Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នៅរដូវក្តៅ រឿងស្អុះស្អាប់ បែកញើសជារឿងធម្មតា តែដែលគួរឲ្យធុញទ្រាន់ជាពិសេសសម្រាប់មិត្តនារីៗនោះគឺរឿង makeupលើផ្ទៃមុខជាប្រចាំហ្នឹងតែម្តង។ ប្រាកដជាមិនចង់នឹកឃើញដល់ពេលដែលផាត់មុខបណ្តើរ ជូតញើសបណ្តើរ ឬក៏ជូតញើសដោយទាំងគ្រឿង makeup ថ្លៃៗរបស់យើងនោះទេមែនទេ? ការបែកញើសខ្លាំងរំខានអ្នក មិនថានៅអំឡុងពេលផាត់មុខ និងក្រោយពេលផាត់នោះទេ  ដោយវានាំឲ្យម្សៅផាត់ឡើងប្រតេកប្រតាកពេញមុខ ឬក៏ផាត់មិនស្មើសាច់ និងពិបាកស្មានក្នុងការផាត់ឲ្យដូចការរំពឹងទុក ព្រោះម្សៅអាចនឹងចូល ហើយក៏កកក្តាំងនៅពេលក្រោយ ឬក៏ត្រូវលាងទៅអស់ដោយសារតែញើស ពិបាកឲ្យផាត់ញឹកញាប់។ ម្យ៉ាង វាក៏ធ្វើឲ្យឧបករណ៍ផាត់មុខរបស់អ្នកឆាប់ប្រឡាក់ កខ្វក់ដោយសារញើស លាយម្សៅ និងធូលីដីដែលងាយនឹងតោងជាប់នឹងផ្ទៃមុខ ដែលចុងក្រោយបង្កការប្រឈមនឹងការកើតមុនទៀតផង។   សំណាងល្អដែលមានវិធីសាស្រ្តមួយចំនួនអាចជួយអ្នកបានក្នុងការកាត់បន្ថយបញ្ហាក្នុងការ makeupនៅរដូវក្តៅ និងធ្វើឲ្យអ្នករក្សាភាពស្រស់ស្អាតបានគ្រប់ស្ថានភាព។ ខាងក្រោមនេះជាគន្លឹះទាំង៧ សម្រាប់មិត្តនារីវៃឆ្លាតដែលធ្វើការ makeupជារៀងរាល់ថ្ងៃ និងដឹងខ្លួនច្បាស់ថាខ្លួនងាយនឹងបែកញើស ឬ​ជាញឹកញាប់ ត្រូវស្ថិតក្នុងស្ថានភាពដែលត្រូវបែកញើសមិនថាតិចតួច ឬក៏ខ្លាំង៖   • ក្រែមការពារកម្តៅថ្ងៃ៖ ត្រូវលាបដំបូងគេឲ្យសព្វពេញមុខ និងទុករយៈពេល ២ទៅ៣នាទីដើម្បីអាចឲ្យក្រែមអាចជ្រាបចូលស្បែកបានល្អ។ • ស្ព្រៃយន៍ប្រើពេលផាត់មុខ (Makeup Setting spray)៖ ជាប្រភេទទឹកសម្រាប់បាញ់លើផ្ទៃមុខ មុន និងក្រោយពេលផាត់ ព្រោះវាជួយការពារ​កុំឲ្យម្សៅឆាប់រលាយ ដោយទប់ទល់មិនឲ្យសារធាតុខ្លាញ់ចេញមកច្រើនលើផ្ទៃមុខ ដូចនេះភាពស្រស់ស្អាតនៅលើផ្ទៃមុខអាចរក្សាបានយូរ។ • ចៀសវាងលាបម្សៅទ្រនាប់ក្រាស់ពេក៖ ដើម្បីបិទបាំងរាល់ស្លាកស្នាមដែលមានលើផ្ទៃមុខ នារីជាច្រើនបានលាបម្សៅទ្រនាប់ក្រាស់ៗរហូតអាចឲ្យវាឃើញកកឡើងយ៉ាងច្បាស់ និងប្រតេកប្រតាកជាពិសេសនៅពេលបែកញើស។ ករណីនេះអ្នកគប្បីផ្លាស់ប្តូរទៅប្រើប្រភេទផលិតផលដែលគ្មានផ្ទុកសារធាតុប្រេង និងកុំលាបច្រើនពេក ព្រោះស្បែកមានលក្ខណៈរាងរលោងស្រាប់ហើយនៅរដូវក្តៅ។ • បន្ថយការប្រើប្រាស់ម្សៅផាត់៖ ដូចគ្នាផងដែរចំពោះការផាត់ម្សៅក្រាស់ពេកក្រោយពីម្សៅទ្រនាប់ ដោយវាងាយនឹងបង្កឲ្យលេចចេញនូវស្នាមជ្រួញនៅលើផ្ទៃមុខ ដូច្នេះអ្នកគួរតែប្រើក្រដាសបឺតសារធាតុប្រេងនៅលើផ្ទៃមុខជាមុនសិន ដើម្បីជម្រះខ្លាញ់ និងកុំឲ្យពេលផាត់មុខទៅប្រតាក។ • ខ្មៅដៃគូសចិញ្ចើមធន់នឹងទឹក៖ ​ការប្រើប្រាស់ខ្មៅដៃគូសចិញ្ចើមបែបក្រមួនមានប្រសិទ្ធភាពអាចទប់ទល់នឹងការរលុបបានល្អបំផុត អ្វីដែលសំខាន់គឺអ្នកមិនចាំបាច់ព្រួយបារម្ភនឹងញើសដែលហូរឆ្លងកាត់ចិញ្ចើមធ្វើឲ្យរលុបនោះទេ។ • ចៀសវាងប្រើពណ៌ភ្នែកក្រម៉ៅ៖  ការផាត់ស្រមោលភ្នែកជាមួយនឹងពណ៌ក្រម៉ៅពេកពិតជាធ្វើឲ្យអ្នកដទៃងាយនឹងចាប់អារម្មណ៍នឹងអ្នកណាស់ ជាពិសេសពេលបែកញើសក្រោមពន្លឺថ្ងៃតែម្តង។ ដើម្បីចៀសវាងកង្វល់មួយនេះបានអ្នកគួរតែជ្រើសរើសពណ៌ស្រាលៗសមស្របជាមួយនឹងស្បែកភ្នែករបស់អ្នកបាន ហើយអញ្ចឹងទោះអ្នកបែកញើសក៏មិនអាចមើលឃើញប្រតាកដែរ។ • ជ្រើសរើសប្រភេទម៉ាស្ការ៉ាធន់នឹងទឹក៖ នេះជាអ្វីដែលស្រីៗខ្លាចបំផុត មិនថាពេលលុបមុខចេញ ឬបែកញើសនោះទេ ពីព្រោះវាមិនត្រឹមនឹងរលុបរូបរាងដើម ម៉ាស្ការ៉ាក៏នឹងធ្វើឲ្យជុំវិញភ្នែកឡើងខ្មៅ ប្រតាកផងដែរប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលត្រឹមត្រូវ។ • ប្រើក្រែមបែបធម្មជាតិ៖ បបូរមាត់ជាកន្លែងដែលទាក់ទាញជាងគេ ដូច្នេះក្តៅខ្លាំងបែបនេះអ្នកគួរតែជ្រើសរើសប្រភេទក្រែមពណ៌បែបធម្មជាតិ ប្រសើរជាងក្រែមដែលផ្តល់ភាពរលើបរលោងដល់បបូរមាត់ ហើយក្រែមប្រភេទក្រមួនគឺសមស្របជាងគេសម្រាប់មិត្តៗនារី។   សំខាន់ផងដែរក្នុងការផ្តល់ភាពស្រស់ស្អាតពីខាងក្នុង ដើម្បីជំនួយដល់ការmakeup ខាងក្រៅរបស់អ្នកដូច្នេះកុំភ្លេចការរក្សាសំណើមក្នុងខ្លួនឲ្យបានល្អដើម្បីឲ្យស្បែកមាន ភាពភ្លឺរលោង និងស្រស់ថ្លា ដោយការពិសាទឹកឲ្យបានច្រើន  និងពិសាបន្លែ  ផ្លែឈើដែលជួយដល់សុខភាពស្បែករបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

      ជីវិតជាគ្រូបង្រៀន គឺមានតួនាទីសំខាន់មួយគឺបណ្តុះបណ្តាល  សិស្សានុសិស្ស ឲ្យក្លាយជាធនធានមនុស្សដ៏ល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។ គ្រូបង្រៀន ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលាស្រាវជ្រាវ បង្កើតមេរៀន កែលំហាត់សិស្ស មិនថាយប់ថ្ងៃ ព្រោះតែដើម្បីបង្រៀនសិស្សឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ណែនាំសិស្សឲ្យក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងអាចមានការងារធ្វើបានខ្ពង់ខ្ពស់នៅថ្ងៃមុខ។ ទាំងនេះហើយ គឺជាគោលបំណងដែលគ្រូបង្រៀនចង់បាន គឺឃើញសិស្សមានអនាគតល្អ មានក្តីសុខ តែបែរក្រលេកមកមើលជីវិតរបស់លោកវិញ មិនប្រាកដថាមានជីវភាពធូរធារ រស់នៅស្រួលនោះទេ ជាពិសេសគ្រូបង្រៀនដែលចូលនិវត្តន៍។ គ្រូបង្រៀនដែលចូលនិវត្តន៍ហើយ ខ្លះចាស់ជរា ឈឺ ពិការដើរមិនរួច រីឯខ្លះទៀតគ្មានថវិកាគ្រប់គ្រាន់ គ្មានកូនគ្មានចៅមើលថែទៀតផង។ ជីវិតគ្រូបង្រៀនបន្ទាប់ពីបញ្ចប់ភារកិច្ចរួច មួយចំនួនគឺបែបនេះហើយ។ ពិតជាអាសូរស្រណោះដល់លោកដែលជាអ្នកមានគុណ ជួយបង្រៀនសិស្ស តែបែរជាមានជីវភាពពិបាកបែបនេះ។       ដោយឃើញបែបនេះ ទើបអតីតសិស្សខេត្តបាត់ដំបងមួយក្រុមបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មអ្នកគ្រូ និងជូនដំណើរអ្នកគ្រូចូលនិវត្តន៍ ដើម្បីធ្វើការគោរពដឹងគុណដល់គ្រូៗទាំងអស់ដែលខិតខំបង្រៀន និងបំពេញបេសកម្មបង្រៀនជិត៤០ឆ្នាំកន្លងមកដោយចិត្តសណ្ដោសប្រណី និងប្រមែលប្រមូលថវិកាពីអតីតសិស្ស និងសប្បុរសជន ធ្វើជាបច្ច័យបុណ្យដើម្បីយកទៅជួយដល់លោកគ្រូអ្នកគ្រូ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងឈឺពិការ នៅខេត្តបាត់ដំបងនេះ។ ពិធីបុណ្យនេះបានប្រារព្ធឡើងនៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ សិស្សានុសិស្សដែលអតីតសិស្ស សាលាកំរិតទី២ទីរួមខេត្ត(វិទ្យាល័យព្រះមុនីវង្ស) សាលាកំរិតទី៣ (វិទ្យាល័យនេតយ៉ង់) អនុវិទ្យាល័យសោហឺ ជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យនេះ​ ដើម្បីមកធ្វើការគោរពដឹងគុណ ដល់លោកគ្រូអ្នកគ្រូ ដែលជាអ្នកគុណទី២ និងជាឱកាសបានជួបជុំគ្នាមិត្តរួមថ្នាក់ ដែលបែកគ្នាយូរកន្លង។ អ្នកគ្រូ មៀច សុខារី ដែលជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរដ៏ល្បីល្បាយមួយរូបនៅខេត្តបាត់ដំបង និងជាគ្រូចូលនិវត្តន៍មួយរូបបានឲ្យដឹងថា អ្នកគ្រូពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំង ដែលអតីតសិស្សអ្នកគ្រូបានរៀបចំកម្មវិធីនេះឡើង ដើម្បីរំលឹកគុណ និងជួបជុំគ្នារំលឹកអនុស្សាវរីយ៍កន្លងដែលបានធ្លាប់កាត់ជាមួយគ្នា។ អ្នកគ្រូលោកគ្រូជាច្រើននាក់ទៀតក៏បានចូលរួមក្នុងពិធីបុណ្យនេះ និងមានទឹកមុខស្រស់ស្រាយសប្បាយរីករាយ ដែលបានជួបមុខអតីតសិស្សរបស់លោក។ ថវិកាជាច្រើន ដែលបានទទួលបានពីការចូលជាបច្ច័យក្នុងពិធីបុណ្យនេះ ត្រូវបានរៀបចំជា “ ហិបសង្រ្គោះ២៥មីនា២០១៧ “ ដើម្បីចាត់ចែងយកទៅជួយដល់លោកគ្រូអ្នកគ្រូនិវត្តន៍ជនដែលមានជីវភាពខ្វះខាត ចាស់ជរាឈឺពិការ។ ហិបសង្រ្គោះនេះ បានជួយដល់លោកគ្រូអ្នកគ្រូចាស់ជរា ដែលជាអតីតគ្រូបង្រៀននៅសាលាដូចដែលបានរៀបរាប់ខាងលើ បានចំនួន៧៥រូប និងកំពុងបន្តស្វែងរកលោកគ្រូអ្នកគ្រូដែលមានជីវភាពខ្វះខាតបន្តទៀតផងដែរ។ អ្នកគ្រូសុខារី សមាជិកនៃហិបសង្រ្គោះនេះ បានឲ្យដឹងថា ប្រសិនបើជាសិស្សស្គាល់នូវលោកគ្រូអ្នកគ្រូណាដែលជានិវត្តន៍ជន ចាស់ជរា និងមានជីវភាពខ្វះខាត់ សិស្សអាចទាក់ទងមកកាន់អ្នកគ្រូផ្ទាល់ ដើម្បីឲ្យអ្នកគ្រូ និងក្រុមការងារហិបសង្រ្គោះចុះទៅជួយដល់ទីកន្លែង។ សម្រាប់ការចូលរួមបរិច្ចាគថវិកា និងផ្តល់ព័ត៌មាន លោកអ្នកអាចទាក់ទងមកកាន់អ្នកគ្រូ មៀច សុខារី តាមរយៈលេខទូរស័ព្ទលេខ ០១២ ៨០២ ០៨៩ ឬតាមរយៈហ្វេសប៊ុសអ្នកគ្រូផ្ទាល់ឈ្មោះ មៀច សុខារី។         ជាចុងក្រោយ អ្នកគ្រូ សង្ឃឹម និងសំណូមពរដល់ អតីតសិស្សដទៃ ដែលជាសិស្សសាលាដទៃទៀតនៅក្នុងប្រទេសកម្ពុជា អាចរៀបចំកម្មវិធីរំលឹកគុណគ្រូនេះដើម្បីតបស្នងសងគុណដល់គ្រូដែលបានបង្ហាត់បង្រៀនយើងឲ្យមានថ្ងៃនេះ និងប្រមែលប្រមូលគ្នីគ្នាបង្កើតជាហិបសង្រ្គោះ ឬជាមូលនិធិ ដើម្បីយកថវិកាទៅជួយដល់លោកគ្រូអ្នកគ្រូចាស់ៗ ដែលកំពុងជួបការលំបាកក្នុងការរស់នៅ។ លោកគ្រូអ្នកគ្រូចាស់ៗជាច្រើន តែងរំពឹងទុកចង់ជួបមុខសិស្ស ដែលលោកធ្លាប់បង្រៀនកាលពីមុន។ ការបានជួបជុំនេះ គឺជាថ្នាំមួយដែលជួយឲ្យលោកគ្រូអ្នកគ្រូមានក្តីសប្បាយរីករាយ និងបានដឹងពីដំណឹងសិស្សរបស់គាត់ដែលមានការងារធ្វើ និងជាពលរដ្ឋល្អក្នុងសង្គមនេះ។ 

ចែករំលែក

គ្រាប់ឈាមក្រហមសិប្បនិមិត្ត នឹងត្រូវបានផលិតគ្មានដែនកំណត់ ប្រសិនការសិក្សាលើកោសិកាស្ទែមសែល ឬកោសិកាពូជដែលមិនចេះបាត់បង់(Immortal stem cell) បានជោគជ័យចំពោះការសិក្សាគ្លីនិកលើមនុស្ស។ តាមការសិក្សារបស់ក្រមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យប្រ៉ីស្តូលក្នុងចក្រភពអង់គ្លេស បានឲ្យដឹងថា «ពួកគេកំពុងតែអភិវឌ្ឍលើកោសិកាស្ទែមសែល ដែលជាអ្នកផលិតគ្រាប់ឈាមក្រហមធ្វើយ៉ាងណា ដើម្បីឲ្យកោសិកានេះអាចផលិតឲ្យគ្រប់តម្រូវការ និងមិនចេះបាត់បង់ ចំពោះប្រភេទក្រុមឈាមដែលកម្រ»។ កាលពីមុន អ្នកសិក្សាស្រាវជ្រាវបានអភិវឌ្ឍកោសិកាស្ទែមសែលពីឈាមដែលបរិច្ចាគទៅជាកោសិកាគ្រាប់ឈាមដែលអាចប្រើប្រាស់បាន តែវិធីសាស្ត្រនេះនៅតែមិនទាន់មានឥទ្ធិពល។  ហេតុនេះក្រុមអ្នកសិក្សារបស់សាកលវិទ្យាល័យប្រ៉ីស្តូល បានធ្វើការសិក្សាថ្មីមួយដោយផ្លាស់ប្តូរ កោសិកាស្ទែមសែលដែលពេញវ័យទៅជាកោសិកាមេដែលអាចផលិតគ្រាប់ឈាមក្រហមថ្មីគ្មានដែនកំណត់(Immortal stem cell)ដែលកោសិកានេះ ត្រូវបានហៅថា Bristol Erythroid Line Adult ឬBEL-A cells ។ អាចនិយាយបានថាដោយសារគ្រាប់ឈាមក្រហមមានជីវិតតែ១២០ថ្ងៃប៉ុណ្ណោះ ហើយគ្រាប់ឈាមក្រហមពូជមួយអាចផលិតបាន៥ម៉ឺនគ្រាប់ឈាមក្រហមថ្មី ហេតុនេះបង្កឲ្យមានតម្រូវការឈាមដែលបរិច្ចាគមិនឈប់ឈរ និងនៅតែមិនគ្រប់តម្រូវការ។ ដូចនេះ គោលបំណងនៃការសិក្សានេះមិនមែនដើម្បីបញ្ឈប់ការបរិច្ចាគឈាមទេ ប៉ុន្តែដើម្បីផ្គត់ផ្គង់ឲ្យទាន់តម្រូវការ និងមានឈាមដែលមានសុវត្ថិភាព។ យ៉ាងណាមិញ ក្រុមអ្នកសិក្សាកំពុងរងចាំលទ្ធផលពីការសិក្សាគ្លីនិកលើមនុស្ស ដើម្បីឲ្យប្រាកដពីសុវត្ថិភាព និងឥទ្ធិពលរបស់វា។ Source: www.sciencealert.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និយមន័យ បញ្ហាអាល្លែកហ្ស៊ីអាហារលើកុមារកើតឡើង នៅពេលកុមារញ៉ាំអាហារ ឬសារធាតុណាមួយចូលក្នុងខ្លួនធ្វើឲ្យមានប្រតិកម្មជាមួយនឹងប្រព័ន្ធការពាររាងកាយ ដោយការលេចចេញជាសញ្ញាផ្សេងៗ ហើយផ្តល់ផលវិបាកជាច្រើន។ ប្រតិកម្មអាល្លែកហ្ស៊ីដែលកើតឡើង មានបែបបទរបស់វាពីស្រាលទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀតផង។ ម៉្យាងវិញទៀត អាល្លែកហ្ស៊ីអាហារនេះ ច្រើនជួបប្រទះចំពោះក្មេងជាងមនុស្សចាស់ ពិសេសក្មេងក្រោមអាយុ១ឆ្នាំ។  មូលហេតុ មកដល់បច្ចុប្បន្ននេះ ករណីអាល្លែកហ្ស៊ីអាហារចំពោះកុមារតែងកើតមានឡើងដោយឯកឯង គ្មានមូលហេតុណាមួយ ដែលត្រូវបានកំណត់ច្បាស់លាស់នោះទេ។ មានការសម្គាល់ខ្លះថា នៅពេលឳពុកម្តាយមានអាល្លែកហ្ស៊ីជាមួយអ្វីមួយកូនកើតមកអាចនឹងមានអាល្លែកហ្ស៊ីដែរ ប៉ុន្តែក៏មិនមានការសិក្សាណាមួយបង្ហាញថាវាជាបញ្ហាតពូជឡើយ។  រោគសញ្ញា ទាក់ទងនឹងអាល្លែកហ្ស៊ី អាចមានការងាយស្រួលក្នុងការកត់សម្គាល់។ បើចំពោះក្មេងតូចៗដែល ភាគច្រើន តែងមានអាល្លែកហ្សុីជាមួយនឹងទឹកដោះគោ រោគសញ្ញាមានដូចជា រមាស់ស្បែក ក្អក ហត់ ឈឺពោះ ក្អួត ក្អែញឹកញាប់ ហើមពោះ រាករ៉ាំរ៉ៃដែលអាចច្រឡំជាមួយជំងឺរាកដោយសារមេរោគផងដែរ។ ក្នុងករណីធ្ងន់ធ្ងរ(Anaphylaxis) ក្មេងអាចមានអាការៈ ចុះសម្ពាធឈាម និងពិបាកដកដង្ហើមខ្លាំង ហើយអាចឈានដល់ការប៉ះពាល់អាយុជីវិតផងដែរ។  ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យដែលសាមញ្ញបំផុត គឺឲ្យកុមារសាកល្បងញ៉ាំអាហារដែលសង្ស័យ រួចចាំសង្កេតមើលថាតើ មានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើដែរឬទេ។ ការធ្វើបែបនេះត្រូវស្ថិតក្រោមការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់ វេជ្ជបណ្ឌិត។ វិធីរោគវិនិច្ឆ័យមួយផ្សេងទៀតគឺ ធ្វើឡើងដោយការធ្វើតេស្តនៅលើស្បែក៖ កោសស្បែកឲ្យដាច់បន្តិចរួចដាក់សារធាតុដែលសង្ស័យពីលើប្រសិនបើពិតជាមានអាល្លែកហ្ស៊ីជាមួយនឹងសារធាតុនោះមែន នៅលើស្បែកក្មេងនឹងលេចចេញជាសញ្ញាកន្ទួលក្រហម ប៉ុន្តែការធ្វើតេស្តនេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះក្មេងខ្លះអាច នឹងមានប្រតិកម្មខ្លាំង ដល់ថ្នាក់ថប់ដង្ហើម ឬគាំងបេះដូង ស្លាប់ភ្លាមៗ។ ការធ្វើរោគវិនិច្ឆ័យមួយប្រភេទទៀត គឺការធ្វើតេស្តឈាម ដោយដាក់សារធាតុដែលមានការសង្ស័យ ចូលទៅក្នុងឈាមដែលបូម បន្ទាប់មក នឹងឃើញមានប្រតិកម្មរវាងសារធាតុទៅតោងជាមួយនឹងប្រព័ន្ធការពារ តាមរយៈការបាញ់បញ្ចាំងកាំរស្មី។ ការព្យាបាល និងផលវិបាក ក្មេងតូចៗមានការងាយស្រួលក្នុងការព្យាបាលណាស់ ដោយពួកគេមិនមានញ៉ាំអ្វីផ្តេសផ្តាសក្រៅពីទឹកដោះគោ ផ្ទុយមកវិញ មានការពិបាកចំពោះក្មេងធំបន្តិច៖ ក្មេងចេះដើរ និងក្មេងចូលរៀន។ ការព្យាបាលចំពោះករណីអាល្លែកហ្ស៊ីអាហារលើក្មេង គឺត្រូវស្វែងយល់ថា ក្មេងមានអាល្លែកហ្ស៊ីជាមួយនឹងប្រភេទអាហារមួយណា រួចបញ្ឈប់ការ ញ៉ាំអាហារនោះ។ ការប្រើប្រាស់ថ្នាំអាល្លែកហ្ស៊ីឬប្រើថ្នាំចាក់ភ្លាមៗ អាចត្រូវបានណែនាំចំពោះក្មេងមានអាល្លែកហ្ស៊ីខ្លាំង។ អាល្លែកហ្ស៊ីអាហារច្រើនប៉ះពាល់លើប្រព័ន្ធរំលាយអាហារ ដែលអាចច្រឡំនឹងជំងឺផ្សេងទៀត ហើយបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬទាន់ពេលវេលានោះក្មេងអាចប្រឈមនឹងជំងឺកង្វះអាហារូបត្ថម្ភ ជាមូលហេតុចម្បងងាយនឹងឆ្លងមេរោគនិងជំងឺមួយចំនួន ប៉ះពាល់ដល់បញ្ញា និងអាចរហូតដល់បាត់បង់ជីវិតទៀតផង។ ការការពារ ក្មេងមានអាល្លែកហ្ស៊ីជាមួយអាហារណាត្រូវចៀសវាងអាហារនោះ និងត្រូវសរសេរជាតារាងរៀបរាប់ពីប្រភេទអាហារដែលក្មេងមានអាល្លែកហ្ស៊ីភ្ជាប់នឹងដៃក្មេងជានិច្ច ដើម្បីឲ្យគ្រប់គ្នាដឹង។ បើក្មេងមានអាល្លែកហ្ស៊ីជាមួយនឹងទឹកដោះគោ គួរប្តូរដោយយកប្រភេទដែលមានអាល្លែកហ្ស៊ីតិច(hypoallergic)។ បកស្រាយដោយ  ៖ លោកស្រីវេជ្ជបណ្ឌិត លីម ស៊ីវឡាំង វេជ្ជបណ្ឌិតនៃគ្លីនិកជាតិសើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សំណួរ ៖ នាងខ្ញុំឈ្មោះ កក្កដា រស់នៅខេត្ត កំពត។ ស្បែករបស់ខ្ញុំហាក់ដូចជាបាត់បង់ភាពតឹងណែនតាំងពីអាយុជាង ១៦ឆ្នាំ តើនេះហៅថាចាស់ មុនអាយុមែនឬទេ? តើការប្រើប្រាស់ផលិតផលជាថ្នាំសម្រាប់បំប៉នស្បែកអាចជួយបានឬទេ ឬក៏មានវិធីសាស្ត្រផ្សេងទៀត? ចម្លើយ ៖ លក្ខណៈស្បែកទន់ជ្រាយនេះអាចទាក់ទងនឹងតំណរពូជ (សេនេទិច) និងកត្តារស់នៅរបស់យើងដូចជា ការបរិភោគអាហារដែលខ្វះនូវសារធាតុ collagen ដែលជាជាលិកាទ្រទ្រង់នៅក្រោមស្បែក ជាកត្តាដែល ធ្វើឲ្យស្បែកយើងទន់ជ្រាយ ប៉ុន្តែនៅពេលដែលយើងជួសជុលវាស្បែករបស់យើងនឹងវិវឌ្ឍ ទៅរកភាពតឹងណែនធម្មតា។ ប្អូនគួរតែឡើងគីឡូបន្តិច បរិភោពអាហារសម្បូរcollagen ដែលមានដូចជាសាច់ (ប្រូតេអ៊ីន) និងបន្លែហើយការឡើងគីឡូ នេះគឺត្រូវសមាមាត្រទៅនឹងខ្លួន និងកំពស់របស់យើងចៀសវាងការឡើងគីឡូខ្លាំងពេក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិ សើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

There are 4 types of crushes: 1. The friendly crush: the one you always hang out with or you are closed with, especially your best friends. It does not mean that you have to have a romantic feeling with them but you just want to be around with them. 2.The admiration crush: the one whom you idolize. You like that person because that person has done something amazing or has taught something meaningful to you. 3.The passing crush: the one who physically attracts you. Though you are in relationship, sometimes you still have a crush on them. 4. The romantic crush: The one you really like. You want them to be your partner. Sometimes you want to be closed with them in a romantic way. Source: Wikihow (Summarized by Sopoan)

ចែករំលែក

2016 International Girl’s Health Student Writing Competition ជាការប្រកួតសំណេរស្នាដៃនិពន្ធថ្មីជាភាសាអង់គ្លេស (៣៥០០ពាក្យ ១៥ទំព័រ) អំពីបញ្ហាសុខភាពស្រ្តីដែលចោទខ្លាំងជាងគេនាពេលបច្ចុប្បន្ន អមដោយដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និងអាចអនុវត្តបាន ដោយបេក្ខភាពអាចជាសិស្សវិទ្យាល័យ ឬនិស្សិតមកពីប្រទេសទូទាំងពិភពលោក ក្រោមការរៀបចំឡើងដោយ Ewha Womans University ជាមួយនឹងការឧបត្ថម្ភពីស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងធ្វើការជម្រុញសិស្ស និងនិស្សិតនៅលើពិភពលោកឲ្យយកចិត្តទុកដាក់ចំពោះសុខភាពស្ត្រី ដោយស្វែងយល់ពីបញ្ហាប្រឈម​ និងស្វែករកនូវដំណោះស្រាយថ្មីដែលមានប្រសិទ្ធភាព ដើម្បីធានានូវសុខុមាលភាព  និងអនាគតរបស់ស្ត្រីទូទៅជុំវិញពិភពលោក។ ប្រទេសកម្ពុជាក៏មានបេក្ខភាពចំនួន៣ក្រុម ដែលបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តែមានតែមួយក្រុមប៉ុណ្ណោះដែលទទួលបាននូវរង្វាន់ 2nd Prize ដែលជាមោទនភាពដ៏អស្ចារ្យនៃប្រទេសកម្ពុជាយើង ដែលរួមមានសមាជិកចំនួន៤រូប គឺកញ្ញា ង៉ូវ សុដាណែត,កញ្ញា ម៉ឹង វណ្ណរ៉ាស៊ី, លោក សំរិទ្ធិ សិរីឧត្តមនិងលោក ឌុល មុនីរក្ស ដែលបានលើកឡើងនូវប្រធានបទ «ការមានផ្ទៃពោះនៅវ័យជំទង់» ក្រោមចំណងជើងជាភាសាអង់គ្លេសថា “Adolescent Pregnancy and “Go Girls” Project ដែលជាបញ្ហាមួយកើតមាននៅស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ។   ងាកមកការបង្កើតជាក្រុមវិញ គឺដោយសារតែសមាជិកទាំងអស់ជានិស្សិតផ្នែកសុខាភិបាលដូចគ្នា និងជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យមួយទៀត ព្រមទាំងធ្លាប់ធ្វើការងារក្រុមជាមួយគ្នាផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺចំណាប់អារម្មណ៍ដូចគ្នា និងគោលដៅរួមមួយ ដែលចង់ប្រលូកក្នុងវិស័យ សុខាភិបាលឲ្យបានច្រើន បន្ថែមពីលើទ្រឹស្តីដែលម្នាក់ៗមានស្រាប់ហើយក៏បានឃើញនូវការផ្សាយអំពីកម្មវិធីប្រកួតនេះនៅលើទំព័រហ្វេសប៊ុកជាផ្លូវ ការរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សម្រាប់ការជម្រុះជុំទី១ គឺមានអត្ថបទចូលរួមចំនួន១៥៥ ហើយក្នុងជុំទី២ គឺមានតែ២៧ក្រុមប៉ុណ្ណោះ មកពីប្រទេសចំនួន១៤ផ្សេងៗគ្នា ដែលត្រូវបាន ជ្រើសរើសឲ្យធ្វើបទបង្ហាញរយៈពេលប្រមាណ៧-៨នាទី និងធ្វើការឆ្លើយសំណួរពីគណៈកម្មការពី២-៣នាទី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា ការប្រកាសរង្វាន់ គឺធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង 2016 International Conference on Girls’ Health ដោយរង្វាន់សរុប គឺមានចំនួន៨ ដោយមាន Grand Prize ១រង្វាន់, 1st Prize ២រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង១ទៀតសម្រាប់និស្សិត) ,2nd  Prize ៤រង្វាន់(១សម្រាប់សិស្សវិទ្យាល័យ និង៣សម្រាប់និស្សិត) ព្រមទាំងរង្វាន់លើកទឹកចិត្ត១រង្វាន់ទៀត។ ក្រុមដែលទទួលបានរង្វាន់ Grand Prize នឹងទទួលបានជំនួយឧបត្ថម្ភដល់អង្គការ ឬរដ្ឋាភិបាលប្រចាំប្រទេសដើម្បីធ្វើការអនុវត្តគម្រោងខ្លួន។   ត្រលប់មកដំណើរនៃការរៀបចំខ្លួនវិញ ការប្រមូលផ្តុំនូវឯកសារស្រាវជ្រាវ និងការជ្រើសរើសនូវប្រធានបទ គឺមានតែសមាជិក៤នាក់ប៉ុណ្ណោះ ដែលរួម សហការគ្នា និយាយរួមទៅ គឺមិនមានសាស្រ្តាចារ្យដឹកនាំនោះទេ ប៉ុន្តែដំណើរការនៃការរៀបចំឯកសារផ្សេងៗក៏ត្រូវបានទទួលបានការសម្របសម្រួលពី សំណាក់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។ បន្ថែមពីលើនេះការត្រួតពិនិត្យនូវសំណេរមុននឹងដាក់ផ្ញើបានធ្វើឡើងដោយសាស្រ្តាចារ្យជនជាតិហ្វីលីពីនមួយរូបដែលមានឈ្មោះថា Marilou S.Dela Sierra ។ ភាពលំបាកចម្បងជាងគេ គឺការសរសេរនូវគម្រោង(Project Writing) ដោយសារតែវាជាលើកដំបូងសម្រាប់គ្រប់គ្នា ហេតុនេះហើយ ការចាប់ផ្តើម ហាក់ដូចជាមិនច្បាស់ថាគួរធ្វើអ្វី ឬងាកទៅខាងណា ប៉ុន្តែបន្ទាប់ពីឈានជំហានដំបូង និងបន្តបន្ទាប់ហើយក៏មានការពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិត យោបល់គ្នា។ យ៉ាងណាមិញ ដោយសារតែមានគ្នាដល់ទៅ៤នាក់ ដូចនេះហើយដំបូងគឺមានការទាស់ទែងគ្នារហូតដល់ថ្នាក់ទាស់ពាក្យសម្តីគ្នាទៀតផង តែក្រោយមកក៏ប្រមូលផ្តុំគំនិតរៀងខ្លួនរួចក៏សំយោគជាគំនិតប្រមូលផ្តុំរួមដែលល្អជាងគេ ព្រមទាំងសិក្សាទៅលើចំណុចខ្វះខាត ដើម្បីធ្វើការកែតម្រូវ។ បញ្ហា ទំនាក់ទំនង ក៏ពិបាកផងដែរ ដោយហេតុថាសមាជិកម្នាក់ៗរៀននៅពីរសាលាតាំងពីព្រឹកដល់យប់តែម្តង។ អ្វីដែលនាំឲ្យមានភាពជោគជ័យ គឺអាចនិយាយបានថាមកពីស្មារតីសាមគ្គីភាពនិងចេះអត់អោនឲ្យគ្នា ក្នុងការទទួលយកគំនិតពីគ្នាទៅវិញទៅមកដូចដែលបានលើកឡើងខាងលើស្រាប់ ដើម្បីរកបាននូវលទ្ធផលល្អមួយសម្រាប់ប្រយោជន៍ជាក្រុម ហើយក៏បានកាន់ដៃ និងប្រកៀកស្មាគ្នាធ្វើដំណើររហូតទៅបានទទួលជោគជ័យ។ ទន្ទឹមនឹងគ្នានេះដែរ ម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ដូច្នេះហើយ ការងារជាក្រុមនេះបានជួយបំពេញនូវចន្លោះប្រហោងដែលសមាជិកម្នាក់ៗមាន។ បើប្រៀបទៅនឹងការចម្អិនម្ហូបវិញ សមាជិកប្រៀបបាននឹងគ្រឿងផ្សំដែលមានរសជាតិពិសេសផ្សេងៗពីគ្នា ដែលចាំបាច់ត្រូវប្រមូលផ្តុំរួមគ្នាទើបបានជាសម្លមួយដ៏មានឱជារសឆ្ងាញ់ពិសា។ ម្យ៉ាងវិញទៀត ពេលដែលសមាជិកណាមានកំហុស ក៏តែងតែជួយកែសម្រួលបន្ថែមជាមួយនឹងពាក្យលើកកម្លាំងចិត្ត។ មានមេរៀនជាច្រើនដែលត្រូវបានរៀនសូត្រពីការប្រកួតប្រជែងថ្នាក់អន្តរជាតិ លើកដំបូងមួយនេះ ជាក់ស្តែងគឺការសិក្សាពីគំនិតនៃប្រទេសផ្សេងៗជាពិសេសបញ្ហាសុខភាពស្រ្តីដែលក្រុមជាបេក្ខភាពដទៃបានលើកឡើង ដែលយើងអាចយកទៅប្រើប្រាស់បាននៅថ្ងៃអនាគត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់គ្រួសារ និងសង្គម។ មេរៀនជីវិតដ៏សំខាន់មួយទៀតគឺការសិក្សាពីជាតិសាសន៍ដទៃ ហើយអាចឆ្លុះបញ្ចាំងមកលើខ្លួនឯងថាគួរតែកែតម្រូវត្រង់ចំណុចអ្វីខ្លះបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ក៏មានឱកាសក្នុងការបង្កើតនូវចំណងមិត្តភាពជាមួយជាតិសាសន៍ដទៃ យល់ដឹងពីវប្បធម៌នៃប្រទេសដែលជឿនលឿន របៀបរបបនៃការរៀបចំកម្មវិធីផងដែរ។ ជាចុងក្រោយ ក្រុមជ័យលាភីក៏សូមថ្លែងអំណរគុណដល់ទស្សនាវដ្តីហេលស៍ថាម និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានជួយសម្របសម្រួលកិច្ចការងារផ្សេងៗទាក់ទិននឹងការប្រកួតនេះ ព្រមទាំងអ្នកគ្រូ Marilou S. Dela Sierra និងមិនអាចរំលងបាន គឺមិត្តរួមក្រុមដែលចេះយោគយល់គ្នា ហើយកាន់ដៃគ្នាតស៊ូរហូតដល់មានថ្ងៃនេះ។ សម្រាប់ជាសារដល់សិស្សនិស្សិតដែលមានបំណងចូលរួមប្រកួតប្រជែង ក្រុមជ័យលាភីក៏សូមផ្តាំផ្ញើថា«អ្វីដែលសំខាន់ជាងគេនោះ គឺការប្តេជ្ញា និងតាំងចិត្ត មិនរួញរាចំពោះឧបសគ្គ ឬបញ្ហាលំបាកផ្សេងៗ ជាពិសេសបទពិសោធន៍ថ្មី ដែលមិនធ្លាប់ធ្វើពីមុនមក។ ជាការពិតណាស់ ប្រសិនបើរវល់តែគិតថាមិនធ្លាប់ធ្វើទេ អ្នកគឺបានសាងឧបសគ្គមួយសម្រាប់ខ្លួនឯងរួចទៅហើយ ជាហេតុនាំឲ្យដំណើរកាន់តែស្មុគស្មាញថែមទៀត។ ចាំបាច់ណាស់ ត្រូវតែតាំងចិត្តខ្លួនឯងឲ្យមាំ ថាមិនខ្លាចអ្វីទាំងអស់ហើយបើជ្រុលជាធ្វើហើយ គឺធ្វើឲ្យអស់លទ្ធភាព និងសម្លឹងរកភាពជោគជ័យ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ជំងឺធ្មេញកុមារដែលមិនគួរមើលរំលងលក្ខណៈទូទៅរបស់ធ្មេញមិនថាកុមារ ឬមនុស្សពេញវ័យ លក្ខណៈជាទូទៅ របស់ធ្មេញចែកចេញជា ៣ ស្រទាប់ដូចជាកាចា(ផ្នែកខាងក្រៅ) ភ្លុក និងបណ្តូលធ្មេញ ដែលជាស្រទាប់ផ្នែកខាងក្នុងរបស់ធ្មេញ ។ បន្ថែមពីនេះធ្មេញមានរួមបញ្ចូលនូវសារធាតុម្យ៉ាងដែលឲ្យឈ្មោះថា Cementum ដែលព័ទ្ធជុំវិញឫសរបស់ធ្មេញ និង Ligament សម្រាប់ភ្ជាប់ពី Cementum ទៅកាន់ឆ្អឹង ដែល វាបង្កឲ្យធ្មេញមានចលនាតិចៗជាធម្មតា។ គប្បីកុំចាត់ទុកសុខភាពមាត់ធ្មេញរបស់កុមារជាបញ្ហាតូចតាច ផ្ទុយទៅវិញ វាជាប្រភពមេរោគ និងជាកត្តាបង្កជំងឺជាច្រើនដែលបង្អាក់ការលូតលាស់របស់កុមារ និងប្រឈមទៅនឹងសុខភាពទូទៅដូចជាក្តៅខ្លួន រាកជាដើម។ ដំណាក់កាលវិវឌ្ឍនៃធ្មេញកុមារជាទូទៅ កុមារមានធ្មេញទាំងអស់ចំនួន២០ ដែលផ្នែកខាងលើមានចំនួន១០ បូករួមជាមួយផ្នែក ខាងក្រោម ចំនួន១០បន្ថែមទៀត។ ចំពោះដំណុះធ្មេញព្រៃចាប់ផ្តើមក្នុងអាយុ ៦ខែ រហូតដល់៣ឆ្នាំ ហើយធ្មេញនឹងមានការផ្លាស់ប្តូរពីធ្មេញព្រៃទៅធ្មេញស្រុកចាប់ពីអាយុ ៦ឆ្នាំ និងចប់សព្វគ្រប់ក្នុង កំឡុងអាយុ១៣ឆ្នាំ។ យ៉ាងណាមិញ ធ្មេញព្រៃរបស់កុមារមានលក្ខណៈខុសគ្នាពីមនុស្សពេញវ័យ ផ្អែកលើសភាព ២យ៉ាង៖ • មានពណ៌សល្អក់ដូចទៅនឹងពណ៌របស់ ទឹកដោះ ដែលខុសពីធ្មេញរបស់មនុស្សពេញវ័យដែលមានពណ៌ស។ • វាមានក្បាលធ្មេញតូច និងឫសខ្លី ដែលផ្ទុយ ពីមនុស្សពេញវ័យ។ កត្តាប្រឈម និងការប៉ះពាល់កុមារដែលស្ថិតក្នុងអាយុចាប់ពី ២ឆ្នាំ ទៅ ៧ឆ្នាំជាវ័យដែលងាយទទួលរងបញ្ហាសុខភាពមាត់ធ្មេញច្រើនជាងគេ ដោយពួកគេមិនទាន់ចេះថែរក្សាការពារធ្មេញដោយខ្លួនឯង។ កត្តាដែលប៉ះពាល់ និងបង្ករោគ មានដូចជាការផ្តល់របបអាហារដែល មិនអំណោយផល និង ការលើសឬខ្វះនូវសារធាតុរ៉ែមួយចំនួន។នៅពេលដែលធ្មេញទទួលរងនូវជាតិស្ករច្រើនពីចំណីអាហារ វាត្រូវបានបំលែង ឲ្យទៅជាជាតិអាស៊ីត ដែលបណ្តាលមកពីពពួកមេរោគមួយចំនួននាំឲ្យខូចខាតសភាពរបស់ធ្មេញក្នុងពេលវេលាគ្រប់គ្រាន់ណាមួយ។  មួយវិញទៀតទម្លាប់នៃការបំបៅទឹកដោះគោ ដែលខុសពីទឹកដោះធម្មជាតិ ក៏អាចនាំឲ្យធ្មេញឈានទៅរកការខូចខាតផងដែរ ដែលបញ្ហាទាំងនោះមានដូចជា៖ • ធ្មេញពុក • ពណ៌របស់ធ្មេញមានសភាពខុសធម្មតា(ខ្មៅ ឬត្នោត) • មានទំហំមិនប្រក្រតី • មិនរឹងមាំ និងស្តើង • ងាយស្រៀវ។ រោគសញ្ញា និងរោគវិនិច្ឆ័យ គន្លឹះមួយចំនួនក្នុងការរករោគសញ្ញានៃជំងឺធ្មេញរបស់កុមារមានដូចជា៖ • ការពិនិត្យមើលការប្រែប្រួលនូវសភាពពណ៌របស់ធ្មេញ • កុមារពិបាកក្នុងការទំពារ • មានចំណីអាហារដែលអាចជាប់នៅតាមចន្លោះធ្មេញ  ដែលបង្កឲ្យមានការឈឺចាប់។ ជាទូទៅ កុមារដែលមានបញ្ហាមាត់ធ្មេញ ទាមទារឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកដែលមានទន្តបណ្ឌិតពោរពេញទៅដោយជំនាញច្បាស់លាស់ទើបអាចធានាបាននូវការធ្វើរោគវិនិច្ឆ័យបាន ត្រឹមត្រូវ និងច្បាស់លាស់។ ការព្យាបាល និងការការពារ ចំពោះការព្យាបាលប្រែប្រួលទៅតាមសភាពធ្មេញតួយ៉ាង៖ • កុមារដែលមានចង្អូរធ្មេញជ្រៅប្រឈមទៅនឹង ការពុកធ្មេញ គឺតម្រូវឲ្យមានការប៉ះបិទជម្រៅនៃ ចង្អូរទាំងនោះដែលឲ្យឈ្មោះថា Fissure Sealant។ • ប្រើប្រាស់សារធាតុភ្លុយអរ (Fluoride) លាបត្រង់កន្លែងធ្មេញដែលមានការខូចខាត អាចការពារការពុកធ្មេញទាន់ពេលវេលា។ • ចំពោះធ្មេញដែលមានដំណាក់កាលធ្ងន់ធ្ងរអាចឈានទៅរកការព្យាបាលដោយជ្រើសរើសនូវការដាក់ធ្មេញប្រភេទ stainless steel crown សម្រាប់កុមារ។ • ធ្វើការដកធ្មេញព្រៃមុនអាយុ ក្នុងករណីដែលមិនអាចរក្សាទុកធ្មេញ ដែលមានបញ្ហានោះតទៅទៀតបាន។ ការការពារទាមទារឲ្យមានការផ្តល់អាហារដែលមានជាតិវីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់ និងទៀងទាត់តាមពេលវេលាជាពិសេសចំណីអាហារប្រភេទមើមដែលវាសម្បូរ ទៅដោយជាតិ ភ្លុយអរ និងកាល់ស្យូមគួរតែផ្តល់ឲ្យកុមារឲ្យបានច្រើន ដូចជាការ៉ុត និងដំឡូងបារាំងជាដើម។ ចៀសវាងផ្តល់អាហារដែលមានជាតិស្ករច្រើនជាពិសេសផលិតផលស្ករគ្រាប់។ បន្ថែមពីនេះ អាណាព្យាបាលមិនត្រូវបន្តក់ជាតិថ្នាំភ្លុយអរដោយខ្លួនឯងទៅលើធ្មេញក្មេង ដែលមិនបានទទួលវេជ្ជបញ្ជាពីទន្តបណ្ឌិតទេ។             ផលប៉ះពាល់ធ្ងន់ធ្ងរករណីដែលមិនបានទទួលការព្យាបាលទាន់ពេលវេលាអាចបង្កជាបញ្ហា៖ • ធ្មេញព្រៃខូច និងជ្រុះមុនអាយុ • បាត់ចំណង់ចំណីអាហារ ដែលអាចបង្កជាជំងឺទៅថ្ងៃអនាគត • ប៉ះពាល់ដល់ការសិក្សា។ ចំពោះកុមារដែលមានប្រវត្តិធ្លាប់ទទួលរងនូវ បញ្ហាធ្មេញបានបន្សល់ទុកនូវផលអវិជ្ជមានពេលពេញវ័យដូចជា៖ • បាត់បង់សោភ័ណភាពផ្ទៃមុខ ដោយទម្រង់នៃធ្មេញស្រុកដុះមិនបានល្អ • បញ្ហាលើមុខងារទំពា ងាយបង្កជាជំងឺមាត់ធ្មេញផ្សេងៗ • បាត់បង់ទំនុកចិត្ត។ បកស្រាយដោយ ៖ លោកទន្តបណ្ឌិត អ៊ឹង ប៉ោលាង នៃមន្ទីរព្យាបាលធ្មេញ អេឡេហ្គង់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

ចែករំលែក

ការងារអាចចាត់ទុកជាយាន្តមួយសម្រាប់បើកផ្លូវអនាគតរបស់បុគ្គលម្នាក់ៗ ហើយការសម្រចបានភាពជោគជ័យ ឬយ៉ាងណា វាអាស្រ័យទៅលើការសម្រេចចិត្តនៃការជ្រើសរើសការងារទាំងនោះ   ដូច្នេះគួរមានការរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ធ្វើការសំម្ភាសការងារដែលខ្លួនពេញចិត្តដើម្បីទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត។ តើគួរមានការត្រៀមលក្ខណៈសម្បត្តិបែបណាខ្លះ? ហេលស៍ថាម សូមណែនាំអ្នកពីគន្លឹះសំខាន់ៗក្នុងការរៀបចំខ្លួនដើម្បីយកឈ្នះតំណែងជាអ្នកទីផ្សារមួយរូបក្នុងស្ថាប័ននានា ដែលមានការចែករំលែកពីសំណាក់លោក ថន រ៉ាដែន ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន អេច ជី ប៊ី អូតូ។ ការត្រៀមលក្ខណៈមុនពេលដាក់បម្រើការងារ ចំពោះអ្នកមានបំណងចង់ក្លាយខ្លួនជាអ្នកទីផ្សារមួយរូប មិនចំពោះអ្នកទើបបញ្ចប់ការសិក្សា ឬចង់ផ្លាស់ប្តូរការងារថ្មីក៏ដោយ ត្រូវស្វែងយល់ពីចំណុចមួយចំនួនតួយ៉ាង៖ •    សិក្សាពីចំណង់ចំណូលចិត្ត ថាអ្វីជាការចូលចិត្តរបស់ខ្លួន •    គួរតែទទួលបានជំនាញ ពីការបណ្តុះបណ្តាលពីស្ថាប័ននៃជំនាញទីផ្សារនោះ •    សិក្សាឲ្យបានមុនពីតម្រូវការទីផ្សារ និងអតិថិជនគោលដៅនៃស្ថាប័នដែលខ្លួនចង់ ចូលបម្រើការងារ •    ជាការល្អគួរមានបទពិសោធន៍ការងារកំឡុងពេលខ្លួនជានិសិ្សត។ ការរៀបចំពាក្យសុំបម្រើការងារ (CV) •    បញ្ជាក់ពីជំនាញរបស់ខ្លួនដែលសមស្របទៅនឹងតួនាទីដែលបានស្នើសុំ •    បញ្ចូលនូវបទពិសោធន៍ដែលខ្លួនមាន ដើម្បីទទួលបានភាពទាក់ទាញកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន មិនថាបទពិសោធន៍ក្រៅពីតួនាទីដែលខ្លួនចង់បាន។ •    គួររៀបចំពាក្យសុំបម្រើការងារឲ្យត្រូវតាមលក្ខណៈស្តង់ដារ រៀបរាប់ឲ្យបានក្បោះក្បាយ និងមានភាពទាក់ទាញ ផ្តល់នូវព័ត៌មានដែលពិតនូវអ្វីដែលខ្លួនធ្លាប់សម្រេចបានកន្លងមក។ •    សុំជំនួយពីអ្នកនៅជុំវិញខ្លួន អាចជាមិត្តភក្តិ ឬរៀមច្បងសម្រាប់ការកែតម្រូវនូវចំណុចខ្វះខាតនៃពាក្យសុំបម្រើការងារនោះ។ ចំណុចគួរយល់ដឹងពេលសម្ភាសការងារ អ្នកទីផ្សារអាចចាត់ទុកថាជាជួរមុខដំបូងរបស់ក្រុមហ៊ុន ដូច្នេះសំណួរចម្បងដែលអាចលើកឡើងពេលសម្ភាសការងារអាចជា៖ •    សំណួរដែលទាក់ទងពីការបង្កើតថ្មី ឬយុទ្ធសាស្រ្តរបស់បេក្ខជន ដើម្បីឲ្យពួកគាត់បានបង្ហាញពីភាពច្នៃប្រឌិតដែលខ្លួនមាន តួយ៉ាងពួកគាត់អាចបង្ហាញពីវិធីសាស្រ្តឬគំនិតផ្តួចផ្តើមក្នុងការលក់ផលិតផលនៅលើទីផ្សារ។ •    មើលពីភាពរហ័សរហួនរបស់បេក្ខជន (Mental alertness) •    រៀបចំទស្សនវិស័យរបស់ខ្លួនទៅថ្ងៃអនាគតឲ្យបានច្បាស់លាស់ ព្រោះក្រុមហ៊ុននិមួយៗតែងតែចង់បានបុគ្គលិកដែលអាចមានលទ្ធភាពបម្រើការងារបានយូរ •    គួរមានជំនាញទំនាក់ទំនងល្អ និងការចេះរៀបចំទុកដាក់ •    មានការរៀបចំខ្លួនឲ្យបានសមរម្យ ព្រោះក៏ជាចំណុចសំខាន់ក្នុងការទទួលបានពិន្ទុពីសំណាក់ក្រុមហ៊ុន។ លក្ខណៈសម្បត្តិបុគ្គលិកទីផ្សារឆ្នើម •    បុគ្គលិកទីផ្សារឆ្នើម ជាអ្នកជោគជ័យក្នុងការលក់ផលិតផល តាមរយៈការសិក្សាស្វែងយល់ពីចំណែកទីផ្សារ ថាតើអ្នកណាជាអតិថិជនគោលដៅ ពេលវេលា និងទីកន្លែងក្នុងការលក់ផលិតផលទាំងនោះ •    ពួកគេមានទំនាក់ទំនងជិតស្និទ្ធទៅនឹងខាងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ជាការណែនាំដល់មហាជនពីផលិតផលរបស់ក្រុមហ៊ុនដោយប្រើប្រាស់នូវថវិកាតិច តែចំណេញបានច្រើន តួយ៉ាងដូចជាការធ្វើទីផ្សារតាមរយៈប្រយោល។ ទង្វើគួរធ្វើ និងចៀសវាងចំពោះអ្នកទីផ្សារ •    បុគ្គលិកគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធ៌មនៅក្នុងខ្លួន •    មានការប្រាស្រ័យទាក់ទងឲ្យបានល្អ ដោយចាត់ទុកអតិថិជនជាស្តេច •    គោរពពេលវេលាក្នុងការណាត់ជួប និងការចេះសហការគ្នាក្នុងការដោះដូរផលិតផលណាមួយ •    ចៀសវាងដាច់ខាតក្នុងការផ្តល់ព័ត៌មានដែលមិនពិត។ អនុសាសន៍សម្រាប់អ្នកអាន ចង់ចាប់ផ្តើមប្រឡូកក្នុងវិស័យការងារ ដំបូងគួរមានការរៀបចំពាក្យសុំបម្រើការងារឲ្យបានល្អ និងស្អាតគួរឲ្យចាប់អារម្មណ៍ដែលអាចប្រៀបបានជាអ្នកមានជំនាញម្នាក់ ហើយដាក់ចិត្តក្នុងការបំពេញកិច្ចការងារឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ព្រោះមិនត្រឹមតែផ្តល់ភាពជោគជ័យដល់ក្រុមហ៊ុននោះទេ តែក៏ជាការជោគជ័យសម្រាប់ខ្លួនផ្ទាល់ផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោក លី គីមឈន់ មូលហេតុដែលលោកជ្រើសរើសយកអាជីពជាគ្រូពេទ្យ ព្រោះថាអាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ  អ្នកដទៃ និងសង្គមផង។ ចំពោះជំនាញ ថ្លើម ក្រពះ ពោះវៀនវិញ ព្រោះ ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលមានលក្ខណៈសម្បូរបែបទាំងប្រភេទជំងឺ និងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមាន សរីរាង្គច្រើន។ លោកបានបន្តថា លក្ខណៈសំខាន់សម្រាប់និស្សិតឯកទេសនេះ គឺភាពឧស្សាហ៍ព្យាយាម ការអត់ធ្មត់ និងប្រាក់កាក់ ព្រោះថា ការសិក្សាមានការលំបាកនិងមានរយៈពេលយូរ(៤ឆ្នាំ) បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រទៀត ។ ហើយភាសាគឺជាចាំបាច់បំផុត ព្រោះឯកសារទាំងអស់គឺត្រូវបានសសេរជាភាសាបារាំងនិងអង់គ្លេស ដូច្នេះ និសិ្សតគួររៀនភាសាទាំង២ ឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម។ និយាយពីការលំបាកវិញ គឺត្រូវចំណាយពេលវេលាច្រើន ថវិកាច្រើន និង ភាពអត់ធ្មត់ ក្នុងការសិក្សា។  ក្រៅពីការរៀននៅសាលា លោកត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗ ហើយយកទ្រឹស្តីមកផ្សារភ្ជាប់នឹងការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យក្រោមការជួយណែនាំពីសិស្សច្បងនិងវេជ្ជបណ្ឌិតជំនាញៗ ដើម្បីទទួលបានបទធិសោធន៏ល្អៗ។ គីមឈន់ បានប្រាប់ថា ពេលបញ្ចប់ការសិក្សា ខ្លួនមានបំណងបម្រើការនៅទីក្រុងភ្នំពេញ ព្រោះឯកទេសនេះនៅមានកម្រិតនៅឡើយនៅទីក្រុងភ្នំពេញ។ លោកក៏បានបន្តទៀតថា បញ្ហា ថ្លើម ក្រពះ ពោះវៀន មានច្រើនណាស់ជាពិសេស គឺជំងឺរលាកក្រពះ និងជំងឺរលាកថ្លើម។ ជាចុងក្រោយ លោកចង់ផ្តាំផ្ញើដល់អ្នកមានបញ្ហាថ្លើម ក្រពះ ពោះវៀន គួរឆាប់មកជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការការពារ ឬ ព្យាបាលឲ្យបានទាន់ពេលវេលា។

ចែករំលែក

រង្វង់ភ្នែកខ្មៅជាបញ្ហាដែលកើតមានស្ទើរតែទៅលើមនុស្សគ្រប់គ្នាដោយសារតែសកម្មភាពប្រចាំថ្ងៃដូចជា ការគេងមិនគ្រប់គ្រាន់ ពន្លឺថ្ងៃ និងដោយសារអាល្លែកហ្ស៊ីជាដើម។ ជាការពិតណាស់ បញ្ហារង្វង់ភ្នែកខ្មៅជះឥទ្ធិពលទៅលើសម្រស់ និងភាពស្រស់ស្អាតរបស់អ្នកមួយភាគធំជាពិសេសគឺនារីៗ ដូចនេះ ហេលស៍ថាមសូមណែនាំលោកអ្នកនូវ៦វិធីងាយៗដើម្បកម្ចាត់បញ្ហារវង្វង់ភ្នែកខ្មៅ... 1.    ត្រសក់ ពិតណាស់ត្រសក់សម្បូរដោយវីតាមីន និងរ៉ែ ដែលធ្វើឲ្យស្បែកមានសំណើមជាពិ-សេសជួយឲ្យស្បែកស។ របៀបធ្វើ៖ យកត្រសក់មួយផ្លែចិតជាចំណិតស្តើងៗ ដាក់ក្នុងទូទឹកកកឲ្យត្រជាក់ ៣០នាទី បន្ទាប់មកយកវាមកបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកស្អាតជាការស្រេច។ អ្នកអាចអនុវត្តបានជារៀងរាល់ថ្ងៃដើម្បីបានប្រសិទ្ធភាពកាន់តែប្រសើរ។ 2.    ប៉េងប៉ោះ សម្បូរទៅដោយវីតាមីនអា បេនិងសារធាតុរ៉ែមួយចំនួន ដែលជួយកាត់បន្ថយបញ្ហារង្វង់ភ្នែកខ្មៅ។ របៀបធ្វើ៖ យកប៉េងប៉ោះស្រស់មកក្រឡុក ហើយយកទឹករបស់វា១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឲ្យសព្វ រួចលាបទៅលើ រង្វង់ភ្នែកខ្មៅនោះ ទុករយៈពេល១០នាទី បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តវិធីនេះ២ដងក្នុងមួយថ្ងៃនោះរង្វង់ភ្នែកខ្មៅរបស់អ្នកនឹងបាត់យ៉ាងឆាប់រហ័ស។ 3.    ក្រូចឆ្មារ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC ដែលជួយកម្ចាត់ស្នាមខ្មៅពិសេសត្រង់រង្វង់ភ្នែក។ របៀបធ្វើ៖ ចិតក្រូចឆ្មារច្របាច់យកទឹកឲ្យបានសមល្មម បន្ទាប់មកយកក្រណាត់ស្អាត កាត់ជារង្វង់មូល តូចល្មមនឹងរង្វង់ភ្នែករបស់អ្នក រួចយកវាទៅជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយដាក់វាទៅលើរង្វង់ភ្នែករបស់អ្នកទុករយៈពេល១០នាទីទើបលាងសម្អាតដោយ ទឹកស្អាត។ 4.    ដំឡូងបារាំង ដំឡូងបារាំងផ្ទុកដោយអង់ស៊ីម ម៉្យាងមានឈ្មោះថាCatecholase ដែលមានប្រសិទ្ធភាពធ្វើឲ្យស្បែកមានសភាពភ្លឺរលោង។ របៀបធ្វើ៖ យកដំឡូងបារាំងកិនឲ្យម៉ត់ ឬគ្រាន់តែចិតដំឡូងបារាំងជាបន្ទះហើយបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក។  ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកធម្មតាជាការស្រេច។ ដើម្បីឲ្យមានប្រសិទ្ធភាពគួរអនុវត្ត២ដងក្នុងមួយសប្តាហ៍។ 5.        ទឹកផ្កាកុលាប ទឹកផ្កាកុលាបមានសារធាតុម៉្យាងប្រឆាំងនឹងការរលាកហើយផ្ទុកដោយវីតាមីនអា និងសេ មានប្រយោជន៍ដល់ស្បែកដូចជាជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកខ្មៅត្រង់រង្វង់ភ្នែកភ្លឺថ្លា។ របៀបធ្វើ៖ ដាំទឹកឲ្យពុះរួចដាក់ស្រទាប់ផ្កាកុលាបចូល ហើយបន្ថយភ្លើងបន្តិចរង់ចាំដល់ស្រទាប់ផ្កាកុលាបអស់ពណ៌ រួចទុកឲ្យត្រជាក់បន្ទាប់មក យកកន្សែងស្អាត ទៅដាក់ក្នុងទឹកផ្កាកុលាបនោះ រួចយកទៅដាក់លើរង្វង់ភ្នែកអ្នក ទុករយៈពេល៥-១០នាទី។ អនុវត្តមួយថ្ងៃពីរដងក្នុងរយៈពេល៣សប្តាហ៍អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 6.    កញ្ចប់តែត្រជាក់ ផ្ទុកដោយកាហ្វេអ៊ីន និងតាណាំងដែលអាចកម្ចាត់ស្នាមខ្មៅរង្វង់ភ្នែកបានយ៉ាងស័ក្តិសិទ្ធិ។ របៀបធ្វើ៖ ដាំទឹកឲ្យពុះហើយចាក់លើកញ្ចប់តែសមល្មមរួចទុកឲ្យត្រជាក់ បន្ទាប់មកយកកញ្ចប់តែនោះទៅដាក់លើរង្វង់ខ្មៅរបស់អ្នក៥-១០នាទីរួចលាងសម្អាតជាមួយទឹកត្រជាក់។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដូចជាធុំក្លិនស្វាយទុំបណ្តើរៗហើយត៎ា!ដោយសារមានពេលតែប៉ុន្មានខែ សម្រាប់ញ៉ាំស្វាយទុំ តែបើចិតវាញ៉ាំធម្មតាអាចមានភាពដដែលបន្តិច។ ហេតុនេះងាកមកមើលវិញថា តើស្វាយទុំអាចយកទៅធ្វើអ្វីបានខ្លះ និងមានអ្វីដែលពិសេស? រសជាតិជូរអែម និងក្លិនរបស់ស្វាយទុំ នៅតែរក្សាទុកបានបើទោះជាត្រូវបានចម្អិន ឬច្នៃទៅជា Menu ផ្សេងៗក៏ដោយ។ ដូចនេះយើងអាចយកស្វាយទុំទៅធ្វើជា៖ •    នំខេក ៖ ស្វាយទុំមានរសជាតិផ្អែមល្មម ដូចនេះអ្នកកាត់បន្ថយការប្រើស្ករក្នុងនំបាន។ បានឆ្ងាញ់ហើយមិនឡើងគីឡូទៀត។ •    ទឹកក្រឡុក ៖ កាកសរសៃរបស់ស្វាយទុំ បានធ្វើឲ្យទឹកក្រឡុករបស់អ្នកមានភាពខាប់ល្មម និងមានពណ៌ស្រស់ស្អាត។ •    ការ៉េម ៖ ចំណិតស្វាយទុំ ពេលកកក្លាយជាការ៉េម នៅតែមានភាពទន់ ជាមួយគ្រឿងផ្សំផ្សេងៗទៀតធ្វើឲ្យការ៉េមដែលអ្នកធ្វើដោយខ្លួនឯងមានរសជាតិមិនអាចបំភ្លេចបាន។ •    ដំណាប់ ៖ ភាពស្វិតរបស់ដំណាប់ស្វាយ បានធ្វើឲ្យរសជាតិរបស់វាកាន់តែពិសេស និងទុកញ៉ាំបានយូរ។ •    បាយដំណើប និងស្វាយទុំ ៖ ជា Menu ពេញនិយមស្រាប់ទៅហើយ ដោយសាររសជាតិនៃស្វាយទុំជូរអែម  ស៊ីគ្នាយ៉ាងល្អជាមួយបាយដំណើបដាក់ល្ងដែលមានជាតិប្រៃ និងផ្អែមឡែមៗ។ •    បង្អែមស្វាយ ៖ ដើម្បីលាងមាត់ បង្អែមដែលមានស្វាយទុំ មិនគ្រាន់តែឆ្ងាញ់ទេ ថែមទាំងជួយដល់ការរំលាយអាហារថែមទៀតផង។ Special Menu: ហេលស៍ថាម សូមណែនាំ Menuមួយដែលអ្នកអាចយកជាគំរូ គឺ«បង្អែមស្វាយ»។ គ្រឿងផ្សំ៖ •    ស្វាយទុំ ២ផ្លែ •    ទឹកដោះគោខាប់ ២ស្លាបព្រាបាយ •    គ្រាប់សាគូពណ៌ស ៤ស្លាបព្រាបាយ •    ទឹកកក  របៀបធ្វើ៖ •    ចិតសម្បកស្វាយទុំចេញ រួចចិតសាច់ស្វាយទុំរាងជាការ៉េតូចៗ    •    យកចំណិតស្វាយទុំ ពាក់កណ្តាល ទៅក្រឡុកជាមួយទឹកដោះគោខាប់ និងទឹកកក •    ស្ងោរគ្រាប់សាគូពណ៌សឲ្យឆ្អិន រួចយកតែកាកសាគូ ដាក់ក្នុងចានស្វាយដែលសល់ពីក្រឡុក។ •    បន្ទាប់មកយកល្បាយដែលបានក្រឡុកមកចាក់ចូលក្នុងចានស្វាយខាងលើ រួចកូរឲ្យសព្វជាការស្រេច។ លក្ខណៈពិសេសរបស់បង្អែម៖ ជាមួយនឹងរសជាតិផ្អែមធម្មជាតិរបស់ស្វាយទុំ បង្អែមនេះមិនចាំបាច់ត្រូវប្រើប្រាស់ស្ករទេ ហើយថែមទាំងជារសជាតិផ្អែមល្មមមិនទ្រលាន់  ជាមួយនឹងក្លិនឈ្ងុយរបស់ផ្លែស្វាយទុំស្រស់ដោយមិនបាច់បន្ថែមក្លិនផងដែរ។ ម្យ៉ាងទៀត  ស្វាយទុំមានអត្ថប្រយោជន៍យ៉ាងសន្ធឹកចំពោះសុភាព ជាពិសេសគឺសម្រស់  ហើយវាស័ក្តិសមបំផុតនឹងក្លាយជាបង្អែមនារដូវក្តៅរបស់អ្នក  ដោយគ្រាន់តែបន្ថែមទឹកកកឲ្យត្រជាក់ប៉ុណ្ណោះ។ កុំឲ្យឱកាសនេះកន្លងហួសណា បើខកខានអ្នកនឹងត្រូវរង់ចាំរយៈពេលមួយឆ្នាំទៀតទើបដល់រដូវស្វាយទុំម្តងទៀត។ សាកល្បងធ្វើដោយខ្លួនឯង ជាមួយវិធីងាយៗខាងលើ ហើយក៏អាចច្នៃទៀតបានតាមចំណង់ចំណូលចិត្តរបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top