ជបណ្ឌិត (តំណាង T.S.K ) ក៏បានសាកល្បងប្រែសម្រួលពីភាសាបារាំង និងចងក្រងជាឯកសារដ៏មានគុណតម្លៃនេះឡើង។  ក្នុងនេះផងដែរ ក៏មានបង្ហាញនូវឱសថតាមប្រភេទ និងផ្នែក ដោយមានបង្ហាញអំពីចំណុចសំខាន់ៗជាច្រើនទាក់ទិននឹងឱសថរួមមានដូចជា លក្ខណៈឱសថ ផលរំខាន កម្រិតប្រើប្រាស់ ការប្រុងប្រយ័ត្ន។ល។  នេះជាការចូលរួមចំណែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសវិស័យឱសថ… សូមធ្វើការទាញយកតាមរយៈ មគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ  ប្រភព៖ ទំព័រហ្វេសប៊ុក Dr. Bo Setha © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ...

ចែករំលែក

ការងូតទឹកឲ្យទារកគឺជាសកម្មភាពដ៏សំខាន់ និងជាកាយវិការមួយធ្វើឲ្យឳពុកម្តាយព្រមទាំងកូនមានពេលវេលានៅជាមួយគ្នា និងរឹតបន្តឹងចំណងនៃក្តីស្រឡាញ់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការងូតទឹកឲ្យកូនតូច តម្រូវឲ្យមានការប្រុងប្រយ័ត្នជាមុនឲ្យបានច្រើនដែរ។ ខាងក្រោមនេះជាការប្រុងប្រយ័ត្នមួយចំនួនដែលអ្នកគួរអនុវត្តនៅពេលងូតទឹកឲ្យកូនតូចជាទីស្រឡាញ់របស់អ្នក៖ • កំណត់បរិមាណទឹកឲ្យបានត្រឹមត្រូវ កុំឲ្យច្រើនពេក ឬមិនត្រូវលើសពី២ឬ៣អ៊ីញ នៅក្នុងអាងងូតទឹកសម្រាប់ទារករបស់អ្នកទេ។ • មិនត្រូវទុកកូនតូចរបស់អ្នកឲ្យនៅម្នាក់ឯងក្នុងទឹកឡើយ សូម្បីតែរយៈពេលខ្លី ទោះជាពេលអ្នកលើកទូរស័ព្ទ ឬទៅបិតចង្ក្រានក៏ដោយ។ ប្រសិនបើអ្នកត្រូវចាកចេញពីបន្ទប់ទឹកដើម្បីទៅរក្សាអ្វីដែលសំខាន់ ត្រូវលើកកូនតូចរបស់អ្នកចេញពីទឹករុំនឹងកន្សែងពោះគោ និងនាំគាត់ទៅជាមួយអ្នក។ ហើយនៅពេលដែលអ្នកនាំគាត់ទៅងូតទឹកវិញ សូមយកកន្សែងពោះគោស្ងួតទៅជាមួយ ដើម្បីទុកជូតខ្លួនឲ្យគាត់នៅពេលងូតទឹករួច។ • អ្នកត្រូវប្រាកដថាទឹកមានសភាពក្តៅឧណ្ហៗល្មម ក្នុងកម្រិត៣៧ ទៅ៣៨អង្សា មិនក្តៅខ្លាំងពេក ព្រោះស្បែកទារកមានសភាពស្តើងជាងស្បែកយើងធម្មតា ហើយវាងាយនឹងមានប្រតិកម្មទៅនឹងកម្តៅខ្លាំង អាចរលាក និងក្រហម។ ប្រសិនបើអ្នកមិនប្រាកដអំពីសីតុណ្ហភាពដែលមានសុវត្ថិភាពអ្នកអាចប្រើឧណ្ហមាត្រ (ប្រដាប់ស្ទង់កម្តៅ) ដែលលោកអ្នកអាចរកទិញបាននៅតាមហាងលក់ផលិតផលថែទាំទារក ឬនៅឱសថស្ថាននៅជិតផ្ទះអ្នក។ ឧបករណ៍ដ៏សាមញនេះ គឺធ្វើការផ្លាស់ ប្តូរពណ៌ ដើម្បីបញ្ជាក់ពីកម្រិតកម្តៅថាមានសុវត្ថិភាពឬអត់។ • សូមប្រើអាងងូតទឹកប្រភេទជ័រ ដែលមានទំហំសមស្របសម្រាប់ទារករបស់អ្នក ដែលអាចសម្គាល់បានដោយ មានច្រកតូចល្មមទំហំចាប់ពី ៦.៥អ៊ីងឡើងទៅ។ ទំហំច្រកនេះបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ក្បាលកូនតូចរបស់អ្នក រក្សាឲ្យផុតពីទឹកពេលកំពុងងូត។ • ប្រើសាប៊ូដែលមានកម្រិតស្រាល ព្រោះវាផ្តល់នូវលក្ខណៈល្អប្រសើរសម្រាប់ស្បែកទារកក្នុងអំឡុងពេលមួយឆ្នាំដំបូងឬច្រើនជាងនេះ (ចាំថាដុំសាប៊ូពណ៌សមិនមែនជាប្រភេទសាប៊ូដុសខ្លួនទារកដែលស្រាលនោះទេ)។ សូមសាកល្បងប្រើសាប៊ូសម្រាប់ទារក ដែលមិនមានបន្ថែមក្លិនក្រអូប ឬប្រភេទសាប៊ូ Dove, Basis, ឬសាប៊ូNeutrogena។ ប្រើសាប៊ូក្នុងបរិមាណតិចរួមជាមួយនឹងការត្រដុសថ្នមៗ។ • គប្បីជ្រើសរើសសាប៊ូកក់សក់សម្រាប់ទារក ចៀសដាច់ខាតប្រើរួមជាមួយមនុស្សធំ ព្រោះផលិតផលសម្រាប់មនុស្សធំមានសារធាតុកាត់ខ្លាំង ថែមទាំងអាចធ្វើឲ្យក្រហាយភ្នែកទារកទៀតផង។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

អាហារល្អៗជាច្រើនសម្រាប់ញ៉ាំដើម្បីសុខភាព និងល្អសម្រាប់មុខមុន   ប៉ុន្តែការញ៉ាំអាហារដ៏ត្រឹមត្រូវមិនមែនត្រឹមតែជាអ្វីដែលអ្នកគួរញ៉ាំនោះទេ តែក៏ជារបៀបនៃការញ៉ាំផងដែរ។ អ្នកបានដឹងមកហើយអំពីអាហារដែលត្រូវញ៉ាំ តែរបៀបញ៉ាំនេះក៏មិនមែនជារឿងតូចតាចដែរ បើសិនជាមុនរបស់អ្នកហាក់នៅតែរឹងទទឹងមិនបាត់ទៅណា។ 1.    រំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹក ធ្វើឲ្យកំឡុងពេលរវាងអាហារឃ្លាតឆ្ងាយពីគ្នាពេក ជម្រុញឲ្យមានការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមមិនទៀងទាត់ដែលជះឥទ្ធិពល លើការផលិតអាំងស៊ុយលីន បន្ទាប់មកក៏នាំឲ្យកើតមានជាការរលាក ស្បែកឡើងខ្លាញ់  និងការស្ទះរន្ធរោមដែលសុទ្ធតែជាដើមចមនៃការកើតមុន។ ម្យ៉ាងទៀត ការខកខានអាហារនៅពេលណាមួយ ជាពិសេសគឺពេលព្រឹកក៏នាំឲ្យមានការបញ្ចេញនូវអ័រម៉ូនស្រេ្តស cortisol ដែលជម្រុញឲ្យជាតិស្ករក្នុងឈាមឡើងចុះដូចគ្នា ដែលជាចលនករនៃយន្តការបង្កការកើតមុនដូចខាងលើដែរ។   យកល្អគឺត្រូវញ៉ាំអាហារពេលព្រឹកនៅមួយម៉ោងក្រោយពីក្រោកពីគេង ហើយបន្ទាប់មកគឺត្រូវដាក់គម្លាតអាហារ និងចំណីផ្សេងទៀតប្រហែល៤ម៉ោងបន្ទាប់។ គួរកត់សម្គាល់ដែរថា កាហ្វេនៅពេលព្រឹកមិនអាចជួយអ្វីបានឡើយ ហើយវាក៏អាចធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេសទៀតផង។ 2.    កុំសម្អាតតែមុខ ត្រូវសម្អាតពីខាងក្នុងតែម្តង សំខាន់ខ្លាំងណាស់ក្នុងការសម្អាតរាងកាយរបស់អ្នកស្អាតតាំងពីខាងក្នុងដើម្បីឲ្យវាដំណើរការបានល្អប្រសើរ។ ជាក់ស្តែង កាលណាមានសារធាតុកកស្ទះនៅក្នុងរាងកាយស្បែកគឺជាសរីរាង្គសម្រាប់បញ្ចេញសារជាតិពុលនោះ ដែលធ្វើឲ្យស្បែកត្រូវរងសម្ពាធ និងរងការប៉ះពាល់។ ដើម្បីធានាសម្អាតពោះវៀនជាប្រចាំ អ្នកត្រូវបញ្ចូលជាតិទឹក យ៉ាងហោច១.៥លីត្រក្នុងមួយថ្ងៃ បន្លែ និងផ្លែឈើចម្រុះ ថែមគ្រាប់ធញ្ញជាតិ ពពួកកាបូហាយដ្រេត សណ្តែក ប្រូតេអីុន សារធាតុសរសៃ ក៏ដូចជាពពួកប្រ៊ីបាយអូទិច ដែលអាចជួយសម្អាតពោះវៀន និងបញ្ចេញអ័រម៉ូនបានល្អ។ 3.    បំប៉នអ័រម៉ូនរបស់អ្នក តាមដានដំណើរការនៃអ័រម៉ូនរបស់អ្នកអាចជួយកាត់បន្ថយការលេចឡើងនៃមុន។ ទាំងនេះអាចជួយបានតាមរយៈការញ៉ាំបន្លែដូចជា ប្រូខូលី ស្ពៃក្តោបបន្លែមានពណ៌ទឹកក្រូច ក្រហម និងស្វាយជាដើម ដែលវាជួយរក្សាលំនឹងអ័រម៉ូនរបស់អ្នក។ យ៉ាងណាមិញ អ្នកត្រូវប្រាកដថា អ្នកគ្រាន់តែចម្អិនវាក្នុងរយៈពេលខ្លីល្មមប៉ុណ្ណោះ ដើម្បីធានាថាសារធាតុចិញ្ចឹម និងវីតាមីនរបស់វាអាចរក្សាបាន។ 4.    បង្អត់ខ្លួនឯង រួចញ៉ាំលើសលប់នៅពេលក្រោយ ប្រហែលនឹងខាងលើ ការបង្អត់ ឬរំលងអាហារណាមួយ ក្រៅពីបង្កឲ្យមានឥទ្ធិពលលើជាតិស្ករ និងអ័រម៉ូនស្ត្រេស តែវាក៏បង្កឲ្យអ្នកអាចញ៉ាំលើសលប់នៅពេលក្រោយបានផងដែរ បន្ទាប់មកវាអាចធ្វើឲ្យមានការរលាកនិងក្លាយជាមុនបាន។ ជំនួសមកវិញ អ្នកអាចបរិភោគចំណីទ្រាប់ពោះ ដែលផ្តល់សុខភាពល្អដើម្បីគ្រប់គ្រងភាពស្រេកឃ្លានរបស់អ្នក។ 5.    ឈប់បង្ហើយអាហារ ជារឿយៗអ្នកបង្ខំបង្ហើយអាហារទាល់តែអស់ បើទោះបីជាអ្នកឆ្អែតហើយក៏ដោយ ដែលជាលទ្ធផលក៏បង្កការរលាកដោយសារតែការញ៉ាំលើសលប់នេះឯង។ នៅពេលនេះ អ្នកដឹងទាំងអ្វីដែលត្រូវញ៉ាំ អ្វីមិនត្រូវញ៉ាំព្រមទាំងការញ៉ាំរបៀបណាផងដែរ ហើយការញ៉ាំដ៏ត្រឹមត្រូវសម្រាប់សុខភាព និងមុខមុន មិនគួរត្រូវបានអូសបន្លាយទៀតទេ  ប្រសិនបើអ្នកចង់បានស្បែកមុខដែលស្រស់ថ្លាគ្មានមុន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

មុនក្បាលស អាចមិនសូវជាមានការចាប់អារម្មណ៍ច្រើន ដោយហេតុថាជាទូទៅ មុនភាគច្រើនដែលកើតឡើងអាចស្តែងចេញជាពណ៌ខ្មៅ ឬក្រហមទៅតាមប្រភេទរបស់វា  តែមុនក្បាលសក៏អាចបង្កជាផលរំខានដ៏គួរឲ្យធុញទ្រាន់ផងដែរ។ ខាងក្រោមនេះ ជាអត្ថបទលម្អិតស្តីពី មុនក្បាលស៖លក្ខណៈមុនក្បាលស មុនក្បាលស ជាមុនមួយប្រភេទ កើតឡើងដោយសារ ការស្ទះនៃខ្លាញ់ និងកោសិកាស្បែកងាប់ (Keratin) នៅក្នុងគល់រោម ឬរន្ធញើស។ រូបរាងរបស់មុនក្បាលស មានលក្ខណៈជាដុំពក ដែលតែងតែកើតលើតំបន់ផ្ទៃមុខដែលសម្បូរទៅដោយខ្លាញ់ ដូចជា ថ្ងាស និងចង្កាជាដើម។ ជាទូទៅមុនប្រភេទនេះមានពណ៌ដូចស្បែក ដោយសារវាមិនអាចមាន អុកស៊ីតកម្មជាមួយនឹងខ្យល់ ហើយវាមានលក្ខណៈខុសគ្នាពីប្រភេទមុនដទៃ ព្រោះមុនក្បាលស មិនមានរលាក មិនក្រហម និងមិនមានការឈឺចាប់ដោយគ្រាន់តែអ្នកជំងឺមានអារម្មណ៍ រដិបរដុប ផ្ទៃមុខមិនរលោង តែប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យ មុនក្បាលស ត្រូវបានធ្វើរោគវិនិច្ឆ័យដោយធ្វើការមើលផ្ទាល់ទៅលើមុខ។ ផ្ទៃមុខមានសភាពមិនរលោង ស្ទាបទៅរដិបរដុប នៅជុំវិញគល់រោម និងកន្ទួលមានពណ៌សាច់។ វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលមុនក្បាលស អាចមានជម្រើស៖ • ថ្នាំលាបប្រភេទ Comedolytic (BenzoylPeroxide, Azelaic Acid, Salicylic Acid,Glycolic Acid និង Retinoid)ដោយលាបស្តើងៗទៅលើកន្លែងដែលមានមុន ១ដងឬ២ដង ក្នុងមួយថ្ងៃ • ក្នុងករណីខ្លះយើងអាចធ្វើការបកចេញដោយញេច និងម៉ាស៊ីនបូមសម្អាត។ វិធីសាស្រ្តបង្ការ ដោយសារវាអាចកើតឡើងទៅលើទាំងស្រ្តី និងបុរសផង ដូច្នេះ គួរមានការប្រុងប្រយ័ត្ន និងមានទម្លាប់ល្អតួយ៉ាង៖ • ប្រើប្រាស់ផលិតផលគ្រឿងសម្អាង គួរតែជាប្រភេទ Oil-free ឬNon-comedogenic • លាងសម្អាតមុខ នៅពេលព្រឹក និងពេលល្ងាចជាមួយ Mild Soap ឬ Salyzap • បញ្ឈប់ការជក់បារី • ហាមញ៉ាំអាហារប្រភេទផ្អែម និងខ្លាញ់។ ករណីមានជំងឺមុនក្បាលស ឬបញ្ហាស្បែកទូទៅកើតឡើង អ្នកគួរប្រញាប់រួសរាន់មកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យដែលមានជំនាញពិតប្រាកដ នៅតាមមន្ទីរពេទ្យដែលមានស្តង់ដារព្យាបាលខ្ពស់ ចៀសវាងបណ្តែតបណ្តោយឲ្យជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ ដែលឈានដល់ដំណាក់កាលពិបាកព្យាបាល និងអាចខាតបង់ថវិកា រួមទាំងពេលវេលាសម្រាប់ការព្យាបាលកាន់តែច្រើន។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ឯកទេសជំងឺសើស្បែក នៃមន្ទីរពេទ្យ ព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំរស់នៅភ្នំពេញ។ កាលពីពេលថ្មីៗនេះ មិត្តភក្តិខ្ញុំបានជួបគ្រោះអកុសលមួយ គឺកូនស្លាប់ក្នុងផ្ទៃដោយមិនដឹងមូលហេតុក្រោយពីមានផ្ទៃពោះជាង២ខែ។ នាងខ្ញុំចង់ដឹងថា តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយតើរយៈពេលប៉ុន្មានទៀត ទើបនាងអាចមានផ្ទៃពោះថ្មីបាន? ចម្លើយ៖ ច្រើនជាង៨០%នៃការរលូតកូនកើតឡើងក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ។ ការរលូតកូនភាគច្រើនកើតឡើង នៅពេលដែលទារកក្នុងផ្ទៃ មានបញ្ហាហ្សេនេទិកពីកំណើត។ ជាទូទៅ បញ្ហាទាំងនេះមិនមានទាក់ទងជាមួយនឹងម្តាយទេ។ មូលហេតុដទៃទៀតនៃការរលូតកូន រួមមាន ៖ • ការបង្ករោគ • ស្ថានភាពសុខភាពរបស់ម្តាយ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអុីត • បញ្ហាអ័រម៉ូន • ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ • បញ្ហាសុខភាពផ្លូវកាយរបស់មាតា • ស្បូនមិនប្រក្រតី។ មិត្តរបស់អ្នកគួរតែពិភាក្សាពីពេលវេលានៃការមានផ្ទៃពោះលើកក្រោយរបស់គាត់ជាមួយនឹងវេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតមួយចំនួន នឹងណែនាំឲ្យគាត់រង់ចាំមួយរយៈពេលសិន (ពីការមករដូវខែទី១ទៅខែទី៣) មុនពេលព្យាយាមមានផ្ទៃពោះម្តងទៀត។ ដើម្បីការពារការរលូតកូនម្តងទៀត វេជ្ជបណ្ឌិតរបស់គាត់ អាចនឹងណែនាំពីការព្យាបាល ដោយចំណាយពេលទាំងព្យាបាលសុខភាពផ្លូវកាយ និងផ្លូវចិត្តបន្ទាប់ពីការរលូតកូនលើកមុន។ បកស្រាយដោយ​ ៖ លោកស្រីវេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃAnna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

អាហារទាំងអស់សុទ្ធតែផ្តល់គុណប្រយោជន៍ដល់រាងកាយតែការតមអាហារនៅតែមាន។ មនុស្សមួយចំនួន សុខចិត្តបង្អត់អាហារពេលព្រឹក ឬល្ងាចខ្លួនឯង ព្រោះតែខ្លាចលើសជាតិខ្លាញ់ ឬស្ករដែលបង្កផលប៉ះពាល់ដល់សុខភាព។ ការពិតទៅបើអ្នកគ្រាន់តែស្វែងយល់បន្តិចថា អាហារណាគួរញ៉ាំពេលណា និងពេលណាគួរចៀសវាង អ្នកក៏មិនចាំបាច់ធ្វើបាបខ្លួនឯងទៀតដែរ។ សូមណែនាំអាហារ ៨មុខ ជាមួយពេលវេលាដែលស័ក្តិសមគួរញ៉ាំ និងពេលវេលាដែលគួរចៀសវាង។  ផ្លែប៉ោម  គួរទទួលទាន  ពេលព្រឹក ព្រោះសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន(Pectin)ជាសារធាតុស្ករងាយរលាយ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ អ្វីដែលកាន់តែពិសេសផ្លែប៉ោមមានអត្ថប្រយោជន៍ជួយលុបបំបាត់នូវសារធាតុដែលបង្កជាជំងឺមហារីក។ គួរចៀសវាងទទួលទាន ពេលល្ងាច ឬពេលយប់ព្រោះអាស៊ីតសរីរាង្គរបស់ផ្លែប៉ោម នឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលបង្កឲ្យមានការឈឺក្រពះ។ ម្យ៉ាងទៀត ប៉ិចទីននឹងបន្ថែម សម្ពាធដល់ប្រព័ន្ធរំលាយអាហារផងដែរ ប្រសិនញ៉ាំនៅពេលយប់។ ស្ករស គួរទទួលទានពេលព្រឹកឬពេលថ្ងៃព្រោះជាពេលដែលអាំងស៊ុយលីននៃរាងកាយរបស់យើង ធ្វើការបំបែកជាតិស្ករបានយ៉ាងមានប្រសិទ្ធ-ភាព។គួរចៀសវាងទទួលទានពេលយប់ព្រោះជាពេលដែលជាតិស្ករអាចបង្កើននូវជាតិខ្លាញ់នៅក្នុងរាងកាយ និងបង្កការរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។ ចេក គួរទទួលទានពេលថ្ងៃត្រង់ ព្រោះចេកជាប្រភេទផ្លែឈើដែលសម្បូរនូវជាតិសរសៃ ហើយក៏ជាអ្នកសម្រួលដល់ការរំលាយអាហារដែរ។ មិនត្រឹមតែប៉ុណ្ណោះចេកជាឱសថធម្មជាតិ ដែលអាចបន្សាបជាតិអាស៊ីតក្នុងក្រពះ និងបន្ថយអាការៈចុកឆ្អល់ចុងដង្ហើមផងដែរ។ គួរចៀសវាងទទួលទាននៅពេលយប់  ព្រោះការទទួលទានផ្លែចេកពេលយប់ អាចបណ្តាលឲ្យមានការកកើតឡើងនូវសំបោរ  ឬស្លេស្មជាដើម។ ប្រសិនបើអ្នកញ៉ាំនៅពេលពោះទទេ អាចមានការប៉ះពាល់ដល់ក្រពះ ព្រោះវាជាប្រភពនៃម៉ាញេស្យូម។ ក្រូច គួរទទួលទានពេលថ្ងៃ ព្រោះវាជួយដល់ប្រព័ន្ធរំលាយអាហារ ជួយបញ្ចេញជាតិពុល និងបង្កើនការធ្វើមេតាបូលីស។ គួរចៀសវាងទទួលទានពេលព្រឹក ឬពេលទើបភ្ញាក់ពីគេង ព្រោះការញ៉ាំពេលពោះទទេ អាចបង្កឲ្យមានការចេញទឹកអាស៊ីតក្រពះកាន់តែច្រើន និងអាចឈានដល់ការរលាកក្រពះ។ បាយ គួរទទួលទានពេលថ្ងៃ ព្រោះជាពេលដែល ការរំលាយអាហារបានល្អជាងគេ និងអាចឲ្យរាងកាយប្រើប្រាស់ កាបូអីុដ្រាតបានប្រសើរ។ គួរចៀសវាងទទួលទានពេលយប់ ដោយសារការញ៉ាំបាយពេលយប់ ធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើង។ ទឹកដោះគោ គួរទទួលទានពេលយប់ ទឹកដោះគោក្តៅឧណ្ហៗ អាចជួយសម្រួលការធ្វើការរបស់រាងកាយក៏ដូចជាជួយអ្នកឲ្យគេងលក់ស្រួលផងដែរ។ គួរចៀសវាងទទួលទានពេលព្រឹក ជាពិសេសបើអ្នកមិនមានការធ្វើលំហាត់ប្រាណ ដោយហេតុថា វាអាចឲ្យអ្នកពិបាកក្នុងការរំលាយអាហារ និងធ្វើឲ្យអ្នកពិបាកទទួលទានអាហារថែមទៀតផង។ ឈីស គួរទទួលទានពេលព្រឹកព្រលឹម សម្រាប់អ្នកដែលមិនញ៉ាំសាច់ វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសសាច់។ បើញ៉ាំឈីសក្នុងបរិមាណសមល្មមនោះវាអាចបង្ការនូវការឡើងទម្ងន់។ គួរចៀសវាងទទួលទានពេលយប់ ផលវិបាកចម្បងជាងគេ គឺបញ្ហាក្នុងការរំលាយអាហារ និងឡើងទម្ងន់។ សាច់ គួរទទួលទាន ពេលថ្ងៃត្រង់ ព្រោះវាសម្បូរទៅដោយប្រូតេអីុន ដែលជួយបង្កើនកម្លាំង និងភាពរឹងមាំដល់រាងកាយ ព្រមទាំងជួយដាស់អារម្មណ៍ និងស្មារតីឲ្យមានភាពស្រស់ថ្លា។ គួរចៀសវាងទទួលទានពេលយប់ ព្រោះសាច់ជាអាហារពិបាកក្នុងការកិនបំបែក និងត្រូវចំណាយពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក និងអាចធ្វើឲ្យអ្នកឡើងទម្ងន់ទៀតផង។  ប្រាកដណាស់ថា អ្នកណាក៏មិនអាចគេចផុតពីការញ៉ាំអាហារទាំង៨ នេះដែរ ដូចនេះគួរចាប់ផ្តើមកែប្រែទម្លាប់នៃការញ៉ាំដោយគោរពតាមពេលវេលា ដូចដែលបានណែនាំខាងលើ ដើម្បីទទួលសុខភាពល្អ និងមិនចាំបាច់ហាមឃាត់ខ្លួនឯងតទៅទៀតឡើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មនុស្សម្នាក់ស្អាតបំផុតនៅពេលដែលគេញញឹម ឬសើច ហើយវាជាសញ្ញាបង្ហាញពីភាពពេញចិត្ត  សេចក្តីសុខ និងសុភមង្គលជូនដល់មនុស្សជុំវិញអ្នក ធ្វើឲ្យគេស្រស់ស្រាយបានជាមួយអ្នក។ ប៉ុន្តែ ចុះបើធ្មេញមិនស្អាត ជាពិសេសមិនមែនមួយជួរដូចគេ ដែលសូម្បីតែសើចក៏ត្រូវបង្ខំចិត្តលាក់ដែរពេលខ្លះនោះ? បច្ចុប្បន្ននេះ វាមិនមែនជាបញ្ហាទៀតទេ …អ្នកប្រហែលជាធ្លាប់ឮ និងដឹងខ្លះៗមកហើយអំពីការពត់ឬតម្រង់ធ្មេញដែលមានការពេញនិយមយ៉ាងខ្លាំងទាំងក្នុងប្រទេសផ្ទាល់ ក៏ដូចជាជុំវិញពិភពលោកតែម្តង។ មិនថាអ្នកណា អ្នកណា និងសូម្បីតែតារាល្បីៗជាច្រើនក៏ជ្រើសរើសវិធីសាស្ត្រនេះមកកែតម្រូវសោភ័ណភាពផងដែរ។ ដូចនេះ សូមជួបជាមួយលោកទន្តពេទ្យ ស៊ឹង គីមសាន ស្ថាបនិកនៃ ”គ្លីនិកធ្មេញ គីមសាន”ដើម្បីបកស្រាយចម្ងល់ទាក់ទិននឹងការពត់ធ្មេញនេះជាពិសេស ជុំវិញអត្ថប្រយោជន៍នៃវិធីសាស្រ្តនេះតែម្តង។ អ្វីជាការពត់តម្រង់ធ្មេញ? ការពត់តម្រង់ធ្មេញគឺជាផ្នែកមួយនៃវិស័យទន្តសាស្រ្តដែលពាក់ព័ន្ធទៅនឹងលើការលូតលាស់ ការវិវឌ្ឍ និងបម្រែបម្រួលនៃមុខមាត់ ផ្នត់ឆ្អឹងថ្គាម ព្រមទាំងធ្មេញផងដែរ។ ជាពិសេស វាជាការព្យាបាលទៅលើលក្ខណៈខុសប្រក្រតីនៃធ្មេញ និងទម្រង់មុខក្នុងការកំណត់មួយដែលទាក់ទងទៅនឹងកត្តាជីវសាស្ត្រ។ ហេតុអ្វីបានជាការពត់ធ្មេញត្រូវបានណែនាំឲ្យធ្វើ? ពីព្រោះគុណប្រយោជន៏ជាច្រើនដែលបានពីការពត់ធ្មេញផ្តល់ឲ្យលោកអ្នកនូវ៖ • សម្រស់ និងការបញ្ចេញស្នាមញញឹម ដែលជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះការបង្កើនទំនុកចិត្តលើខ្លួនឯង ក្នុងការប្រាស្រ័យទាក់ទងគ្នាទាំងសម្រាប់ក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតក្នុងសង្គមការងារ។ • ដំណោះស្រាយក្នុងការតម្រង់ធ្មេញឲ្យត្រូវទៅតាមកំណាំធ្មេញធម្មតា ងាយស្រួលក្នុងការខាំទំពាចំណីអាហារ ដែលជាកត្តាជំរុញឲ្យអ្នកមានសុខភាពល្អ។ • ធ្មេញដែលត្រង់ជួរស្អាត ធ្វើឲ្យងាយស្រួលក្នុងការសម្អាតបានល្អនូវចំណីអាហារ ឬក៏កម្ទេចកំទីដែលតោងជាប់នៅចន្លោះធ្មេញ។ ផ្ទុយមកវិញ ប្រសិនបើធ្មេញរបស់អ្នកមិនត្រង់ជួរ វាអាចបង្កភាពងាយស្រួលក្នុងការជាប់ចំណីអាហារ និងបាក់តេរី ជាហេតុនាំឲ្យមានរោគពុកធ្មេញ ក្លិនមាត់មិនល្អ ជំងឺអញ្ជាញធ្មេញមួយចំនួន និងអាចនាំឲ្យបាត់បង់ធ្មេញទៀតផង។ នរណាខ្លះគួរជ្រើសរើសការពត់ធ្មេញ? ជាទូទៅការពត់តម្រង់ធ្មេញ គឺអាចធ្វើឡើងសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមាររហូតដល់មនុស្សចាស់ និងត្រូវបានណែនាំចំពោះអ្នកណាម្នាក់ដោយផ្អែកលើសភាពធ្មេញ របស់ពួកគេដូចជា៖ • បុគ្គលដែលមានធ្មេញដុះប្រជ្រួសគ្នា • បុគ្គលដែលមានឆ្អឹងថ្គាមធ្មេញផ្នែកខាងលើលយទៅមុខខ្លាំង គ្របទៅលើឆ្អឹងថ្គាមផ្នែកខាងក្រោម • បុគ្គលដែលមានឆ្អឹងថ្គាមផ្នែកខាងក្រោមលយទៅមុខខ្លាំង ឬឆ្អឹងថ្គាមផ្នែកខាងលើខិតទៅក្រោយខ្លាំង • បុគ្គលដែលមានចន្លោះប្រហោងនៃផ្នែកធ្មេញមុខ នៅពេលដែលធ្មេញផ្នែកខាងក្រោយខាំប៉ះគ្នា • បុគ្គលដែលមានខ្សែបន្ទាត់នៃចំនុចកណ្តាលធ្មេញមុខខាងលើមិនស្របគ្នាទៅនឹងចំនុចកណ្តាលនៃធ្មេញមុខផ្នែកខាងក្រោម • បុគ្គលដែលមានចន្លោះ ឬប្រហោងពីធ្មេញមួយទៅធ្មេញមួយទៀត • បុគ្គលដែលមានធ្មេញមានលក្ខណៈចង្អៀត ដែលមិនមានលំហគ្រប់គ្រាន់សម្រាប់ដំណុះធ្មេញ។ តើមានជម្រើសអ្វីខ្លះសម្រាប់ការពត់តម្រង់ធ្មេញ? វិធីសាស្រ្តនៃការពត់តម្រង់ធ្មេញ ដែលនិយមប្រើប្រាស់ជាទូទៅមាន៣ប្រភេទ៖ 1.   ការពត់តម្រង់ធ្មេញដោយប្រើលួសដាក់ជាប់ពីខាងក្រៅនៃធ្មេញ៖  វាជាវិធីសាស្ត្រដែលគេប្រើប្រាស់ញឹកញាប់ជាងគេ ក្នុងការពត់តម្រង់ធ្មេញ។ 2.   ការពត់តម្រង់ធ្មេញដោយប្រើលួសដាក់ជាប់ពីខាងក្នុងនៃធ្មេញ៖វិធីនេះមិនអាចឲ្យគេមើលដឹងថាយើងកំពុងព្យាបាលពត់តម្រង់ធ្មេញទេ ប៉ុន្តែវាក៏មិនសូវជាមានផាកសុខភាពប៉ុន្មានដែរ។ 3.    ការពត់តម្រង់ធ្មេញដោយប្រើឧបករណ៍ជ័រថ្លា៖ មិនប៉ះពាល់ដល់សោភ័ណភាព រឹតតែគេមើលមិនដឹងថាយើងកំពុងព្យាបាលពត់តម្រង់ធ្មេញទៀត គ្រាន់តែវាមានតម្លៃថ្លៃជាងការពត់តម្រង់ធ្មេញទាំងពីរប្រភេទខាងលើ។ លោកទន្តពេទ្យ ស៊ឹង គីមសាន  បានបញ្ជាក់ផងដែរថាអាណាព្យាបាលទាំងអស់គួរនាំកូនទៅជួបទន្តពេទ្យ នៅពេលពួកគេចាប់ផ្តើមដុះធ្មេញស្រុកដំបូង ដើម្បីឲ្យទន្តពេទ្យពិនិត្យ ថែទាំតាមដាន និងវាយតម្លៃទៅលើដំណុះធ្មេញរបស់គាត់ ហើយវាពិតជាសំខាន់ ក្នុងការនាំឲ្យពួកគេមានធ្មេញត្រង់ជួរស្អាតនៅពេលធំពេញវ័យ។  បើយោងតាមសមាគម ពត់តម្រង់ធ្មេញសហរដ្ឋអាមេរិក បានណែនាំថា កុមារគួរតែទទួលបានការវាយតម្លៃអំពីការពត់តម្រង់ធ្មេញពីទន្តបណ្ឌិតតាំងពីនៅមុនអាយុ៧ឆ្នាំ។   សូមថ្លែងអំណរគុណផងដែរចំពោះការចូលរួមផ្តល់យោបល់ពីទន្តបណ្ឌិត កែវ ប្រឹក្សា   ដែលកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)ផ្នែកពត់តម្រង់ធ្មេញនៅប្រទេសជប៉ុន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ភាពមិនប្រក្រតីនៃការមករដួវបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់ជីវិតស្ត្រី​ ពិសេសក្មេងស្រីជំទង់ និងស្ត្រីពេញវ័យ។ មានកត្តាជាច្រើនដែលធ្វើឲ្យស្ត្រីមានការឈឺចាប់ នៅពេលមករដូវ​ដំបូង​ (primary dysmenorrhea) ក្នុងនោះមាន អាយុ​ ការជក់បារី ភាពយឺតយាវ ឬ មិន​ប្រក្រតីនៃការធ្លាក់ស រលាកអាងត្រកៀក​ កត្តាតំណពូជ (សែន) ប្រវត្តិនៃការរួមភេទ រាងកាយស្គម ការមករដូវលឿនពេក និង​ បញ្ញាផ្លូវចិត្តជាដើម។ ការឈឺចាប់នៅពេលមករដូវ​ជាបញ្ហាដែលកើតឡើងញឹកញាប់ ក្នុងចំណោមបញ្ហាដែលទាក់ទងនឹងរោគស្ត្រី ហើយបញ្ហានេះបានកើតឡើងលើស 50% ទៅលើស្ត្រីដែលមានរដូវ។ ការឈឺចាប់នេះកើតឡើងដោយសារ​ការបញ្ចេញប្រូស្តាហ្ក្លង់ឌីន (prostaglandins) ទៅក្នុងជាលិកាស្បូន ដែលជាហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំរបស់ស្បូន និងនាំឲ្យមានការឈឺចាប់។ ចំពោះរោគសញ្ញាដែលអាចកើតឡើង រួមមាន​ ឈឺក្បាល​ វិលមុខ រាគ ក្អួត ចង្អោរ ឈឺខ្នង ឬជើង។ ពពួកថ្នាំ Non-steroidal anti-inflammatory drug(NSAID) ត្រូវបានប្រើប្រាស់ សម្រាប់ការព្យាបាលដំបូងទៅលើការឈឺចាប់ដោយសារការមករដូវនេះ។ ក្នុងករណីខ្លះទៀត គេក៏អាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់បានដែរ។ ម៉្យាងវិញទៀត ប្រសិនបើការឈឺចាប់នៅពេលមករដូវមានក្នុងអំឡុងពេល២ទៅ៣ឆ្នាំហើយនៅតែបន្តទៅមុខប៉ុន្មានឆ្នាំទៀត នោះវានឹងអាចធ្វើឲ្យមានបញ្ហាទៅលើអាងត្រកៀក។ ក្នុងការសិក្សាមួយបានបង្ហាញថា 98% នៃក្មេងស្រីជំទង់មិនបានប្រើប្រាស់ថ្នាំដើម្បីបំបាត់ការឈឺចាប់ ដោយគ្រាន់តែប្រើប្រាស់ការស្អំ ឬការសម្រាកប៉ុណ្ណោះ ហើយមានការសិក្សាផ្សេងៗទៀតទៅលើប្រជាជនជាច្រើនក្រុមបានបង្ហាញថាពី 30% ទៅ 70% បានប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជា (over-the-counter pain medication)។ វិធីសាស្រ្ត ការសិក្សាគឺធ្វើឡើងតាមរយៈការស្ទង់មតិទៅលើក្មេងស្រីពី 10 ទៅ 24 ឆ្នាំចំនួន 1025នាក់ ដែលការបង្កើតជាកម្រងសំនួរ ផ្អែកលើឯកសារកម្រងសំណួររបស់អង្គការសុខភាពពិភពលោក (WHO)។​ ទីតាំងសម្រាប់ធ្វើការស្ទង់មតិប្រព្រឹត្តទៅនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យបញ្ញាសាស្ត្រ សកលវិទ្យាល័យកម្ពុជា សកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង​ សាលារៀនជ័យថាវី។ លទ្ធផល ក្នុងចំណោមស្ត្រីចំនួន 1025 នាក់ដែលស្ម័គ្រចិត្តចូលរួមក្នុងការស្ទង់មតិ មានក្មេងស្រីជំទង់ ពី 10  ទៅ 19 ឆ្នាំចំនួន 448 នាក់ និងស្ត្រីពី 20 ទៅ 24 ឆ្នាំចំនួន 557នាក់។​ ក្នុងការសិក្សានេះបង្ហាញថាស្ត្រីចំនួន ៩៥៨នាក់ (៩៣%) មានការឈឺចាប់ពេលមករដូវដោយមូលហេតុផ្សេងៗពីគ្នា។ ក្នុងនោះស្ត្រីប្រមាណ 75% ដែលមានអាការៈ ឈឺពោះឬចង្កេះខ្លាំងនៅពេលមករដូវដំបូង និងប្រមាណជាង 50% មានអារម្មណ៍និងឆេវឆាវ ហើយមានស្ត្រីចំនួនតិចតួចប៉ុណ្ណោះដែលមានអាការៈក្អួត ឬចង្អោរ។ ចំពោះយន្តការនៃការព្យាបាល ភាគច្រើនដែលគាត់ប្រើប្រាស់ថ្នាំខ្លួនឯងដោយគ្មានវេជ្ជបញ្ជា និង១ភាគ៤ដែលទៅឱសថស្ថានទិញថ្នាំ ហើយស្ត្រីភាគតិចបំផុតដែលទៅមន្ទីរពេទ្យ ឬមិនព្យាបាលតែម្ដង។ គួរកត់សម្គាល់ផងដែរថា មានស្ត្រីដែលគាត់មានការឈឺចាប់ពេលមករដូវដំបូងមាន40% បានជ្រើសយកការប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុលជាមួយកាហ្វេអ៊ីន (Paracetamol + Caffeine)ដោយមិនគិតពីផលប៉ះពាល់ នៅពេលប្រើប្រាស់ថ្នាំប្រភេទនេះច្រើន។ យ៉ាងណាមិញ ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និងពពួកថ្នាំ Non-steroidal anti-inflammatory drug (NSAID)ដែលជាថ្នាំត្រឹមត្រូវក្នុងការព្យាបាល នៅមានកម្រិតទាបប្រហែល២០%ប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងប្រទេសជីតខាង ការប្រើប្រាស់ថ្នាំដោយខ្លួនឯងក្នុងការព្យាបាលការឈឺចាប់ពេលមករដូវមានអត្រា 75% ក្នុងប្រទេសកម្ពុជាខណៈដែលប្រទេសថៃមានអត្រា 82%  និងប្រទេសអូស្ត្រាលីមាន 57%។ សេចក្ដីសន្និដ្ឋាន ការឈឺចាប់ពេលមករដូវ (dysmenorrhea) ទៅលើស្ត្រីក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងអត្រាមួយប្រហាក់ប្រហែលនឹងប្រទេស​មួយចំនួនដូចជាប្រទេស Turky និង​​ Malaysiaប៉ុន្តែស្ថិតក្នុងកម្រិតមួយខ្ពស់នៅឡើយ។​ ម៉្យាងវិញទៀត អត្រានៃការប្រើប្រាស់ថ្នាំដោយខ្លួនឯងរបស់ស្ត្រីនៅកម្ពុជាក៏ស្ថិតនៅក្នុងកម្រិតខ្ពស់ ដែលគួរឲ្យព្រួយបារម្ភផងដែរ។​ ​កត្តាទាំងនេះកើតមានឡើងដោយសារនៅពេលដែលគាត់មានការឈឺចាប់ពេលមករដូវ​​ ថ្នាំដែលគាត់បានទិញយកមកប្រើប្រាស់ ភាគច្រើនសុទ្ធតែអាចបន្ថយរោគសញ្ញនៃការឈឺចាប់បាន​។​ ដោយសារមូលហេតុនេះ​ គាត់នៅតែបន្តរបៀបព្យាបាលរបស់គាត់ ដោយមិនបានពិភាក្សាបញ្ហានេះជាមួយអ្នកជំនាញឡើយ។  ដូចនេះ ការអប់រំអំពីសុខភាពបន្តពូជដែលទាក់ទងនឹងអាការៈការព្យាបាល និងការកាត់បន្ថយការឈឺចាប់ពេលមករដូវគួរតែដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំដើម្បីឲ្យក្មេងស្រីជំទង់និងស្ត្រីគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ក្នុងការត្រៀមទាំងផ្លូវកាយនិងផ្លូវចិត្ត​ ព្រមទាំងអាចជ្រើសរើសយកវិធីសាស្ត្រសមស្របក្នុងការព្យាបាលនៃការឈឺចាប់ដំបូងពេលមករដូវ។​   អ្នកនិពន្ធ៖ ពេញសឺឌី1, ពេញ សាក់ក្តូ2, យ៉ែង សុវត្ថិនា2, ម៉ាក់​ ហ៊ាងលីណា2, ខូវ ហ្កិចជូ2 1: និស្សិតឯកទេសផ្នែករូបភាពវេជ្ជសាស្រ្ត ​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2: និស្សិតឱសថសាស្រ្តឆ្នាំទី4 សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ? ចម្លើយ៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែមអាចផ្តល់ផលវិបាកជាច្រើនស្រាប់ទៅហើយហើយក្នុងនោះជំងឺលើសឈាមរបស់ប្អូន ក៏អាចជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែមដែរ។ ការ ប៉ះពាល់ទៅលើសរសៃប្រសាទ ជាផលវិបាកមួយកើតមានជាញឹកញាប់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ក្នុងនោះ ការប៉ះពាល់លើសរសៃវិញ្ញាណភ្នែកនឹងបង្កឲ្យព្រិលភ្នែក ឬអាចឲ្យខូចភ្នែក ការប៉ះលើសរសៃវិញ្ញាណត្រចៀកនាំឲ្យខូចត្រចៀក(ហឹងឬស្តាប់លែងឮ)។ ក្រៅពីនេះ ផលវិបាកនៃជំងឺទឹកនោមផ្អែមក៏អាចឈានដល់ការខូចស្បែក និងប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។ សរុបមកវិញ ជំងឺទឹកនោមផ្អែមរបស់ប្អូនប្រុសពិតជាទាក់ទងនឹងអាការៈហុឹងត្រចៀករបស់ប្អូនពិតប្រាកដមែន ដូចនេះដើម្បីឲ្យចៀសផុត ឬក៏អាចកាត់បន្ថយនូវផលវិបាកផ្សេងៗទៀត សូមប្អូនទៅជួបជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ   ចៀសវាងការទិញថ្នាំលេបតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជាដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាព។ សូមរំលឹកថា បើជំងឺទឹកនោមផ្អែមរបស់ប្អូនបានទទួល ការព្យាបាលទាន់ពេលវេលា និងគ្រប់គ្រងជាតិស្ករបានល្អដោយអនុវត្តតាមគ្រូពេទ្យឲ្យបានត្រឹមត្រូវនោះ ប្អូនក៏អាចកាត់បន្ថយផលវិបាកផ្សេងទៀត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។        

ចែករំលែក

ចូលចិត្តហាត់ប្រាណ ហើយក៏ហាត់ជាប្រចាំ ប៉ុន្តែមើលពីប្រសិទ្ធភាពវិញគឺមិនបានដូចចិត្តទាល់តែសោះ ធាត់នៅតែធាត់ រីឯក្បាលពោះវិញក៏នៅតែមាន។ កត្តាជាច្រើនអាចមានឥទ្ធិពលដល់រាងកាយ ក៏ដូចជាប្រសិទ្ធភាពក្នុងការហាត់ប្រាណរបស់អ្នកផងដែរ ហើយអាចមានកត្តាណាមួយដែលអ្នកកំពុងតែធ្វើ ដោយមិនធ្លាប់ដឹងថាវាខុស។  ដូចនេះ កុំឲ្យកំហុសដដែលៗបន្តកើតឡើងជាមួយនឹងកំហុស៦យ៉ាងពេលហាត់ប្រាណតទៅទៀត៖  1.    ញ៉ាំច្រើនពេកមុនពេលហាត់ប្រាណ ប្រាកដណាស់ដែលការញ៉ាំមុនហាត់ប្រាណជួយផ្តល់ថាមពលដល់អ្នកក្នុងការហាត់ ហើយមិនធ្វើឲ្យអ្នកឃ្លានពេលកំពុងហាត់ ប៉ុន្តែអ្នកក៏មិនគួរបណ្តោយខ្លួនអ្នក ឲ្យញ៉ាំលើសលប់ដែរ ដោយហេតុថា ការញ៉ាំមុនហាត់-ប្រាណអាចឲ្យអ្នកឈឺពោះ និងចង្អោរពេលកំពុងហាត់។ ប្រសិនបើចាំបាច់ អ្នកគប្បីញ៉ាំអាហារសម្រន់ដូចជា ផ្លែឈើ គ្រាប់ធញ្ញជាតិ ឬប្រភេទយ៉ាអួ យ៉ាងហោចណាស់៤៥នាទីមុនហាត់ តែបើអ្នកត្រូវញ៉ាំអាហារច្រើនអ្នកត្រូវចាំ១ម៉ោងក្រោយ ចាំហាត់ទើបប្រសើរ។ 2.    ញ៉ាំភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យអ្នកមិនឆាប់ហត់ក៏ពិតមែន ប៉ុន្តែភេសជ្ជៈប្រភេទនេះមិនត្រូវបានណែនាំឲ្យញ៉ាំអំឡុងពេលហាត់ឡើយ ដោយសារវាមានផ្ទុកនូវជាតិស្ករ និងសារធាតុដែលមានកាឡូរីច្រើនអាចប៉ះពាល់ដល់មុខងារបេះដូង។ ម៉្យាងទៀត សារធាតុកាហ្វេអ៊ីននៅក្នុងភេសជ្ជៈអាចបង្កផលរំខានដល់លំហូរឈាម ប្រសិនបើអ្នកបរិភោគវាក្នុងពេល និងក្រោយពីហាត់រួចភ្លាម។ ផ្ទុយមកវិញ  លោកអ្នកអាចជំនួសវាបានដោយការញ៉ាំទឹក ឬពពួកភេសជ្ជៈ សម្រាប់អ្នកកីឡា (Sport Drink) ក្នុងបរិមាណសមរម្យជាការល្អបំផុត។ 3.    ហាត់យូរពេក ហាត់ប្រាណដើម្បីបានសុខភាពល្អ មិនមែនមានន័យថាអ្នកត្រូវហាត់ច្រើនបំផុតតាមដែលអាចធ្វើបាននោះទេ អ្នកត្រូវមានកាលវិភាគត្រឹមត្រូវ និងរយៈពេលសមស្រប។ តាមការស្រាវជ្រាវមួយបង្ហាញថា ការហាត់ប្រាណហួសហេតុពេក ជាមូលហេតុនៃស្ត្រេស បាក់កម្លាំង ខ្សោយសាច់ដុំ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ពីការហាត់ប្រាណថែមទៀត។  អ្នកគួរអនុវត្តការធ្វើលំហាត់ប្រាណតាមបរិមាណកម្លាំងរបស់អ្នក និងគួរធ្វើការហាត់ក្នុងកម្រិតជុំវិញ ៥ម៉ោងក្នុងមួយសប្តាហ៍។ ម៉្យាងទៀត ត្រូវផ្តល់ពេលវេលាឲ្យរាងកាយ អ្នកបានសម្រាកនៅពេលអ្នកមានអារម្មណ៍ឈឺចាប់នៅត្រង់កន្លែងណាមួយ។ 4.    សម្រាកយូរពេក ដូចនឹងការហាត់យូរពេក ការសម្រាកយូរពេកក៏ប៉ះពាល់ដល់ប្រសិទ្ធភាពនៃការហាត់ប្រាណផងដែរ។ ជាទូទៅ ត្រឹមតែ១ទៅ២នាទីនៃការសម្រាកអំឡុងពេលហាត់ត្រូវបានណែនាំ និងបង្ហាញថាគ្រប់គ្រាន់ដើម្បីឲ្យរាងកាយអ្នកត្រឡប់មកសភាពល្អឡើងវិញ។ ការលេង ឬនិយាយទូរស័ព្ទក្នុងពេលហាត់ប្រាណមិនមែនជាគំនិតល្អនោះទេព្រោះវាអាច ធ្វើឲ្យអ្នកមិនផ្តោតអារម្មណ៍លើការហាត់ ហើយក៏ជាមូលហេតុដែលធ្វើឲ្យអ្នកសម្រាកយូរ និងលែងចង់ហាត់បន្តទៀត។ យកល្អពេលហាត់ប្រាណប្រើទូរស័ព្ទត្រឹមតែស្តាប់ ចម្រៀងដែលអ្នកចូលចិត្ត ដើម្បីប្រមូលអារម្មណ៍ជំរុញការហាត់ទៅបានហើយ។ 5.    ហាត់ម្នាក់ឯង អ្នកអាចនឹងចង់មានឯករាជ្យ ហើយចូលចិត្តហាត់ប្រាណតែម្នាក់ឯង ដែលមើលទៅអ្នកទំនងជារីករាយជាមួយនឹងការធ្វើបែបនេះ ដោយភ្លេចគិតដល់ការជំរុញទឹកចិត្ត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកទឹកចិត្តខ្លួនឯងត្រឹមតែខ្លួនអ្នកម្នាក់ប្រាកដជាមិនអាចប្រសើរនោះទេ។ ប្រសិនបើអ្នកហាត់មានដៃគូ ត្រឹមតែ២នាក់ឬច្រើន នឹងអាចបង្កើនកម្លាំងជំរុញចិត្ត ២ដងឲ្យការហាត់កាន់តែមានប្រសិទ្ធភាព ហាត់បានទៀងទាត់ ហើយក៏មិនសូវធ្វើឲ្យអ្នកឆាប់ធុញដែរ។ 6.    ហាត់ដដែលៗ ការហាត់ប្រាណដដែលៗអាចឲ្យអ្នកមានភាពងាយស្រួល តែបើអ្នកនៅតែធ្វើវាជារៀងរាល់ថ្ងៃ   នោះវានឹងកាត់បន្ថយនូវប្រសិទ្ធភាពហើយធ្វើឲ្យអ្នកកាន់តែធុញទ្រាន់។ សាកល្បងរាងកាយអ្នកឲ្យមានការប្រកួតប្រជែងដោយការហាត់បែបផ្សេងទៀត ពេលនោះអ្នកនឹងបានឃើញលទ្ធផលរីកចម្រើន។ ព្យាយាមផ្លាស់ប្តូរពីការហាត់​ប្រើកម្លាំងតិចទៅច្រើនបន្តិចម្តងៗមានន័យថាប្រសិនបើអ្នកធ្លាប់ជិះកង់អ្នកគួរប្តូរមកជាការរត់វិញម្តង។ ការរក្សាឲ្យមានការពញ្ញាក់ដល់រាងកាយអ្នកជាអ្វី​ ដែលអ្នកមិនត្រូវមើលរំលង។ ការហាត់ប្រាណវាជារឿងមួយដែលត្រូវប្រកួតនឹងខ្លួនឯងទៅហើយ ដូចនេះកុំដោយសារកំហុសដែលអ្នកមិនបានដឹង ក្លាយជាមូលហេតុដែលអ្នកអស់ទឹកចិត្តក្នុងការប្រកួត។ អញ្ចឹងពេលនេះល្មមដល់ពេលដែលអ្នកត្រូវបញ្ឈប់ ដើម្បីឲ្យការហាត់ប្រាណរបស់អ្នកផ្តល់លទ្ធផលតាមការរំពឹងទុកហើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សម្រាប់មនុស្សដែលពោរពេញដោយថាមពល ប៉ុន្តែបែរជាមិនអាចបង្ហាញវាយ៉ាងត្រឹមត្រូវ គឺជារឿងគួរឲ្យស្តាយ ជាពិសេសតាមរយៈការជ្រើសរើសការស្លៀកពាក់មិនសមរម្យ ដែលរារាំងដល់ការធ្វើសកម្មភាព ក៏ដូចជាផាសុកភាព​ និងជំនឿចិត្តក្នុងការបញ្ចេញភាពរស់រវើកនេះឲ្យបានពេញលេញ។ ដោយឡែកសម្រាប់អ្នកដែលមិនសូវមាន ភាពសកម្មមែននោះ ក៏ត្រូវរកវិធីដើម្បីជំរុញឲ្យខ្លួនឯងមានទឹកចិត្តក្នុងការបញ្ចេញសកម្មភាពផងដែរ ឬយ៉ាងហោចណាស់អ្នកក៏អាចលាក់បាំងបានខ្លះថាអ្នកមិនសកម្ម ឬខ្ជិលច្រអូសជាដើម។ Activewear ដែលជាtrendពេញនិយមមួយនៃការស្លៀកពាក់សម្រាប់មនុស្សគ្រប់វ័យក៏ត្រូវបានណែនាំយ៉ាងពេញទំហឹងសម្រាប់អ្នកដែលស្វែងរកភាពសកម្ម ដែលលាក់ទុកក្នុងខ្លួនឲ្យបង្ហាញចេញមកដោយថាមពល។ នេះគឺជា Activewear វាជាសម្លៀកបំពាក់ប្រភេទធម្មតា (Causal)ស័ក្តិសមនឹងឱកាសមិនផ្លូវការ ដែលជាទូទៅវាអាចផ្តល់នូវផាសុកភាព ភាពសម្រាក ងាយធ្វើចលនា និងបំពេញមុខងារ បានយ៉ាងល្អ ជាមួយនឹងម៉ូតយ៉ាងសម្បូរបែប។ ជាញឹកញាប់ វាត្រូវបានយល់ច្រឡំថាជាសម្លៀកបំពាក់កីឡា   ឬសម្រាប់ហាត់ប្រាណ(Sports wear)ដែលត្រូវបានច្នៃឡើងក្នុងគោលបំណងជាក់លាក់ទៅលើការលេងកីឡា ខណៈ Active wear ត្រូវបានច្នៃឡើងក្នុងគោលបំណងរួមបញ្ជូលការស្លៀកពាក់សម្រាប់ហាត់ប្រាណ ជាមួយនឹងការស្លៀកពាក់ធម្មតាក្នុងពេលជាមួយគ្នា។ មានន័យថា អ្នកអាចប្រើឈុត Activewear មិនថាទៅហាត់ប្រាណ ឬទៅកន្លែងដែលមិនតម្រូវភាពផ្លូវការបានតាមសប្បាយ។ ឥទ្ធិពលនៃ Activewear តាមការសិក្សាបង្ហាញថា អ្នកដែលនិយមស្លៀកពាក់បែប active ទោះបីជាមានគម្រោងក្នុងការហាត់ប្រាណ ឬក៏អត់ពួកគេច្រើន មានការជំរុញទឹកចិត្តឲ្យធ្វើសកម្មភាពប្រចាំថ្ងៃច្រើនជាងពេលដែលស្លៀកពាក់បែបផ្សេងពីនេះ។ ចំណែកឯការសិក្សាមួយទៀតក៏បង្ហាញផងដែរថា activewear ដែល ធ្វើឲ្យពួកគេមានអារម្មណ៍ថាមានសុខភាពល្អ គឺជាការផ្តើមដ៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលត្រៀមទទួលយកបែបបទនៃការរស់នៅប្រកបដោយសុខភាព។ ដោយឡែក ប្រភេទខ្លះនៃសម្លៀកបំពាក់បែបនេះដែលមានការរចនាយ៉ាងពិសេសសម្រាប់រាងកាយត្រូវបានគេដឹងថាអាចជួយជំរុញចរន្តឈាមរត់ និងបង្កើនការផ្តល់អុកស៊ីហ្សែនទៅកាន់សាច់ដុំធ្វើឲ្យមានការបង្កើនកម្លាំង និងឥទ្ធិពលរបស់រាងកាយជម្រុញភាពល្អឥតខ្ចោះនៃសកម្មភាពរបស់យើង នៅពេលដែលពាក់វាទៀតផង។ រសនិយមរបស់អ្នកចូលចិត្ត Activewear Activewear ត្រូវបានជ្រើសរើសដោយអ្នកដែលចូលចិត្តចំណាយពេលវេលានៅក្រៅផ្ទះ ឬមានការរស់នៅដ៏សកម្ម និងចូលចិត្តភាពងាយស្រួល។ ដោយឡែក សម្រាប់អ្នកដែលមានភាពមមាញឹកច្រើន រហូតមិនមានពេលគ្រប់គ្រាន់ទៅហាត់ប្រាណបានទៀងទាត់ ក៏និយមជាមួយនឹង Active wear ដូចគ្នា ពីព្រោះយ៉ាងហោចណាស់ពួកគេមានអារម្មណ៍ថាហាក់កំពុងហាត់ប្រាណស្របពេលដែលធ្វើចលនារាងកាយធម្មតាដូចជា ការដើរការឈោងចាប់របស់ ឬឱនចុះឡើងជាដើម។ លទ្ធភាពនៃការប្រើប្រាស់ Activewear កាលពីមុន តែងមានការយល់ថា Activewearត្រូវបានប្រើប្រាស់សម្រាប់តែការហាត់ប្រាណ តែបច្ចុប្បន្ន Activewear ពិតជាមានការនិយម ប្រើប្រាស់បានយ៉ាងច្រើនកាលៈទេសៈ និងសឹងតែអាចក្លាយជាសម្លៀកបំពាក់ប្រចាំថ្ងៃបានយ៉ាង ស័ក្តិសមមិនថា ទៅដើរលេង ទៅហាងកាហ្វេ ជួបជុំមិត្តភក្តិ គ្រួសារ នៅផ្ទះ ទៅទិញទំនិញ ដើរផ្សារ មើលកុន ធ្វើដំណើរ  និងលើសពីនេះ គឺវាក៏អាចប្រើជាឯកសណ្ឋានស៊ីវិលសម្រាប់ទៅសាលា ឬកន្លែងធ្វើការផងដែរនៅពេលដែលយើង បន្ស៊ីវាបានល្អជាមួយនឹងគ្រឿងតុបតែងដែលត្រឹមត្រូវ។ រូបភាពនៃ Activewear អាវដៃវែងសម្រាប់ពាក់ខាងក្រៅ អាវយឺតដៃវែង ខោសាច់អំបោះរលុងៗ  ខោរឹបសាច់យឺត   ខោខ្លីសាច់អំបោះដែលអាចមានលក្ខណៈធន់នឹងញើស។ល។  សម្រាប់នារីៗអាវទ្រនាប់ខាងក្នុងត្រឹមពាក់កណ្តាល ដែលមានលក្ខណៈទប់បានល្អនិងផ្តល់ផាសុកភាព ព្រមទាំងអាចដកដង្ហើមបានស្រួលក៏ជាផ្នែកមួយសំខាន់ផងដែរ។ បន្ទាប់ពីនោះ ស្បែកជើងគួរជាប្រភេទប៉ាតាដែលរឹងមាំ តែទន់ល្អមិនឈឺជើង និងមិនធ្ងន់ពេក ជាពិសេសគួរតែមានម៉ូត និងពណ៌ស្រស់ស្អាត ដែលធ្វើឲ្យវាមើលទៅមិនដូចជាស្បែកជើងកីឡា។ ឯគ្រឿងតុបតែងដែលគួរពាក់ជាគូនឹង Activewear មានដូចជា នាឡិកាដៃ មួកកន្ទិប សាក់កាដូ ឬកាបូបយួរ  ជាពិសេសគឺវ៉ែនតាការពារកម្តៅថ្ងៃ។ លេងម៉ូតសក់របស់អ្នក ដោយការចងសក់កន្ទុយសេះ ឬក៏ប្រើបូរក្រណាត់ចូកសក់ឡើងកុំឲ្យបាំងភ្នែក។ អ្នកក៏អាចបន្ថែមការលាបពណ៌ក្រចកឲ្យរលោងស្អាត   និងការមេកអាប់បន្តិចបន្តួចតាមកាលៈទេសៈបានផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  ​

ចែករំលែក

ការឡើងដុំពកនៅលើស្បែក ពេលខ្លះជាប្រភេទមុនធម្មតា តែពេលខ្លះវាក៏អាចមិនមែន។ អ្នកខ្លះក៏ធ្លាប់ជួបប្រទះរួចមកហើយនូវដុំពកលើស្បែក ដែលមិនដឹងថាជាអ្វីឲ្យប្រាកដ ហើយក៏មិនដឹងថាវានឹងវិវឌ្ឍទៅជាអ្វីដែរ។ ខាងក្រោមនេះ ជាការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតពីដុំពក Nodule លោកអ្នកអាចធ្វើការតាមដានជាមួយគ្នា ដើម្បីដឹងថាតើជាប្រភេទដុំពកដែលលោកអ្នកកំពុងមាន ធ្លាប់ឃើញនោះ ឬយ៉ាងណា។ និយមន័យ៖ Nodule ជាដុំពកដុះចេញពីក្នុងស្បែក ដែលជាការលូតលាស់ខុសធម្មតារបស់ជាលិកាក្នុងខ្លួនមនុស្ស។ វាអាចកើតមានក្រោមស្បែក ឬកើតមាននៅក្នុងសរីរាង្គរបស់មនុស្ស (Internal Organs)។   ប្រភេទ៖   Nodule មានច្រើនប្រភេទ ដូចជាៈ • ដុំមានជាតិទឹក (Fluid) • ដុំរឹង និងផ្នែកខ្លះមានទឹក (Solid and partly fluid) • ដុំរលាក (Inflammation) • ដុំ Firm ច្រើនជាប់គ្នា (Multinodule) ឬតែមួយ • ដុំមានខ្លាញ់(Lipome) Nodule ដែលជួបប្រទះញឹកញាប់គឺប្រភេទដុំFirm ឬរលាក។ មូលហេតុ៖  កត្តាដែលបង្កឲ្យមាន Noduleមានច្រើនៈ • របួសលើស្បែក(Injuries) • ការបង្ករោគច្រើនឲ្យមានជា Nodule (Infection Tissues) • អ័រម៉ូន • កង្វះនូវជាតិអុីយ៉ូត • ការរលាកស្បែកប៉ះពាល់ដល់ស្រទាប់ខាងក្នុង​ (Dermis and Hypodermis)      កន្លែងកកើត៖  Nodule កើតមានគ្រប់កន្លែងដូចជាៈ នៅសួតថ្លើម ក្រពះ ស្បូន ពោះវៀន ស្បែក ខួរក្បាល។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់វ័យ ភាគច្រើនកើតលើមនុស្សពេញវ័យ និងមនុស្សចាស់។ រោគវិនិច្ឆ័យ៖  ដើម្បីធ្វើការវិនិច្ឆ័យបានយើងត្រូវ ពិនិត្យមើលថា តើដុំសាច់នៅកន្លែងណា និងជាប្រភេទដុំសាច់បែបណា។ បើនៅក្នុងសរីរាង្គខាងក្នុង គឺត្រូវតាមដានមើលការវិវឌ្ឍរបស់ដុំនោះ ដោយធ្វើ CT Scan ឬX-Rays។ បើNodule នៅផ្នែកខាងក្រៅនៃខ្លួន អាចឲ្យយើងងាយធ្វើរោគវិនិច្ឆ័យ។ ការព្យាបាល៖ មធ្យោបាយក្នុងការព្យាបាល មានការប្រើថ្នាំ ឬការវះកាត់យកចេញ។ ការជាសះស្បើយគឺមានរយៈពេលមិនទៀងទាត់ អាចមានរយៈពេល១ខែ ឬជួនកាលដល់២ទៅ៣ខែក៏មាន ទៅតាមទីកន្លែងដែលកើត។ បើដុំនោះវិវឌ្ឍរីកធំទៅជាមហារីកយើងត្រូវវះកាត់ចេញ។ ម្យ៉ាងវិញទៀត បើ Noduleនៅផ្នែកខាងក្រៅនៃខ្លួនត្រូវធ្វើការវះកាត់ ចេញដើម្បីកុំឲ្យក្លាយជាដុំមហារីក ឬប្រើថ្នាំព្យាបាល Noduleនោះ។ ផលវិបាក៖ Nodule អាចបង្កទៅជាដុំមហារីកបាន បើមិនមានការយកចិត្តទុកដាក់ និងការព្យាបាលឲ្យត្រឹមត្រូវ។      ការការពារ៖ យើងត្រូវចៀសវាងទៅតាមមូលហេតុដែលបង្កដូចដែលបានរៀបរាប់ខាងលើ និងព្យាបាលនូវកង្វះអ័រម៉ូន ឬអ៊ីយ៉ូត នោះ Nodule នឹងពុំអាចកើតមានបានទេ។ សរុបមក ករណីមានលេចឡើងនូវបញ្ហាស្បែកឬក៏ដុំសាច់ណាមួយនោះ ចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការប្រឹក្សាយោបល់ត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នួន សូម៉ូនី ឯកទេសជំងឺសើស្បែកវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក
Top