- Apr 24, 2017 |
- 9 ឆ្នាំមុន |
- 4.4K មើល
ចំណុចដែលគូស្នេហ៍ឃ្លាតកាយគួរយល់ដឹង (7 Tips for Long Distance Couples)
ស្នេហាពេលខ្លះប្រៀបបាននឹងអព្ភូតហេតុម្យ៉ាង ហើយជួនកាលក៏កើតមានដោយចៃដន្យ ក្នុងពេលវេលា ឬទីកន្លែងមួយដែលមិត្តអ្នកអានបុរសនារីនឹកស្មានមិនដល់។ ប្រសិនបើគូស្នេហ៍ឬរូបអ្នកផ្ទាល់ត្រូវចាកចេញពីគ្នា? ចាកចេញនេះមិនសំដៅដល់ការបែកផ្លូវគ្នានោះទេ គឺពេលដែលត្រូវឃ្លាតឆ្ងាយផ្លូវកាយមួយរយៈដោយសារមូលហេតុខ្លះ... តើអ្នកយល់ថាមានបញ្ហាលំបាកមែនឬទេ? សូមកុំបារម្ភ!!! រីករាយជាមួយនឹងអត្ថបទនេះ លោកអ្នកនឹងអាចយល់ដឹងពី គន្លឹះដ៏មានគុណប្រយោជន៍សម្រាប់ចំណងស្នេហ៍របស់អ្នក ៖ · ចាត់ទុកចម្ងាយជាឱកាសល្អ ៖ មានគូសេ្នហ៍ជាច្រើនបានចាត់ទុកស្នេហាប្រភេទនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យគូស្នហ៍បានចំណាយពេលច្រើនជាមួយគ្រួសារ និងមិត្តភក្តិ ហើយក៏ទំនាក់ទំនងទៀតសោតក៏បានល្អប្រសើរជាងមុន មានពេលវេលាកាន់តែច្រើនសម្រាប់ខ្លួនឯង ដើម្បីដោះស្រាយបញ្ហាជាបុគ្គល និងធ្វើកិច្ចការដែលខ្លួនចូលចិត្ត ក៏ដូចជាសម្រេចគោលដៅរបស់ខ្លួន។ លោកអ្នកក៏គួរគិតដូចជាពូកគេដែរ វាការពិតដែលថាអ្វីក៏ដោយក៏មានគុណសម្បត្តិ និងគុណវិបត្តិ គ្រាន់តែមួយណាមានច្រើនជាង។ ហេតុនេះហើយ ព្យាយាមរក្សាទុកចំណុចល្អរបស់វានៅក្នុងចិត្តឲ្យបានច្រើន... · កសាងក្តីរំពឹងឲ្យបានច្បាស់ ៖ គូស្នេហ៍ណាក៏មានបំណងរក្សាចំណងនៃក្តីស្រលាញ់របស់ខ្លួនដូចគ្នា ហើយរឹតតែខ្លាំងក្លាទៀតសម្រាប់គូស្នេហ៍ដែលស្ថិតនៅឆ្ងាយពីគ្នា។ ដោយសារតែ កាយមិនជិតគ្នា ដូចនេះហើយអ្នកត្រូវរៀបចំកាលវិភាគឲ្យបានច្បាស់លាស់ ក្នុងរវាងពេលដែលត្រូវទាក់ទងគ្នាតាមមធ្យោបាយផ្សេងៗ និងពេលដែលត្រូវជួបមុខគ្នា។ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះក៏បានសម្រួលច្រើនដល់អ្នកផងដែរ ទោះបីកាយមិនក្បែរគ្នា ឲ្យតែមានចិត្តស្មោះ នោះវានឹងដូចពាក្យដែលតែងនិយាយតៗគ្នាថា «ពេលស្រលាញ់ នៅឆ្ងាយដូចនៅជិត តែបើអស់ចិត្ត នៅជិតដូចនៅឆ្ងាយ»។ · មានគោលដៅច្បាស់លាស់ ៖ ដៃគូស្នេហាដែលយល់ព្រមទទួលយកការឃ្លាតពីគ្នាមួយរយៈ ភាគច្រើនបានព្រមព្រៀងគ្នា ដោយបានគិតគូរពីគោលដៅទៅពេលអនាគតជាមួយគ្នា ហើយក៏បានធ្វើការសន្យាគ្នាថានឹងព្យាយាមសម្រេចរួមគ្នា។ · ធ្វើការទាក់ទងគ្នាជារៀងរាល់ថ្ងៃ៖ ដូចដែលបានលើកឡើងខាងលើដែរ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះបានសម្រួលទំនាក់ទំនងរវាងមនុស្សម្នាក់ៗនៅទូទាំងពិភពលោក ហើយមធ្យោបាយទាំងនោះទៀតសោតរួមមានការជួបមុខតាមរយៈអេក្រង់ឧបករណ៍អេឡិចត្រូនិច ឬការសរសេរសារផ្ញើរឆ្លើយឆ្លបគ្នាជាដើម។ តែមិនប្រាកដថាអ្នកត្រូវនិយាយគ្នាជារៀងរាល់ថ្ងៃនោះទេ។ យ៉ាងណាមិញ ការទាក់ទងតាមបែបបុរាណតាមរយៈការផ្ញើរសំបុត្រ ឬលិខិតជូនពរ អាចនឹងបង្ហាញពីទំហំចិត្តនឹក និងស្រលាញ់របស់អ្នកបានតែស៊ីជម្រៅទៀតផង។ បើសិនជាអាច កុំភ្លេចឆ្លៀតផ្ញើរជូនកាដូមួយចំនួនជាការជូនពរ ឬអបអរក្នុងឱកាសពិសេសផង។ · ជួបគ្នាឲ្យបានទៀងទាត់ ៖ អារម្មណ៍ពេលនឹកមិនដូចជាអារម្មណ៍ពេលបែក ហើយក៏រឹតតែមិនដូចអារម្មណ៍ពេលជួបដែរ។ ហេតុនេះហើយ មិនថាការងារមមាញឹកយ៉ាងណានោះទេ អ្នកគួររៀបចំពេលវេលាខ្លះសម្រាប់ការជួបមុខគ្នាផ្ទាល់ដោយកំណត់ឲ្យបានច្បាស់ថាគួរតែជួបនៅពេលណា? ហើយដៃគូខាងណាគួរទៅរកខាងណា? · មានទំនុកចិត្តចំពោះគ្នា ៖ ប្រច័ណ្ឌជាបញ្ហាចម្បងដែលគូស្នេហ៍ដែលមិននៅក្បែរគ្នាតែងជួបប្រទះដោយសារតែដៃគូម្ខាងៗ នឹងចំណាយពេលច្រើននៅជាមួយនឹងអ្នកដទៃជាជាងនៅជាមួយនឹងម្ចាស់ចិត្តរបស់ខ្លួន ដូចជាទៅញ៉ាំអាហារ ធ្វើដំណើរកំសាន្ត។ល។ ដើម្បីបង្វែរចិត្តរបស់អ្នកមិនឲ្យគិតពីការសង្ស័យថាគូស្នេហ៍មានថ្មីនោះ អ្នកត្រូវតែនិយាយជាមួយគ្នាពីអារម្មណ៍ដែលមានចំពោះគ្នាឲ្យបានញឹកញាប់ ហើយកត្តាដែលត្រូវប្រកាន់ខ្ជាប់ជានិច្ច គឺទុកចិត្តលើគ្នាជានិច្ច។ តែក៏មិនបានន័យថាបិទភ្នែក បិទច្រមុះ ងប់ជឿលើគេទាំងស្រុងរហូតនោះដែរ។ · បង្ហាញខ្លួនក្នុងឱកាសពិសេស ៖ នរណាក៏ដោយក៏តែងតែចង់បានភាពកក់ក្តៅ និងភាពផ្អែមល្អែមពីមនុស្សជាទីស្រលាញ់របស់ខ្លួនដែរ ហើយក៏ចង់ឃើញវត្តមានម្ចាស់បេះដូងក្នុងថៃ្ងពិសេសផងដែរ។ វាជាកម្លាំងចិត្តមួយដែលកត្តាផ្សេងៗមិនអាចប្រៀបផ្ទឹមបាន ហើយក៏ជាសញ្ញាណមួយបញ្ជាក់យ៉ាងស៊ីជម្រៅថាអ្នកពិតជាស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគេជានិច្ច។ «មិនខុសពីអាយុទេ ចម្ងាយក៏អាចត្រឹមតែជាតួលេខដែរ...ស្នេហារបស់មនុស្សពីរនាក់នឹងអាចស្ថិតស្ថេរបានយូរអង្វែង ដរាបណាគូស្នេហ៍មានការយោគយល់ និងជាពិសេសទុកចិត្តលើគ្នាទៅវិញទៅមក ហើយមិនថាកាយនៅឆ្ងាយពីគ្នាដល់កម្រិតណា ចិត្តស្នេហាដែលមាននឹងនៅជាអមតៈ។ ជឿទេ??? ស្នេហ៍ស្មោះអាចឲ្យមនុស្សពីរនាក់ទាក់ទងគ្នា ហើយមានអារម្មណ៍ថានៅក្បែរគ្នាគ្រប់ពេលគ្រប់វិនាទី មិនថាស្ថិតក្នុងរយៈចម្ងាយប៉ុណ្ណានោះទេ» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក
