Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំឧស្សាហ៍ហើមអញ្ចាញធ្មេញ ហើយប្រពន្ធខ្ញុំក៏ទៅផ្សំថ្នាំនៅឱសថស្ថានឲ្យខ្ញុំលេបទៅក៏បាត់វិញ។ តើនេះបណ្តាលមកពីអ្វី? ហើយខ្ញុំលេបថ្នាំរាល់ពេលដែលហើមបែបនេះ ជាវិធីព្យាបាលត្រឹមត្រូវទេ? ចម្លើយ៖ ការហើមអញ្ចាញអាចបណ្តាលមកពីរលាកអញ្ចាញ ដោយសារមានកំបោរច្រើននៅជើងធ្មេញ ឬដោយសារអាប់សែធ្មេញ។ ដូចនេះ លោកត្រូវទៅជួបទន្តពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះការលេបថ្នាំបំបាត់ហើមមិនមែនជាដំណោះស្រាយត្រឹមត្រូវទេ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ រាល់ពេលខ្ញុំដុសធ្មេញ តែងតែមានហូរឈាម។ តើនេះបណ្តាលមកពីអ្វី? ហើយត្រូវព្យាបាលដូចម្តេចដែរ? ចម្លើយ៖ ការហូរឈាមអញ្ចាញអាចបណ្តាលមកពីមូលហេតុជាច្រើន ហើយភាគច្រើនបណ្តាលមកពីមានកំណកកំបោរនៅជាប់នឹងធ្មេញដែលបណ្តាលឲ្យរលាកអញ្ចាញធ្មេញ។ ចំពោះការព្យាបាលវិញ ជំងឺរលាកអញ្ចាញធ្មេញត្រូវព្យាបាលតាមដំណាក់កាលនៃជំងឺ៖ •ករណីក្នុងដំណាក់កាលរលាកមធ្យម ទន្តពេទ្យនឹងធ្វើការលាងធ្មេញ និងណែនាំឲ្យអ្នកជំងឺប្រើទឹកខ្ពុរមាត់ជាប្រចាំ ព្រមទាំងឲ្យមកជួបវិញក្នុងរយៈពេល ១ខែ ទៅ២ខែក្រោយ។ •ករណីក្នុងដំណាក់កាលរលាកខ្លាំង ទន្តពេទ្យនឹងចាក់ថ្នាំស្ពឹក ហើយធ្វើការបកអញ្ចាញធ្មេញ រួចកៀរយកកំបោរចេញឲ្យអស់ ទើបធ្វើការបិទអញ្ចាញឲ្យដូចដើមវិញ។ ម៉្យាងទៀត អ្នកជំងឺត្រូវត្រឡប់មកជួបវិញក្នុងរយៈពេល ២សប្តាហ៍ម្តង។ បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំមកពីខេត្តបាត់ដំបង មានចម្ងល់ថាហេតុអ្វីបានជាស្បែកឡើងជ្រាំង (រន្ធរោមធំៗ)ពិសេសនៅដើមដៃ? ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន? ចម្លើយ៖ ការឡើងជ្រាំងនៅដើមដៃ ភាគច្រើនបណ្ដាលមកពីការជិតរន្ធរោមបង្កឲ្យទៅជាគ្រាប់គីស ឬមុនតូចៗនៅលើខ្លួនដែលហៅថាមុនខ្លួនហើយភាគច្រើនវាកើតឡើងដោយឯកឯង  ឬក៏បុគ្គលដែលនៅកន្លែងម៉ាស៊ីនត្រជាក់ច្រើនម៉ោងក្នុងមួយថ្ងៃដែលអាចបណ្ដាលឲ្យស្បែកស្ងួត។ ចំពោះដំណោះស្រាយ ប្រសិនបើការឡើងជ្រាំងកើតឡើងដោយខ្លួនឯង (ធម្មជាតិ) ពោលគឺអ្នកជំងឺសម្បូរទៅដោយអ័រម៉ូន យើងត្រូវព្យាបាលដោយអ័រម៉ូនដើម្បីទប់ទល់នឹងអ័រម៉ូន។ តែប្រសិនបើការឡើងជ្រាំងកើតឡើងដោយសារការនៅក្នុងម៉ាស៊ីនត្រជាក់ច្រើនម៉ោង យើងត្រូវបន្ថយកម្រិតត្រជាក់កុំឲ្យត្រជាក់ពេក ត្រូវលាបឡេផ្តល់សំណើមការពារកុំឲ្យស្បែកស្ងួត និងប្រើប្រាស់សារធាតុ Keratolytic ដូចជាពពួក Salicylic Acid និង Retinoic Acid ដើម្បីឲ្យសារធាតុខ្លាញ់ចេញមកក្រៅ ហើយរន្ធរោមក៏លែងរួមតូច និងស្បែកមានដំណើរការធម្មតាវិញ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំរស់នៅខេត្តកំពង់ចាម។ ភ្នែកខ្ញុំម៉្ញូបតាំងពីតូច ហើយខ្ញុំខ្លាចកូនប្រុសខ្ញុំ ម៉្ញូបដូចខ្ញុំដែរ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីការពារគាត់កុំឲ្យកើតជំងឺនេះ? ចម្លើយ៖ ចំពោះករណីម៉្ញូបនេះអាចមានកត្តាតំណពូជ ដូចនេះមិនអាចមានការការពារមិនឲ្យកើតជំងឺនេះបានទេ ប្រសិនបើស្រឡាយម្តាយឬឪពុកមានជំងឺនេះ។ តែបើម៉្ញូបដោយសារការមើលជិតច្រើន ឬមើល screen ច្រើន គឺអាចចៀសវាងបាន ពោលគឺពេលមើលត្រូវមានពន្លឺគ្រប់គ្រាន់ ត្រូវមានពេលសម្រាកដោយមើលប្រហែល១៥ឬ២០នាទីត្រូវងាកភ្នែកចេញពីអក្សរ ឬscreen ដែលយើងមើល។ បកស្រាយដោយ  ៖ សាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

ជាទូទៅ អ្នកស្អកកនៅពេលណា?  ឬសុខៗស្រាប់តែស្អក? បើអ្នកពុំមែនជាអ្នកចម្រៀងប្រហែលជាអ្នកមិនសូវខ្វាយខ្វល់អំពីការស្អកនេះ ឬយល់ថាសំឡេងបែបនេះពិរោះម្យ៉ាង? ការបង្អាប់គ្នាលេងអំពីសំឡេងស្អកៗរបស់មិត្តភក្តិហាក់ដូចជាធម្មតាទៅហើយ  តែការពិតពេលខ្លះ នេះមិនមែនជាអ្វីដែលអ្នកគួរលេងសើចសប្បាយនោះទេ។ ហេតុអ្វី? លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា សាស្ត្រាចារ្យជំនួយនៃមន្ទីរពេទ្យព្រះអង្គឌួង នឹងបកស្រាយអំពីអាថ៌កំបាំងជុំវិញការស្អកក ដែលស្ទើរតែទាំងអស់គ្នាមិនបានចាប់អារម្មណ៍។ 1.    អ្វីទៅហៅថាការស្អកក? ស្អកកពុំមែនជាជំងឺទេ តែវាជារោគសញ្ញានៃជំងឺណាមួយ ដែលបង្ហាញឲ្យឃើញតាមរយៈការផ្លាស់ប្តូរសំឡេងខុសពីធម្មតាដូចជាការប្តូរទៅជាសំឡេងបែក សំឡេងខ្សោយឬមិនច្បាស់។ 2.    កាយវិភាគវិទ្យានៃបំពង់សំឡេង   បំពង់សំឡេងផ្សំឡើងពីឆ្អឹងខ្ចី (cartilage) មានចំនួន៤សំខាន់ៗ ហើយក្នុងនោះមានឆ្អឹងខ្ចីមួយដែលបញ្ជាខ្សែសំឡេងឲ្យបិទបើកបាន។ ជាទូទៅខ្សែសំឡេងនឹងត្រូវបញ្ជាឲ្យបើកនៅពេលដកដង្ហើមដើម្បីឲ្យខ្យល់ចេញចូល និងបិទវិញពេលនិយាយ ប៉ុន្តែដើម្បីបញ្ចេញសំឡេងឲ្យបានច្បាស់ ខ្សែសំឡេងត្រូវតែបិទជិត និងតឹងណែនល្អ ដូចនេះករណីដែលខ្សែសំឡេងបិទមិនជិតល្អ ឬក៏ធូរ នឹងនាំឲ្យសំឡេងប្រែប្រួលឬហៅថាស្អកនេះឯង។ ជារួមមក ការស្អកកនេះ ទាក់ទងនឹងបំពង់សំឡេងនិងខ្សែសំឡេងនេះផ្ទាល់តែម្តង។ 3.    មូលហេតុនៃការស្អកក •   មហារីក មានមូលហេតុជាច្រើនដែលនៅពីក្រោយបញ្ហាស្អកក តែសញ្ញាដ៏សំខាន់មួយដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺការស្អកកលើសពី៣សប្តាហ៍ ពិសេសចំពោះមនុស្សចាស់ដែលមានអាយុលើសពី៥០ឆ្នាំ អ្នកជក់បារី ឬផឹកស្រាជាដើមដោយវាអាចជាប់ទាក់ទងនឹងជំងឺដ៏កាចសាហាវគឺ  មហារីកបំពង់សំឡេង ឬមហារីកនៅខ្សែសំឡេង។ ក្រៅពីនោះ ជំងឺមហារីកសួត មហារីកនៅក្រពេញពកក(ក្រពេញទីរ៉ូអុីត)  ឬមហារីកដែលនៅតំបន់ក ដូចជាមហារីកកូនកណ្តុរនៅកជាដើម សុទ្ធតែអាចឲ្យរោគសញ្ញាជាការស្អកក ហើយបញ្ហានេះក៏អាចកើតមានចំពោះក្មេងផងដែរ ។ •    ការរលាក(Infection) បំពង់កឬបំពង់សំឡេង ការរលាកធ្វើឲ្យខ្សែសំឡេងបិទមិនសូវជិតដោយសារតែអាការៈហើមរបស់បំពង់សំឡេង ហើយភាគច្រើនជាការរលាកស្រួចស្រាវ (acute infection) ដោយពពួកមេរោគ(បាក់តេរី ឬវីរុស)ឬក៏ផ្សិតដែលមានក្នុងបរិស្ថាន។ ការស្អកកដោយបញ្ហានេះអាចបាត់ទៅវិញដោយគ្រាន់តែធ្វើការថ្នមសំឡេង និងសម្រាកសំឡេង ឬព្យាបាលតិចតួចប៉ុណ្ណោះ។ ប៉ុន្តែគួរកត់សម្គាល់ថា មេរោគរបេងក៏អាចបណ្តាលឲ្យស្អកកផងដែរ ដូចនេះអ្នកដែលមានអាការៈស្អកកត្រូវប្រុងប្រយ័ត្នពិសេសការស្អកករ៉ាំរ៉ៃរយៈពេលយូរ។ •    ការប្រើប្រាស់សំឡេងច្រើន​​​ ឬសំឡេងខ្លាំង មូលហេតុមួយទៀតគឺការប្រើប្រាស់សំឡេងច្រើនឬសំឡេងខ្លាំងៗដូចជាអ្នកឃោសនា      គ្រូបង្រៀន        អ្នកចម្រៀង ដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែសំឡេង។ការស្អកករបៀបនេះអាចដោះស្រាយបានដោយគ្រាន់តែសម្រាកឬថ្នមសំឡេងមួយរយៈប៉ុណ្ណោះ។ •    ការដុះដុំសាច់នៅខ្សែសំឡេង មានជំងឺជាច្រើនទាក់ទងនឹងការដុះដុំសាច់នៅខ្សែសំឡេងដូចជា ប្តូរនៅខ្សែសំឡេង ប៉ូលីប(polyps) ឬក៏ប្រភេទជំងឺច្រើនយ៉ាងទៀតដែលធ្វើឲ្យអ្នកជំងឺស្អក តែការស្អកនេះកើតមានតែអំឡុងពេលដំបូងនៃការចាប់ផ្តើមដុះដុំសាច់ប៉ុណ្ណោះ។ ក្រោយពីដុំសាច់ដុះកាន់តែធំទៅៗ អាការៈស្អកកនេះនឹងប្តូរទៅជាការនិយាយលែងចេញតែម្តង ឬចេញតែខ្យល់ ព្រោះខ្សែសំឡេងបិទលែងជិតកាន់តែខ្លាំង។ •    វិបត្តិលើសរសៃប្រសាទ សាច់ដុំខ្សែសំឡេងអាចបិទបើកបាន ដោយមានសរសៃប្រសាទជាក់លាក់ជាអ្នកបញ្ជា ដូចនេះកាលណាសរសៃប្រសាទនោះរងនូវវិបត្តិណាមួយ នោះវាមិនអាចបញ្ជាបានល្អឬត្រឹមត្រូវទេ ពោលខ្សែសំឡេងមិនអាចបិទជិតឡើយដែលនាំឲ្យមានអាការៈស្អកក។ គួររំលឹកថា មានជំងឺជាច្រើនប្រភេទដែលជាមូលហេតុធ្វើឲ្យសរសៃប្រសាទមានវិបត្តិនឹងផ្តល់ជារោគសញ្ញានេះឡើង។ •    ជំងឺប្រភេទប្រព័ន្ធអង់ដូគ្រីន ជំងឺប្រភេទប្រព័ន្ធអង់ដូគ្រីន(endocrine system)  ក៏ជាមូលហេតុសំខាន់មួយនៃអាការៈស្អកកនិងឃើញកើតមានច្រើនផងដែរ។ •    មូលហេតុទាក់ទងនឹងកំណើតរបស់ក្មេង ការមានបញ្ហាតាំងពីកំណើតរបស់ក្មេងក៏អាចជាមូលហេតុដែលនាំឲ្យក្មេងមានសំឡេងស្អកផងដែរ។ កំហុសកំណនេះអាចទាក់ទងនឹងតំណពូជ  ឬក៏មិនមែន។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវឬការមានជំងឺណាមួយនៅអំឡុងពេលមានផ្ទៃពោះ ជាមូលហេតុមិនទាក់ទងនឹងតំណពូជដែលធ្វើឲ្យក្មេងអាចកើតមកជាមួយនឹងសន្ទះបិទជិត ឬក៏មានប្រហោងតូចពេកនៅបំពង់សំឡេង ដែលធ្វើឲ្យក្មេងមាននូវរោគសញ្ញាស្អក រួមជាមួយនឹងអាការៈក្អក និងហត់ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្មេង។ រីឯ បញ្ហាតំណពីម្តាយក៏អាចមានផងដែរក្នុងករណីដែលម្តាយមានជំងឺរោគស្ត្រីនៅអំឡុងពេលមានផ្ទៃពោះ តែរោគសញ្ញាច្រើនតែបង្ហាញឡើងនៅពេលក្មេងមានអាយុចាប់ពី ៤ទៅ៥ឆ្នាំ ទើបមានការដុះនូវដុំសាច់ម្យ៉ាងហៅថា ប៉ាប៉ីឡូម (papiloma)។ ចំពោះករណីនេះ មានការពិបាកខ្លាំងដែលពេលខ្លះទាមទារឲ្យក្មេងទទួលការព្យាបាលស្ទើរមួយជីវិតរបស់គេតែម្តង និងត្រូវទទួលការវះកាត់ជាច្រើនលើកច្រើនសារ ហើយកាន់តែធ្ងន់ធ្ងរនោះគឺជំងឺនេះក៏អាចនឹងវិវឌ្ឍទៅជាជំងឺមហារីកទៀតផង។ 4.     កត្តាជម្រុញដែលធ្វើឲ្យស្អកក •    ការជក់បារី ផឹកស្រា ជាកត្តាជម្រុញដ៏សាមញ្ញមួយសម្រាប់ការប្រឈមមុខនឹងជំងឺជាច្រើនពិសេសគឺមហារីកបំពង់សំឡេង ដែលរោគសញ្ញានឹងរួមបញ្ជូលទាំងការស្អកកផងដែរ។ •    ការប្រើសំឡេងច្រើនឬខ្លាំងៗ អាចត្រឹមតែជាកត្តាជម្រុញមួយដោយសារការស្អកកនេះមិនមែនកើតចំពោះមនុស្សគ្រប់គ្នាដែលប្រើសំឡេងច្រើននោះទេ។ •    ជំងឺក្រពះច្រើនតែត្រូវបានមើលរំលង ពីឥទ្ធិពលនៃការច្រាលទឹកក្រពះ ដែលបង្កជាការរលាកបំពង់ខ្យល់ឬបំពង់សំឡេង និងជម្រុញឲ្យមានអាការៈស្អកកឡើង។ •    បរិស្ថានដែលមិនស្អាត ពោរពេញដោយធូលី ឬសារធាតុកខ្វក់ផ្សេងៗ ព្រមទាំងបរិយាកាសស្ងួតឬក្តៅពេក ងាយនឹងជៈឥទ្ធិពលមិនល្អដល់ផ្លូវដង្ហើមឬ ក៏នាំឲ្យមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើមក៏ដូចជាធ្វើឲ្យស្អកក។ •    ការវះកាត់មួយចំនួនដូចជាការវះកាត់លើផ្លូវដង្ហើម ឬសរីរាង្គនៅក្បែរៗនោះក៏អាចបង្កការប្រឈមមុខនឹងបញ្ហាផ្លូវដង្ហើមធ្វើឲ្យស្អកកផងដែរ។ •    វ័យឬអាយុ ក៏ជាកត្តាមួយដែលធ្វើឲ្យមនុស្សចាស់ស្ទើរតែទាំងអស់មានអាការៈស្អកក ដោយសារតែការរួមស្វិតនៃខ្សែសំឡេង នាំខ្សែសំឡេងបិទមិនបានជិតល្អ។ •    ជំងឺមួយចំនួនទៀតក៏អាចជម្រុញឲ្យស្អកកដែរ ដូចជាជំងឺទឹកនោមផ្អែមជាដើម។ 5.    ការធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃការស្អកក មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើទៅបានប៉ុន្តែទាមទារឲ្យធ្វើនៅមន្ទីរពេទ្យដែលមានបរិក្ខារគ្រប់គ្រាន់ ដែលក្នុងនោះរួមមានដូចជា ការថតឆ្លុះអង់ដូស្កុប(endoscope) ការពិនិត្យចលនាខ្សែសំឡេងដោយស្ត្រូប៉ូស្កុប(stroposcope) ព្រមទាំងការពង្រីកមើលឲ្យបានច្បាស់ដោយមីក្រូស្កុប(m-icroscope)ជាដើម។ ដោយឡែក ជាទូទៅការធ្វើរោគវិនិច្ឆ័យនេះអាចប្រព្រឹត្តិទៅដោយសាមញ្ញដែលត្រូវបានប្រើប្រាស់ជាជម្រើសទីមួយក្នុងការធ្វើរោគវិនិច្ឆ័យមុននឹងឈានទៅដល់វិធីសាស្ត្រផ្សេង គឺតាមរយៈការកម្តៅកញ្ចក់ ហើយយកទៅដាក់ក្នុងមាត់អ្នកជំងឺ រួចទើបបាញ់ពន្លឺបញ្ចាំងចំកញ្ចក់នោះ។ 6.    ការព្យាបាល ដោយសារស្អកកជារោគសញ្ញានៃជំងឺណាមួយ ដូចនេះការព្យាបាលត្រូវធ្វើទៅតាមមូលហេតុឬជំងឺបង្កផ្ទាល់។ •    ករណីដែលស្អកដោយសារតែនិយាយឬស្រែកច្រើន ត្រូវឲ្យអ្នកជំងឺសម្រាកសំឡេង ឬប្រើសំឡេងថ្នមៗ ឬសម្រាកមិននិយាយតែម្តង។ •    ករណីមានរលាកដោយសារបាក់តេរីតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះ។ តែសូមបញ្ជាក់ថា ករណីរលាកដោយសារវីរុស គឺពុំមានការប្រើប្រាស់ថ្នាំផ្សះទេ ដូចនេះការព្យាបាល គឺគ្រាន់តែប្រើប្រាស់ថ្នាំទៅតាមរោគសញ្ញាប៉ុណ្ណោះ ដូចជាថ្នាំឈឺក ថ្នាំក្តៅខ្លួន និងពិសាទឹកឲ្យបានច្រើន រួមជាមួយការបញ្ឈប់ការជក់បារី ផឹកស្រា និងរស់នៅស្អាតបរិស្ថានល្អជាដើម។     សូមរំលឹកម្តងទៀតថា ចំពោះការស្អកកលើសពី៣សប្តាហ៍ចំពោះមនុស្សចាស់ មានផឹកស្រា ជក់បារី ត្រូវទៅជួបវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ព្រោះវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ពិសេសគឺជំងឺមហារីកតែម្តង។ ដូចគ្នាផងដែរ កាលណាអាការៈស្អកនេះមកជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជា ថប់ដង្ហើម ហត់ អ្នកជំងឺគួរទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលការពិនិត្យ និងព្យាបាលភ្លាមៗ។ លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា បានផ្តល់ជាអនុសាសន៍ចុងក្រោយថា នៅរាល់ពេលមានអាការៈស្អកក ទោះបីជាយល់ថាវាមានលក្ខណៈស្រាល ប៉ុន្តែអ្នកជំងឺគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុច្បាស់លាស់។ សារជាថ្មីម្តងទៀត ចំពោះជំងឺក្រពះដែលជាកត្តាជម្រុញមួយដែលតែងតែត្រូវបានមើលរំលងនោះ គួរតែត្រូវបានត្រួតពិនិត្យ និងព្យាបាលឲ្យបានជាត្រឹមត្រូវប្រសិនបើនេះពិតជាមូលហេតុបង្កមែន។ សូមសំណូមពរផងដែរដល់អ្នកជំងឺក៏ដូចជាប្រជាជនយើងទាំងអស់ថា គួរតែចៀសវាងប្រើប្រាស់ថ្នាំដោយខ្លួនឯងទោះជាអាការៈស្អកនោះមានភាពតិចតួចក្តី ព្រោះមានតែការទៅជួបពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យទេទើបច្បាស់លាស់ ហើយការព្យាបាលក៏មិនប្រាកដថាពិបាកដែរ ដោយពេលខ្លះគ្រូពេទ្យគ្រាន់តែឲ្យដំបូន្មានខ្លះៗ ដោយមិនបាច់ប្រើប្រាស់ថ្នាំផងក៏មាន។

ចែករំលែក

វេជ្ជបណ្ឌិត ស្រ្តី ឯកទេស ឫសដូងបាត និង គ្លីនិក ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត ដំបូងគេបង្អស់នៅកម្ពុជា ! គ្លីនិក អេគីប ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត បានកំពុងសហការជាមួយលោកស្រីវេជ្ជបណ្ឌិត ប៉ា សុម៉ាឡែន វេជ្ជបណ្ឌិត ឯកទេស ជម្ងឺ ឫសដូងបាត សញ្ញាប័ត្រមកពីប្រទេស បារាំង និង ជាវេជ្ជបណ្ឌិតឯកទេសស្ត្រីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ផ្នែកជម្ងឺ ឫសដូងបាត ។ វេជ្ជបណ្ឌិតស្ត្រី ឯកទេស ជម្ងឺឫសដូងបាត រូបនេះបានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត នៅសាកលវិទ្យាលយ័វិទ្យាសាស្ត្រសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងធ្លាប់បានចុះធ្វើកម្មសិក្សារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និង ក្នុងបណ្តាលមន្ទីរពេទ្យធំៗ ជាច្រើនទៀតក្នុងប្រទេស និង ក្រោយពីបានបញ្ចប់ការសិក្សារក្នុងប្រទេសរួចមកលោកស្រ្តីវេជ្ជបណ្ឌិតក៏បានទៅបន្តការសិក្សារថ្នាក់ជំនាញ ឯកទេសផ្នែកជម្ងឺ ឫសដូងបាត នេះផងដែរនៅឯប្រទេស បារាំង ។ នាពេលបច្ចុបន្បនេះលោកស្ត្រីវេជ្ជបណ្ឌិតបានត្រលប់មកមាតុប្រទេសយើងវិញ និង ក៏កំពុងបំរើការនៅក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ នៅក្នុងរាជធានី ភ្នំពេញ ព្រមទាំងកំពុងសហការជាមួយគ្លីនិក គីប ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត ដើម្បីពង្រឹងវិសាលភាព និង ទំនុកចិត្ត ហើយក៏ចង់បង្ហាញ ជូនដល់ប្រជាពលរដ្ធខ្មែរយើងទាំងអស់គ្នាថាក្រុមវេជ្ជបណ្ឌិតខ្មែរយើងក៏មានសមត្ថភាព វិជ្ជាជីវៈ ក្រមសីលធម៌ និង ជំនាញឯកទេសដូចប្រទេសជិតខាង ក៏ដូចជាប្រទេសជឿនលឿនដ៍ទៃផងដែរ ។ គ្លីនិកយើងខ្ញុំ និង លោកស្ត្រីវេជ្ជបណ្ឌិត មានទិសដៅតែមួយក្នុងការផ្តល់ជូននូវសេវាសុខភាព ផ្នែកពិគ្រោះ ពិនិត្យ និង ព្យាបាល ជម្ងឺ ឫដូងបាត ដោយវេជ្ជបណ្ឌិតជំនាញ និង មានឯកទេសច្បាស់លាស់ ជូនដល់បង ប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដោយការយកចិត្តទុកដាក់ គុណភាព និង ប្រសិទ្ធិភាពខ្ពស់ កំរិតស្តង់ដារអន្តរជាតិ យ៉ាងពិតប្រាកដ  ! ពីគ្លីនិក អេគីប ឯកទេស ជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត

ចែករំលែក

បើអ្នកមានលទ្ធភាពប្រើរបស់ទំនើបដូចជា Smartwatch ហើយ អ្នកក៏គួរតែវៃឆ្លាតប្រើប្រាស់វាឲ្យអស់ពីលទ្ធភាពដែរមែនទេ? មិនអាចពាក់ត្រឹមលម្អខ្លួន និងបង្អួតគេថាវាឡូយនោះទេ ត្រូវតែបង្ហាញឲ្យគេឃើញផងដែរថាវាពិតជាឡូយ និងឆ្លាតវៃស័ក្តិសមនឹងអ្នក។  ក្នុងអត្ថបទកន្លងមក ហេលស៍ថាមបានលើកឡើងអំពីការប្រើប្រាស់កម្មវិធីក្នុង smartphone សម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ  អ្នកប្រាកដជាបានដឹងឮជាច្រើនផងដែរអំពីភាពសម្បូរបែបរបស់ smartwatch ដ៏ពេញនិយម ដែលយើងនឹងលើកមកបង្ហាញក្នុងលេខនេះផ្ទាល់ អំពីមុខងាររបស់វាចំពោះការរស់នៅ។  បន្ទាប់ពីនេះ អ្នកនឹងអាចដឹងបានហើយថាហេតុអ្វីបានជាមនុស្សជាច្រើនជ្រើសរើសយក smartwatch? នាឡិកាអេឡិចត្រូនិចSmartwatchត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួល  និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់   ដែលលើសពីការមើលពីពេលវេលា  ការភ្ជាប់ជាមួយនឹង  smartphone  ឆែកសារ ប្រើអ៊ីនធឺណែត ស្តាប់ចម្រៀង  ព្រមទាំងកម្មវិធីជាច្រើនទៀត ដែលក្នុងនោះមុខងារតាមដានសុខភាពទូទៅ និងឈានដល់ការគ្រប់គ្រងនូវជំងឺមួយចំនួន ក៏ជាមុខងារដែលអ្នកប្រើប្រាស់មិនគួរមើលរំលងផងដែរ។ 1.កំណត់ជំហានក្នុងការដើរ៖ បើចង់បាននូវជីវិតរស់នៅដ៏សកម្ម និងទទួលបានសុខភាពដ៏ល្អប្រសើរនោះ អ្នកគួរដើរឲ្យបាន ១០,០០០ជំហានក្នុងមួយថ្ងៃ។  Smart Watch មានមុខងាររាប់នូវជំហានដែលអ្នកបានដើរ និងអាចឲ្យអ្នកគ្រប់គ្រងនូវចំនួនជំហានដែលអ្នកបានដើរជារៀងរាល់ថ្ងៃ។ ក្រៅពីនោះវានឹងកត់ទុកនូវទិន្នន័យទាក់ទងនឹងជំហាន  ចម្ងាយ និងកាឡូរីបានដុតបំផ្លាញដើម្បីអាចឲ្យអ្នកកំណត់គោលដៅសម្រាប់ការហាត់ម្តងៗ។ 2.តាមដានការគេង៖ បុគ្គលភាគច្រើនអាចនឹងមានបញ្ហាក្នុងការមិនទទួលបានដំណេកគ្រប់គ្រាន់ ឬលើស ដែលជាហេតុបង្កឲ្យមានផលអវិជ្ជមានចំពោះរាងកាយ។ SmartWatch មានមុខងារ ដោយប្រាប់អ្នកនូវចំនួនម៉ោងដែលអ្នកគេងបានស្កប់ស្កល់ ដែលវាអាចឲ្យអ្នកកំណត់ពេលវេលាយ៉ាងជាក់លាក់សម្រាប់ទទួលបាននូវការគេងគ្រប់គ្រាន់ និងមានគុណភាព។ 3.តាមដានលំហាត់ប្រាណ៖ នរណាក៏ចង់មានលំហាត់ប្រាណមួយដ៏ជាប់លាប់ដែរ   តែសំខាន់គឺការអត់ធ្មត់ និងការមានទម្លាប់ជាប្រចាំថ្ងៃ។ លក្ខណៈពិសេសនៃមុខងារ Smart Watch គឺផ្តល់នូវរំញ័រទៅលើ កដៃរបស់អ្នកដើម្បីជួយប្រាប់អ្នកថាដល់ពេលក្នុងការធ្វើលំហាត់ប្រាណ។ វាក៏អាចធ្វើការគ្រប់គ្រងនូវចំនួនកាឡូរីដែលអ្នកត្រូវដុតបំផ្លាញដើម្បីសម្រេចគោលដៅផងដែរ។ 4.កម្មវិធីសម្រាប់អ្នកកីឡា៖ កម្មវិធី GPS នៅក្នុងSmartwatch អាចជួយឲ្យកីឡាកររត់ចម្ងាយ អ្នកជិះកង់ និងអ្នកហ្វឹកហាត់រាងកាយផ្សេងៗអាចកំណត់ទីតាំងរបស់ពួកគេបានដោយមិនបាច់ត្រូវការsmartphone។ ក្រៅពីនោះ ពួកគេក៏អាចតាមដាននូវចម្ងាយ ល្បឿន និងរង្វាស់ផ្សេងៗទៀតទាក់ទងនឹងការលេងកីឡា។ ដោយឡែក អ្នកហែលទឹកក៏អាចប្រើប្រាស់នូវនាឡិកានេះដូចគ្នា  ពីព្រោះវាមានសមត្ថភាពអាចការពារចូលទឹកបាន។ 5.មុខងារសម្រាប់ដាស់តឿន និងរំលឹក៖ សកម្មភាពប្រចាំថ្ងៃជាច្រើនត្រូវការមានការដាស់តឿន ដូចជាការក្រោកពីគេង ការញ៉ាំទឹក ការញ៉ាំថ្នាំឲ្យទៀងទាត់ ការប្រជុំ ការធ្វើចលនាពេលអ្នកអង្គុយយូរ និងជម្រុញឲ្យធ្វើសកម្មភាពផ្សេងៗទៀតចៀសផុតពីការរស់នៅដែលមិនសកម្ម។ 6.កម្មវិធីតាមដានសុខភាព៖ ក្រៅពីមុខងារក្នុងការវាស់ចង្វាក់បេះដូង និងប៉ារ៉ាមែត្រជាច្រើនទៀតទាក់ទងនឹងសុខភាព  មានក្រុមហ៊ុនមួយចំនួនបានបង្កើតនូវកម្មវិធីថ្មីសម្រាប់អ្នកប្រើប្រាស់ Smart watch ដោយពួកគេអាចធ្វើការទាញយកកម្មវិធីដែលអាចបកប្រែនូវលទ្ធផលសុខភាពដែលមានសារប្រយោជន៏សម្រាប់វេជ្ជបណ្ឌិតធ្វើការពិនិត្យ និងតាមដានសុខភាព ហើយវាស័ក្តិសមបំផុតចំពោះអ្នកដែលចាប់អារម្មណ៍ទៅលើសុខភាពឬអ្នកដែលមានជំងឺរ៉ាំរៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺធាត់ហួសកម្រិតជាដើម។ 7.មុខងារសម្រួលដល់អ្នកជំងឺ៖ Smart Watchក៏មានមុខងារអាចជួយសម្រួលការរស់នៅដល់អ្នកដែលមានជំងឺហឺត   ជំងឺParkinson ទឹកនោមផ្អែម មហារីកសុដន់   ឬអ្នកដែលមានជំងឺបេះដូងជាដើម។ ដោយផ្អែកលើការពិសោធន៍ទៅលើអ្នកជំងឺហឺត ឃើញថាកម្មវិធីនេះអាចជួយពួកគេឲ្យដឹងថាទីតាំងណាដែលមានខ្យល់អាកាសបរិសុទ្ធ។ ក្រៅពីនោះ ក៏មានកម្មវិធីសម្រាប់ណែនាំអំពីការដកដង្ហើមផងដែរ។ 8.ជំនួយក្នុងការស្តាប់៖ Connect Line ក៏ជាកម្មវិធីដ៏អស្ចារ្យមួយ មាននៅក្នុង Smart Watchដែលបង្កើតឡើងសម្រាប់អ្នកដែលកំពុងប្រើប្រាស់ឧបករណ៏ជំនួយត្រចៀក។ វាអាចជួយគ្រប់គ្រងនូវសម្លេងនៃឧបករណ៏ជំនួយត្រចៀកបានយ៉ាងងាយស្រួល ដោយពុំមានអ្នកណាដឹងថាអ្នកកំពុងតែប្រើប្រាស់ឧបករណ៏ជំនួយត្រចៀកនោះទេ។ ជាមួយនឹងគ្រឿងលម្អខ្លួនដ៏ទាន់សម័យបែប Smartwatch នេះអាចឲ្យអ្នកផ្លាស់ប្តូរបែបផែនជីវិតរស់នៅឲ្យកាន់តែរស់រវើក  និងសម្បូរបែប ព្រមទាំងប្រកបដោយផាសុកភាពយ៉ាងពេញលេញ ដូចនេះវាពិតជាស័ក្តិសមនឹងក្លាយជាដៃគូដ៏ល្អដែលនៅជាប់ខ្លួនរបស់អ្នកគ្រប់គ្នាគ្រប់ពេលវេលា។ 

ចែករំលែក

អស់កម្លាំងល្ហិតល្ហៃ មិនអាចផ្តោតអារម្មណ៍បានល្អ ជាបញ្ហាដែលតែងតែជួបយ៉ាងញឹកញាប់ ដែលវាពិតជារំខានដល់ផលិតភាពការងារ និងការរៀនសូត្រ  ព្រមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើន ហើយអ្នក    ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានល្អ។ អាការៈអស់កម្លាំងជាសញ្ញាណសុខភាពដែលប្រាប់ថារូបរាងកាយរបស់អ្នកកំពុងបាត់បង់នូវថាមពល ដែលជាទូទៅអ្នកគ្រប់គ្នានឹងគ្រាន់តែគិតថានេះជារឿងធម្មតាមួយ ដោយភ្លេចគិតថាតើអាការៈនេះកើតឡើងដោយសារមូលហេតុធម្មតា ឬដោយសារតែបញ្ហាគួរឲ្យបារម្ភណាមួយ?    ហើយវាគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេចយោងទៅតាមករណីនីមួយៗ? 1.ជំងឺផ្តាសាយ៖ អាការៈកណ្តាស់ ឬហៀរចេញនូវសំបោរ ជារោគសញ្ញាដ៏ជាក់លាក់មួយនៃជំងឺផ្តាសាយ ជាមួយគ្នាផងដែរ អ្នកអាចបាត់បង់ថាមពល និងរាងកាយចុះខ្សោយ ដែលទាមទារឲ្យអ្នកត្រូវការពេលវេលាមួយរយៈសម្រាប់សម្រាកយកថាមពលឡើងវិញ។ ការបាត់បង់កម្លាំងរាងកាយកើតឡើង ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានប្រើប្រាស់ថាមពលខ្លាំងដើម្បីធ្វើការសម្លាប់នូវមេរោគដែលបង្កជាជំងឺផ្តាសាយនោះ ដែលជាហេតុ ធ្វើឲ្យថាមពលនៃសាច់ដុំចុះខ្សោយ នោះរាងកាយក៏អន់ថយទៅតាមហ្នឹងដែរ។ ដូចនេះ អ្នកត្រូវ៖ •បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារដែលជាពពួកស្រូវសាលី នំបុ័ង យ៉ាអួដែលគ្មានសារធាតុធ្វើឲ្យធាត់ (ចៀសវាងអាហារប្រភេទខ្លាញ់ និងផ្អែម) ដើម្បីបង្កើនកម្លាំងឡើងវិញ។ •សម្រាកឲ្យបានគ្រប់គ្រាន់ ចៀសឲ្យឆ្ងាយពីអារម្មណ៍ស្រេ្តស និងតប់ប្រមល់។ 2.ការមករដូវ៖ វាអាចជាមូលហេតុដែលគ្រប់ស្រ្តី តែងតែមានអារម្មណ៍ល្ហិតល្ហៃ និងបាត់បង់ថាមពលរាងកាយ មិនអាចបំពេញការងារប្រចាំថ្ងៃបានរលូន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការមករដូវនោះ។ ការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឈាមនោះទេ បរិមាណទឹកក្នុងរាងកាយក៏ត្រូវបានចុះថយដូចគ្នា ដែលវាធ្វើឲ្យអ្នកមានអាការៈចុះខ្សោយក្នុងរាងកាយ។   ដោយសារតែវាតែងតែកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ ដូច្នេះ មិនគួរបណ្តោយឲ្យស្ថានភាពនោះគ្រប់គ្រងអ្នកជារៀងរហូតនោះទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖ •ញ៉ាំអាហារបន្ទាប់បន្សំ បន្ថែមពីលើអាហារចម្បង ៣ពេល។ ចំណែក អាហារដែលញ៉ាំ គួរតែជាពពួកដែលសម្បូរប្រូតេអុីនខ្ពស់ដូចជា សាច់មាន់ឬត្រី និងអាចលេបវីតាមីនបន្ថែមដែលជាប្រភេទ Multivitamins។ •ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានចៀសវាងយកភេសជ្ជៈប្រភេទ សូដា ឬមានជាតិស្ករច្រើន មកជំនួសការបំពេញជាតិទឹក។ •ហាមទទួលទានភេសជ្ជៈមានជាតិ កាហ្វេអីុន ឬអាល់កុល ដែលអាចឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់  ជាលទ្ធផល អ្នកអាចមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ 3.ជំងឺខ្វះជាតិស្ករក្នុងឈាម៖ ជាតិស្ករមានសារសំខាន់សម្រាប់ឲ្យសរីរាង្គក្នុងរាងកាយអាចបង្កើនថាមពល ដូច្នេះ អាការៈអស់កម្លាំងខ្លះ ក៏អាចបណ្តាលមកពីការខ្វះជាតិស្ករក្នុងឈាមដែរ ដែលការខ្វះនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការញ៉ាំអាហារដែលមិនមានសារជាតិស្ករគ្រប់គ្រាន់ ឬអាចមកពីជំងឺរ៉ាំរ៉ៃប្រភេទជំងឺទឹកនោមផ្អែម។ អ្វីដែលគួរធ្វើគឺ៖ •គួរទម្លាប់បញ្ចូលនូវអាហារខ្លះក្នុងរបបអាហាររបស់អ្នក ដែលជាប្រភេទ បាយ ដំឡូង នំបុ័ង ស្រូវសាលី បន្លែ និងទឹកដោះគោ ដែលជាប្រភពយ៉ាងសំខាន់នៃជាតិស្ករ។ •បើមិនបានធូរស្បើយ គួរស្វែងរកគ្រូពេទ្យឯកទេសសម្រាប់កំណត់ការព្យាបាលឲ្យមានប្រសិទ្ធភាព។ 4.ជំងឺកង្វះគ្រាប់ឈាមក្រហម៖ អាការៈចុះខ្សោយខ្លះទៀត វាក៏អាចជាប់ពាក់ព័ន្ធទៅនឹងបរិមាណគ្រាប់ឈាមក្នុងខ្លួនរបស់អ្នក ដែលជាជំងឺដែលអ្នកប្រហែលជាមិនអាចដឹងជាមុន ហើយវាអាចបណ្តាលមកពីការបាត់បង់ឈាមដោយខូចសរីរាង្គខាងក្នុង ការដាច់រលាត់ផ្នែកណាមួយនៃរាងកាយធ្វើឲ្យមានការហូរឈាមច្រើន។ ជាការពិត គ្រាប់ឈាមជាចំណែកដ៏ធំក្នុងការទ្រទ្រង់រាងកាយទាំងមូល ហើយការបាត់បង់ឈាមតែងតែធ្វើឲ្យមានអារម្មណ៍ហេវហត់ ដោយសារបាត់បង់លំនឹងនៃគ្រាប់ឈាម។ អ្វីគួរធ្វើ៖ •ទទួលទានត្រី ព្រោះវាជាប្រភពនៃជាតិដែក ឬអាចលេបគ្រាប់ថ្នាំជាតិដែក ដើម្បីបង្កើនការផលិតគ្រាប់ឈាមឡើងវិញ។ •ញ៉ាំបន្លែ  និងផ្លែឈើឲ្យបានច្រើន ដោយសារវាសម្បូរវីតាមីនC ដែលអាចជំរុញការស្រូបជាតិដែកបានល្អ។ មិនថាអាការៈអស់កម្លាំងនេះកើតឡើងដោយសារអ្នកមានជំងឺ ឬគ្រាន់ជាការបាត់បង់ថាមពលដោយមូលហេតុណាមួយទេ វាពិតជាទាមទារឲ្យយើងចំណាយពេលវេលាសម្រាកមួយរយៈ និងបំប៉នសុខភាពឲ្យបានល្អ ដើម្បីបង្កើនកម្លាំងឡើងវិញ ហើយអ្នកកាន់តែត្រូវប្រុងប្រយ័ត្នខណៈដែលអាការៈនេះក៏អាចជាសញ្ញាណព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ។

ចែករំលែក

នាថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០១៧  វេលាម៉ោង ០៥និង ៣០ នាទីល្ងាច កន្លងទៅថ្មីៗនេះ Park Café បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំរៀបចំវេទិកាពិភាក្សាពី   ដើម្បីជាការឆ្លើយតបទៅនឹងសំណួរដែលថា វេទិកាពិភាក្សានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ផាកកាហ្វេសាខាត្រសក់ផ្អែម ដែលមានអ្នកចូលរួមជាង៥០នាក់ និង វាគ្មិនកិត្តិយស២រូបចូលរួមចែករំលែកបទពិសោធន៍គឺ -លោក  ឌិន សុមេធារិទ្ធ ស្ថាបនិក និងនាយកប្រតិបត្តិនៃ The Frangipani Villa Hotels Group -លោក លឹម សុជាតិ នាយកប្រតិបត្តិនៃក្រុមហ៊ុន Laksmi Prime Investment។ ភាពរសរវើកនិងពោរពេញដោយសក្តានុពលនៃវេទិកាពិភាក្សានេះតាមរយៈវាគ្មិននីមួយៗបានរៀបរាប់យ៉ាងក្បោះក្បាយអំពីភាពខុសគ្នានៃ Focus Business Model និង Diversification Business Model បទពិសោធនៃដំណើរការចាប់ផ្តើមធ្វើអាជីវកម្មពីរបែប ក៏ដូចជាការពង្រឹងយុទ្ធសាស្ត្រអនាគតទីផ្សារនីមួយៗ។ អ្វីដែលពិសេសនោះគឺកាលើកឡើងដែលថា ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារRHB ក្រុមហ៊ុន Coca Cola និងក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia  ដោយមាន ហេលស៍ថាមខប Impact, F&B Pub និង សប្បាយ ជាដៃគូផ្សព្វផ្សាយ ហើយនិងការសហការឧបត្ថម្ភពីKofi ផងដែរ។ Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ។ ដូច្នេះ ក្នុងករណីដែលលោកអ្នកមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏  077 676 423 ក្នុងការកក់សំបុត្រចូលរួម។

ចែករំលែក

និយាយពីរឿងជិះយន្តហោះ មានអ្នកខ្លះវិលមុខទុកមុនបាត់ហើយ។ មិនបាច់និយាយដល់ការពុលយន្តហោះ ឬខ្លះក៏ហ៊ឹងត្រចៀក តែក៏មានបញ្ហាខ្លះទៀតដែលអ្នកដំណើរមួយចំនួនបានភ្លក្សរសជាតិរួចទៅហើយ ជាពិសេសគឺអ្នកដែលឧស្សាហ៍ចេញដំណើរទៅក្រៅប្រទេស ដែលមានម៉ោងខុសគ្នាដែលយើងហៅថាការច្រឡំពេលវេលា (Jet-Lag)។ និយាយរួមគឺម៉ោងដែលគេត្រូវគេង មិនគេង ដល់ម៉ោងដែលមិនត្រូវគេងទៅជាគេងខុសគេខុសឯង…ទោះមានគម្រោងសប្បាយយ៉ាងណាក៏លែងសប្បាយដែរ។ Jet-Lag អាចចាត់ទុកថាជា ភាពមិនប្រក្រតីរយៈពេលខ្លីនៃភាពធ្លាប់ទៅនឹងពេលថ្ងៃ និងពេលយប់ ឬការអស់កម្លាំងជាដើមដែលបណ្តាលមកពីភាពមិនស៊ីចង្វាក់គ្នារវាងពេលវេលា  នៅពេលអ្នកធ្វើដំណើរទៅប្រទេសដែលមានល្វែងម៉ោងផ្សេងគ្នា។   រាងកាយយើងមានកម្មវិធីធម្មជាតិកំណត់រយៈពេល២៤ម៉ោង  មានវដ្តនៃការញ៉ាំ និងគេងយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ល្វែងម៉ោងរបស់អាមេរិក ដើរក្រោយកម្ពុជា១៥ម៉ោង(គិត-ត្រឹមរដ្ឋCalifornia)។   ខ្លួនអ្នកអាចមានការភាន់ច្រឡំ ដែលអាចធ្វើឲ្យមានការអស់កម្លាំងខ្លាំង ពិបាករំលាយអាហារ ឈឺសាច់ដុំ ឬមានអារម្មណ៍មិនស្រួលខ្លួនជាដើម។ បញ្ហាត្រូវការដំណោះស្រាយ មុនពេលចេញដំណើរ 1. គួរគេងឲ្យបានគ្រប់គ្រាន់ ៖ ចៀសវាងអស់កម្លាំងពេលធ្វើដំណើរ។ 2. កំណត់ពេលវេលាគេង ៖ បើអ្នកធ្វើដំណើរ ទៅភាគខាងកើត ដូចជាបណ្តាប្រទេសក្នុងទ្វីបអាស៊ី អ្នកគួរគេងមួយម៉ោងមុន ហើយបើធ្វើដំណើរទៅភាគខាងលិចដូចអាមេរិក  ឬកាណាដា គួរតែគេងមួយម៉ោងយឺតជាងធម្មតា។ 3. រៀបគម្រោងការធ្វើដំណើរ ៖ គួរជ្រើសរើសជើងហោះហើរដែលគួរទៅដល់ពេលថ្ងៃដើម្បីអាចឲ្យអ្នកសម្របខ្លួននឹងបរិយាកាសថ្មីបាន។ ម្យ៉ាងទៀត អ្នកគួរសិក្សាពីពេលវេលានៃប្រទេសដែលអ្នកត្រូវទៅឲ្យបានល្អផងដែរ។ កំឡុងពេលធ្វើដំណើរ 1. ញ៉ាំទឹកឲ្យបានច្រើន ៖ ទាំងមុនពេល អំឡុងពេលធ្វើដំណើរ និងក្រោយពីធ្វើដំណើរ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ករណីជើងហោះហើររបស់អ្នក ត្រូវទៅដល់ពេលយប់គួរតែកុំទទួលទានសារជាតិកាហ្វេអ៊ីនព្រោះវាអាចប៉ះពាល់ដល់ការគេង។ 2. សម្រាកពេលធ្វើដំណើរ ៖ គួរតែគេងរយៈពេលខ្លី ដែលអាចឲ្យអ្នកសន្សំកម្លាំងបានខ្លះ។ ករណីអ្នកពិបាកគេង អាចប្រើវ៉ែនតា ឬក្រណាត់បិទភ្នែក ដើម្បីសម្ងំបានខ្លះ។ 3. ចៀសវាងការប្រើថ្នាំងងុយគេង ៖  ពេលកំពុងធ្វើដំណើរ ដោយអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជាស្ទះសរសៃឈាម ឬឈានដល់ដាច់ ស្របពេលរាងកាយកំពុងរងសម្ពាធពីបរិយាកាស។ 4. ចៀសវាងការញ៉ាំគ្រឿងស្រវឹង ៖ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការរក្សាលំនឹងពេលធ្វើដំណើរ។ 5. ធ្វើចលនា ៖ ពេលអ្នកធ្វើដំណើរឆ្ងាយ គួរពត់ដៃ ជើងអំឡុងពេលអង្គុយ ឬដើរមួយជុំក្នុងយន្តហោះដើម្បីជួយឲ្យឈាមរត់បានល្អ។ 6. ដូរពេលវេលា ៖ ដូរម៉ោងនាឡិកាដៃ ឬទូរស័ព្ទដៃរបស់អ្នកឲ្យត្រូវទីកន្លែងថ្មីឲ្យហើយ ដែលអាចជួយអ្នកងាយប្រែប្រួលតាមពេលវេលា។ នៅពេលទៅដល់ទិសដៅ 1. គេង ៖ ពេលទៅដល់ភ្លាម អ្នកគួរគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងរយៈពេល១ថ្ងៃដំបូង។ 2. ញ៉ាំ ៖ ចាប់ផ្តើមញ៉ាំអាហារ ៣ពេល តាមពេលថ្មីនៅប្រទេសដែលអ្នកទៅ និងញ៉ាំតែក្តៅៗ។ 3.  ដើរ ៖ ទៅរកពន្លឺថ្ងៃពិសេសពេលព្រឹក ព្រោះវាអាចឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងជួយឲ្យកម្មវិធីធម្មជាតិកំណត់រយៈពេលមកប្រក្រតីវិញ។ 4.  ងូតទឹក ៖ ពេលព្រឹកគួរងូតទឹកក្តៅ ឧណ្ហៗហើយពេលល្ងាចគួរងូតទឹកត្រជាក់។ ចំណុចខាងលើអាចជួយអ្នកចៀសពីការនឿយហត់បន្ទាប់ពីធ្វើដំណើរលើយន្តហោះ  និងការបន្សុំាខ្លួនក្នុងពេលវេលាថ្មីបានយ៉ាងល្អ ដូចនេះ អ្នកមិនមានអ្វីត្រូវបារម្ភអំពីការធ្វើដំណើរញឹកញាប់ទៅបណ្តាប្រទេសជិតឆ្ងាយទៀតឡើយ។

ចែករំលែក

ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍គួរទៅណាដែរ? ពេលវេលានៃការជួបជុំឪពុកម្តាយ បងប្អូន ជិតឈានមកដល់ហើយ។  ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ ការធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។ កុំឲ្យមានភាពស្មុគស្មាញថាគួរទៅណា  ហេលស៍ថាម សូមណែនាំ រមណីយដ្ឋានចំនួន៥ដែលអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់យ៉ាងស្រស់ស្រាយ ទៅតាមទីតាំងនៃកន្លែងកម្សាន្តនោះ។ •ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី) ទេសភាពពណ៌បៃតងស្រងាត់ ខ្យល់បរិសុទ្ធ  ជឿជាក់ថាមិនថាមនុស្សចាស់ ឬក្មេងនឹងសុទ្ធតែមានក្តីសុខនឹងចំណាយពេលនៅទីនេះដោយមិនជិនណាយ។ ណាមួយជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ល្មម លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ និងទោះយកកូនតូចរបស់អ្នកទៅជាមួយក៏មិនមានបញ្ហា។   ជាពេលវេលានិយាយលេងជាមួយគ្នា សើចសប្បាយ ញ៉ាំអីជុំគ្នា ក៏ជាឱកាសអាចសម្រាកទាំងកាយទាំងចិត្តបានដោយសន្តិភាព។ •បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ) គ្រាន់តែចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មីប្លែក ដើម្បីចំណាយពេលបោះតង់គេងលេងជុំគ្នាលក្ខណៈជាគ្រួសារតូចៗ ហើយបើជាលក្ខណៈគ្រួសារធំក៏មានជាផ្ទះស្បូវទំហំធំល្មមផងដែរ។ ក្នុងកណ្តាលធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសចំការស្រ្តូប៊ឺរី ដែលកម្រនឹងមានថែមទៀតនោះពិតជាធ្វើឲ្យគ្រួសារអ្នកទទួលបានការកម្សាន្តដ៏រស់រវើកមិនខាន។ •តោះទៅពិកនិក (Picnic) នៅ រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ) ជាមួយបរិយាកាសជុំវិញអមទៅដោយភ្នំ រុក្ខជាតិពណ៌បៃតង និងខ្ទមតូចៗសម្រាប់ស្នាក់អាស្រ័យធ្វើពីឈើ។ កន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានសកម្មភាពកម្សាន្តបែបក្រៅក្រុង ដូចជាជិះកង់លេង ដើរមើលកសិដ្ឋានដាំបន្លែ និងផ្លែឈើធម្មជាតិជាដើម។ អ្នកក៏អាចឆ្លៀតឱកាសភ្លក្សអាហារស្រស់ៗ និងគ្មានជាតិគីមីដែលអាចផ្តល់ជាសុខមាលភាពដល់ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះ  ក៏មានកន្លែងសម្រាប់ក្មេងៗកម្សាន្តលេងដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលទៀតផង។ •កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង) ដើមកោងកាងជាជម្រកនៃសត្វត្រី ដែលជាប្រភេទដើមឈើសម្បូរនៅទីរួមខេត្តកោះកុង។ ដែលពិសេសនោះគឺ សត្វអំពិលអំពែកភ្លឺផ្លិបផ្លេកនៅពេលយប់  ជាទស្សនីយភាពមួយដែលអ្នកគួរតែសាកល្បងសាងជាមួយនឹងក្រុមគ្រួសារដ៏កក់ក្តៅរបស់អ្នក។ ឆ្លៀតឱកាសនោះ និយាយរឿងនិទាន ឬដេញប្រស្នាជាមួយបងប្អូន ឬកូនៗរបស់អ្នកក៏សប្បាយម្យ៉ាងដែរ។ •ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត) ធុញទ្រាន់នឹងសំឡេងម៉ូតូ ឡាន សំឡេងអ៊ូអរនៅទីក្រុង ហើយបែរមកស្តាប់សំឡេងខ្យល់បក់បែបជាផ្ទះលំហែជាប់មាត់ទឹក បរិយាកាសស្ងប់ស្ងាត់ និងមើលថ្ងៃលិចកាត់កំពូលភ្នំ ជុំគ្រួសារបំភ្លេចភាពនឿយហត់ ការកម្សាន្តនឹងរបស់ទំនើបៗ ជំនួសមកមើលទស្សនីយភាពពិតៗទៅវិញ វានឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបែបនេះ។ បើអ្នកបានទៅកន្លែងមួយក្នុងចំណោមកន្លែងទាំង៥នេះ ពេលវិស្សមកាលរបស់អ្នកគឺមិនឥតប្រយោជន៍ទេ។ ឱកាសបុណ្យចូលឆ្នាំខ្មែរ មួយឆ្នាំមានតែម្តងនេះទេ  គួរតែបង្កើតឱកាសថ្មី  បរិយាកាសថ្មី ទេសភាពថ្មី និងអនុស្សាវរីយ៍ថ្មីជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានកាន់តែច្រើន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និស្សិតផ្នែកណាក៏ដោយ តែងតែមានការព្រួយបារម្ភជានិច្ចចំពោះមុខរបរនាពេលអនាគរបស់ខ្លួន ដោយអ្នកខ្លះក៏បានស្វះស្វែងរកការងារបណ្តើរៗ តែក៏មានការព្រួយបារម្ភថាតើគួរត្រៀមខ្លួនបែបណាខ្លះ? ដើម្បីជាការផ្តល់ជូនមិត្តអ្នកអាន ជាពិសេសមិត្តនិស្សិតដែលត្រៀមខ្លួននឹងដាក់ពាក្យបម្រើការងារក្នុងជំនាញណាមួយនោះ ហេលស៍ថាមក៏បានជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងកញ្ញា សារិន ជាធារី ដែលជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ ដែលបានផ្តល់ជូនប្រជាជនកម្ពុជានូវសេវាថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញអស់រយៈពេលជាច្រើនឆ្នាំ។  ជាមួយនឹងបទពិសោធន៍ការងារទាំងផ្នែកជាជំនួយការរបស់ទន្តបណ្ឌិត ការងាររក្សាអនាម័យមាត់ធ្មេញរបស់អតិថិជន រួមនិងជំនាញក្នុងការប្រាស្រ័យទាក់ទង និង បម្រើសេវាកម្មជូនអតិថិជន ព្រមជាមួយនឹងភាពស្មោះត្រង់ និងអត់ធ្មត់ក្នុងការងារផងនោះ កញ្ញា សារិន ជាធារី បានចូលកាន់នូវតំណែងនេះដោយប្រកាន់ខ្ជាប់នូវគោល ជំហរមួយចំនួនដែលមានអត្ថន័យខ្លឹមសារដោយសង្ខេបដូចខាងក្រោម៖ សំណួរ ៖   បេក្ខភាពបែបណាដែលផ្នែកធនធានមនុស្សត្រូវការ? ចម្លើយ ៖ ម៉ាស្ទ័រឃែរផ្តោតសំខាន់លើភាពស្មោះត្រង់ចំពោះការងាររបស់ខ្លួនដោយភាពស្មោះត្រង់នេះសំដៅលើភាពស្មោះត្រង់ចំពោះខ្លួនឯង និងទឹកចិត្តស្រលាញ់ការងារ ក៏ដូចជាថែទាំរបស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឲ្យដូចជារបស់ខ្លួន ។ ម្យ៉ាងទៀត គឺចាំបាច់ណាស់ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងមានភាពបត់បែនទៅតាមកាលៈទេសៈ។ ចំណុចសំខាន់មួយទៀតនោះ គឺត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ សំណួរ ៖ ក្នុងចំណោមបេក្ខភាពជាច្រើនរូប តើបេក្ខភាពប្រភេទណាដែលមានភាពលេចធ្លោជាងគេ? ចម្លើយ ៖ ទីមួយ គឺយើងសម្លឹងមើលទៅលើចំណេះដឹង និងជំនាញរបស់ពួកគេ ថាតើបេក្ខភាពរូបនោះចេះធ្វើអ្វីហើយអាចបំពេញការងារផ្នែកណាបានដោយមិនផ្តោតតែទៅលើសញ្ញាបត្ររបស់ពួកគេតែប៉ុណ្ណោះទេ ព្រោះថាមានជំនាញខ្លះអាចនឹងត្រូវបណ្តុះបណ្តាលបានប្រសិនបើបេក្ខភាពនោះមានឆន្ទៈក្នុងការធ្វើវា។ បន្ទាប់មក ទើបយើងសម្លឹងទៅលើប្រវត្តិរូបផ្សេងៗទៀតតាមក្រោយ។ សំណួរ ៖ បេក្ខភាពដែលមានបទពិសោធន៍ពិតជាមានអាទិភាពជាងបេក្ខភាពដែលគ្មានបទពិសោធន៍មែនទេ? ចម្លើយ ៖ ជាទូទៅ គឺការប្រកាសជ្រើសរើសបុគ្គលិកតែងតែបញ្ជាក់ថាផ្តល់អាទិភាពចំពោះអ្នកដែលមានបទពិសោធន៍ ប៉ុន្តែតាមភាពជាក់ស្តែង ក្នុងពេលធ្វើបទសម្ភាសន៍ គឺយើងអាចធ្វើការស្ទាបស្ទង់បានខ្លះៗតាមរយៈចិត្តសាស្រ្តថាតើបេក្ខភាពនោះមានឆន្ទៈក្នុងការងារឬទេ? នោះបេក្ខភាពគ្មានបទពិសោធន៍ គឺនៅតែមានឱកាសដូចគ្នាប្រសិនបើពួកគេពិតជាមានឆន្ទៈខ្ពស់មែន។ សំណួរ ៖ តើបុគ្គលិកមួយរូប គួរប្រកាន់ខ្ជាប់ និងចៀសវាងនូវអាកប្បកិរិយា បែបណាខ្លះ? ចម្លើយ ៖ ម៉ាស្ទ័រឃែរផ្តោតសំខាន់ទៅលើអត្តចរិត និងអាកប្បកិរិយា ព្រោះបុគ្គលមួយរូបដែលមានចំណេះដឹងជ្រៅជ្រះមិនប្រាកដថាបានទទួលការគោរពពីអ្នកដទៃនោះឡើយប្រសិនបើគេមានឫកពាមិនគួរជាទីរាប់អាននោះ។ ជាក់ស្តែង ភាសាអង់គ្លេស ពាក្យថា ASK  គឺមានន័យថា A=Attitude, S=Skill, K=Knowledge ដែលនេះសបញ្ជាក់ឲ្យឃើញថាអាកប្បកិរិយាពិតជាសំខាន់លើសគេពិតមែន។ បុគ្គលិកចាំបាច់ត្រូវមានការរៀបចំខ្លួនទាំងការនិយាយស្តីរួសរាយរាក់ទាក់ជាមួយនឹងអតិថិជន និង អនាម័យសព្វទាំងខ្លួនប្រាណ។  ទន្ទឹមនឹងគ្នានេះផងដែរ អ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺការទំនាក់ទំនងដោយមិននិយាយស្តី(non-verbal communication) ដោយត្រូវប្រើប្រាស់កាយវិការឲ្យបានសមរម្យ។ បុគ្គលិកក៏មិនគួរប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះអតិថិជនណាដែលមិនមានការយល់ច្បាស់ពីអ្វីដែលយើងកំពុងព្យាយាមពន្យល់ ឬនិយាយក៏ដោយ។ សំណួរ ៖ តើផ្នែកធនធានមនុស្សធ្វើការវាយតម្លៃលើការងាររបស់បុគ្គលិកតាមរយៈកត្តាអ្វីខ្លះ? ចម្លើយ ៖ ដើម្បីសម្រេចនូវរង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ យើងសម្លឹងមើលដំបូងទៅលើការគ្រប់គ្រងពេលវេលារបស់បុគ្គលិកថាតើគាត់គោពពេលវេលា និងស្គាល់តម្លៃការងាររបស់ខ្លួនដែរឬទេ។ បន្ទាប់មក គឺយើងមើលទៅការតុបតែងខ្លួនផ្ទាល់របស់ពួកគេ តាមរយៈការរៀបចំនូវឯកសណ្ឋាន អនាម័យក្លិនខ្លួនជាដើម។ ចំណុចសំខាន់មួយទៀត គឺការទំនាក់ទំនងរវាងបុគ្គលិកទៅវិញទៅមក ព្រមជាមួយនឹងទំនាក់ទំនងជាមួយអតិថិជនផងដែរ។ សំណួរ ៖ សម្រាប់បុគ្គលិកបម្រើការងារថ្មី តើផ្នែកធនធានមនុស្សនឹងចំណាយពេលប៉ុន្មាន ដើម្បីដឹងថាបុគ្គលិកនោះជាធនធានដែលខ្លួនត្រូវការ? ចម្លើយ ៖ រយៈពេល គឺអាស្រ័យលើប្រភេទការងារជាក់ស្តែង ម៉ាស្ទ័រឃែរទុកពេលឲ្យបុគ្គលិកផ្នែកទទួលភ្ញៀវ៦ខែ ហើយរយៈពេលដូចគ្នាផងដែរចំពោះបុគ្គលិកជាជំនួយការទន្តបណ្ឌិត។ ដោយសារតែការងារខ្លះមានការបត់បែនច្រើន និងមានភាពលំបាក ក៏ដូចជាឆ្លងកាត់នូវការបណ្តុះបណ្តាលបន្ថែម នោះរយៈពេលនេះគឺសមល្មមនឹងអាចឲ្យយើងមើលដឹងថាតើបុគ្គលិកនោះមានការរីកចម្រើន ឬទំនួលខុសត្រូវបែបណាចំពោះការងារ។ សំណួរ ៖ ផ្នែកធនធានមនុស្សនឹងមានវិធីសាស្រ្តបែបណា ចំពោះបុគ្គលិកដែលបំពេញកាតព្វកិច្ចរបស់ខ្លួនមិនបានខ្ជាប់ខ្ជួន? ចម្លើយ ៖ ជំហានដំបូង យើងនឹងធ្វើការណែនាំដល់ពួកគាត់ជាមុនសិន រួចហើយឲ្យពួកគាត់និយាយពីផលលំបាកដែលគាត់កំពុងជួបប្រទះ ហើយក្នុងនាមយើងជាអ្នកគ្រប់គ្រងត្រូវស្វែងរកដំណោះស្រាយជូនពួកគាត់។ ផ្ទុយទៅវិញ ករណីដែលបុគ្គលខ្លះនៅតែបន្តប្រព្រឹត្តនូវកំហុសដដែលៗទៀតនោះ យើងមានវិធានការមួយ គឺឲ្យពួកគេសរសេរនូវកំណត់ហេតុពិចារណាលើកំហុសដែលបានប្រព្រឹត្តកន្លងមក ឬផលលំបាកដែលពួកគេកំពុងជួបប្រទះ។ កំហុសត្រង់នេះសំដៅលើកំហុស ៣ប្រភេទគឺ កំហុសទូទៅ កំហុសវិជ្ជាជីវៈ និង កំហុសធ្ងន់ធ្ងរ។ សំណួរ ៖ សម្រាប់និស្សិតដែលត្រៀមដាក់ពាក្យបម្រើការងារ តើពួកគេគួរត្រៀមខ្លួនបែបណាខ្លះ? ចម្លើយ ៖  តាមយោបល់របស់ខ្ញុំជាមួយនឹងបទពិសោធន៍កន្លងមក និស្សិតមិនគួរចាំដល់ពេលដល់បញ្ចប់ការសិក្សាទើបធ្វើការស្វែងរកការងារធ្វើនោះទេ។ ផ្ទុយទៅវិញ គាត់គួរឆ្លៀតពេលខ្លះក្នុងឆ្នាំទី៣ ឬទី៤ ស្វះស្វែងរកការងារ ឬការចុះកម្មសិក្សា (Internship) ដែលត្រូវនឹងជំនាញរបស់ខ្លួនជាបណ្តើរៗ បើទោះជាគ្មានបទពិសោធន៍ក៏ពិតមែនតែពួកគាត់អាចប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងឆន្ទៈមុតមាំក្នុងការអនុវត្តនូវទ្រឹស្តីដែលបានសិក្សានៅសាលាយកមកអនុវត្តនៅកន្លែងការងារ នោះឱកាសប្រាកដជាមិននៅឆ្ងាយពីពួកគេឡើយ។ សំណួរ ៖ តើកញ្ញាមានពាក្យពេចន៍អ្វីខ្លះជាចុងក្រោយ សម្រាប់មិត្តអ្នកអាន ពិសេសនិស្សិតដែលត្រៀមដាក់ពាក្យប្រើការងារ? ចម្លើយ ៖ ខ្ញុំសូមឲ្យពួកគាត់ព្យាយាមដើរតួខ្លួនជាម្ចាស់ក្រុមហ៊ុន ឬកន្លែងការងារដែលខ្លួនដាក់ជាមុនសិន ដែលត្រង់នេះ គឺសំដៅដល់ការគិតទៅដល់អារម្មណ៍ជាម្ចាស់ក្រុមហ៊ុនថាតើខ្លួនឯងចង់បាននូវបុគ្គលិកបែបណាមកបម្រើការងារ។ ការគិតបែបនេះ នឹងជួយឲ្យអ្នកព្យាយាមសម្រប និងរៀបចំខ្លួនទៅតាមតម្រូវការនោះជាខ្លួនឯងពិតៗ ដោយចៀសវាងដាច់ខាតនូវការសម្តែង ដើម្បីទទួលបានចំណាប់អារម្មណ៍តែដំបូងប្រសិនបើធ្វើបែបនេះ ការឈរជើងរបស់អ្នកនៅកន្លែងមួយនោះក៏មិនបានយូរដែរ។

ចែករំលែក
Top