Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រដូវក្តៅនេះ អ្នកអាចនឹងទទួលបានផាសុកភាពបំផុត  ឬក៏ពិបាកក្នុងខ្លួនបំផុតក៏ថាបានបើអ្នកច្របូកច្របល់ចូលគ្នារវាងរឿងដែលគួរធ្វើ និងរឿងដែលមិនគួរធ្វើ។  ហេលស៍ថាម បានណែនាំខ្លះមកហើយអំពីរឿងផ្សេងៗទាក់ទងនឹងរដូវក្តៅដូចជាកន្លែងដែលគួរទៅ ការហាត់ប្រាណ ក៏ដូចជាសម្រស់ ពេលនេះក៏ងាកមកមើលសកម្មភាពជារួមដែលនៅសល់ផ្សេងទៀតដែលសុទ្ធតែមានឥទ្ធិពលលើរដូវក្តៅរបស់អ្នក។ គួរធ្វើអ្វី និងមិនគួរធ្វើអ្វី   អ្នកអាចទាយដឹងហើយមែនទេ?  ផ្ទៀងផ្ទាត់ចម្លើយអ្នកនៅខាងក្រោម៖ DOs (អ្វីដែលអ្នកគួរធ្វើ)     •ផឹកទឹកឲ្យបានច្រើន ប្រាកដណាស់ថាអ្នកណាក៏ដឹង ប៉ុន្តែអ្នកត្រូវចងចាំថា ការបរិភោគភេសជ្ជៈដែលមានរសជាតិផ្អែម មានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុលអាចត្រឹមតែឲ្យអ្នកបាត់ស្រេកទឹកតែមួយរយៈតែប៉ុណ្ណោះ  បន្ទាប់មកអ្នកនឹងស្រេកទឹកលើសដើម បត់ជើងញឹកញាប់ ជាហេតុធ្វើឲ្យអ្នកកាន់តែបាត់បង់ជាតិទឹក ដូចនេះអ្វីដែលលោកអ្នកត្រូវការគឺមានតែទឹកតែមួយមុខគត់។ លើសពីនេះ អ្នកត្រូវដឹងថាប្រសិនបើអ្នកស្រេកទឹក នោះមានន័យថាខ្លួនប្រាណរបស់អ្នកបានបាត់បង់ជាតិទឹកអស់ ១៥% បាត់ទៅហើយ ការរង់ចាំដល់ពេលអ្នកស្រេកទឹកទើបផឹក មិនមែនជាការល្អទេ។     •ពិនិត្យពណ៌នៃទឹកនោម ត្រូវសង្កេតទៅលើពណ៌នៃទឹកនោម ហើយត្រូវប្រាកដថាទឹកនោមថ្លា តែប្រសិនក្នុងករណីពណ៌ទឹកនោមលឿងល្អក់នោះបញ្ជាក់ថាអ្នកកំពុងជួបបញ្ហាកង្វះជាតិទឹក ហេតុនេះគួរពិសាទឹកឲ្យបានច្រើន និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីអាការៈកាន់តែច្បាស់។     •ប្រយ័ត្នប្រយែងចំពោះអាហារ រដូវក្តៅ ជារដូវដែលអ្នកត្រូវតែប្រយ័ត្នចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារ    ដោយត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងចៀសវាងអាហារតាមចិញ្ចើមថ្នល់ ហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឲ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។     •ងូតទឹកយ៉ាងហោចណាស់ឲ្យបានពីរដង ប្រសិនជាអាច អ្នកគប្បីងូតទឹកយ៉ាងហោចណាស់ឲ្យបាន២ដង ព្រោះមិនត្រឹមតែធ្វើឲ្យស្បែកមានសភាពត្រជាក់ទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗពីស្បែកខាងក្រៅ ការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។     •លាបឡេការពារកម្តៅថ្ងៃ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។ បន្ថែមពីនេះប្រសិនបើអ្នកមានបញ្ហារលាកស្បែកដោយសារកម្តៅ ផលិតផលប្រទាលកន្ទុយក្រពើអាចបន្ថយអាការៈរលាកបានយ៉ាងល្អ។ DON’Ts (អ្វីដែលអ្នកមិនគួរធ្វើ)     •មិនត្រូវញុំាអាហារដែលសេសសល់ ដោយសារអាកាសធាតុក្តៅ ស្អុះស្អាប់ អាហារងាយនឹងជូរ ផ្អូម ប្រសិនបើអ្នកមិនបានទុកដាក់អាហារបានត្រឹមត្រូវ  ហើយងាយនឹងឆ្លងជំងឺ  ដូចជារាករូស  ឬបញ្ហាពោះវៀនជាដើម។     •បន្ថយអាហារដែលសម្បូរជាតិខ្លាញ់ អាហារចៀន បំពង សុទ្ធតែបង្កផលមិនល្អទៅដល់សុខភាព ហេតុដូចនេះ ចៀសវាងការចាយវាយច្រើនទៅលើការព្យាបាល លោកអ្នកគប្បីងាកមកគិតគូរពីការបរិភោគបន្លែឲ្យបានកាន់តែច្រើន។     •កុំព្យាយាមនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់ ធ្វើយ៉ាងណាកុំស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក  ព្រោះក្តៅផង  ត្រជាក់ផងងាយនឹងឈឺខ្លាំងណាស់  តែប្រសិនជាចាំបាច់ត្រូវចេញទៅក្រៅព្យាយាមពាក់អាវដៃវែង មួក ឆ័ត្រ ឬវ៉ែនតាការពារដើម្បីការពារខ្លួនអ្នកពីកម្តៅផ្ទាល់។     •ខោអាវក្រាស់ៗ ដាច់ខាត កុំព្យាយាមស្លៀកពាក់ខោអាវក្រាស់ៗ ព្រោះវាអាចធ្វើឲ្យលោកអ្នកកាន់តែអស់ថាមពលដោយសារតែការបែកញើសច្រើនហួសហេតុក្រោមអាកាសធាតុហប់ខ្យល់បែបនេះ ហើយពេលខ្លះអាចឈានដល់ការបាត់បង់ស្មារតីទៀតផង។     •កុំព្យាយាមបង្ខំខ្លួនឯង ពេលដែលដឹងថាខ្លួនឯងអស់កម្លាំងបន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោងហើយនោះ គប្បីសម្រាក និងហូបអាហារឲ្យបានគ្រប់គ្រាន់ មិនត្រូវបង្ខំបង្ហើយការងារទាំងដឹងថាខ្លួនឯងមិនស្រួលខ្លួននោះទេ ព្រោះលោកអ្នកត្រូវចាំថាសុខភាពជាចម្បង ហើយការពារប្រសើរជាងព្យាបាល។ រដូវក្តៅដូចជាយូរគួរសមដែរ ដូចនេះហេតុអ្វីត្រូវប្រហែសចំពោះរឿងដែលអ្នកគួរ និងមិនគួរធ្វើនោះ បើអ្នកនៅតែចង់មានថាមពលសម្រាប់ប្រយុទ្ធពេញមួយរដូវនេះ?

ចែករំលែក

បង្ហួរនោមដើរតួនាទីសំខាន់ណាស់សម្រាប់បញ្ចេញទឹកនោម និងបញ្ចេញទឹកកាមហើយក៏មានប្រយោជន៍ផងដែរសម្រាប់ធ្វើការទំនាក់ទំនងសរីរៈផ្សេងៗ ក្នុងការជួយសម្រួលដល់តម្រងនោមឲ្យមានដំណើរការល្អទៀតផង។ ប្រសិនបើបង្ហួរនោមមានបញ្ហា ដោយសារអ្វីមួយ ដូចជាគាបឬត្បៀត វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺយ៉ាងឆាប់រហ័ស បើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។ អ្វីទៅជាជំងឺត្បៀតបង្ហួរនោម? ជំងឺត្បៀតបង្ហួរនោម គឺជាការរួមត្បៀតរង្វង់បង្ហួរនោមតូចខុស ពីធម្មតា ហើយដំណើរការឆ្លងកាត់របស់តម្រងនោមមានលក្ខណៈខុសប្រក្រតី បង្កឲ្យមានផលលំបាកជាច្រើនក្នុងការបញ្ចេញទឹកនោម។ មូលហេតុបណ្ដាលឲ្យមានជំងឺត្បៀតបង្ហួរនោម កត្ដាដែលបានជម្រុញឲ្យមានជំងឺត្បៀតបង្ហួរនោម គឺបណ្ដាលមកពីការប៉ះទង្គិច ដោយសារការដាក់សុងតាមបង្ហួរនោម។ កត្ដាមួយទៀត គឺអាចបណ្ដាលមកពីការបង្ករោគក្នុងផ្លូវទឹកនោមដែលមាន មេរោគបាក់តេរីផ្សេងៗ ជាពិសេសមេរោគកាមរោគ ប្រមេះទឹកបាយ និងទឹកថ្លាតែម្ដង។ មេរោគទាំងនោះ គឺជាដើមចមដែលអាចបណ្ដាលឲ្យបង្ហួរនោមទទួលផលអវិជ្ជមាន និងងាយរងគ្រោះផងដែរ ។ រោគសញ្ញាជំងឺត្បៀតបង្ហួរនោម អ្នកដែលមានជំងឺត្បៀតបង្ហួរនោមបានបង្ហាញជារោគសញ្ញាដូចជា នោម ក្រហាយ ពិបាកនោម នោមតឹង មានអារម្មណ៍ចុកត្រង់ក្រលៀន លើថ្ងាសបង្ហួរនោម មានសភាពស្លេកស្លាំង ហើមជាដើម។ វិធីព្យាបាលជំងឺត្បៀតបង្ហួរនោម ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យដឹងថាមានជំងឺត្បៀតបង្ហួរនោម គឺត្រូវប្រើវិធីព្យាបាលដោយថ្នាំ ដោយតម្រូវឲ្យអ្នកជំងឺធ្វើការព្យាបាលឱ្យបានដិតដល់ផងដែរ ព្រោះជំងឺនេះជាជំងឺក្លាយពីជំងឺកាមរោគមួយចំនួន ដែលបានរក្សានៅក្នុងខ្លួនយូរអង្វែងដោយមិនបានធ្វើការព្យាបាលទាន់ពេល វេលា។ មិនតែប៉ុណ្ណោះប្រសិនបើការព្យាបាលជំងឺត្បៀតបង្ហួរនោមមិនយកចិត្ដទុកដាក់់ឲ្យទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមមុខផលវិបាកធ្ងន់ធ្ងរផងដែរ។ វិធីការពារជំងឺត្បៀតបង្ហួរនោម ដើម្បីការពារជំងឺត្បៀតបង្ហួរនោម គឺត្រូវការពារជំងឺកាមរោគផ្សេងៗ ដែលបានបង្កឲ្យមានរោគតាមផ្លូវទឹកនោម។ ជាពិសេសនោះ បុរសដែលឧស្សាហ៍រួមភេទជាមួយដៃគូច្រើនចាប់ពីពីរនាក់ឡើង ទៅ ត្រូវឧស្សាហ៍ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីស្វែងរកជំងឺមួយចំនួន ដូចជាជំងឺប្រមេះ ទឹកបាយ ប្រមេះទឹកថ្លាជាដើម ព្រោះជំងឺទាំងនេះអាចបង្កហេតុឲ្យមានជំងឺត្បៀតបង្ហួរនោម។ លើសពីនេះលោកអ្នកបុរសៗក៏ត្រូវការពារឲ្យបានល្អផងដែរ មិនត្រូវឱ្យមានការប៉ះទង្គិចទៅលើប្រដាប់ភេទខ្លួនឯងច្រើននោះទេ ព្រោះបញ្ហានេះក៏ជាកត្ដាបង្កឲ្យមានជំងឺត្បៀតបង្ហួរនោមនេះដែរ។ ផលប៉ះពាល់នៃជំងឺត្បៀតបង្ហួរនោម ប្រសិនបើអ្នកជំងឺមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ ជំងឺនេះអាចរាលដាលដល់តម្រងនោម ឬចាល់ទឹកនោមបង្កលក្ខណៈឲ្យខ្សោយតម្រងនោមតែម្ដង។ មិនតែប៉ុណ្ណោះក៏អាចជម្រុញឲ្យមានផលប៉ះពាល់ដល់សរីរៈផ្សេងៗទៀតផង។ ក្រៅពីនេះ ក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធបញ្ជាផ្សេងៗនៃសរីរាង្គកាយ ថមថយនូវទំនាក់ទំនងនានាគ្រប់ប្រព័ន្ធចិញ្ចឹមកោសិកាទាំងអស់ផងដែរ។ វិធីចៀសផុតពីជំងឺត្បៀតបង្ហួរនោម លោកបុរសៗដែលមានដៃគូរួមភេទច្រើនត្រូវឧស្សាហ៍ទៅកាន់គ្លីនិក ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកជំងឺកាមរោគផ្សេងៗ ជាពិសេសពិនិត្យរកមើលជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ព្រោះជំងឺនេះអាចជាដើមហេតុបង្កឲ្យមានជំងឺត្បៀតបង្ហួរនោម។

ចែករំលែក

ប៊ន បូរិ និស្សិតថ្នាក់ឯកទេសជំងឺលើស្បែក និងកាមរោគនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មូលហេតុដែលខ្ញុំជ្រើសរើសជំនាញមួយនេះ ព្រោះខ្ញុំគិតថាជំងឺលើស្បែកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈស្មុគស្មាញក្នុងការធ្វើរោគវិនិច្ឆ័យ និងក្នុងការព្យាបាល ព្រោះជំងឺខ្លះស្តែងចេញជារោគសញ្ញាសើស្បែកស្រដៀងគ្នា ឯជំងឺសើស្បែកខ្លះ ទៀតកើតឡើងដោយសារជំងឺនៃសរីរាង្គដទៃ ដូច្នេះវាទាមទារ ឲ្យប្រទេសយើងត្រូវការក្រុមគ្រូពេទ្យឯកទេសជំងឺសើស្បែកនេះ ដើម្បីផ្តល់សេវាព្យាបាលក៏ដូចជាការថែទាំ និងការអប់រំដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីចូលរួមកាត់បន្ថយការចំណាយប្រាក់កាស របស់ពួកគាត់ក្នុងការស្វែងរកសេវាព្យាបាលនៅខាងក្រៅប្រទេស។ ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តចង់ក្លាយជាសមាជិកនៃក្រុមគ្រូពេទ្យឯកទេសសើស្បែកនេះ ព្រោះវាជាមុខជំនាញ ដែលខ្ញុំស្រលាញ់ចូលចិត្ត ក៏ដូចជាផ្តល់ឱកាសសម្រាប់ខ្ញុំក្នុងការបម្រើដល់សង្គមរបស់យើងផ្ទាល់តែម្តង។ ឧបសគ្គក្នុងការសិក្សា ការសិក្សាក៏តែងតែជួបប្រទះនឹងការលំបាកច្រើនយ៉ាងផងដែរ ដែលកន្លងមកខ្ញុំធ្លាប់បានជួបប្រទះនឹងការលំបាកមួយចំនួនដូចជា ការប្រលងប្រជែងជាមួយបេក្ខជនដទៃ ព្រោះតែចំនួននិស្សិតដែលទទួលឲ្យចូលរៀន គឺមានកំណត់។ ក្រៅពីនោះ ខ្ញុំក៏ដូចជានិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដទៃទៀតដែរ គឺចាំបាច់ត្រូវមើលមេរៀន ក៏ដូចជាធ្វើការស្រាវជ្រាវឯកសារជាភាសាបារាំង និងអង់គ្លេស។ មិនត្រឹមតែមើល មេរៀនឲ្យយល់តែមួយមុខប៉ុណ្ណោះទេ តែនិស្សិតគ្រប់រូបត្រូវចាំមេរៀនទាំងនោះឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើអក្នុងការប្រលងផងដែរ។ បន្ថែមពីលើនេះទៀតនោះ ការរិះគន់បន្ទោសបង្អាប់ និងការជេរប្រមាថរបស់ប្រជាជនមួយចំនួនទៅលើវិស័យសុខាភិបាលកម្ពុជាបានធ្វើឲ្យខ្ញុំ ក៏ជាដូចជានិស្សិតដទៃទៀតមានការតូចចិត្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការជួបប្រទះនឹងការលំបាកដែលបានរៀបរាប់ខាងលើនេះមិនបានធ្វើឲ្យខ្ញុំមានគំនិតចង់បោះបង់ចោលជំនាញនេះឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែង ដើម្បីបម្រើសេវាសុខាភិបាលរបស់ប្រទេសយើង ឲ្យបានជឿនលឿនដូចប្រទេសជិតខាង។ គន្លឹះក្នុងការសិក្សា ដើម្បីធ្វើការជំនះចំពោះឧបសគ្គទាំងនោះ ខ្ញុំបានដាក់ផែនការខ្លះៗចំពោះខ្លួនឯងដែល ក្នុងនោះមានដូចជា ៖ ការសិក្សាភាសាបារាំង និងអង់គ្លេសបន្ថែម ការមើលមេរៀនឲ្យបានយ៉ាងហោចណាស់១មេរៀនក្នុងមួយថ្ងៃ ការអានមេរៀនឬសៀវភៅម្តងហើយម្តងទៀត ក៏ដូចជាការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ ក្រៅពីការសិក្សានៅឯសាលា ខ្ញុំយល់ថាការចុះកម្មសិក្សានៅមន្ទីរពេទ្យ និងការចុះធ្វើជានិស្សិតស្ម័គ្រចិត្ត បានផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនពីសំណាក់លោកគ្រូ និងរៀមច្បង។ ក្តីប្រាថា្នក្រោយបញ្ចប់ការសិក្សា ដោយឡែក ក្រោយពេលបញ្ចប់ការសិក្សា ខ្ញុំមានបំណងប្រាថ្នាធំចំនួន ២ គឺ ទីមួយ ជាការប្រលងចូលជាមន្រ្តីសុខាភិបាល ដើម្បីមានឱកាសបម្រើសង្គមរបស់យើង ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀតលើជំនាញសើស្បែកនេះ។ បំណងប្រាថ្នាមួយទៀត គឺការធ្វើជាគ្រូបណ្តុះបណ្តាលលើជំនាញសើស្បែក ដើម្បីបន្តការផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយៗទៀត។ សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំមានពាក្យពេច៍ខ្លះផ្ញើរដល់ប្អូនៗ ដែលមានបំណងចូលរៀនផ្នែកនេះ គឺប្អូនៗ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស និងបារាំងឲ្យបានល្អ។ ម្យ៉ាងទៀត ប្អូនត្រូវមានផែនការ និងកាលវិភាគច្បាស់លាស់ត្រូវធ្វើស្វ័យសិក្សាជាលក្ខណៈបុគ្គលក៏ដូចជាសិក្សាជាក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលងជ្រើសរើសចូលសិក្សាជំនាញសើស្បែកនេះ។

ចែករំលែក

អាយុសង្ឃឹមរស់ របស់មនុស្សទូទៅលើពិភពលោក គឺ ៧៣.៨ ឆ្នាំ សម្រាប់ស្រី្ត   និង៦៩.១ ឆ្នាំសម្រាប់បុរស។ ចំណែកអាយុសង្ឃឹមរស់ក្នុងប្រទេសកម្ពុជា គឺ ៧១ ឆ្នាំសម្រាប់ស្រី្ត និង ៦៧ ឆ្នាំសម្រាប់បុរស បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ យើងឃើញថាអាយុសង្ឃឹមរស់របស់ស្រ្តីវែងជាងបុរស៥ភាគរយ។ មូលហេតុដែលធ្វើឲ្យបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តីគឺមានកត្តាចូលរួមជាច្រើនដូចជា កត្តាហ្សែន កត្តាការថែទាំសុខភាព កត្តាបរិស្ថានជុំវិញ និងកត្តាទំនាក់ទំនងសង្គម។ កត្តាហ្សែន ការបកស្រាយចំពោះ កត្តាហ្សែនគឺត្រូវបានផ្តោតទៅលើ ក្រូម៉ូសូមភេទដែលជាធាតុបង្ករបស់ADN។ ការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទស្រ្តី(XX) បានរក្សាក្រូម៉ូសូមកូន Xដដែល ផ្ទុយពីការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទប្រុស(XY) ដែលបំបែកជាក្រូម៉ូសូមកូនX,Y។ ចំនុចនេះហើយដែលធ្វើឲ្យការរក្សាតួនាទីរបស់ក្រូម៉ូសូមកំណត់ភេទបុរសមិនបានល្អ ដែលធ្វើឲ្យបុរសងាយប្រឈមនឹងជំងឺជាងស្រ្តី។ ការថែទាំសុខភាព បុរសភាគច្រើនមិនសូវបានយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អនៅឡើយទេ។ ការបរិភោគបរិមាណអាហារមិនបានត្រឹមត្រូវ ការជក់បារី និងការសេពគ្រឿងស្រវឹង សុទ្ធតែជាកត្តាបង្កបញ្ហាទាំងអស់។ តាមការសិក្សារបស់ Agency for Healthcare Research and Quality បង្ហាញឲ្យឃើញថា បុរស ២៤ភាគរយ មិនបានទៅជួបពិគ្រោះ និងពិនិត្យជំងឺជាទៀងទាត់ជាមួយគ្រូពេទ្យទេ។ កត្តាបរិស្ថានជុំវិញ លក្ខខណ្ឌការងារដូចជា អ្នកធ្វើការងារសំណង់ អ្នកបើកបររថយន្ត កសិករ អ្នកធ្វើការនៅរោងចក្រឧស្សាហកម្ម ជួបគ្រោះថ្នាក់អំឡុងពេលធ្វើការ ដែលជាកត្តាចម្បងដែលធ្វើឲ្យអាយុសង្ឃឹមរស់របស់បុរសខ្លីជាងស្រ្តី។ បើយោងតាមទិន្នន័យរបស់សហភាពអឺរុ៉ប បង្ហាញថាមនុស្ស១៩នាក់ ក្នុងចំណោម ២០នាក់(៩៥.៦ភាគរយ)   បានស្លាប់ដោយសារគ្រោះថ្នាក់នៅកន្លែងធ្វើការ ដែលពួកគេជាបុរស។ កត្តាទំនាក់ទំនងសង្គម តាមការសិក្សារបស់សាកលវិទ្យាល័យ Brigham Young របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ បានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងសង្គមបានល្អ អត្រានៃការស្លាប់របស់ពួកគេគឺមាន៥០ភាគរយទាបជាង អ្នកមិនមានទំនាក់ទំនងសង្គមល្អ។  ភ្ជាប់ជាមួយគ្នានេះដែរ ជនជាតិអឺរ៉ុបច្រើនជាង៥៥ពាន់នាក់ បានធ្វើអត្តឃាត ជារៀងរាល់ឆ្នាំដែលក្នុងនោះ មានបុរស២៥.១នាក់ ក្នុងចំណោម១០០ពាន់នាក់ ដែលនៅចន្លោះអាយុ  ៤៥និង ៥៩ឆ្នាំ។ មូលហេតុនៃការធ្វើអត្តឃាតនេះបណ្តាលមកពី ភាពក្រីក្រ ការរើសអើង ភាពអត់ការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ មានជំងឺរ៉ាំរ៉ៃ និងការប្រើថ្នាំញៀនជាដើម។ កត្តាទាំងនេះហើយដែលធ្វើឲ្យបុរសភាគច្រើនមានភាពតានតឹង ស្មុគស្មាញ និងតប់ប្រមល់ ដោយពួកគេមិនបានព្យាយាមរកដំណោះស្រាយ ខណៈពេលដែល ស្ត្រីភាគច្រើនបានចំណាយពេលទំនេររបស់ពួកគេជាមួយមិត្តភក្តិ ដើម្បីជួយកិច្ចការសង្គម ជជែកពិភាក្សាដោះ-ស្រាយបញ្ហានានាក៏ដូចបញ្ហាផ្ទាល់ខ្លួនដែរ។ទាំងនេះហើយទើបស្រ្តីមានគុណភាពជីវិតល្អជាងបុរស។ ដើម្បីចូលរួមចំណែកក្នុងការការពារ និងបន្ថយករណីធ្វើអត្តឃាតនេះ អង្គការសុខភាពពិភពលោក បានដាក់ករណីធ្វើអត្តឃាតជាផ្នែកមួយនៃសុខភាពសាធារណៈ ដោយបង្កើតជាកម្មវិធីមួយគឺ  WHO World Suicide Report “Preventing suicide: a global imperative” ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណង ផ្តល់ចំណេះដឹង និងកាត់បន្ថយករណីធ្វើអត្តឃាតឲ្យបាន១០ភាគរយ ក្នុងឆ្នាំ២០២០។

ចែករំលែក

ការប្រឡងបញ្ចប់ថ្នាក់ឯកទេសជាដំណាក់កាលមួយទៀតដែលនិសិ្សតពេទ្យមានការព្រួយបារម្ភ ហេតុនេះហើយ ហេលស៍ថាម បានធ្វើការសម្ភាសជាមួយនិស្សិតដែលទទួលបានចំណាត់ថ្នាក់ឆ្នើម៣រូបក្នុងការប្រឡងដែលនឹងធ្វើការចែករំលែកបទពិសោធន៍ក្នុងការប្រឡងដូចខាងក្រោម... Top 1 «សុង គឹមលាង» ◊     ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ ត្រូវមានការរៀបចំសង្ខេបមេរៀនទាំង ២០ម៉ូឌុល និងឯកសារនានាឲ្យមានសណ្តាប់ធ្នាប់រួមជាមួយការរៀបចំកាលវិភាគរំលឹកមេរៀន ដើម្បីធានាឲ្យបាននូវការស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ។ ការវាយតម្លៃមេរៀន ឬជំងឺណាដែលសំខាន់ និងជួបច្រើននៅមន្ទីរពេទ្យ ក៏ត្រូវយកមកធ្វើការរំលឹក ហើយត្រូវមានការបែងចែកពេលវេលាក្នុងការបន្ធូរអារម្មណ៍តានតឹងផងដែរ។ ◊    វិធីសាស្រ្តក្នុងពេលប្រឡង៖ ចំពោះវិញ្ញាសាសរសេរ ទាមទារឲ្យយើងយល់ដឹងច្បាស់ពីគន្លឹះនៃមេរៀនក្នុងការអនុវត្តជាក់ស្តែងតាមមន្ទីរពេទ្យ ចំណេះដឹងភាសាបារាំង និងភាពរហ័សរហួនក្នុងការរៀបចំពេលវេលា រីឯការប្រឡងវិញ្ញាសាផ្ទាល់មាត់វិញ គឺការរៀបចំត្រៀមលក្ខណៈក្នុងការក្តាប់យកចំណុចសំខាន់របស់មេរៀន បន្ថែមពីនេះត្រូវមានជំនឿចិត្ត និងសេចក្តីក្លាហានក្នុងការឆ្លើយសំណួរ។ ◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ អ្វីដែលសំខាន់ត្រូវតែស្រឡាញ់មុខជំនាញនេះ បូកផ្សំនឹងចំណេះដឹងវេជ្ជសាស្រ្តនៅថ្នាក់មូលដ្ឋានឲ្យបានច្បាស់លាស់។ គួរតែមានការចុះកម្មសិក្សាឲ្យបានច្រើន ពីព្រោះការបំពេញបន្ថែមសម្រាប់ទ្រឹស្តីដែលបានរៀន ហើយនេះត្រូវមានបុគ្គលិកលក្ខណៈ ក៏ដូចជាអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាម និងស្មារតីជាក្រុម។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ត្រូវដុសខាត់ចំណេះដឹងវេជ្ជសាស្រ្តឲ្យបានល្អ រួមទាំងទ្រឹស្តី និងការអនុវត្ត ពីព្រោះមានតែពួកយើងដែលជាវេជ្ជបណ្ឌិតឯកទេស ឬ អនាគតវេជ្ជបណ្ឌិតឯកទេសសម្ភព និង រោគស្រ្តី ទាំងអស់គ្នា អភិវឌ្ឍខ្លួនចែករំលែក និងសាមគ្គីគ្នាជាធ្លុងមួយនោះទេ ទើបអាចចូលរួមអភិវឌ្ឍវិស័យសម្ភព និងរោគស្រ្តីនៃប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿន ដើម្បីចូលរួមបម្រើប្រជាជនកម្ពុជាក្នុងគោលបំណងជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និង លើកកម្ពស់សុខភាពស្រ្តីនៃប្រទេសយើងឲ្យបានល្អប្រសើរ។ Top 2  «សោម ដូណា » ◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ o   ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការសិក្សា និងការសង្ខេបមេរៀនឲ្យបានគ្រប់គ្រាន់។ o   រកកន្លែងសមស្របដើម្បីសិក្សា ហើយចៀសវាងការប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលសិក្សា។ o   សម្រាកឲ្យបានគ្រប់គ្រាន់ រួមជាមួយការបរិភោគអាហារឲ្យបានត្រឹមត្រូវ និងមានលំហាត់ប្រាណ។ ◊    វិធីសាស្រ្តក្នុងពេលប្រឡង៖ o   មុនពេលប្រឡង -គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនថ្ងៃប្រឡង -រៀបចំឧបករណ៍ប្រឡង -មកដល់បន្ទប់ប្រឡងមុនយ៉ាងហោច ១ ម៉ោងដើម្បីត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រឡង o   ពេលកំពុងប្រឡង -អានការណែនាំក្នុងការប្រឡងឲ្យបានម៉ត់ចត់ និងអានសំណួរទាំងអស់ដោយត្រួសៗឲ្យបាន១ចប់ -គ្រប់គ្រងពេលវេលាប្រឡងឲ្យបានល្អ -រក្សាការផ្ចង់អារម្មណ៍ កុំឲ្យបែកអារម្មណ៍ដោយសារមិត្តភក្តិក្នុងបន្ទប់ប្រឡង -អានឡើងវិញនូវចម្លើយដែលបានសរសេរ ប្រសិនបើមានពេលនៅសល់ចុងម៉ោង។ o   ក្រោយពេលប្រឡង៖ គួរធ្វើអ្វីដែលអាចជួយសម្រាលអារម្មណ៍យើង ដើម្បីត្រៀមខ្លួនសម្រាប់ប្រឡងថ្ងៃបន្ទាប់។ ◊ លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ o   ត្រូវជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងមានការសម្រេចចិត្តបានរហ័ស និងមានហេតុផល។ o   ត្រូវជាមនុស្សមិនឆាប់តក់ស្លុតពេលមានបញ្ហា ជាពិសេស គឺកុំខ្លាចឈាម ព្រោះស្ថានភាពជំងឺរបស់ស្រ្តីផ្នែកសម្ភព និងរោគស្រ្តីខ្លះ មានការផ្លាស់ប្តូរលឿន រហូតដល់មានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ។ o   ត្រូវជាមនុស្សមានភាពអត់ធ្មត់ ពីព្រោះការព្យាបាលត្រូវប្រើរយៈពេលយូរ។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ការស្រឡាញ់ដោយចេញពីចិត្តផ្ទាល់ខ្លួនដោយគ្មានការបង្ខំពីមជ្ឈដ្ឋានខាងក្រៅ គឺជាកត្តាដ៏សំខាន់ក្នុងការសិក្សាឯកទេសនេះ ព្រោះវានឹងក្លាយជាកម្លាំងចិត្ត ក៏ដូចជាការតាំងចិត្តដ៏មុតមាំក្នុងការហែលឆ្លងភាពលំបាកទាំងអស់ក្នុងអំឡុងពេលសិក្សា ហើយចៀសវាងនូវការបង្ខំខ្លួនឯងឲ្យជ្រើសរើសនូវអ្វីដែលយើងមិនស្រឡាញ់។ Top 3  «ហ៊ុយ  វីននីកា» ◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖ o  ខិតខំធ្វើការស្រាវជ្រាវបន្ថែមទៅលើមេរៀនដែលធ្លាប់បានរៀន និងមិនធ្លាប់បានរៀន o   រៀបចំជាប្លង់មេរៀនសង្ខេបទៅតាមម៉ូឌុលហើយនឹងបានរៀបចំជាកម្រងសំណួរ និងចម្លើយ ដើម្បីងាយស្រួលក្នុងការស្រង់យកនូវចំណុចសំខាន់ៗរបស់មេរៀននីមួយៗ។ ◊         វិធីសាស្រ្តក្នុងពេលប្រឡង៖ o      ចំពោះវិញ្ញាសាសរសេរ៖ -គ្រប់គ្រងពេលវេលាក្នុងការឆ្លើយសំណួរនីមួយៗ -រកពាក្យគន្លឹះ -យល់ពីសំណួរ -ឆ្លើយពីចំណុចសំខាន់ៗ -ប្រើប្រាស់បទពិសោធន៍នៅមន្ទីរពេទ្យ ជាគន្លឹះក្នុងការឆ្លើយសំណួរ។ o      ចំពោះវិញ្ញាសាផ្ទាល់មាត់៖ សំខាន់ត្រូវមានជំនឿចិត្តលើខ្លួនឯង មិនត្រូវភិតភ័យនៅចំពោះមុខមេប្រយោគ។ ◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖ ខ្ញុំយល់ថានិស្សិតឯកទេសគួរតែមានសុខភាពល្អ អត់ធ្មត់តស៊ូ ធន់នឹងការងារ ភាពនឿយហត់ រហ័សរហួន មិនឆាប់តក់ស្លុត ធ្វើការសម្រេចចិត្តលឿន និងជាមនុស្សអាចធ្វើការងារជាក្រុមបាន  ។ ◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖ ចំពោះនិស្សិតជំនាន់ក្រោយដែលចង់សិក្សាឯកទេសនេះ ត្រូវខិតខំរៀនសូត្រទាំងមុខវិជ្ជាពេទ្យ និងភាសាបារាំង អង់គ្លេស សំខាន់គឺត្រូវមានឆន្ទៈ និងចិត្តស្រឡាញ់ ចំពោះមុខវិជ្ជានេះទើបអាចតស៊ូក្នុងវិស័យនេះបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។ នាងខ្ញុំចង់សួរថា ហេតុអ្វីក៏ជំងឺមហារីកពិបាកព្យាបាលជាងជំងឺផ្សេងម្ល៉េះ?ហេតុអ្វីការព្យាបាលដោយចាក់គីមី ធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងយ៉ាងនេះ? ចម្លើយ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។ និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។ ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ   រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង? ចម្លើយ៖ ខ្ញុំសូមជម្រាបជូនថា អ្នកដែលមានទម្ងន់ខ្ពស់ មុននឹងកើតជំងឺទឹកនោមផ្អែមមានរយៈពេលត្រៀមទឹកនោមផ្អែម ពី៥ទៅ១៥ឆ្នាំ។ ក្នុងពេលនេះ អ្នកជំងឺតែងមានអារម្មណ៍ឃ្លានខ្លាំងមុនពេលបាយ និងគាត់មានទំនោរចង់ញ៉ាំស្ករ ទឹកផ្អែម និងរបស់ផ្អែម។ គាត់យល់ថា គាត់ខ្វះជាតិស្ករ គាត់ត្រូវហូបបង្អែម និងជាតិផ្អែមច្រើន។ រយៈពេល៥ទៅ១៥ឆ្នាំក្រោយមក ស្រាប់តែគាត់កើតជំងឺទឹកនោមផ្អែម។ នេះជាយន្តការធម្មជាតិនៃការកើតជំងឺទឹកនោមផ្អែម គឺក្នុងដំណាក់កាលត្រៀមទឹកនោមផ្អែម អាំងស៊ុយលីនខ្ពស់ក្នុងឈាមដែលនាំឲ្យស្ករចុះទាប ធ្វើឲ្យយើងឃ្លាន។ តែនៅពេលដែលយើងញ៉ាំច្រើនក្នុងពេលមួយដែលអាំងស៊ុយលីនមិនមានលទ្ធភាពទប់ជាតិស្ករឲ្យចុះទាបវិញបាន ពេលនោះស្ករនឹងកើនលើសលប់នៅក្នុងឈាម ហើយរោគវិនិច្ឆ័យក៏បញ្ជាក់ថា មានកើតជំងឺទឹកនោមផ្អែម។ ចំពោះរឿងដែលថាពេទ្យឲ្យថ្នាំព្យាបាលហើយនៅមានការណាត់ឲ្យទៅជួបមួយខែម្តងនោះ ខ្ញុំសូមជម្រាបលោកស្រីថា ក្នុងករណីអ្នកជំងឺថ្មីដែលទើបជួបដំបូង ការស្វែងយល់ពីអ្នកជំងឺច្បាស់លាស់ ទាំងការរស់នៅ ហូបចុក ទទួលថ្នាំ លទ្ធភាព និងតាមដានឥទ្ធិពលទាំងអស់នេះ គ្រូពេទ្យត្រូវស្គាល់លោកស្រីឲ្យច្បាស់ ដើម្បីសម្របសម្រួលថ្នាំដែលដាក់ទៅដំបូងឲ្យស្របនឹងការវិវឌ្ឍរបស់អ្នកជំងឺ ដូច្នេះរយៈពេលនៃការតាមដានដំបូង អាចជួបមួយសប្តាហ៍ម្តង ក្រោយមកមួយខែម្តង ក្រោយមកទៀតអាចឈានដល់បីខែម្តង។ ដូច្នោះ ការតាមដានការព្យាបាលជំងឺទឹកនោមផ្អែម មិនទាមទារការតាមដានមួយខែម្តង មួយជីវិតទេ គឺទាមទារការជួប៣ទៅ៤ខែម្តងប្រសិនបើជំងឺទឹកនោមផ្អែមនោះត្រូវគ្រប់គ្រងបានល្អ ដោយថ្នាំដោយរបៀបរស់នៅ ដោយការស្វែងយល់ច្បាស់លាស់។ ហើយចំពោះការពិនិត្យឈាម ដើម្បីតាមដានការប៉ះពាល់ចំពោះអ្នកជំងឺថ្មីក្នុងពេល១០ទៅ២០ឆ្នាំដំបូង បើគាត់នៅមិនទាន់មានការប៉ះពាល់អ្វីទេ ការពិនិត្យឈាមអាចធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំ តែបើសិនគាត់មានបញ្ហាខ្សោយតម្រងនោម ខ្សោយបេះដូង មានជំងឺសរសៃឈាមខួរក្បាលជាដើម បានន័យថា ជំងឺទឹកនោមផ្អែមមានការប៉ះពាល់ខ្ពស់ លើសរីរាង្គផ្សេង ហើយគ្រូពេទ្យត្រូវជួបគាត់ឲ្យបាន១ទៅ២ខែម្តង ដើម្បីពិនិត្យ និងរក្សាជីវិតឲ្យរស់បានដូចធម្មតា។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំឧស្សាហ៍ហើមអញ្ចាញធ្មេញ ហើយប្រពន្ធខ្ញុំក៏ទៅផ្សំថ្នាំនៅឱសថស្ថានឲ្យខ្ញុំលេបទៅក៏បាត់វិញ។ តើនេះបណ្តាលមកពីអ្វី? ហើយខ្ញុំលេបថ្នាំរាល់ពេលដែលហើមបែបនេះ ជាវិធីព្យាបាលត្រឹមត្រូវទេ? ចម្លើយ៖ ការហើមអញ្ចាញអាចបណ្តាលមកពីរលាកអញ្ចាញ ដោយសារមានកំបោរច្រើននៅជើងធ្មេញ ឬដោយសារអាប់សែធ្មេញ។ ដូចនេះ លោកត្រូវទៅជួបទន្តពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះការលេបថ្នាំបំបាត់ហើមមិនមែនជាដំណោះស្រាយត្រឹមត្រូវទេ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ រាល់ពេលខ្ញុំដុសធ្មេញ តែងតែមានហូរឈាម។ តើនេះបណ្តាលមកពីអ្វី? ហើយត្រូវព្យាបាលដូចម្តេចដែរ? ចម្លើយ៖ ការហូរឈាមអញ្ចាញអាចបណ្តាលមកពីមូលហេតុជាច្រើន ហើយភាគច្រើនបណ្តាលមកពីមានកំណកកំបោរនៅជាប់នឹងធ្មេញដែលបណ្តាលឲ្យរលាកអញ្ចាញធ្មេញ។ ចំពោះការព្យាបាលវិញ ជំងឺរលាកអញ្ចាញធ្មេញត្រូវព្យាបាលតាមដំណាក់កាលនៃជំងឺ៖ •ករណីក្នុងដំណាក់កាលរលាកមធ្យម ទន្តពេទ្យនឹងធ្វើការលាងធ្មេញ និងណែនាំឲ្យអ្នកជំងឺប្រើទឹកខ្ពុរមាត់ជាប្រចាំ ព្រមទាំងឲ្យមកជួបវិញក្នុងរយៈពេល ១ខែ ទៅ២ខែក្រោយ។ •ករណីក្នុងដំណាក់កាលរលាកខ្លាំង ទន្តពេទ្យនឹងចាក់ថ្នាំស្ពឹក ហើយធ្វើការបកអញ្ចាញធ្មេញ រួចកៀរយកកំបោរចេញឲ្យអស់ ទើបធ្វើការបិទអញ្ចាញឲ្យដូចដើមវិញ។ ម៉្យាងទៀត អ្នកជំងឺត្រូវត្រឡប់មកជួបវិញក្នុងរយៈពេល ២សប្តាហ៍ម្តង។ បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំមកពីខេត្តបាត់ដំបង មានចម្ងល់ថាហេតុអ្វីបានជាស្បែកឡើងជ្រាំង (រន្ធរោមធំៗ)ពិសេសនៅដើមដៃ? ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន? ចម្លើយ៖ ការឡើងជ្រាំងនៅដើមដៃ ភាគច្រើនបណ្ដាលមកពីការជិតរន្ធរោមបង្កឲ្យទៅជាគ្រាប់គីស ឬមុនតូចៗនៅលើខ្លួនដែលហៅថាមុនខ្លួនហើយភាគច្រើនវាកើតឡើងដោយឯកឯង  ឬក៏បុគ្គលដែលនៅកន្លែងម៉ាស៊ីនត្រជាក់ច្រើនម៉ោងក្នុងមួយថ្ងៃដែលអាចបណ្ដាលឲ្យស្បែកស្ងួត។ ចំពោះដំណោះស្រាយ ប្រសិនបើការឡើងជ្រាំងកើតឡើងដោយខ្លួនឯង (ធម្មជាតិ) ពោលគឺអ្នកជំងឺសម្បូរទៅដោយអ័រម៉ូន យើងត្រូវព្យាបាលដោយអ័រម៉ូនដើម្បីទប់ទល់នឹងអ័រម៉ូន។ តែប្រសិនបើការឡើងជ្រាំងកើតឡើងដោយសារការនៅក្នុងម៉ាស៊ីនត្រជាក់ច្រើនម៉ោង យើងត្រូវបន្ថយកម្រិតត្រជាក់កុំឲ្យត្រជាក់ពេក ត្រូវលាបឡេផ្តល់សំណើមការពារកុំឲ្យស្បែកស្ងួត និងប្រើប្រាស់សារធាតុ Keratolytic ដូចជាពពួក Salicylic Acid និង Retinoic Acid ដើម្បីឲ្យសារធាតុខ្លាញ់ចេញមកក្រៅ ហើយរន្ធរោមក៏លែងរួមតូច និងស្បែកមានដំណើរការធម្មតាវិញ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំរស់នៅខេត្តកំពង់ចាម។ ភ្នែកខ្ញុំម៉្ញូបតាំងពីតូច ហើយខ្ញុំខ្លាចកូនប្រុសខ្ញុំ ម៉្ញូបដូចខ្ញុំដែរ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីការពារគាត់កុំឲ្យកើតជំងឺនេះ? ចម្លើយ៖ ចំពោះករណីម៉្ញូបនេះអាចមានកត្តាតំណពូជ ដូចនេះមិនអាចមានការការពារមិនឲ្យកើតជំងឺនេះបានទេ ប្រសិនបើស្រឡាយម្តាយឬឪពុកមានជំងឺនេះ។ តែបើម៉្ញូបដោយសារការមើលជិតច្រើន ឬមើល screen ច្រើន គឺអាចចៀសវាងបាន ពោលគឺពេលមើលត្រូវមានពន្លឺគ្រប់គ្រាន់ ត្រូវមានពេលសម្រាកដោយមើលប្រហែល១៥ឬ២០នាទីត្រូវងាកភ្នែកចេញពីអក្សរ ឬscreen ដែលយើងមើល។ បកស្រាយដោយ  ៖ សាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

ជាទូទៅ អ្នកស្អកកនៅពេលណា?  ឬសុខៗស្រាប់តែស្អក? បើអ្នកពុំមែនជាអ្នកចម្រៀងប្រហែលជាអ្នកមិនសូវខ្វាយខ្វល់អំពីការស្អកនេះ ឬយល់ថាសំឡេងបែបនេះពិរោះម្យ៉ាង? ការបង្អាប់គ្នាលេងអំពីសំឡេងស្អកៗរបស់មិត្តភក្តិហាក់ដូចជាធម្មតាទៅហើយ  តែការពិតពេលខ្លះ នេះមិនមែនជាអ្វីដែលអ្នកគួរលេងសើចសប្បាយនោះទេ។ ហេតុអ្វី? លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា សាស្ត្រាចារ្យជំនួយនៃមន្ទីរពេទ្យព្រះអង្គឌួង នឹងបកស្រាយអំពីអាថ៌កំបាំងជុំវិញការស្អកក ដែលស្ទើរតែទាំងអស់គ្នាមិនបានចាប់អារម្មណ៍។ 1.    អ្វីទៅហៅថាការស្អកក? ស្អកកពុំមែនជាជំងឺទេ តែវាជារោគសញ្ញានៃជំងឺណាមួយ ដែលបង្ហាញឲ្យឃើញតាមរយៈការផ្លាស់ប្តូរសំឡេងខុសពីធម្មតាដូចជាការប្តូរទៅជាសំឡេងបែក សំឡេងខ្សោយឬមិនច្បាស់។ 2.    កាយវិភាគវិទ្យានៃបំពង់សំឡេង   បំពង់សំឡេងផ្សំឡើងពីឆ្អឹងខ្ចី (cartilage) មានចំនួន៤សំខាន់ៗ ហើយក្នុងនោះមានឆ្អឹងខ្ចីមួយដែលបញ្ជាខ្សែសំឡេងឲ្យបិទបើកបាន។ ជាទូទៅខ្សែសំឡេងនឹងត្រូវបញ្ជាឲ្យបើកនៅពេលដកដង្ហើមដើម្បីឲ្យខ្យល់ចេញចូល និងបិទវិញពេលនិយាយ ប៉ុន្តែដើម្បីបញ្ចេញសំឡេងឲ្យបានច្បាស់ ខ្សែសំឡេងត្រូវតែបិទជិត និងតឹងណែនល្អ ដូចនេះករណីដែលខ្សែសំឡេងបិទមិនជិតល្អ ឬក៏ធូរ នឹងនាំឲ្យសំឡេងប្រែប្រួលឬហៅថាស្អកនេះឯង។ ជារួមមក ការស្អកកនេះ ទាក់ទងនឹងបំពង់សំឡេងនិងខ្សែសំឡេងនេះផ្ទាល់តែម្តង។ 3.    មូលហេតុនៃការស្អកក •   មហារីក មានមូលហេតុជាច្រើនដែលនៅពីក្រោយបញ្ហាស្អកក តែសញ្ញាដ៏សំខាន់មួយដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺការស្អកកលើសពី៣សប្តាហ៍ ពិសេសចំពោះមនុស្សចាស់ដែលមានអាយុលើសពី៥០ឆ្នាំ អ្នកជក់បារី ឬផឹកស្រាជាដើមដោយវាអាចជាប់ទាក់ទងនឹងជំងឺដ៏កាចសាហាវគឺ  មហារីកបំពង់សំឡេង ឬមហារីកនៅខ្សែសំឡេង។ ក្រៅពីនោះ ជំងឺមហារីកសួត មហារីកនៅក្រពេញពកក(ក្រពេញទីរ៉ូអុីត)  ឬមហារីកដែលនៅតំបន់ក ដូចជាមហារីកកូនកណ្តុរនៅកជាដើម សុទ្ធតែអាចឲ្យរោគសញ្ញាជាការស្អកក ហើយបញ្ហានេះក៏អាចកើតមានចំពោះក្មេងផងដែរ ។ •    ការរលាក(Infection) បំពង់កឬបំពង់សំឡេង ការរលាកធ្វើឲ្យខ្សែសំឡេងបិទមិនសូវជិតដោយសារតែអាការៈហើមរបស់បំពង់សំឡេង ហើយភាគច្រើនជាការរលាកស្រួចស្រាវ (acute infection) ដោយពពួកមេរោគ(បាក់តេរី ឬវីរុស)ឬក៏ផ្សិតដែលមានក្នុងបរិស្ថាន។ ការស្អកកដោយបញ្ហានេះអាចបាត់ទៅវិញដោយគ្រាន់តែធ្វើការថ្នមសំឡេង និងសម្រាកសំឡេង ឬព្យាបាលតិចតួចប៉ុណ្ណោះ។ ប៉ុន្តែគួរកត់សម្គាល់ថា មេរោគរបេងក៏អាចបណ្តាលឲ្យស្អកកផងដែរ ដូចនេះអ្នកដែលមានអាការៈស្អកកត្រូវប្រុងប្រយ័ត្នពិសេសការស្អកករ៉ាំរ៉ៃរយៈពេលយូរ។ •    ការប្រើប្រាស់សំឡេងច្រើន​​​ ឬសំឡេងខ្លាំង មូលហេតុមួយទៀតគឺការប្រើប្រាស់សំឡេងច្រើនឬសំឡេងខ្លាំងៗដូចជាអ្នកឃោសនា      គ្រូបង្រៀន        អ្នកចម្រៀង ដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែសំឡេង។ការស្អកករបៀបនេះអាចដោះស្រាយបានដោយគ្រាន់តែសម្រាកឬថ្នមសំឡេងមួយរយៈប៉ុណ្ណោះ។ •    ការដុះដុំសាច់នៅខ្សែសំឡេង មានជំងឺជាច្រើនទាក់ទងនឹងការដុះដុំសាច់នៅខ្សែសំឡេងដូចជា ប្តូរនៅខ្សែសំឡេង ប៉ូលីប(polyps) ឬក៏ប្រភេទជំងឺច្រើនយ៉ាងទៀតដែលធ្វើឲ្យអ្នកជំងឺស្អក តែការស្អកនេះកើតមានតែអំឡុងពេលដំបូងនៃការចាប់ផ្តើមដុះដុំសាច់ប៉ុណ្ណោះ។ ក្រោយពីដុំសាច់ដុះកាន់តែធំទៅៗ អាការៈស្អកកនេះនឹងប្តូរទៅជាការនិយាយលែងចេញតែម្តង ឬចេញតែខ្យល់ ព្រោះខ្សែសំឡេងបិទលែងជិតកាន់តែខ្លាំង។ •    វិបត្តិលើសរសៃប្រសាទ សាច់ដុំខ្សែសំឡេងអាចបិទបើកបាន ដោយមានសរសៃប្រសាទជាក់លាក់ជាអ្នកបញ្ជា ដូចនេះកាលណាសរសៃប្រសាទនោះរងនូវវិបត្តិណាមួយ នោះវាមិនអាចបញ្ជាបានល្អឬត្រឹមត្រូវទេ ពោលខ្សែសំឡេងមិនអាចបិទជិតឡើយដែលនាំឲ្យមានអាការៈស្អកក។ គួររំលឹកថា មានជំងឺជាច្រើនប្រភេទដែលជាមូលហេតុធ្វើឲ្យសរសៃប្រសាទមានវិបត្តិនឹងផ្តល់ជារោគសញ្ញានេះឡើង។ •    ជំងឺប្រភេទប្រព័ន្ធអង់ដូគ្រីន ជំងឺប្រភេទប្រព័ន្ធអង់ដូគ្រីន(endocrine system)  ក៏ជាមូលហេតុសំខាន់មួយនៃអាការៈស្អកកនិងឃើញកើតមានច្រើនផងដែរ។ •    មូលហេតុទាក់ទងនឹងកំណើតរបស់ក្មេង ការមានបញ្ហាតាំងពីកំណើតរបស់ក្មេងក៏អាចជាមូលហេតុដែលនាំឲ្យក្មេងមានសំឡេងស្អកផងដែរ។ កំហុសកំណនេះអាចទាក់ទងនឹងតំណពូជ  ឬក៏មិនមែន។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវឬការមានជំងឺណាមួយនៅអំឡុងពេលមានផ្ទៃពោះ ជាមូលហេតុមិនទាក់ទងនឹងតំណពូជដែលធ្វើឲ្យក្មេងអាចកើតមកជាមួយនឹងសន្ទះបិទជិត ឬក៏មានប្រហោងតូចពេកនៅបំពង់សំឡេង ដែលធ្វើឲ្យក្មេងមាននូវរោគសញ្ញាស្អក រួមជាមួយនឹងអាការៈក្អក និងហត់ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្មេង។ រីឯ បញ្ហាតំណពីម្តាយក៏អាចមានផងដែរក្នុងករណីដែលម្តាយមានជំងឺរោគស្ត្រីនៅអំឡុងពេលមានផ្ទៃពោះ តែរោគសញ្ញាច្រើនតែបង្ហាញឡើងនៅពេលក្មេងមានអាយុចាប់ពី ៤ទៅ៥ឆ្នាំ ទើបមានការដុះនូវដុំសាច់ម្យ៉ាងហៅថា ប៉ាប៉ីឡូម (papiloma)។ ចំពោះករណីនេះ មានការពិបាកខ្លាំងដែលពេលខ្លះទាមទារឲ្យក្មេងទទួលការព្យាបាលស្ទើរមួយជីវិតរបស់គេតែម្តង និងត្រូវទទួលការវះកាត់ជាច្រើនលើកច្រើនសារ ហើយកាន់តែធ្ងន់ធ្ងរនោះគឺជំងឺនេះក៏អាចនឹងវិវឌ្ឍទៅជាជំងឺមហារីកទៀតផង។ 4.     កត្តាជម្រុញដែលធ្វើឲ្យស្អកក •    ការជក់បារី ផឹកស្រា ជាកត្តាជម្រុញដ៏សាមញ្ញមួយសម្រាប់ការប្រឈមមុខនឹងជំងឺជាច្រើនពិសេសគឺមហារីកបំពង់សំឡេង ដែលរោគសញ្ញានឹងរួមបញ្ជូលទាំងការស្អកកផងដែរ។ •    ការប្រើសំឡេងច្រើនឬខ្លាំងៗ អាចត្រឹមតែជាកត្តាជម្រុញមួយដោយសារការស្អកកនេះមិនមែនកើតចំពោះមនុស្សគ្រប់គ្នាដែលប្រើសំឡេងច្រើននោះទេ។ •    ជំងឺក្រពះច្រើនតែត្រូវបានមើលរំលង ពីឥទ្ធិពលនៃការច្រាលទឹកក្រពះ ដែលបង្កជាការរលាកបំពង់ខ្យល់ឬបំពង់សំឡេង និងជម្រុញឲ្យមានអាការៈស្អកកឡើង។ •    បរិស្ថានដែលមិនស្អាត ពោរពេញដោយធូលី ឬសារធាតុកខ្វក់ផ្សេងៗ ព្រមទាំងបរិយាកាសស្ងួតឬក្តៅពេក ងាយនឹងជៈឥទ្ធិពលមិនល្អដល់ផ្លូវដង្ហើមឬ ក៏នាំឲ្យមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើមក៏ដូចជាធ្វើឲ្យស្អកក។ •    ការវះកាត់មួយចំនួនដូចជាការវះកាត់លើផ្លូវដង្ហើម ឬសរីរាង្គនៅក្បែរៗនោះក៏អាចបង្កការប្រឈមមុខនឹងបញ្ហាផ្លូវដង្ហើមធ្វើឲ្យស្អកកផងដែរ។ •    វ័យឬអាយុ ក៏ជាកត្តាមួយដែលធ្វើឲ្យមនុស្សចាស់ស្ទើរតែទាំងអស់មានអាការៈស្អកក ដោយសារតែការរួមស្វិតនៃខ្សែសំឡេង នាំខ្សែសំឡេងបិទមិនបានជិតល្អ។ •    ជំងឺមួយចំនួនទៀតក៏អាចជម្រុញឲ្យស្អកកដែរ ដូចជាជំងឺទឹកនោមផ្អែមជាដើម។ 5.    ការធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃការស្អកក មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើទៅបានប៉ុន្តែទាមទារឲ្យធ្វើនៅមន្ទីរពេទ្យដែលមានបរិក្ខារគ្រប់គ្រាន់ ដែលក្នុងនោះរួមមានដូចជា ការថតឆ្លុះអង់ដូស្កុប(endoscope) ការពិនិត្យចលនាខ្សែសំឡេងដោយស្ត្រូប៉ូស្កុប(stroposcope) ព្រមទាំងការពង្រីកមើលឲ្យបានច្បាស់ដោយមីក្រូស្កុប(m-icroscope)ជាដើម។ ដោយឡែក ជាទូទៅការធ្វើរោគវិនិច្ឆ័យនេះអាចប្រព្រឹត្តិទៅដោយសាមញ្ញដែលត្រូវបានប្រើប្រាស់ជាជម្រើសទីមួយក្នុងការធ្វើរោគវិនិច្ឆ័យមុននឹងឈានទៅដល់វិធីសាស្ត្រផ្សេង គឺតាមរយៈការកម្តៅកញ្ចក់ ហើយយកទៅដាក់ក្នុងមាត់អ្នកជំងឺ រួចទើបបាញ់ពន្លឺបញ្ចាំងចំកញ្ចក់នោះ។ 6.    ការព្យាបាល ដោយសារស្អកកជារោគសញ្ញានៃជំងឺណាមួយ ដូចនេះការព្យាបាលត្រូវធ្វើទៅតាមមូលហេតុឬជំងឺបង្កផ្ទាល់។ •    ករណីដែលស្អកដោយសារតែនិយាយឬស្រែកច្រើន ត្រូវឲ្យអ្នកជំងឺសម្រាកសំឡេង ឬប្រើសំឡេងថ្នមៗ ឬសម្រាកមិននិយាយតែម្តង។ •    ករណីមានរលាកដោយសារបាក់តេរីតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះ។ តែសូមបញ្ជាក់ថា ករណីរលាកដោយសារវីរុស គឺពុំមានការប្រើប្រាស់ថ្នាំផ្សះទេ ដូចនេះការព្យាបាល គឺគ្រាន់តែប្រើប្រាស់ថ្នាំទៅតាមរោគសញ្ញាប៉ុណ្ណោះ ដូចជាថ្នាំឈឺក ថ្នាំក្តៅខ្លួន និងពិសាទឹកឲ្យបានច្រើន រួមជាមួយការបញ្ឈប់ការជក់បារី ផឹកស្រា និងរស់នៅស្អាតបរិស្ថានល្អជាដើម។     សូមរំលឹកម្តងទៀតថា ចំពោះការស្អកកលើសពី៣សប្តាហ៍ចំពោះមនុស្សចាស់ មានផឹកស្រា ជក់បារី ត្រូវទៅជួបវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ព្រោះវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ពិសេសគឺជំងឺមហារីកតែម្តង។ ដូចគ្នាផងដែរ កាលណាអាការៈស្អកនេះមកជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជា ថប់ដង្ហើម ហត់ អ្នកជំងឺគួរទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលការពិនិត្យ និងព្យាបាលភ្លាមៗ។ លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា បានផ្តល់ជាអនុសាសន៍ចុងក្រោយថា នៅរាល់ពេលមានអាការៈស្អកក ទោះបីជាយល់ថាវាមានលក្ខណៈស្រាល ប៉ុន្តែអ្នកជំងឺគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុច្បាស់លាស់។ សារជាថ្មីម្តងទៀត ចំពោះជំងឺក្រពះដែលជាកត្តាជម្រុញមួយដែលតែងតែត្រូវបានមើលរំលងនោះ គួរតែត្រូវបានត្រួតពិនិត្យ និងព្យាបាលឲ្យបានជាត្រឹមត្រូវប្រសិនបើនេះពិតជាមូលហេតុបង្កមែន។ សូមសំណូមពរផងដែរដល់អ្នកជំងឺក៏ដូចជាប្រជាជនយើងទាំងអស់ថា គួរតែចៀសវាងប្រើប្រាស់ថ្នាំដោយខ្លួនឯងទោះជាអាការៈស្អកនោះមានភាពតិចតួចក្តី ព្រោះមានតែការទៅជួបពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យទេទើបច្បាស់លាស់ ហើយការព្យាបាលក៏មិនប្រាកដថាពិបាកដែរ ដោយពេលខ្លះគ្រូពេទ្យគ្រាន់តែឲ្យដំបូន្មានខ្លះៗ ដោយមិនបាច់ប្រើប្រាស់ថ្នាំផងក៏មាន។

ចែករំលែក
Top