Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការប្រឈមមុខជាមួយបម្រែបម្រួលប្រចាំថ្ងៃ រួមទាំងភាពសប្បាយរីករាយ ឬសេចក្តីទុក្ខ សុទ្ធតែមានឥទ្ធិពលលើការគិត និងអារម្មណ៍ដែលមិនអាចចៀសផុត។ ការគិតអវិជ្ជមាន ជាអ្វី? អ្នកប្រហែលជាអាចយល់ថាខ្លួនមានអារម្មណ៍ និងការគិតតែមួយប្រភេទ ដោយការពិតអារម្មណ៍​របស់បុគ្គលម្នាក់ៗស្តែងចេញមាន​​​​​​​​​​​​ពីរប្រភេទ គឺការគិតវិជ្ជមាន និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អវិជ្ជមាន។ ពេលខ្លះ ការគិតអវិជ្ជមានបានធ្វើការវាយលុក នាំឲ្យអារម្មណ៍ហាក់ដូចជាធ្លាក់ចុះ ដែលភាគច្រើនបណ្តាលមកពីទំនាក់ទំនងអស្ថិរភាពរវាងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។   ផលវិបាក និងដំណោះស្រាយ បុគ្គលដែលតែងតែភ្ជាប់ខ្លួនជាមួយការគិត និងឃើញអ្វីតែក្នុងភាពអវិជ្ជមាន នោះវានឹងក្លាយជាទម្លាប់ ឬជាវដ្តបន្តគ្នា ដែលភាពអវិជ្ជមាននឹង បន្តនាំយកភាពអវិជ្ជមានផ្សេងដទៃទៀត ជាលទ្ធផលវាអាចបំផ្លាញដល់អត្តចរិត និងអាកប្បកិរិយា។ ប្រសិនបើគ្មានការដោះស្រាយ មើលរំលង ឬបណ្តោយឲ្យការគិតកាន់តែស្ថិតក្នុងភាពងងឹតនោះ រូបរាងកាយ និងសុខភាពផ្លូវចិត្តក៏កាន់តែថយចុះ រហូតឈានដល់ជំងឺថប់អារម្មណ៍ ឬ ជំងឺធ្លាក់ទឹកចិត្តជាដើម។យ៉ាងណាមិញ ទោះបីជាអ្នកហាក់មិនអាចដកខ្លួន ចេញបានទាំងស្រុងពីការគិតបែបនេះ តែគន្លឹះខាងក្រោមនេះអាចជាជំនួយដើម្បីសម្រួល និងហ្វឹកហាត់ការគិតឲ្យបានល្អជាងមុន ដោយអ្នក គ្រាន់តែអនុវត្តតាម ដូចជា៖ •    សម្រាក ចំណាយពេលតែ ២ ទៅ ៣នាទី រៀងរាល់ថ្ងៃ សម្រាប់ផ្តល់ឲ្យអ្នកនូវពេលវេលាសម្រាកដែលអាចគ្រប់គ្រងអារម្មណ៍ត្រឡប់មកវិញ មុនពេលការគិតនោះកាន់តែអាក្រក់។ អ្នកអាចជ្រើសរើសវិធីសាស្រ្តដូចជា ការសមាធិ កីឡាយោគៈ ឬគ្រាន់តែដកដង្ហើមឲ្យបានវែងៗ ម៉្យាងទៀត​ លំហាត់ប្រាណបែបថៃជី (Tai Chi) ក៏ត្រូវបានណែនាំពីសំណាក់អ្នកជំនាញផងដែរ ដើម្បីអាចប្រមូលយកអារម្មណ៍ដែលល្អៗត្រឡប់មកវិញ។ •    សរសេរវាទុក ​កាន់ប៊ិចរបស់អ្នក រួចចាប់ផ្តើមសរសេរពីបញ្ហា ឬការគិតអវិជ្ជមានទៅលើក្រដាស ឬសៀវភៅដែលអាចជួយអ្នកស្វែងយល់ឲ្យបានកាន់តែច្បាស់ពីអារម្មណ៍នោះ និងនាំយកអារម្មណ៍វិជ្ជមានមកវិញ។ បន្ថែមពីនោះ ការមានទម្លាប់សរសេរកំណត់ហេតុពីអាកប្បកិរិយា ឬស្ថានភាពដែលជាមូលហេតុនាំឲ្យមានការគិតអវិជ្ជមានអាចឲ្យអ្នកបង្កើនការដោះស្រាយបញ្ហាដែលកើតមាន ជាជាងការមើលរំលង ឬបណ្តោយឲ្យការគិតកាន់តែមានភាពស្មុគស្មាញ។ •    កុំបង្ខំផ្លូវចិត្ត មានការលើកឡើងជាច្រើន ជុំវិញវិធីសាស្រ្តដែលតម្រូវឲ្យអ្នកបង្ខំខ្លួនឯងឲ្យឈប់គិត នៅរាល់ពេល មានការវាយលុកពីអារម្មណ៍អវិជ្ជមាន យ៉ាងណាមិញ ទង្វើនេះហាក់ដូចជាគ្មានប្រសិទ្ធភាពទៅវិញដោយហេតុថា បុគ្គលម្នាក់ៗនឹងមិនអាចបញ្ឈប់ការគិតបាននោះទេ ដរាបណានៅមានជីវិត។ យកល្អអ្នកត្រូវរៀន សង្កេតមើលពីបញ្ហា និងស្គាល់ឲ្យកាន់តែច្បាស់ពីខ្លួនឯង។ •    ចៀសវាងកត្តាមូលហេតុ កុំព្យាយាមថែទាំតែរូបរាងកាយខាងក្រៅ ពីព្រោះបញ្ហាផ្លូវចិត្តក៏អាចជាជំងឺមួយដែលអ្នកគួរស្វែងយល់ និងគួរត្រូវបានយកចិត្តទុកដាក់ការពារជាមុនផងដែរ។ តួយ៉ាង អ្នកអាចដកខ្លួនចេញពីបុគ្គលដែលតែងសាយភាយភាពអវិជ្ជមានដល់អ្នកដទៃ ទីតាំងដែលផ្តល់ភាពស្មុគស្មាញ ចៀសវាងចំណាយពេលច្រើនទៅលើបញ្ហាដែលកើតមាននៅក្នុងបណ្តាញសង្គម ដែលហាក់មានការបន្លើស ឬផ្តល់នូវស្លាកស្នាមអវិជ្ជមានដល់អារម្មណ៍របស់អ្នក។ •    ភ្ជាប់ខ្លួនជាមួយសន្តិភាព រៀនបណ្តុះទឹកចិត្តទទួលយក និងពេញចិត្តអ្វី ដែលជាខ្លួនឯង ព្រោះវាជាលក្ខខណ្ឌដែលអ្នកត្រូវ រស់នៅជាមួយអស់មួយជីវិត។ ក្នុងករណីព្យាយាមកែប្រែនូវអ្វីដែលមិនអាចទៅរួច មិនត្រឹមតែ គ្មានលទ្ធផលនោះទេ ថែមទាំងផ្តល់ឲ្យអ្នករស់នៅជាមួយសង្គ្រាមផ្លូវចិត្តទៅវិញ។ គួរចាំថា ការបញ្ឈប់អារម្មណ៍ ឬការគិតអវិជ្ជមានបានទាំងស្រុងពីផ្លូវចិត្ត ទាមទារភាពអត់ធ្មត់ និងការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

តើអ្នកមានគម្រោងទៅហាត់ប្រាណនៅក្លឹបជាលើកទី១ តែម្នាក់ឯងមែនទេ? បើសិនអ្នកមានការបារម្ភច្រើននឹងបទពិសោធន៍ថ្មីនេះ គន្លឹះខាងក្រោម គឺសម្រាប់អ្នក! នៅពេលអ្នកបានរៀបគម្រោងទៅក្លឹបហាត់ប្រាណរួចហើយ ទោះបីជាម្នាក់ឯងក៏ដោយ មានន័យថាអ្នកបានស្ថិតនៅកៀកនឹងភាពជោគជ័យទៅហើយ។ ប៉ុន្តែ នឹកឃើញដល់ភាពទើសទាល់ និងអៀនខ្មាស់នៅពេលឈានជើងចូលក្លឹបហាត់ប្រាណជាលើកទី១ ដោយមិនស្គាល់គេ មិនចេះប្រើម៉ាស៊ីន មិនដឹងធ្វើអ្វីមុន និងថែមទាំងគិតដល់ភ្នែកដែលសម្លឹងមកអ្នកយ៉ាងចម្លែក មិនបានធ្វើឲ្យអ្នករំភើបទៀតទេមែនទេ? បើដូច្នេះនេះជាអ្វីដែលគួរធ្វើដើម្បីជំនះភាពភ័យខ្លាចដែលធ្វើឲ្យអ្នកស្ត្រេស និងរារែកលែងចង់ដើរទៅរកភាពជោគជ័យលើខ្លួនឯង៖ មុនពេលទៅក្លឹបហាត់ប្រាណ 1.    រៀបចំឈុតហាត់ប្រាណ៖  ការសិក្សាផ្នែកចិត្តសាស្ត្របានបង្ហាញថា សម្លៀកបំពាក់នៅលើខ្លួនអ្នកពិតជាមានឥទ្ធិពលលើកម្រិតនៃភាពជឿជាក់ និងអាកប្បកិរិយាតបតរបស់អ្នក។ ដូចនេះ អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសសម្លៀកបំពាក់ដែលស័ក្តិសមនឹងអ្នក បរិយាកាស និងផ្តល់ផាសុកភាពគ្រប់គ្រាន់ ដោយក្នុងនោះសូមកុំភ្លេចភ្ជាប់ទៅជាមួយសម្ភារៈសំខាន់ៗដូចជា កន្សែងជូតញើស ដបទឹកសមល្មម និងឧបករណ៍ស្តាប់តន្ត្រីជាមួយកាសផងដែរ។  2.    មានផែនការហាត់ប្រាណច្បាស់លាស់៖  ផែនការ ខុសពីគោលដៅរបស់អ្នក។ អ្នកមិនអាចត្រឹមតែដឹងថាខ្លួនឯងហាត់ដើម្បីអ្វីនោះទេ តែត្រូវតែច្បាស់ថា ហាត់ដូចម្តេច? ដោយប្រើអ្វី ប៉ុន្មានដងជាដើម ឬយ៉ាងហោចណាស់ ត្រូវដឹងថាអ្នកនឹងធ្វើអ្វីមុនគេ (ដោយធ្វើការស្រាវជ្រាវខ្លះៗតាមអុីនធឺណែត ឬសួរមិត្តភក្តិ)។ ការគ្មានផែនការអាចធ្វើឲ្យអ្នកកាន់តែទើសទាល់ និងធ្វើឲ្យអ្នកបែកអារម្មណ៍នៅពេលអ្នកមិនដឹងធ្វើអ្វី ហើយចេះតែដើរសាកហាត់ម៉ាស៊ីននេះម៉ាស៊ីននោះ នាំឲ្យអ្នកជុំវិញកាន់តែចាប់អារម្មណ៍អ្នកទៅវិញ។ 3.    ដើរមើលជុំវិញក្លឹបហាត់ប្រាណ៖  ជាទូទៅ នៅមុនពេលចុះឈ្មោះហាត់ប្រាណ បុគ្គលិកនៅទីនោះតែងតែរីករាយនឹងជូនអ្នកដើរមើល និងពន្យល់ ឬផ្តល់ដំបូន្មានដល់អ្នក ដែលធ្វើឲ្យអ្នកបានស្គាល់ទីតាំង និងបន្ទប់ផ្សេងៗនៃក្លឹប ក៏ដូចជាឆ្លើយតបនឹងសំណួរផ្សេងៗរបស់អ្នកប្រសិនបើអ្នកចង់។ ដូចនេះ នៅថ្ងៃហាត់ យ៉ាងហោចណាស់អ្នកបានដឹងថាអ្នកកំពុងនៅទីណា និងគួរទៅណាបន្ទាប់ដោយមិនរារែក។  ពេលទៅដល់ក្លឹបហាត់ប្រាណ 1.    ចុះឈ្មោះក្នុងថ្នាក់ហាត់ជាក់លាក់ណាមួយ (Yoga, Aerobic, Zumba, Body step, Boot Camp, Core & Abdominal, Dance class  ជាដើម)៖ នេះជាវិធីស្រួលក្នុងការបន្សាំអ្នកទៅនឹងកន្លែងហាត់ប្រាណ ដោយអ្នកមិនចាំបាច់ត្រូវគិតច្រើនឡើយ ព្រោះគ្រូបង្វឹកប្រចាំថ្នាក់នឹងទទួលខុសត្រូវលើអ្វីដែលអ្នកគួរធ្វើ។ ទាំងនេះ ក៏ជាឱកាសដែលអ្នកអាចបង្កើតមិត្តថ្មីៗក្នុងថ្នាក់ ដែលភាគច្រើនអាចជាអ្នកថ្មីដូចអ្នកដែរ ហើយអ្នកនឹងមិនបាច់ខ្មាស់ទោះហាត់មិនទាន់ទំនង ថែមទាំងអាចមានគ្នាហាត់នៅពេលក្រោយក្រៅពីថ្នាក់ហាត់ផងដែរ។   2.    ស្វែងរកជំនួយពីបុគ្គលិក ឬគ្រូបង្វឹក៖ បើអ្នកមិនទាន់មានគ្រឹះសោះ ឬមិនមានការណែនាំពីមិត្តភក្តិ ហើយអ្នកចង់ហាត់ឲ្យបានត្រឹមត្រូវ ចំគោលដៅ បន្ថយគ្រោះថ្នាក់ដែលនាំឲ្យអ្នកខាតពេលនោះ អ្នកមិនគួរគិតច្រើនក្នុងការសុំជំនួយពីបុគ្គលិក ឬគ្រូបង្វឹកនៅក្លឹបនោះទេ។ ជាទូទៅ គ្រូបង្វឹករីករាយនឹងផ្តល់ការណែនាំដល់អ្នកនៅពេលដំបូងៗ តែប្រសិនបើអ្នកមានសមត្ថភាពក្នុងការចំណាយ និងចង់បានលទ្ធផលកាន់តែប្រសើរ អ្នកក៏អាចចំណាយលើការហ្វឹកហាត់ផ្ទាល់ខ្លួននៅពេលក្រោយផងដែរ។  3.    រកជំនួយពីសមាជិកហាត់ប្រាណនៅក្លឹប៖ តាមការចែករំលែកបទពិសោធន៍ជាច្រើន ការសុំជំនួយពីអ្នកហាត់ប្រាណចាស់ៗនៅទីនោះ គឺជាយោបល់ល្អបំផុត។ ទោះបីជាមិនមែនគ្រប់គ្នានឹងជួយអ្នក តែអ្នកនឹងភ្ញាក់ផ្អើលនៅពេលដឹងថាភាគច្រើនគេពេញចិត្តនឹងជួយអ្នក (ព្រោះគេក៏ធ្លាប់ជាអ្នកថ្មីដូចគ្នា)។ ទោះយ៉ាងណា ត្រូវចៀសវាងការទៅសួរកាត់សង្វាក់គេនៅពេលគេកំពុងហាត់ ឬនាំគេជជែកច្រើនពេក។ 4.    ដឹងពីរបៀបរបបនៅក្លឹបហាត់ប្រាណ៖  អ្នកត្រូវស្វែងយល់ពីវប្បធម៌ផ្សេងៗនៅក្លឹបហាត់ប្រាណ ទោះវាមិនបានចែងចេញជាច្បាប់ច្បាស់លាស់ក៏ដោយ ចៀសវាងការទាក់ទាញចំណាប់អារម្មណ៍ និងក្រសែភ្នែកមិនប្រក្រតីពីអ្នកហាត់ផ្សេងទៀត។ នេះជារបៀបរបបខ្លះៗ ដែលអ្នកគួរដឹង៖ -    មានទំនួលខុសត្រូវលើឧបករណ៍ដែលអ្នកប្រើហើយ៖  ត្រូវប្រាកដថាបានយកសម្ភារៈទៅទុកកន្លែងដើម និងបានសម្អាត (ញើស) ក្រោយពីប្រើ ឬហាត់ហើយ។ -    កំណត់ពេលហាត់លើសម្ភារៈ៖ មានឧបករណ៍មួយចំនួន នឹងមានអ្នករង់ចាំហាត់បន្តពីអ្នកជាច្រើន ដូចនេះ ចៀសវាងការប្រើប្រាស់វារយៈពេលយូរពេក ពិសេសពេលមានអ្នកឈរចាំនៅជិតៗនោះ។ -    ចៀសវាងនិយាយទូរស័ព្ទ៖  ប្រសិនមិនចាំបាច់អ្នកមិនគួរនិយាយទូរស័ព្ទទេនៅពេលហាត់ប្រាណ ដែលនាំឲ្យរំខានអ្នកហាត់ផ្សេងទៀត តែបើចាំបាច់ អ្នកអាចទៅនិយាយក្រៅបន្ទប់ហាត់។ គន្លឹះបន្ថែម ដើម្បីផាសុកភាពនៅថ្ងៃដំបូងនៃការហាត់នៅក្លឹប៖ -    ទៅម៉ោងដែលមិនសូវមានអ្នកហាត់ច្រើន៖ ជាទូទៅ នៅព្រឹកព្រលឹម ឬក្រោយសម្រាកអាហារថ្ងៃ ជាម៉ោងដែលមិនសូវមានអ្នកទៅហាត់នោះទេ(អ្នកអាចសួរបន្ថែមពីបុគ្គលិក) ដែលជាពេលល្អសម្រាប់ការចាប់ផ្តើមទម្លាប់នឹងកន្លែងថ្មី ឧបករណ៍ថ្មី និងសកម្មភាពថ្មីរបស់អ្នក។ -    ភ្ជាប់សម្ភារៈស្តាប់តន្ត្រី៖ បើអ្នកទៅចំពេលមមាញឹក អ្នកអាចចៀសមិនផុតពីការត្រូវរង់ចាំហាត់ម៉ាស៊ីនដែលអ្នកត្រូវហាត់នោះទេ។ អំឡុងពេលនេះ អ្នកអាចស្តាប់តន្ត្រីលេង ស្របពេលសង្កេតមើលជុំវិញបន្ថែម ចៀសវាងការអង្គុយឆ្មក់ដោយមិនដឹងធ្វើអ្វី ឬដើរទៅមកដោយមិនមានទិសដៅ។ -    ផ្តោតលើការហាត់របស់អ្នកទៅតាមផែនការ៖ នៅពេលអ្នកផ្តោតលើការសម្រេចការហាត់ជាបន្តបន្ទាប់ អ្នកនឹងមិនមានពេលបែកអារម្មណ៍ និងប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃឡើយ ហើយអ្នកប្រហែលមិនចាប់អារម្មណ៍ផងថា អ្នកហាត់ជិតអ្នកកំពុងធ្វើអ្វី ឬអ្នកណាមើលអ្នកឡើយ។ -    កុំរំពឹងទុកខ្ពស់៖ ការហាត់លើកដំបូងអាចមិនសម្រេចតាមផែនការទាំងស្រុង អ្នកអាចបង្កើតកំហុសខ្លះៗឈឺចាប់ខ្លះ និងមានអារម្មណ៍មិនទាន់ស្រណុកចិត្ត តែត្រូវចាំថាអ្នកណាក៏មានថ្ងៃដំបូងដែរ ហើយគោលដៅរបស់អ្នកនៅពេលនេះ គឺអ្នកនឹងត្រឡប់មកហាត់វិញនៅថ្ងៃបន្ទាប់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ វេទិកាចែករំលែកមួយស្តីអំពី “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជនគួរចូលរួមយ៉ាងណាខ្លះដើម្បីកាត់បន្ថយលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស?” ត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀបចំដោយក្រុមការងារហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil ក៏ដូចជាគាំទ្រផងដែរដោយកាដាវ គ្លីនិកសើស្បែក និងឡេសឺរ មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រ ឃែរ ព្រមទាំងមន្ទីរសម្រាកព្យាបាល និងសម្ភពលុច្ស។ វេទិកាចែករំលែកនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗគឺ ទី១ ទាក់ទងនឹងការពិភាក្សាលើបញ្ហាដែលកំពុងជួបប្រទះ និងដំណោះស្រាយនៃលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស និងទី២ ទាក់ទងនឹងការចែករំលែកលើគន្លឹះដែលម្ចាស់មន្ទីរពេទ្យ គ្លីនិក បន្ទប់ពិគ្រោះជំងឺ និងអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលគួរធ្វើដើម្បីពង្រឹងសេវាកម្ម ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកជំងឺ។  គួរបញ្ជាក់ថា វេទិការយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៣ រូបគឺ លោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលលោកស្រីជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជានាយិកានៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រ ឃែរ និង លោកស្រីសាស្ត្រាចារ្យ ឯក ម៉េងលី អតីតប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតដែលបច្ចុប្បន្ន លោកស្រីជាស្ថាបនិកនៃមន្ទីរសម្ភពលុច្ស និងមន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ ព្រមទាំងជាស្ថាបនិកនៃមន្ទីរពេទ្យអឃីតកោះពេជ្រ  និងមានផងដែរនូវវត្តមានរបស់ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ដែលលោកជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាស្ថាបនិកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរ។ វេទិកាទាំងមូលក៏ទទួលបានកិត្តិយសចូលរួមពីសំណាក់លោក លោកស្រីវេជ្ជបណ្ឌិត និងទន្តបណ្ឌិតដែលជាសមាជិកនៃសហគមន៍ហេលស៍ថាមប្រូ ព្រមទាំងសិស្សនិស្សិតផ្នែកសុខាភិបាលប្រមាណជាង ៥០នាក់ផងដែរ។  សកម្មភាពពេញមួយព្រឹកនេះត្រូវបានចែកចេញជាបីវគ្គគឺ វគ្គទីមួយ៖ ជាវេទិកាចែករំលែកបទពិសោធន៍ផ្ទាល់ពីសំណាក់វាគ្មិនកិត្តិយសទាំងបីរូប ទាក់ទងនឹង “វិធីសាស្ត្រក្នុងការទំនាក់ទំនងល្អរវាងគ្រូពេទ្យ ជាមួយអ្នកជំងឺ” “វិធីសាស្ត្រក្នុងការគ្រប់គ្រង និងការពង្រឹងសក្តានុពលក្រុមការងារក្នុងស្ថាប័ន” និង“វិធីសាស្រ្តក្នុងការកំណត់តម្លៃសេវាកម្ម ឲ្យចំអតិថិជនគោលដៅ”។  វគ្គទីពីរ ជាវេទិកាជជែកពិភាក្សា រវាងវាគ្មិនកិត្តិយស និងអ្នកចូលរួម លើប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជនគួរចូលរួមយ៉ាងណាខ្លះដើម្បីកាត់បន្ថយលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស?” ។ វគ្គទីបី ជាវេទិកាពិភាក្សាជាក្រុមដោយមានការចូលរួមយ៉ាងផុសផុល ពីសំណាក់អ្នកចូលរួម និងចូលរួមដឹកនាំពីវាគ្មិនកិត្តយសផងដែរ។  ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវេទិកាទាំងមូលបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។  ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីហ្វេសប៊ុកចំនួន ៨ គឺ ១- បុរសពិត  ២- ក្រុមចេក  ៣- Srey DaDa Online Shop  ៤- Mrr Ly  ៥- Oun Tii Ta OnlineShop  ៦-Bopha 1 Online Shop  ៧- Srey Thom Online Shop   ៨- Vannak Love កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE មួយកំប៉ុងមាន ៩០គ្រាប់នាំចូលពីប្រទេសបារាំង។ ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE នេះពុំបានត្រួតពិនិត្យគុណភាពពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ។ គណនីហ្វេសប៊ុកខាងលើបានផ្សព្វផ្សាយគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវនូវឱសថបំប៉នសុខភាព FORCE ដោយភូតកុហក និងបំផ្លើសហួសពីការពិតមានដូចជា ធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន រឹងជាងមុន ជំនួយដល់ក្រលៀន ក្រពេញប្រូស្តាត អាចជួយព្យាបាលអ្នកដែលមានបញ្ហាទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម និងបញ្ហាក្រពះ ។ល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរស ជាពិសេសឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ដោយផលិតផលនេះពុំបានត្រួតពិនិត្យគុណភាពគ្មានចុះបញ្ជិកា គ្មានក្រុមហ៊ុនស្របច្បាប់ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ខុសច្បាប់នេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកណាឬជនណា ដែលបាន ឬបន្ត នាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះFORCE នេះស្របតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថបំប៉នសុខភាពផ្លូវភេទបុរសឈ្មោះ FORCE គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង។  សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧ ០៩៥ ៣៥៩ ៣៩៩ ០១២ ៩៨៣ ៣៣៤ ០១២ ៨៩២ ០២២ ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

គេចាត់ទុកការរលូតកូនញឹកញាប់ គឺគភ៌មិនមានការលូតលាស់ក្រោមអាយុ ២០សប្តាហ៍ លើសពី៣ដងឡើង។ គេប្រទះឃើញស្ថានភាពនេះ កើតមានលើស្ត្រី ៣ទៅ ៥នាក់ក្នុងចំណោមស្ត្រី១០០នាក់។ ស្ត្រីដែលមានអាយុក្រោម ៣០ឆ្នាំ នឹងអាចជួបការរលូតកូនម្តងទៀត ២៥ ភាគរយ។ ចំពោះស្ត្រីដែលមានអាយុលើសពី៤០ឆ្នាំ នឹងអាចជួបការរលូតកូនម្តងទៀត ចន្លោះ ៥០ ទៅ ៦០ភាគរយ។ គ្រប់ស្ត្រីដែលជួបនឹងការរលូតកូនញឹកញាប់មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រធម្មតាដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅនឹងមូលហេតុនៃការរលូតកូន។ មូលហេតុនៃការរលូតកូនមួយភាគធំ មិនមានភាពច្បាស់លាស់ទេ។ មូលហេតុផ្សេងទៀតអាចមកពី៖ •    កត្តាហ្សែន គេសង្កេតឃើញ ៥០ភាគរយនៃការរលូតកូនគឺបណ្តាលមកពីកត្តាហ្សែន ពិសេសស្ត្រីអាយុកាន់តែច្រើន អត្រាជួបនឹងភាពខុសប្រក្រតីលើកូនកាន់តែកើន អត្រានៃការរលូតក៏កាន់តែខ្ពស់ដែរ។ •    កត្តាប្រព័ន្ធភាពសុំា ដូចជាជំងឺ Thrombophilia ដែលជាជំងឺតំណពូជ ហើយរ៉ាប់រងចន្លោះ ១២ទៅ១៥ ភាគរយនៃការរលូតកូនញឹកញាប់។ ជំងឺអង់ទីករប្រឆាំងនឹងគ្រាប់ឈាម ពិសេសលើស្ត្រីមានក្រុមឈាមប្រភេទដក ក៏ជាមូលហេតុនៃការរលូតកូនញឹកញាប់ដែរ។ •    កត្តាស្បូនខុសប្រក្រតី ដូចជាករណីមានដុំ ស្បូនទីតាំងក្នុងស្រទាប់រដូវ ឬស្បូនមានសន្ទះខណ្ឌជាពីរ ភាពស្អិតក្នុងស្បូន ឬការអន់ខ្សោយនៃមាត់ស្បូន។ •    កត្តាអ័រម៉ូន កង្វះខាតអ័រម៉ូន Progesteone ការលើសនូវជាតិស្ករក្នុងឈាម ការលើសឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអុីត ជាមូលហេតុដែលឲ្យមានការរលូតកូនញឹកញាប់។ ការឆែកសុខភាពក្នុងករណីរលូតកូនញឹកញាប់ ជាធម្មតាស្ត្រីតែងតែមានអារម្មណ៍ភ័យនៅពេលដែលចាប់ផ្តើមមានផ្ទៃពោះថ្មី បន្ទាប់ពីមានប្រវត្តិរលូត។ ជាទូទៅការសិក្សាបញ្ជាក់ថា ការមានប្រវត្តិរលូត១ ឬ២ដង ស្ត្រីនៅតែអាចមានអត្រាមានបុត្រដូចស្ត្រីមិនធ្លាប់មានប្រវត្តិរលូតកូន។ តែចំពោះស្ត្រី ដែលមានប្រវត្តិរលូតលើសពីបីដងឡើង អាចត្រូវឆែករកមើលមូលហេតុមួយចំនួន ដើម្បីត្រៀមខ្លួនទទួលគភ៌សាជាថ្មីទៀត។ ការឆែកសុខភាពរួមមាន៖ •    ការពិនិត្យរោគស្រ្តី និងអេកូស្បូន ដើម្បីមើលនូវភាពខុសប្រក្រតីនៃស្បូន ឬមាត់ស្បូន •    ការឆ្លុះក្នុងស្បូន ដើម្បីមើលឲ្យកាន់តែច្បាស់នូវភាពខុសប្រក្រតីក្នុងស្រទាប់រដូវ ដូចជា ដុំស្បូន ដែលពិបាកមើលតាមអេកូ ឬស្អិតស្រទាប់រដូវជាដើម។ •    ការច្រិបស្រទាប់រដូវយកទៅវិភាគ ដើម្បីរកមើលនូវភាពខុសប្រក្រតីនៃស្រទាប់រដូវ •    តេស្តឈាមមួយចំនួន ដូចជាតេស្តឈាម រកកម្រិតអ័រម៉ូន Progesterone ដែលទាក់ទងជាមួយគុណភាពនៃមេជីវិតស្ត្រី និងជួយស្រទាប់រដូវឲ្យចិញ្ចឹមកូនបានល្អក្នុងពេលពពោះ។ ការលើស ឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ក៏ជះឥទ្ធិពលលើការលូតលាស់កូនដែរ។ ការលើសជាតិស្ករ ក៏ជាកត្តាឲ្យមានការរលូតកូនញឹកញាប់ដែរ។ ការឆែកមើលតេស្តឈាមរកមើលជំងឺតំណពូជ ទាំងស្ត្រី និងបុរស អាចឲ្យយើងដឹងពីមូលហេតុ និងការរៀបចំខ្លួនត្រៀមយកកូនសាជាថ្មី។ ជាតិវីតាមីនដេ និងការមើលទាក់ទងនឹងប្រព័ន្ធភាពសុំា បើក្នុងករណីមានបញ្ហាយើងអាចធ្វើការការពារបានមុន។ គេសង្កេតឃើញលទ្ធផលនៃការធ្វើតេស្តទាំងនេះនឹងជួបតែ ៥០ ភាគរយដែលមានបញ្ហា។ ចំពោះស្ត្រីដែលតេស្តឈាមឃើញមិនមានបញ្ហា គេថាស្ត្រីនោះមានការរលូតកូនដោយឯកឯង មិនមាន មូលហេតុច្បាស់លាស់ទេ។ មន្ទីរសម្រាកព្យាបាល និងសម្ភពមាតា មានទទួលនូវការឆែកសុខភាព និងពិគ្រោះ ក្នុងករណីមាន ការរលូតកូនញឹកញាប់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥ អ៊ីម៉ែល៖  doctor_tysovannaroth@yahoo.com បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មិនត្រឹមតែពិបាកក្នុងការដកដង្ហើមតាមរយៈរន្ធច្រមុះតែម្ខាងទេ អ្នកជំងឺម្នាក់ក៏បានរាយការណ៍អំពីភាពញឹកញាប់នៃការហូរឈាមច្រមុះដែលចោទជាបញ្ហាចំពោះការរស់នៅរបស់គាត់ផ្ទាល់ផងដែរ។ រោគសញ្ញាទាំងនេះ ត្រូវបានសង្ស័យថាជាសញ្ញាព្រមាននៃជំងឺទាក់ទងនឹងសរីរាង្គច្រមុះ ដែលអ្នកជំងឺគួរទទួលការព្យាបាលឲ្យបានឆាប់បំផុត។ សំណួរ៖ ខ្ញុំបាទអាយុ២៥ឆ្នាំ ខ្ញុំដកដង្ហើមបានតែមួយចំហៀងច្រមុះ និងឧស្សាហ៍ចេញឈាមតាមច្រមុះផងដែរ។ តើបញ្ហានេះបណ្តាលមកពីបញ្ហាអ្វី និងអាចបង្កជាបញ្ហាលំបាកអ្វីដែរឬទេ? តើអាចព្យាបាលបានទេ? ចម្លើយ៖ តាមការរៀបរាប់បញ្ជាក់ថា  ប្អូនប្រុសអាចមានបញ្ហា វៀចឆ្អឹងច្រមុះងាកមកម្ខាង ឬអាចមានដុំសាច់នៅក្នុងរន្ធច្រមុះម្ខាង។ បញ្ហាទាំងអស់នេះអាចព្យាបាលបាន តែតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ជាមួយនឹងការព្យាបាលត្រឹមត្រូវឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និងក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

អង្ករ ឬបាយតែងមានវត្តមានលើតុអាហារចម្បងស្ទើរតែជារៀងរាល់ថ្ងៃទៅហើយ សម្រាប់ប្រជាជនអាស៊ីយើង ក៏ប៉ុន្តែតើអ្នកបានដឹងឬទេពីអត្ថប្រយោជន៍របស់វា? ហើយអ្នកប្រាកដឬទេ  ថាអ្នកបរិភោគប្រភេទអង្ករដែលស័ក្តិសមនឹងអ្នក? សារធាតុចិញ្ចឹមសំខាន់ៗដែលមានផ្ទុកក្នុងគ្រាប់អង្ករ អង្ករ គឺជាប្រភពដ៏សំខាន់នៃកាបូអីុដ្រាតដែលនឹងបំលែងទៅជាថាមពលសម្រាប់ឲ្យរាងកាយរបស់យើងប្រើប្រាស់។ ក្រៅពីនោះ អង្ករក៏មានផ្ទុកដោយ ប្រូតេអីុន សារធាតុខ្លាញ់ រ៉ែ និងវីតាមីនសំខាន់ៗមួយចំនួន (ជាតិដែក ម៉ាញ៉េស្យូម វីតាមីនបេ ជាដើម) ព្រមទាំងជាតិសរសៃផងដែរ ជាមួយនឹងបរិមាណប្រែប្រួលទៅតាមប្រភេទអង្ករ។ ប្រភេទនៃអង្ករ អង្ករមានច្រើនប្រភេទដែលជាទូទៅត្រូវបានជ្រើសរើសយកមកបរិភោគទៅតាមស្ថានភាព និងសុខភាពរបស់បុគ្គល។ អង្ករអាចត្រូវបានបែងចែកបានតាមរយៈរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមនោះ តាមរយៈដំណើរការផលិត យើងអាចសង្កេតឃើញអង្ករ ២ប្រភេទសំខាន់ៗគឺ អង្ករពណ៌ ស និងអង្ករពណ៌ក្រម៉ៅ។ ១. អង្ករ ស ឬបាយស អង្ករពណ៌ ស មានប្រភពពីអង្ករក្រម៉ៅដែលត្រូវបានឆ្លងកាត់ដំណើរការខាត់ចេញនូវសម្បកក៏ដូចជាស្រទាប់ខាងក្រៅ និងសម្អាតបាក់តេរីចេញ។  ការឆ្លងកាត់នូវដំណើរការនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយពេលវេលាចម្អិន បង្កើនរសជាតិ និងសុពលភាពក្នុងការរក្សាទុក តែស្របពេលជាមួយគ្នាវាក៏ធ្វើឲ្យអង្ករបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផងដែរ រួមទាំងជាតិកាកសរសៃ វីតាមីន និងរ៉ែ។ ម្យ៉ាងទៀត អង្ករស ងាយជ្រាបចូលក្នុងប្រព័ន្ធឈាម ជាហេតុធ្វើឲ្យវាមានសន្ទស្សន៍ជាតិស្ករ (GI) ខ្ពស់ជាងអង្ករក្រម៉ៅ ដែលជាលទ្ធផលអាចប៉ះពាល់សុខភាពប្រសិនបរិភោគច្រើន ពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា អង្ករពណ៌សនៅតែត្រូវបានពេញនិយមសម្រាប់ការបរិភោគប្រចាំថ្ងៃ ដោយសារវាផ្តល់រសជាតិឆ្ងាញ់ និងស័ក្តិសមនឹងការបរិភោគជាមួយមុខអាហារដទៃទៀត។ ដូចនេះ ការយកចិត្តទុកដាក់លើបរិមាណក្នុងការបរិភោគអង្ករប្រភេទនេះ គឺជារឿងដែលមិនអាចមើលរំលងបានដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ។ ២. អង្ករពណ៌ក្រម៉ៅ អង្ករពណ៌ក្រម៉ៅ ត្រូវបានសង្កេតឃើញពណ៌ប្រែប្រួលពី ពណ៌ត្នោត (អង្ករសម្រូប) ពណ៌ក្រហម និងពណ៌ខ្មៅជាដើម។ អង្ករប្រភេទនេះត្រូវបានចាត់ទុកថាជាធញ្ញជាតិពេញលេញ (Whole grain) ដោយសារវាមិនត្រូវបានឆ្លងកាត់ដំណើរការកែច្នៃណាមួយក្រៅពីការយកសម្បកអង្កាមចេញឡើយ ដែលលក្ខណៈសម្បត្តិនេះធ្វើឲ្យវាសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើនជាងអង្ករ ស ផងដែរ។ ជាមួយនឹងសន្ទស្សន៍ជាតិស្ករទាប ដែលធ្វើឲ្យវាអាចព្រលែងកាបូអីុដ្រាតក្នុងអត្រាធម្យម និងភាពសម្បូរដោយជាតិសរសៃ អង្ករក្រម៉ៅត្រូវបានដឹងថាអាចជួយឲ្យអ្នកបរិភោគរក្សាភាពឆ្អែតបានយូរ រំលាយអាហារបានលឿន និងបញ្ចុះជាតិខ្លាញ់ ដែលមានអត្ថ-ប្រយោជន៍ចំពោះការរក្សាទម្ងន់   គ្រប់គ្រងជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺសរសៃឈាមបេះដូងផងដែរ។   ដោយឡែក ករណីអង្ករនេះត្រូវបានដាំដុះនៅតំបន់ដែលមានជាតិពុលច្រើនដូចជា នៅជិតរោងចក្រឧស្សាហកម្ម អណ្តូងរ៉ែ កាកសំណល់ឧស្ម័នពីយានជំនិះ ព្រមទាំងការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតជាដើម អាចបន្សល់នូវជាតិលោហៈធ្ងន់ដូចជា ក្រូមីញ៉ូម អាសេនិចសំណ បារ៉ត ជាដើម ដែលតោងជាប់ជាពិសេសលើស្រទាប់ពណ៌ក្រហមត្នោតនៃអង្ករ។ ក្រៅពីនោះ អង្ករសម្រូប ក៏មានផ្ទុកដោយអាស៊ីតហ្វីទិក (Phytic acid) ដែលអាចប៉ះពាល់ដល់ការស្រូបចូលនៃជាតិដែក និងស័ង្កសី ពីចំណីអាហារចូលទៅក្នុងរាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ករណីខ្វះអាហារូបត្ថម្ភ កម្រត្រូវបានសង្កេតឃើញណាស់ ប្រសិនយើងបរិភោគអាហារដែលមានតុល្យភាពអមជាមួយ។ ម្យ៉ាងទៀត ការឆ្លងកាត់នូវដំណើរការកែច្នៃមួយចំនួនដូចជាការផ្អាប់ការបណ្តុះ ស្រោច ឬលាងជម្រះទឹក អាចកាត់បន្ថយបរិមាណនៃសារធាតុអាស៊ីតខាងលើបាន និងជំរុញការស្រូបយកសារធាតុចិញ្ចឹមដោយរាងកាយ។   ដោយឡែក ការស្រាវជ្រាវបានបង្ហាញផងដែរថា អាស៊ីតហ្វីទិក មិនគួរត្រូវបានចៀសវាងទាំងស្រុងនោះទេ    ពីព្រោះវាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសកម្មភាពការពារនឹងជំងឺមហារីក និងក្រួសក្នុងតម្រងនោម។ សរុបមក ការបរិភោគលាយបញ្ចូលគ្នា ឬឆ្លាស់គ្នារវាងអង្ករទាំងពីរប្រភេទត្រូវបានណែនាំ ជាជាងការជ្រើសរើសការបរិភោគអង្ករតែម្យ៉ាង។ ចំណែកអ្នកជំងឺ ឬអ្នកដែលស្ថិតក្នុងស្ថានភាពជាក់លាក់ណាមួយ ដែលតម្រូវឲ្យកំណត់ប្រភេទ និងបរិមាណត្រឹមត្រូវនៃអង្ករ ឬបាយសម្រាប់បរិភោគ គួរតែពិគ្រោះជាមួយអ្នកជំនាញសុខភាព និងធ្វើតាមការណែនាំដើម្បីទទួលបានលទ្ធផលល្អ ឬគ្រប់គ្រងជំងឺបានត្រឹមត្រូវ។ អ្នកត្រូវប្រាកដទៀតថាបានចៀសវាងបរិភោគអង្ករដែលបានដាំដុះនៅជិតកន្លែងដែលមានជាតិពុលដោយកត្តាផ្សេងៗ ដើម្បីចៀសផុតពីផលវិបាកណាមួយទៅថ្ងៃក្រោយ។   ក្រៅពីការជ្រើសរើសប្រភេទអង្ករការប្រកាន់អាហារចម្រុះប្រកបដោយតុល្យភាពគឺជារឿងសំខាន់  ដើម្បីកាត់បន្ថយការប៉ះពាល់នឹងសារជាតិមិនល្អដដែលៗ ឬកង្វះសារធាតុចិញ្ចឹម។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Fiber គឺជាប្រភេទកាបូអ៊ីដ្រាតដែលខ្លួនមនុស្សមិនអាចរំលាយបាន។ បើទោះជាកាបូអ៊ីដ្រាតភាគច្រើនត្រូវបានបំបែកទៅជាម៉ូលេគុលស្ករក៏ដោយ ក៏ Fiber មិនត្រូវបានបំបែកដែរ ហើយវាបែរជាឆ្លងកាត់បំពង់រំលាយអាហាររបស់ខ្លួនមនុស្សដោយមិនមានការរំលាយអ្វីទាំងអស់។ Fiber ជួយសម្រួលដល់ការប្រើប្រាស់ស្ករក្នុងខ្លួន ដោយមិនឲ្យឃ្លាន និងរក្សាកំហាប់ស្ករក្នុងឈាម។ កុមារ  និងមនុស្សពេញវ័យ ត្រូវការ Fiber យ៉ាងតិច២០ ទៅ៣០ក្រាមក្នុងមួយថ្ងៃ។ អាហារដែលសម្បូរទៅដោយ Fiber ច្រើនជាងគេ គឺផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងសណ្តែក។ ទម្រង់២ផ្សេងគ្នារបស់Fiber •    Fiber ដែលរលាយក្នុងទឹក អាចជួយបន្ថយកម្រិតគ្លុយកូស និងកូឡេស្តេរ៉ុលក្នុងឈាម។ អាហារដែលមាន Fiber រលាយក្នុងទឹករួមមាន ម្សៅធញ្ញជាតិអូត គ្រាប់ផ្លែឈើ សណ្តែក ផ្លែប៉ោមនិងប្លូប៊ឺរី។ •    Fiber  មិនរលាយក្នុងទឹក អាចជួយឲ្យអាហារឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ដោយជំរុញឲ្យមានការបត់ជើងទៀងទាត់ និងការពារការទល់លាមក។ អាហារដែលមាន Fiber មិនរលាយក្នុងទឹក រួមមានស្រូវសាលី នំប៉័ងធ្វើពីស្រូវសាលី ស្រូវសម្រូប គ្រាប់សណ្តែក ការ៉ុត ត្រសក់ និងប៉េងប៉ោះ។ ប្រភពដែលសម្បូរដោយ Fiber គឺផ្លែឈើស្រស់ បន្លែ គ្រាប់សណ្តែក និងគ្រាប់ផ្លែឈើ។     វិធីសាស្រ្តក្នុងការបង្កើន Fiber ក្នុងខ្លួន •    បរិភោគផ្លែឈើមិនមែនទឹកផ្លែឈើ •    ជំនួសបាយស នំប៉័ង និងផាស្តាដោយបាយសម្រូប និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិទាំងមូល •    សម្រាប់អាហារសម្រន់ គួរហូបបន្លែឆៅជំនួសដំឡូងចៀនឬបំពង នំស្រួយឬសូកូឡា •    គួរប្រើសណ្តែកជំនួសសាច់ក្នុងអាហាររបស់អ្នកឲ្យបាន២ទៅ៣ដងក្នុងមួយសប្តាហ៍។     Fiber និងជំងឺ Fiber អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួន ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមជំងឺដក់ថង់នៅពោះវៀនធំ និងបញ្ហាទល់លាមក។ បើទោះបីជាមានអត្ថប្រយោជន៍យ៉ាងនេះក៏ដោយក៏ Fiber នៅតែអាចបង្កឲ្យមានផលប៉ះពាល់តិចតួចដល់ពោះវៀនធំដែរ។     ជំងឺបេះដូង បរិមាណច្រើននៃ Fiber នៅក្នុងអាហារ អាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដោយផ្អែកតាមការសិក្សាមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សអស់រយៈពេលច្រើនឆ្នាំ។ ក្នុងការសិក្សាមួយរបស់ Harvard លើអ្នកវិជ្ជាជីវៈសុខាភិបាលភេទប្រុសជាង៤ម៉ឺននាក់ បានឲ្យដឹងថា ការបរិភោគអាហារដែលមានបរិមាណ Fiber ខ្ពស់ អាចធ្វើឲ្យកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងដល់ទៅ៤០%។ ការសិក្សាមួយទៀតដែលធ្វើលើគិលានុប្បដ្ឋាយិកា ក៏ផ្តល់នូវលទ្ធផលស្រដៀងគ្នាផងដែរ។ ការបរិភោគ Fiber ច្រើន ក៏មានទំនាក់ទំនងក្នុងការបន្ថយហានិភ័យនៃការកើតជំងឺ Metabolic syndrome ដែលជាការរួមគ្នានៃកត្តាជំរុញឲ្យមានកើតជំងឺបេះដូង និងទឹកនោមផ្អែម។ កត្តាទាំងនោះរួមមានជំងឺលើសសម្ពាធឈាម ការឡើងខ្ពស់នៃកម្រិតអាំងស៊ុយលីនក្នុងឈាម ការលើសទម្ងន់ កម្រិតជាតិខ្លាញ់ខ្ពស់ក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ក្នុងឈាមទាប។ ការសិក្សាមួយចំនួន បានណែនាំថា ការបរិភោគ Fiber ច្រើន អាចផ្តល់នូវអត្ថប្រយោជន៍ការពារពីជំងឺទាំងនេះ។     ជំងឺទឹកនោមផ្អែមប្រភេទ២ របបអាហារដែលមាន Fiber ទាបដែលធ្វើឲ្យមានបរិមាណស្ករក្នុងឈាមកើនឡើង អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សារបស់ Harvard ទាំងពីរ បានរកឃើញថារបបអាហារបែបនេះ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមដល់ទៅ២ដង បើធៀបទៅនឹងរបបអាហារដែលមាន Fiber ច្រើន និងបរិមាណទាបនៃអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់។អាហារដែលមាន Fiber ច្រើននឹងបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាផ្សេងទៀត ដូចជាការសិក្សាទៅលើសុខភាពរបស់ស្ត្រីស្បែកខ្មៅ និងការអង្កេតទៅលើការរំពឹងទុកនៃជំងឺមហារីក និងអាហារូបត្ថម្ភនៅអឺរ៉ុបក្នុងទីក្រុងផតដាំ ប្រទេសអាល្លឺម៉ង់ បង្ហាញនូវលទ្ធផលស្រដៀងគ្នាផងដែរ។     ជំងឺលានថង់អាហារតូចៗពីពោះវៀនធំ ជំងឺរលាកថង់តូចៗដែលលានចេញពីពោះវៀនធំជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សារយៈពេលវែងលើអ្នកវិជ្ជាជីវៈសុខាភិបាលភេទប្រុស របបអាហារដែលសម្បូរ Fiber ជាពិសេស Fiber ដែលរលាយក្នុងទឹក មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យដល់ទៅ៤០% នៃការកើតជំងឺលានថង់អាហារពីពោះវៀនធំ។     Fiber និងជំងឺទល់លាមក ជំងឺទល់លាមក គឺជាបញ្ហាដែលកើតញឹកញាប់លើប្រព័ន្ធរំលាយអាហារ ហើយការបរិភោគ Fiberទំនងអាចដោះស្រាយ និងការពារបញ្ហាទល់លាមក។ Fiber នៅក្នុងស្រូវសាលី ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពជាង Fiber នៅក្នុងផ្លែឈើ និងបន្លែ។ អ្នកជំនាញបានណែនាំឲ្យបង្កើនបរិមាណ Fiber នៅក្នុងអាហារបន្តិចម្តងៗ ជាជាងបង្កើនច្រើនភ្លាមៗ ម្យ៉ាងទៀត ដោយសារ Fiber នឹងធ្វើការស្រូបជាតិទឹក នោះការផឹកទឹកក៏ត្រូវធ្វើការបង្កើនផងដែរ។    មហារីកពោះវៀនធំ ការសិក្សាជាច្រើន បានបរាជ័យទៅលើការបញ្ជាក់ពីទំនាក់ទំនងរវាង Fiber និងមហារីកពោះវៀនធំ។ការសិក្សារបស់ Harvard ដែលធ្វើទៅលើគិលានុដ្ឋាកភេទស្រីជាង៨ម៉ឺននាក់អស់រយៈពេល១៦ឆ្នាំបានរកឃើញថា របបអាហារដែលមាន Fiber មិនមានទាក់ទងនឹងការបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ឬការដុះដុំសាច់ក្នុងពោះវៀនធំដែលជាដើមហេតុ នៃជំងឺមហារីកពោះវៀនធំទេ។     មហារីកសុដន់ ការសិក្សាធំមួយនៅឆ្នាំ២០១៦ បានធ្វើឲ្យអ្នកស្រាវជ្រាវរបស់សាលា Harvard T.H. Chan School of Public Health រកឃើញថា ការបរិភោគ Fiber ក្នុងបរិមាណច្រើនអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីសុដន់ ដោយបានធ្វើការណែនាំថាការបរិភោគ Fiber ក្នុងវ័យជំទង់ និងពេលចាប់ផ្តើមពេញវ័យ ពិតជាមានសារសំខាន់ណាស់។ ស្ត្រីដែលបរិភោគអាហារសម្បូរទៅដោយ Fiber ក្នុងវ័យជំទង់ និងពេលពេញវ័យដំបូង ដូចជាបន្លែ និងផ្លែឈើ អាចកាត់បន្ថយហានិភ័យបណ្តាលឲ្យកើតជំងឺមហារីកសុដន់ក្នុងកម្រិតគួរឲ្យចាប់អារម្មណ៍មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារមិនសូវសម្បូរ Fiber។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូជម្រាបជូនដលសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖  យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីចំនួនបីឈ្មោះ   ១-White Skin House ២-White Skin House II   ៣-Gluta White Skin House បានកំពុងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ  គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ហើយគណនីខាងលើនេះបានផ្សព្វផ្សាយអួតអាង បំផ្លើសហួសពីការពិត ដូចជាជួយបង្រួមសាច់ដុំទ្វារមាសឲ្យតឹងណែន បណ្តឹងដើមទ្រូងឲ្យមូលក្លំស្អាត ជាដើម។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាពឬឈានដល់ការបាត់បង់អាយុជីវិត (ស្លាប់ដោយសារការហូរឈាមតាមទ្វារមាស ឬកើតមហារីកសុដន់)  របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសង្ឃឹមថាសាធារណជនទាំងអស់ឈប់ប្រើប្រាស់ឈប់ជឿតាមការឃោសនាអកុសលបោកប្រាស់ភូតកុហក បំផ្លើសពីការពិតបែបអនាធិបតេយ្យ និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋដទៃឈប់ទិញ ឬប្រើប្រាស់ផលិតផលទាំងនេះតាមរយៈគណនីខាងលើនេះ។ ម្ចាស់គណនីឈ្មោះ White Skin House, White Skin House II និង Gluta White Skin House ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលបំប៉នសុខភាព  ឬឱសថបំប៉នសុខភាព  និងគ្រឿងសម្អាងជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ White Skin House, White Skin House II និង Gluta White Skin House ដែលនាំចូល លក់ ឬចែកចាយ និងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាតខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលរបស់គណនីខាងលើនេះសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋាន  ឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

រាកជាជំងឺដែលត្រូវបានជួបញឹកញាប់បំផុត ស្តែងឡើងដោយអ្នកជំងឺបន្ទោបង់ច្រើនលើសពីធម្មតា ឬចាប់ពី៣ដងក្នុងមួយថ្ងៃក្នុងនោះការរាកដោយសារប៉ារ៉ាស៊ីតគឺជាមូលហេតុចម្បងទីមួយដែលជួបញឹកញាប់។ ជាក់ស្តែង ប្រភេទប៉ារ៉ាស៊ីតដែលអាចបង្កឲ្យរាកមានពីរក្រុមធំៗ៖ •    Protozoa ដែលមានដូចជា អាមីប (Emtamoeba histolytica) និងGiardia lamblia •    ពពួកព្រូនដូចជា Trichuris trichiura, Strongyloïdes, Schistosoma mekongi, Ascaris និងTeania ជាដើម។ មូលហេតុនៃការរាកដោយប៉ារ៉ាស៊ីត រាកដោយប៉ារ៉ាស៊ីត មានការប្រឈមខ្ពស់ចំពោះបុគ្គល ខ្វះការយល់ដឹងពីអនាម័យ ការបរិភោគអាហារ ឬបន្លែឆៅ មិនបានលាងសម្អាត ឬអាហារចម្អិនមិន បានត្រឹមត្រូវ និងការរស់នៅជាមួយសត្វចញ្ចឹមដែល មានផ្ទុកនូវគីសរបស់ប៉ារ៉ាស៊ីត។ អ្នកជំងឺរាកដោយសារប៉ារ៉ាស៊ីតអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបើប្រៀបធៀបជាមួយនឹងមូលហេតុនៃការបង្កឲ្យរាកផ្សេងទៀត ដោយសារពពួកប៉ារ៉ាស៊ីតអាចធ្វើឲ្យខូចដល់ភ្នាសរបស់ពោះវៀនតូច និងពោះវៀនធំ។ រោគសញ្ញា និងយន្តការនៃជំងឺ ភាគច្រើនរោគសញ្ញាស្តែងចេញពីការរាកដោយប៉ារ៉ាស៊ីតមិនមានភាពខុសគ្នាជាមួយនឹងការរាកដោយវីរុស ឬមេរោគផ្សេងៗនោះទេ ដែលរួមមាន លាមកមានលាយសម្បោរ ឬឈាម រាកសុទ្ធតែទឹក ក្តៅខ្លួន ហើមពោះ ស្រកទម្ងន់។ នៅពេលអ្នកជំងឺបរិភោគចំណីអាហារដែលប្រឡាក់ទៅដោយគីស ពងព្រូន ឬប៉ារ៉ាស៊ីត នោះគីស ពងព្រូន និងប៉ារ៉ាស៊ីតមានសកម្មភាពផ្ទាល់ ឬប្រយោល​ ដោយសារការបញ្ចេញសារធាតុពុលទៅលើភ្នាសពោះវៀន ហើយបណ្តាលឲ្យរាករូស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យមានរបួសនៅជញ្ជាំង ពោះវៀន ជាហេតុបង្កទៅជាការរាកមានលាយ សម្បោរ ឬលាយឈាម។ ការធ្វើរោគវិនិច្ឆ័យចាំបាច់ ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃការរាកបង្កដោយប៉ារ៉ាស៊ីត ពឹងផ្អែកទៅលើរោគសញ្ញា ឬសញ្ញាគ្លីនិក ដែលអ្នកជំងឺបានរៀបរាប់ខាងលើ។ ទោះជាយ៉ាង ណាក៏ដោយ អ្នកជំងឺក៏អាចតម្រូវឲ្យធ្វើតេស្តឈាម ឬពិនិត្យលាមក រកមើលគីសរបស់ប៉ារ៉ាស៊ីត ឬប៉ារ៉ាស៊ីតដើម្បីដឹងពីប្រភេទប៉ារ៉ាស៊ីតនោះឲ្យបាន ច្បាស់លាស់។ ក្នុងករណីចាំបាច់ផ្សេងទៀតដែល ការពិនិត្យខាងលើមិនអាចវាយតម្លៃបាន អ្នកជំងឺអាចឈានទៅដល់ការឆ្លុះពោះវៀនដើម្បីរកមូលហេតុ។ ការព្យាបាលរាកដោយប៉ារ៉ាស៊ីត ការព្យាបាលជាទូទៅផ្អែកលើរោគសញ្ញាគ្លីនិក និងទៅតាមប្រភេទរបស់ប៉ារ៉ាស៊ីតដូចជា៖ •    ប្រើប្រាស់ថ្នាំផ្សះដែលសមស្របទៅតាមប្រភេទប៉ារ៉ាស៊ីត ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ។ •    ផ្តល់ថ្នាំទៅតាមសញ្ញាគ្លីនិកមួយចំនួន​ ដូចជា ការក្អួត បាត់បង់ជាតិទឹក  ប្រភេទថ្នាំការពារកុំឲ្យ ភ្នាសពោះវៀនប៉ះពាល់ខ្លាំង រួមជាមួយថ្នាំផ្សះដែលផ្តល់ជូនអ្នកជំងឺ។ ប្រសិនបើ អ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកខ្លាំងអាចឲ្យទៅជាការ ខ្សោះជាតិទឹកធ្ងន់ធ្ងរ វិលមុខ បាត់បង់ជាតិរ៉ែមួយចំនូនដូចជា អំបិល ប៉ូតាស្យូម ដែលសំខាន់សម្រាប់ សរីរាង្គ។ លើសពីនេះទៀត វាធ្វើឲ្យចុកពោះខ្លាំង ពោះវៀនហើមប៉ោង អាចមានឈាមហូរខ្លាំងក្នុងករណីពពួកប៉ារ៉ាស៊ីតដែលប៉ះពាល់ដល់ភ្នាសពោះវៀន និងសរសៃឈាម។ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាអ្នកជំងឺអាចឈានដល់ការធ្លាយភ្នាសពោះវៀន ប៉ុន្តែវាជាករណីកម្រ។ វីធីសាស្រ្តការពារខ្លួន ដើម្បីចៀសវាងការរាកបង្កដោយប៉ារ៉ាស៊ីតត្រូវផ្តោតសំខាន់លើ៖ •    ការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ពិសេសត្រូវសម្អាតដៃជានិច្ចមុនចម្អិន ឬបរិភោគអាហារ និងបន្ទាប់ពីបន្ទោបង់រួច។ •    លាងសាច់ និងបន្លែឲ្យបានស្អាត ចៀសវាងការ បរិភោគសាច់ឆៅ និងត្រូវចម្អិនឲ្យបានឆ្អិនល្អ។ សុខភាពជារឿងមួយសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប ដូចនេះ ប្រសិនបើមានអាការៈមិនប្រក្រតី ណាមួយកើតឡើង គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត។ គួរបញ្ជាក់ថា លោកអ្នកអាចកាត់បន្ថយការរាកដោយប៉ារ៉ាស៊ីតស្ទើរតែទាំងស្រុងដោយគ្រាន់តែរក្សាអនាម័យឲ្យបាន ខ្ជាប់ខ្ជួនប៉ុណ្ណោះ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត  ស៊ង សុភីរម្យ ឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរសំរាកព្យាបាលអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

Eye Lubricant ជាប្រភេទថ្នាំបន្តក់ភ្នែកដែលតែងត្រូវបានយកមកប្រើប្រាស់ជាញឹកញាប់សម្រាប់ការដោះស្រាយបញ្ហាភ្នែកស្ងួត រមាស់ ឬការពារពីការប៉ះពាល់ទូទៅ ដែលបណ្តាលមកពីខ្យល់ កម្តៅពីព្រះអាទិត្យ ឬអាចបង្កមកពីការប្រើប្រាស់ភ្នែកច្រើនហួសកម្រិតទៅលើការអាន ឬមើលគ្រឿងអេឡិចត្រូនិច។ ប្រភេទថ្នាំបន្តក់នេះ អាចរួមបញ្ចូលនូវសារធាតុ ផ្សំមួយ ឬច្រើននៃសមាសធាតុដូចជា Carboxymethylcellulose, Dextran, Glycerin, Hypromellose, Polyethylene glycol 400 (PEG 400), Polysorbate, Polyvinyl alcohol, Povidone, ឬ Propylene glycol និងសារធាតុដទៃទៀត។ របៀប និងកម្រិតប្រើប្រាស់ ជាទូទៅ អ្នកអាចប្រើប្រាស់ឱសថច្រើនដងក្នុងមួយថ្ងៃ ឬនៅពេលភ្នែកចាប់ផ្តើមមានអាការៈ ស្ងួត ឬរមាស់ យ៉ាងណាមិញ អ្នកអាចពិនិត្យ នៅលើសម្បកថ្នាំ ឬសាកសួរជាមួយវេជ្ជបណ្ឌិតក៏ ដូចជាឱសថការីសម្រាប់ការប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមសភាពភ្នែករបស់បុគ្គលម្នាក់ៗ។ របៀបប្រើ៖ •    សម្អាតដៃរបស់អ្នកជាមុនសិន ដើម្បីបង្ការការឆ្លងមេរោគ ហើយចៀសវាងប៉ះផ្ទាល់ទៅលើ ចុងនៃថ្នាំបន្តក់ ឬប៉ះភ្នែករបស់អ្នក •    ងើយក្បាលរបស់អ្នក រួចទាញត្របកភ្នែកខាងក្រោម ហើយបន្តក់ថ្នាំចូល ១ ទៅ២តំណក់បន្ទាប់មកទម្លាក់ភ្នែកចុះក្រោមវិញ ព្រមទាំងបិទភ្នែក ១ ទៅ ២នាទី ដើម្បីឲ្យឱសថអាចជ្រាបចូលបានល្អ។ ផលរំខានរបស់ឱសថ •    ឱសថអាចធ្វើឲ្យស្រវាំងភ្នែកបណ្តោះអាសន្ន នៅពេលអ្នកប្រើប្រាស់លើកដំបូង •    ផ្តល់ដំណឹងទៅដល់គ្រូពេទ្យ ប្រសិនបើអ្នកបន្តមានរោគសញ្ញា៖ ឈឺភ្នែក ភ្នែកក្រហម ឬរមាស់ និង​ប្រតិកម្មអាល្លែកហ្ស៊ីផ្សេងទៀតដូចជា ហើមមុខ បំពង់ក វិលមុខធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។ អន្តរកម្មឱសថ មុនពេលប្រើប្រាស់ឱសថ ត្រូវប្រាប់ទៅដល់អ្នក​ជំនាញ ឬគ្រូពេទ្យពីប្រភេទថ្នាំភ្នែកដទៃទៀត ឬឱសថណាមួយទាំងមាន ឬគ្មានវេជ្ជបញ្ជាដែលអ្នកកំពុងប្រើប្រាស់។ បម្រុងប្រយ័ត្ន •    ធ្វើការសង្កេតមើលថាតើអ្នកមានប្រតិកម្មជាមួយសារធាតុនៃឱសថ ឬកំពុងមានបញ្ហាសុខភាពណាមួយឬទេ ដែលវាទាមទារឲ្យមានការប្រឹក្សា ជាមួយវេជ្ជបណ្ឌិត •    ថ្នាំបន្តក់ភ្នែកអាចឲ្យភ្នែកអ្នកស្រវាំង នៅពេលប្រើ ដូចនេះ ចៀសវាងធ្វើការជាមួយម៉ាស៊ីន ឬបើកបរ ដោយរង់ចាំឲ្យគំហើញភ្នែករបស់អ្នក ត្រឡប់មកសភាពដើមវិញ។ អ្នកអាចប្រើប្រាស់ឱសថបន្តក់ភ្នែកប្រភេទ Eye Lubricant នេះបានដែលមានឈ្មោះនៅលើទីផ្សារដូចជា Tears Naturale® II, Poly-Tear®  ឬRefresh Tears® ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ភ្នែករបស់យើងអាចនឹងរងឥទ្ធិពលដោយសារការ ប៉ះទង្គិចដោយចៃដន្យមួយចំនួន ដែលខ្លះអាចនឹងមិនចោទជាបញ្ហាអ្វីឡើយ ស្របពេលដែលខ្លះទៀតអាចផ្តល់នូវផលវិបាកទៅថ្ងៃក្រោយ។ ជាក់ស្តែងករណីខាងក្រោមបានបង្ហាញអំពីការ ព្រួយបារម្ភអំពីការប៉ះត្រូវភ្នែកទៅនឹងខ្លាញ់ក្តៅដែលនឹងត្រូវបានបកស្រាយតាមរយៈលោកវេជ្ជបណ្ឌិតឯកទេសភ្នែកដូចខាងក្រោម។ សំណួរ៖ នាងខ្ញុំទើបនឹងបានជួបបញ្ហា ផ្ទុះខ្លាញ់ត្រូវក្រោមភ្នែក ហើយវាធ្វើឲ្យមានអារម្មណ៍ក្តៅក្រហាយយ៉ាងខ្លាំង។ ខ្ញុំចង់សួរលោក វេជ្ជបណ្ឌិតថា តើនាងខ្ញុំត្រូវធ្វើដូចម្តេចពេលជួបបញ្ហានេះភ្លាមៗ ហើយតើវាបង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយដែរឬទេ? ចម្លើយ៖ ផលប៉ះពាល់ និងការព្យាបាល អាស្រ័យទៅនឹងបរិមាណ  និងកម្រិតនៃការរលាក ថាតើការរលាកនោះធំប៉ុណ្ណា និងជ្រៅប៉ុណ្ណា។ ដោយឡែក ក្រោយពីការរលាកភ្លាម អ្វីដែលត្រូវធ្វើភ្លាមគឺត្រូវលាងទឹកធម្មតា ឬទឹកត្រជាក់ (ចាប់ពី ៥ អង្សាសេឡើង) ដើម្បីបន្ថយកម្តៅ តែចៀសវាងប្រើទឹកកក (ក្រោម ០ អង្សាសេ) ទៅស្អំ ដែលនឹងនាំឲ្យការរលាកកាន់តែធ្ងន់ធ្ងរ និងមានការខូចស្បែកនៅត្រង់បរិវេណនោះទៅវិញ។ បន្ទាប់ពីនោះ យើងអាចប្រើប្រាស់ក្រែមឬស្ព្រៃ​យន៍បាញ់ប្រឆាំងការរលាក (Burn​ cream) នៅបរិវេណនោះ និងចុងក្រោយ យកល្អគួរមក ទទួលការពិនិត្យភ្នែកឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាការផ្ទុះខ្លាញ់ក្តៅមិនបានប៉ះទៅលើកញ្ចក់ភ្នែក។ យ៉ាងណាមិញ ករណីមានការរលាកខ្លាំង ស្បែកនៅតំបន់នោះនឹងអាចទៅជាជ្រួញ ឬអាចទាញឲ្យត្របកភ្នែកធ្លាក់ដោយសារសម្លាកពីការរលាក ប៉ុន្តែជាទូទៅមិនមានទំនាក់ទំនងនឹងបញ្ហាគំហើញឡើយ ប្រសិនបើមិនមានការផ្ទុះខ្លាញ់ចូលក្នុងភ្នែក។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top