Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រសិនបើនិយាយអំពីការវះកាត់ណាមួយ អ្នកប្រាកដណាស់គិតដល់គ្រូពេទ្យវះកាត់ទាំងកម្រិតសិក្សា ការហ្វឹកហាត់ និងបទពិសោធន៏របស់គ្រូពេទ្យវះកាត់នោះមិនខាន ហើយអ្នកប្រហែលជាមិនគិតច្រើនដល់គ្រូពេទ្យសណ្ដំឡើយ ពោលគឺមិនបានគិតដល់កម្រិតសិក្សា ឬបទពិសោធន៍របស់គាត់ឡើយ ទាំងដែលការពិតគ្រូពេទ្យសណ្ដំ មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានសុវត្ថិភាព និងផាសុកភាពមុន អំឡុងពេល និងក្រោយពេលវះកាត់… នៅក្នុងអត្ថបទនេះផងដែរ លោក គ្រួច សុផល្លីដា (រ៉េស៊ីឌិនឯកទេសសណ្តំ  សង្គ្រោះបន្ទាន់ និង ជំងឺធ្ងន់) និងបច្ចុប្បន្នកំពុងសិក្សាអាហារូបករណ៍ស្រាវជ្រាវវេជ្ជសាស្ត្រសណ្តំ នៅសហរដ្ឋអាមេរិក ក៏បានផ្តល់កិត្តិយសបង្ហាញជូនមិត្តអ្នកអាននូវតួនាទី ក៏ដូចជាចំណុចសំខាន់ផ្សេងៗជាច្រើនអំពីគ្រូពេទ្យសណ្តំ..  តើគ្រូពេទ្យសណ្ដំជានរណា? គ្រូពេទ្យសណ្ដំក៏ដូចជាគ្រូពេទ្យព្យាបាល និងគ្រូពេទ្យវះកាត់ដែរ។ ពួកគេមានឯកទេសទៅលើការសណ្ដំ ការគ្រប់គ្រងការឈឺចាប់(Pain management) និងជំងឺធ្ងន់ (Critical Care Medicine) និងមានចំណេះដឹងចាំបាច់សម្រាប់យល់ដឹង និងព្យាបាលខ្លួនមនុស្សទាំងមូល។ គួរបញ្ជាក់ផងដែរថា គ្រូពេទ្យសណ្ដំនៅសហរដ្ឋអាមេរិកទាមទារការសិក្សាពី ១២ទៅ១៤ឆ្នាំ រីឯប្រទេសបារាំង និងកម្ពុជាទាមទារការសិក្សា១០ ទៅ១២ឆ្នាំ។  តើគ្រូពេទ្យសណ្ដំមានតួនាទីសំខាន់អ្វីខ្លះ? គ្រូពេទ្យសណ្ដំវាយតម្លៃ តាមដាន ព្យាបាលថែទាំ មុន អំឡុងពេល និងក្រោយការវះកាត់ ធ្វើការសណ្ដំ ដឹកនាំក្រុមសណ្ដំ ព្រមទាំងរក្សាសុវត្ថិភាពរបស់អ្នកជំងឺ។  មុនការវះកាត់  គ្រូពេទ្យសណ្ដំរួមជាមួយអ្នកជំងឺ និងគ្រូពេទ្យវះកាត់ នឹងធ្វើការពិនិត្យវាយតម្លៃសុខភាព ក៏ដូចជាសម្រេចទម្រង់នៃការសណ្ដំ និងតាមដានគ្រប់គ្រងសញ្ញាជីវិតអំឡុងពេលវះកាត់ រាប់ទាំងត្រូវប្រាកដថាបេះដូង និងសួតរបស់អ្នកជំងឺដំណើរការល្អ ពេលដែលមិនដឹងស្មារតី។ មិនត្រឹមតែប៉ុណ្ណោះ គ្រូពេទ្យសណ្ដំថែមទាំងព្យាបាលថែទាំអ្នកបន្ទាប់ពីការវះកាត់ទៀតផង គឺធ្វើឲ្យអ្នកមានផាសុកភាព និងបន្ថយការឈឺចាប់ ពេលអ្នកដឹងខ្លួនឡើងវិញ។  គ្រូពេទ្យសណ្ដំក៏មានតួនាទីសំខាន់ផងដែរនៅក្នុងការព្យាបាលថែទាំអ្នកជំងឺដែលបានវះកាត់រួច ឬទម្រង់ការតូចដែលមិនចាំបាច់ឲ្យអ្នកជំងឺសន្លប់ដូចជាស្ត្រីសម្រាលកូនដែលត្រូវដឹងខ្លួន និងទាមទារឲ្យមានការបន្ថយការឈឺចាប់។ គ្រូពេទ្យថ្នាំសណ្ដំក៏ជួយដល់អ្នកជំងឺដែលមានការឈឺចាប់ខ្លាំង ដោយសារការរងរបួស ឬការឈឺចាប់រុំារ៉ៃ ដោយសារការឈឺក្បាល បញ្ហាឆ្អឹងខ្នង មហារីក ។ល។  តើគ្រូពេទ្យសណ្ដំធ្វើអ្វីខ្លះ សម្រាប់ការវះកាត់មួយ? -មុនពេលវះកាត់ ៖  ប៉ុន្មានថ្ងៃ ឬសប្ដាហ៍មុនពេលវះកាត់ គ្រូពេទ្យសណ្ដំរបស់អ្នកនឹងជួយអ្នកដើម្បីប្រាកដថាអ្នកស័ក្តិសមនឹងទទួលការវះកាត់នោះដោយសួរអ្នកលម្អិតពីបញ្ហាសុខភាពរបស់អ្នក ពិនិត្យរាងកាយ និងពិនិត្យលទ្ធផលតេស្តផ្សេងៗ ។ គ្រូពេទ្យសណ្ដំនឹងឆ្លើយសំណួររបស់អ្នកដែលទាក់ទងនឹងការសណ្ដំ។ អ្នកជំងឺត្រូវប្រាប់គ្រូពេទ្យសណ្ដំពីបញ្ហាសុខភាពរបស់អ្នកទាំងអស់ ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម ហឺត និងថ្នាំសង្កូវផ្សេងៗដែលដែលអ្នកកំពុងប្រើ ព្រមទាំងប្រវត្តិបញ្ហាដែលទាក់ទងសណ្ដំពីមុន។ អ្នកជំងឺគួរប្រើប្រាស់ពេលនេះ ដើម្បីយល់ដឹងពីការថែទាំដោយសុវត្ថិភាព និង ផាសុកភាពសម្រាប់ការវះកាត់។ ជាចុងបញ្ចប់នឹងមានជំនួបគ្រូពេទ្យដើម្បីសម្រេចនូវគម្រោងទម្រង់សណ្ដំដែលសមស្របសុវត្ថិភាពសម្រាប់ការវះកាត់។  -អំឡុងពេលវះកាត់ ៖  គ្រូពេទ្យសណ្តំនឹងគ្រប់គ្រងការឈឺចាប់របស់អ្នក តាមដានយ៉ាងដិតដល់លើការសណ្ដំ ដំណើរការសញ្ញាជីវិតដែលអាចធ្វើការជាក្រុម ឬម្នាក់ឯង។ គ្រូពេទ្យសណ្ដំនឹងគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតឡើងពេលវះកាត់ដូចជា ការឡើងចុះសម្ពាធឈាម បញ្ហាផ្លូវដង្ហើមមិនប្រក្រតី ឡើងចុះជាតិស្ករ ការប្រែប្រួលចង្វាក់បេះដូង វិបត្តិហូរឈាម..... -ក្រោយការវះកាត់ ៖  នៅផ្នែកក្រោយសណ្ដំ គ្រូពេទ្យសណ្ដំ និងគិលានុបដ្ឋាកសណ្ដំ និងធ្វើការថែទាំតាមដានការភ្ញាក់ពីសណ្ដំទៅលើការដកដង្ហើម ចរន្តឈាមរត់ ស្មារតី កម្រិតអុកស៊ីសែន។ គ្រូពេទ្យសណ្ដំ ជាមនុស្សម្នាក់ដែលសម្រេចថាអ្នកភ្ញាក់ពីសណ្ដំទាំងស្រុង នឹងបញ្ចូនទៅផ្ទះ (សម្រាប់ទម្រង់ការតូចតាច) ទៅបន្ទប់ធម្មតា ឬទៅផ្នែកជំងឺធ្ងន់។  តើអ្វីជាទម្រង់នៃការសណ្ដំដែលគ្រូពេទ្យសណ្ដំនឹងផ្ដល់ដល់អ្នកជំងឺ?  ជាទូទៅ គ្រូពេទ្យសណ្ដំទទួលបន្ទុក និងផ្ដល់ទម្រង់សណ្ដំដូចខាងក្រោម៖ -ការសណ្ដំអ្នកជំងឺទាំងស្រុង (General Anesthesia) ៖  តាមរយៈថ្នាំឧស្ម័ន (Anesthtic gas) ថ្នាំចាក់តាមសរសៃនឹងធ្វើឲ្យអ្នកជំងឺបាត់ស្មារតី ដែលត្រូវបានប្រើប្រាស់នៅពេលវះកាត់ធំៗ ដូចជាវះកាត់ខួរក្បាល ទ្រូង បេះដូង .....។  -ការឲ្យអ្នកជំងឺគេង(Monitored Anesthesic or sedation) ៖  ទម្រង់នេះគឺធ្វើឲ្យអ្នកជំងឺសម្រាក (Relaxed) ក្នុងកម្រិតផ្សេងៗនៃស្មារតី។ ផ្អែកទៅលើទម្រង់ការ (Prodedure) កម្រិតនៃការឲ្យគេង គឺមានកម្រិតពីរាក់ៗ (អ្នកជំងឺដឹងខ្លួនតិចៗមិនអាចនិយាយបាន តែគ្មានការឈឺចាប់) ទៅដល់កម្រិតជ្រៅ(ធ្វើឲ្យអ្នកជំងឺមិនដឹងខ្លូន ពេលទទួលទម្រង់ការ) គេប្រើទម្រង់សណ្ដំនេះសម្រាប់ទម្រង់ដែលមិនសូវធ្ងន់ធ្ងរ(Minimally Invasive Procedure) ដូចជាការឆ្លុះក្រពះ ពោះវៀន។ - ការស្ពឹកតាមតំបន់ (Regional Anesthesia) ៖  ថ្នាំស្ពឹកនឹងធ្វើឲ្យអ្នកស្ពឹកតាមផ្នែកនៃរាងកាយ ដូចជា ផ្នែកក្រោមចង្កេះ តាមរយៈការចាក់ម្ជុលម្យ៉ាងហៅថា ការតេទែ(catheter)។ អ្នកនឹងដឹងខ្លួនធម្មតាដោយមិនទទួលការឈឺចាប់ ឬដឹងពីតំបន់នោះឡើយ។ ការស្ពឹកតាមតំបន់នេះមានដូចជា វិធីស្ពឹកដោយចាក់ឆ្អឹងខ្នង(Spinal Block) អេពីឌៀរ៉ាល់ (Epidural) នឹងការចាក់តាមតំបន់ដៃ ប្រអប់ដៃជើង...។ គេប្រើក្នុងការសម្រាលដោយមិនមានការឈឺចាប់(painfree delivery) ការវះយកកូន (c-section) ការវះកាត់ដៃជើង ឬផ្នែកខាងក្រោមពោះ...។ -ការស្ពឹកក្នុងកន្លែង(Local Anesthesia) ៖   ការចាក់ថ្នាំស្ពឹកទៅកន្លែងតូចណាមួយនៃរាងកាយដែលមានទម្រង់ការនោះ។ អ្នកនឹងដឹងខ្លួនធម្មតា តែគ្មានអារម្មណ៏ថាឈឺចាប់ឡើយ។  គេប្រើក្នុងការវះកាត់របួសស្បែកតិចតួច វះកាត់គីសលើស្បែក ការដកធ្មេញ... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

នាថ្ងៃទី១៤-១៥-១៦ ខែមីនា មានការចុះបេសកកម្ម អំពីការវះកាត់ស្តារលទ្ធភាពពលកម្មជូនអ្នកជំងឺឃ្លង់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង មានការចូលរួមពី ក្រុមកម្មវិធីជាតិកម្ចាត់ជំងឺហង់សិនដឹកនាំដោយវេជ្ជបណ្ឌិត ឡាយ សម្បត្តិ ជាប្រធានកម្មវិធី សហការជាមួយអង្គការប្រចាំអាស៊ីប៉ាស៊ីភិចផ្នែក Leprosy Rehabilitation គឺលោកសាស្ត្រាចារ្យ FRANCIS ឯកទេសវះកាត់ សាស្ត្រាចារ្យ AJEY ជំនាញផ្នែកសណ្តំ គ្រូពេទ្យឯកទេសមកពីមន្ទីរពេទ្យព្រះកុសុមៈ ខាងមន្ទីរពេទ្យខេត្ត ព្រមទាំងនិស្សិតមកពីតាមខេត្ត៥នាក់។ វេជ្ជបណ្ឌិត ឡាយ សម្បត្តិ ប្រធានកម្មវិធីជាតិកម្ចាត់ជំងឺហង់សិន «បច្ចុប្បន្ន មជ្ឈមណ្ឌលវះកាត់ស្តារលទ្ធភាពពលកម្មចំពោះអ្នកជំងឺឃ្លង់មាន២ គឺនៅភ្នំពេញមួយ និងនៅខេត្តបាត់ដំបងមួយ។ សម្រាប់បេសកកម្មក្នុងពេល៣ថ្ងៃនេះ មានគោលបំណងដើម្បីវះកាត់ស្តារលទ្ធភាពពលកម្មឲ្យអ្នកជំងឺឃ្លង់ រួមមានជើងធ្លាក់កែឲ្យទៅជាមិនធ្លាក់ ដៃក្រញ៉ង់កែឲ្យទៅជាមិនក្រញ៉ង់ ភ្នែកបិទមិនជិតកែឲ្យបិទជិតវិញ គ្មានច្រមុះដាក់ខ្ទង់ច្រមុះ រួមទាំងព្យាបាលដំបៅផ្សេងៗជាដើម។ អ្នកជំងឺអាចទទួលបានការវះកាត់ព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងមានការផ្តល់ជូននូវចំណីអាហារ ការស្នាក់នៅ ថវិកាសម្រាប់ការធ្វើដំណើរ និងចិញ្ចឹមគ្រួសារផងដែរ។ ប្រសិនបើអ្នកជំងឺមានស្នាម ឬករណីសង្ស័យណាមួយ គាត់អាចមកទទួលសេវាដោយឥតគិតថ្លៃនៅគ្រប់សេវាកម្មរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា»  ។ សាស្ត្រាចារ្យ FRANCIS ឯកទេសផ្នែកវះកាត់ មកពីប្រទេសបារាំង «បេសកកម្មក្នុងថ្ងៃនេះពិតជាល្អ និងមានសកម្មភាពជាក់ស្តែងជាច្រើន ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍបច្ចេកទេសវះកាត់ស្តារលទ្ធភាពពលកម្មឲ្យកាន់តែប្រសើរ។ ម៉្យាងដោយសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍរហ័ស និងមានធនធានផ្នែកសុខាភិបាលខ្ពស់ខ្ញុំក៏បានសម្រេចចិត្តចូលរួមក្នុងបេសកកម្មនេះ ហើយក៏សង្ឃឹមថាការរាលដាលនៃជំងឺឃ្លង់នឹងត្រូវបានថយចុះនៅប្រទេសកម្ពុជាទៅអនាគត»  ។ វេជ្ជបណ្ឌិត កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និង លោកវេជ្ជបណ្ឌិត ហង់ សុជីវិ គ្រូពេទ្យឯកទេសផ្នែកកែសម្ផស្សដែលបម្រើការនៅផ្នែកសើស្បែកជំងឺហង់សិន និងជាគ្រូពេទ្យវះកាត់នៅអគារវះកាត់ទូទៅនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាសារប្រយោជន៍ចំពោះប្រជាពលរដ្ឋដែលមានជំងឺហង់សិនយ៉ាងខ្លាំង ផលវិបាកមួយចំនួន ដូចជាការស្វែងរកអ្នកជំងឺលាក់មុខ ព្រោះមានការរើសអើងចំពោះខ្លួនឯង មិនព្រមទទួលយកការព្យាបាលរយៈពេលយូរ និងខ្វះខាតនូវតម្រូវការផ្សេងៗផងដែរ»  ។ លោក គឹម សូតារា និស្សិតផ្នែកសោភណសល្យសាស្ត្រ និងកែរូបរាង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំទី៣ «ខ្ញុំបានចូលរួមស្ម័គ្រចិត្តនៅក្នុងកម្មវិធីវះកាត់ជូនដល់អ្នកជំងឺដែលមានផលវិបាកពីជំងឺហង់សិននេះក្នុងគោលបំណងជួយដល់អ្នកជំងឺដែលទទួលរងផលវិបាកដោយសារជំងឺឃ្លង់ ឬហង់សិនដែលរួមមានដូចជាបញ្ហាភ្នែកបិទមិនជិត អវយវៈខុសប្រក្រតី ដែលប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ និងដើម្បីទទួលបានចំណេះដឹងបន្ថែម ពីព្រោះជាទូទៅការសិក្សាមិនមែនមានត្រឹមតែនៅសាលា ឬមន្ទីរពេទ្យដែលត្រូវចុះកម្មសិក្សាឡើយ ហើយបេសកកម្មផ្សេងៗទាក់ទងនឹងសុខភាព ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចជួយដល់ការរីកចម្រើនលើចំណេះដឹង និងធ្វើឲ្យយើងបានជួបស៊ាំជាមួយនឹងករណីជំងឺប្លែកៗផងដែរ»  ។ ទន្ទឹមនឹងគ្នានេះផងដែរ ក៏មានអ្នកជំងឺចំនួន៣រូបដែលរួមមាន លោកពូ អាន រ៉ាឌី ក្នុងវ័យ៦១ឆ្នាំ (បន្ទាយមានជ័យ) លោកអ៊ំស្រី អ៊ុំ អេង អាយុ៦២ឆ្នាំ (បន្ទាយមានជ័យ)​ ​និងលោកអ៊ំ ហ៊ីប ម៉ាន់ (បន្ទាយមានជ័យ) ក៏បានចូលរួមចែករំលែកនូវចំណាប់អារម្មណ៍ដែរថា «អ្នកជំងឺភាគច្រើនបានទទួលដំណឹងអំពីកម្មវិធីវះកាត់ជូនឥតថ្លៃនេះតាមរយៈមន្ទីរពេទ្យ និងគ្រូពេទ្យខេត្តផ្ទាល់។ ខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំវិស័យសុខាភិបាលឲ្យនៅតែបន្តជួយផ្សព្វផ្សាយអំពីជំងឺនេះ ដើម្បីការពារកុំឲ្យមានការកើត ក៏ដូចជាការរើសអើងដល់អ្នកជំងឺហង់សិន និងសូមឲ្យមាននូវការរៀបចំនូវកម្មវិធីព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺនេះបន្តទៅទៀត»​​  ។  ពួកគាត់ក៏បានបង្ហាញពីការតាំងចិត្តក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីទាំងនេះទៀតហើយក៏នឹងជួយជំរុញអ្នកជំងឺដទៃទៀតឲ្យចូលរួមទទួលសេវានេះដោយមិនមានការអៀនខ្មាស់ ឬរើសអើងខ្លួនឯងបន្តទៀត ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទមានអាយុ៣៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៦០គីឡូក្រាម រស់នៅរាជធានីភ្នំពេញ។ ក្នុងរយៈពេល១ខែកន្លងមកនេះ ខ្ញុំបាទមានអារម្មណ៍ថា ធ្មេញរបស់ខ្ញុំរង្គើពេលទទួលទានអាហាររឹង។ ខ្ញុំបាទសូមសួរទៅកាន់លោកស្រីទន្តបណ្ឌិតថា តើមានវិធីសាស្ត្រ អ្វីខ្លះដែលអាចធ្វើឲ្យធ្មេញរបស់ខ្ញុំបាទរឹងមាំឡើងវិញ? ចម្លើយ ៖ ប្រសិនអ្នកមានបញ្ហារង្គើធ្មេញ រាល់ពេលទំពាអាហាររឹង អ្នកគួរមកទទួលការពិ- និត្យពីទន្តពេទ្យ ដោយការពិនិត្យនោះអាចធ្វើឡើង តាមការពិនិត្យផ្ទាល់នៅក្នុងមាត់ និងតាមការថត មើលដោយ X-ray។ ម៉្យាងទៀត អ្នកត្រូវដឹងថាធ្មេញរបស់អ្នកអាចស្ថិតក្នុងភាពធម្មតា តែវាអាចរង្គើនៅពេលអ្នកខាំរបស់រឹងបណ្តាលមកពីកម្លាំងខ្លាំងប៉ះទៅលើធ្មេញ យ៉ាងណាមិញបញ្ហានេះជាស្ថានភាពធម្មតាដែលធ្មេញនឹងអាចត្រឡប់មកសភាពរឹងឡើងវិញបន្ទាប់ពីប៉ុន្មានថ្ងៃក្រោយ។ ក្រៅពីបញ្ហាខាងលើ ការរង្គើក៏អាចបង្កមកពីរាក់ស៊ីធ្មេញ ដែលទាមទារឲ្យមានការថតមើលកម្រិតឆ្អឹងធ្មេញខាងក្នុង ថាតើការស្រកនៃឆ្អឹងឈានដល់កម្រិតណា ដើម្បីការព្យាបាលបានត្រឹមត្រូវ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត ស៊ឹម សិលាភាណ ប្រធានបច្ចេកទេស គ្លីនិកធ្មេញ រៀលធីស ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បន្ថែមពីលើកម្លាំងចិត្ត និងគោលដៅក្នុងការហាត់ប្រាណ សម្លៀកបំពាក់ដែលអ្នកស្លៀកទៅកាន់ក្លឹបហាត់ប្រាណក៏ជាចំណែកមួយក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍រីករាយក្នុងការហាត់ប្រាណដែរ ព្រោះថាអ្នកនឹងមិនចង់បន្តហាត់ឲ្យបានជាប្រចាំ ឬរៀងរាល់ថ្ងៃឡើយ ប្រសិនបើការហាត់របស់អ្នកស្ថិតនៅក្រោមសម្ពាធ ឬមិនមានសេរីភាព និងផាសុកភាពនោះ… ហេតុដូចនេះ សូមតាមដានអានចំណុចខាងក្រោមអំពីអ្វីខ្លះដែលអ្នកគួរតែចៀសវាង… សម្លៀកបំពាក់ធ្វើពីកប្បាសសុទ្ធ សម្លៀកបំពាក់ប្រភេទនេះអាចនឹងមើលទៅដូចជាជម្រើសល្អ ប៉ុន្តែកប្បាសនឹងស្រូបយកសំណើមលឿន ហើយមិនងាយស្ងួតវិញនោះទេ ជាហេតុនាំឲ្យញើសរបស់អ្នកនៅស្អិតនឹងអ្នក។ ទន្ទឹមនឹងគ្នានេះដែរ វាអាចនឹងបង្កជាអាការៈរមាស់ ឬរំខានដល់សុខភាពស្បែក និងបង្កើនការប្រឈមនឹងការកកិតខ្លាំងត្រង់កន្លែងដែលមានការបត់បែនច្រើនផងដែរ។ ដំណោះស្រាយ៖ អ្នកអាចស្លៀកនូវប្រភេទសម្លៀកបំពាក់ដែលឆាប់ស្ងួត មានកម្រាស់មិនក្រាស់ពេក ដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ការហាត់កីឡា។ គន្លឹះ៖ មិនថាសម្លៀកបំពាក់ត្រូវបានធ្វើដោយប្រើវត្ថុធាតុដើមអ្វីនោះទេ អ្នកគួរតែបោះចោលវានៅពេលដែលវាចាប់ផ្តើមមានក្លិនមិនល្អដោយឯកឯងបើទោះជាអ្នកមិនបានប្រើប្រាស់វាក៏ដោយ។ ស្បែកជើងដែលរហែក ឬខូចខាត ប្រសិនបើអ្នកប្រើប្រាស់វារហូតដល់មានប្រហោងឬរបកត្រង់ផ្នែកណាមួយនោះ អ្នកកំពុងតែធ្វើបាបជើងរបស់អ្នកហើយ។ អ្នកជំនាញបានលើកឡើងថា«ស្បែកជើងដែលត្រឹមត្រូវនឹងជួយសម្រួលដល់ការហាត់របស់អ្នក ផ្ទុយទៅវិញ នៅពេលដែលផ្នែកណាមួយត្រូវបានខូចខាតហើយអ្នកនៅតែបន្តប្រើប្រាស់វាទៀតនោះ វានឹងបង្កជាបញ្ហាឈឺជង្គង់និងជើងជាមិនខាន។ ដំណោះស្រាយ៖ អ្នកគួរផ្លាស់ប្តូរស្បែកជើងក្រោយពេលប្រើប្រាស់សម្រាប់ការធ្វើចលនាបានប្រមាណ៥០០ miles ឬ ៨០០ km ដូចនេះ ប្រសិនបើអ្នករត់២ថ្ងៃ/សប្តាហ៍ អ្នកគួរផ្លាស់ប្តូរ១ឆ្នាំម្តង ហើយបើសិនអ្នករត់ប្រមាណ៦ទៅ៧ថ្ងៃ/សប្តាហ៍ គួរតែប្តូររៀងរាល់៣ខែ។ គន្លឹះ៖ អ្នកគួរជ្រើសរើសស្បែកជើងដែលមានមុខងារល្អ ជាជាងម៉ូតដែលឡូយឆាយ ព្រោះថាស្បែកជើងនីមួយៗមានមុខងារខុសគ្នាស្រដៀងទៅនឹងថ្នាំដែរ បើអ្នកប្រើប្រាស់ត្រូវ នឹងជួយឲ្យដំណើរការនៃលំហាត់ប្រាណរបស់អ្នកកាន់តែប្រសើរ តែបើខុស គឺអាចបង្កជាបញ្ហាផ្សេងៗ។ អាវកាក់សម្រាប់ហាត់កីឡា(Sport Bra)ដែលមិនបំពេញមុខងារល្អ អាវប្រភេទនេះមានមុខងារការពារឆ្អឹងសន្លាក់ និងជាលិកានៅត្រង់តំបន់ទ្រូងពីការបត់បែន ឬសម្ពាធខ្លាំងពេក ដែលអាចឲ្យអ្នកហាត់បានដោយមិនចាំបាច់បារម្ភ។ ក្នុងករណីដែលអ្នកមិនបានទិញផលិតផលដែលត្រឹមត្រូវនោះ វានឹងបង្កឲ្យភាពទើសទាល់(មិនមានផាសុកភាព) និងការរំខានក្នុងពេលហាត់ជាមិនខាន។ ដំណោះស្រាយ៖ ជម្រើសដែលល្អជាងគេ គឺត្រូវដឹងអំពីដងខ្លួន និងប្រភេទលំហាត់ប្រាណដែលអ្នកធ្វើ។ សម្រាប់អ្នកដែលមានដើមទ្រូងធំ គួរតែប្រើប្រាស់ប្រភេទដែលមានខ្សែ (ដៃ) អាវធំ និងជាយអាវ(កៅស៊ូផ្នែកខាងក្រោមនៃទ្រូង)ដែលមានទំហំធំ ដើម្បីឲ្យទប់និងរក្សាទ្រង់ទ្រាយនៃដើមទ្រូងបានល្អ។ គន្លឹះ៖ អ្នកគួរតែធ្វើការផ្លាស់ប្តូររៀងរាល់៦ ទៅ៩ខែម្តង។ គ្រឿងអលង្ការ /គ្រឿងតុបតែងខ្លួន យកល្អ គួរតែកុំពាក់នូវគ្រឿងតុបតែងខ្លួនទៅហាត់ប្រាណ មិនថាជាគ្រឿងអលង្ការ ឬអ្វីនោះឡើយព្រោះវាអាចនឹងរំខានដល់ការហាត់ ដោយសារការទាក់ ឬរឹបសង្កត់ដោយប្រការណាមួយ។ ដំណោះស្រាយ៖ ដោះ ឬរក្សាទុកនៅក្នុងកាបូបកីឡា ឬទូដាក់សម្ភារៈដែលមានគន្លឹះសុវត្ថិភាព។ សម្លៀកបំពាក់រលុងខ្លាំងពេក ជាពិសេសខោជើងធំ សម្លៀកបំពាក់ ជាពិសេសខោរលុងៗ ជើងធំពិតជាមានការប្រឈមខ្ពស់នឹងគ្រោះថ្នាក់ និងផលវិបាកផ្សេងៗក្នុងការហាត់ ដូចជាពិបាកក្នុងការពត់ខ្លួន ការធ្វើចលនាផ្សេងៗជាដើម។ ដំណោះស្រាយ៖ ស្លៀកពាក់ខោអាវណាដែលមិនរលុងខ្លាំង ឬមានជើង និងដៃធំ ដើម្បីសុវត្ថិភាពនិងផាសុកភាពក្នុងការហាត់។ សម្លៀកបំពាក់រឹបខ្លាំងពេក ពេលដែលអ្នកស្លៀកពាក់អ្វីដែលរឹបពេក សេរីភាព និងសុវត្ថិភាពក៏មិនមានពេញលេញដែរ។ ដំណោះស្រាយ៖ គួរជ្រើសរើសសម្លៀកបំពាក់ណាដែលយ៉ាងហោចណាស់អាចឲ្យអ្នកលើកដៃ និងជើងធ្វើចលនាបានស្រួល យ៉ាងហោចណាស់ក៏មានដៃ ឬជើងទូលាយគ្រាន់ ជាពិសេសត្រង់ផ្នែកក្លៀក។ ទឹកអប់ និងឡេដែលមានក្លិនឆួលខ្លាំង នរណាក៏មិនចង់ឲ្យខ្លួនឯងធុំក្លិនមិនល្អដែរ ប៉ុន្តែក្លិននៃទឹកអប់ ឬឡេដែលឆួលខ្លាំងមួយចំនួននឹងបង្កជាក្លិនដែលងាយធ្វើឲ្យឈឺក្បាល នៅពេលដែលខ្លួនប្រាណរបស់អ្នកឡើងកម្តៅ ហើយចាប់ផ្តើមបែកញើស។ អ្នកជំនាញក៏បានហាមប្រាមផងដែរចំពោះការប្រើប្រាស់នូវគ្រីមសម្រាប់ដៃ ព្រោះវាអាចបង្កភាពរអិលនៅពេលដែលអ្នកចាប់កាន់ឧបករណ៍ហាត់មួយចំនួន។ ស្របពេលជាមួយគ្នាដែរ គ្រីមលាបមុខក៏គួរតែត្រូវបានចៀសវាងផងដែរ ព្រោះវាអាចនឹងហូរធ្លាក់តាមញើស ហើយចូលមកក្នុងភ្នែករបស់អ្នកទៀតផង។  ដំណោះស្រាយ៖ ប្រើប្រាស់គ្រឿងសម្អាងដែលមិនមានក្លិន និងជាតិប្រេង ឬបើសិនជាអាច គួរតែកុំប្រើប្រាស់តែម្តង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ជាការពិតណាស់ បារីបង្កគ្រោះថ្នាក់ច្រើនយ៉ាងទៅលើសារពាង្គកាយរបស់អ្នក តែវាអាចមានឱកាសប្រសើរទ្បើងវិញប្រសិនបើអ្នកឈប់ជក់។ មនុស្សមួយចំនួនគិតថា ការជួសជុលកោសិកាទ្បើងវិញបន្ទាប់ពីឈប់ជក់បារី ត្រូវចំណាយពេលវេលាយូរ តែផ្ទុយទៅវិញ អ្នកនឹងទទួលបានសុខភាពល្អប្រសើរ បន្ទាប់ពីអ្នកផ្តាច់បារីបាន១០០%។ ក្នុងរយៈពេល២-៣ម៉ោងក្រោយពីឈប់ជក់៖  ជាតិនីកូទីន ចេញពីប្រព័ន្ធឈាមរត់ ហើយប្រហែល២ថ្ងៃនីកូទីនត្រូវបញ្ចេញចោលអស់ពីសារពាង្គកាយ។ ក្នុងរយៈពេល៦ម៉ោង៖  •កាបូនម៉ូណូអុកស៊ីតក្នុងឈាមថយចុះ •អុកស៊ីសែនក្នុងឈាមកើនទ្បើង •ល្បឿននៃចង្វាក់បេះដូងត្រឡប់ទៅធម្មតាវិញ •សម្ពាធឈាមចុះមកធម្មតា •សីតុណ្ហភាពនៅតាមដៃ ជើង ត្រឡប់មកធម្មតាវិញ។ ក្នុងរយៈពេល១២ម៉ោង៖ •គ្រោះថ្នាក់នៃជំងឺបេះដូងចុះថយ •មុខងាររបស់សួតមានចលនាប្រសើរទ្បើងវិញ។  ក្នុងរយៈពេល៣-៥ថ្ងៃ៖ •ដឹងរសជាតិ ដឹងក្លិនប្រសើរជាងមុន •រោគសញ្ញាញៀនបាត់អស់ •ក្អកបញ្ចេញស្លេស្មពីសួត ។ ក្នុងរយៈពេល១ខែ៖ •រោមតូចៗក្នុងសួតមានចលនាទ្បើងវិញ •មុខងារសួត និងចរន្តឈាមមានចលនាប្រសើរទ្បើងវិញ។ ក្នុងរយៈពេល៣ខែ៖ •ការក្អក និងការរលាក ថយចុះ •មានកម្លាំងធម្មតាវិញ។ ក្នុងរយៈពេល៣ឆ្នាំ៖  គ្រោះថ្នាក់នៃជំងឺបេះដូងមានតិចបំផុត។ ក្នុងរយៈពេល១៥ឆ្នាំ៖  ជំងឺទាំងទ្បាយដែលបណ្តាលមកពីការជក់បារី បានថយចុះមកនៅយ៉ាងទាបបំផុតប្រហែលអ្នកមិនជក់បារីដែរ លើកលែងជំងឺមហារីក។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

​ដើម្បីជាចំណែកមួយក្នុងការផ្តល់នូវចំណេះដឹងបន្ថែមអំពី«ជំងឺទឹកនោមផ្អែមប្រភេទ ២»ជូនដល់អនាគតអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រុមហ៊ុនហេលស៍ថាមខប ក្រោមកិច្ចសហការឧបត្ថម្ភពីសំណាក់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ម៉េឌីថិច (Medi-Tech Laboratory) និង មន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល (Sopheak Mongkul Medical Laboratory) នឹងរៀបចំនូវសិក្ខាសាលាដ៏ពិសេសមួយសម្រាប់និស្សិតសុខាភិបាល គ្រប់ឆ្នាំសិក្សា គ្រប់ជំនាញ និងគ្រប់សាកលវិទ្យាល័យទាំងអស់ ជាពិសេសនិស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងគ្រូពេទ្យឯកទេសទូទៅ។  គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានការផ្តោតសំខាន់ទៅលើប្រធានបទធំៗចំនួន ២សំខាន់ រួមមាន៖ -ប្រធានបទ ៖ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២ វាគ្មិន ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យ ព្រះកុសុមៈ និងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម -ប្រធានបទ ៖ តេស្តមន្ទីរពិសោធន៍ដ៏មានគុណប្រយោជន៍ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២ វាគ្មិន ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម អ្វីដែលរឹតតែពិសេសនោះ គឺអ្នកចូលរួមទាំងអស់នឹងមានឱកាសទទួលបានកាដូពិសេសពីសំណាក់ក្រុមការងារអ្នករៀបចំ និងក្រុមហ៊ុនឧបត្ថម្ភផងដែរ ជាពិសេស គឺមានឱកាសធ្វើការសាកសួរបន្ថែមពីប្រធានបទទាំង២ខាងលើ ក្រោយពីបទបង្ហាញរបស់វាគ្មិនជាវេជ្ជបណ្ឌិតឯកទេសទាំង២រូបផងដែរ។ កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ពេលវេលា ៖ ម៉ោង៧:៣០ ដល់ ម៉ោង ១១:០០ ព្រឹក ទីកន្លែង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បន្ទប់លេខ ៧-៨ បញ្ជាក់ ៖ ការចូលរួមស្តាប់ គឺមិនគិតថ្លៃ ដោយរាប់បញ្ចូលទាំងអាហារសម្រន់ តែចំនួនកន្លែងមានកំណត់ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ហើយមានបំណងចុះឈ្មោះចូលរួម សូមប្រញាប់រួសរាន់ ចូលទៅកាន់តំណនេះ Diabetes Educator Seminar Registration Form   សម្រាប់ព័ត៌មានបន្ថែម៖  Facebook Event : Diabetes Educator Seminar Tel : 077 888 075 E-mail : info@time-media.com ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មួយប៉ព្រិចភ្នែកសោះ ខែមេសាក៏បានចូលមកដល់ ពិធីបុណ្យចូលឆ្នាំប្រពែណីជាតិខ្មែរក៏ជិតឈានចូលមកដល់ដែរ ...ហើយអត្ថបទដែលទទួលបានការអានច្រើនជាងគេនៅក្នុងសប្ដាហ៍ទី១ នៃខែមេសានេះ រួមមានដួចជា៖ តើវាពិតជាខ្មោចសង្កត់ ឬជាជំងឺ? តើ Sleep Paralysis ជាអារម្មណ៍បែបណា? ហេតុអ្វីអារម្មណ៍បែបនោះ តែងកើតឡើងពេលយប់ ? តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ភាពធុញថប់ ការប៉ះទង្គិចផ្លូវអារម្មណ៍ ទុក្ខព្រួយ កង្វល់ អាចជាហេតុធ្វើឲ្យមានការកើនឡើងនូវ Sleep Paralysis នេះ។ ជាក់ស្តែង បញ្ហានេះកើតមាននៅពេលអ្នកភ្ញាក់មុនពេល Rem cycle (Rapid eyes movement) បញ្ចប់ ដែល Rem គឺជាដំណាក់កាលនៃការគេង ដែលខួរក្បាលរបស់អ្នកមានសកម្មភាពខ្លាំង។ ក្នុងអំឡុងពេល Rem សាច់ដុំរបស់អ្នកត្រូវបានផ្អាក ជាហេតុធ្វើឲ្យមានការបញ្ឈប់ការសុបិន និងធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់….. ត្រូវបញ្ឈប់ការប្រើប្រាស់ និងទិញផលិតផលពីប្រភពទាំងពីរនេះ... កាលពីថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨  ក្រសួងសុខាភិបាលចេញផ្សាយនូវសេចក្តីប្រកាសជូនដំណឹងរបស់ ស្តីអំពី«គេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ដែលបាន និងកំពុងធ្វើការផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»…. បំបាត់បញ្ហាអាល្លែកហ្ស៊ីជាមួយ Cetirizine ឱសថ Cetirizine ដែលកំពុងមានលក់នៅលើទីផ្សារទាំងក្នុងទម្រង់គ្រាប់ ឬស៊ឺរ៉ូ ត្រូវបានប្រើប្រាស់សម្រាប់តម្រូវការរបស់បុគ្គលទូទៅដោយមិនចាំបាច់មានវេជ្ជបញ្ជា។ ជាទូទៅ Cetirizineជាឱសថមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ដោះស្រាយបញ្ហាអាល្លែកហ្ស៊ី តែអ្នកប្រើប្រាស់ទាំងអស់ក៏គួរតែធ្វើការចាប់អារម្មណ៍ និងស្វែងយល់ពីសញ្ញាគ្រោះថ្នាក់ និងប្រុងប្រយ័ត្ននៅអំឡុងពេលប្រើប្រាស់ផងដែរ... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ពេលមានអារម្មណ៍ថានៅលើលោកនេះ ខ្លួនឯងទុកក៏មិនចំណេញ ដកចេញក៏មិនខាត អាចសាកល្បងវិធីទាំងនេះបាន…តែ…ជំហានដំបូង នោះគឺសូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ សូមយកឈ្នះលើខ្លួនអ្នកឲ្យបាន!!! បើមិនដូច្នោះទេ ទោះបីវិធីសាស្រ្តល្អឥតខ្ចោះបែបណា ធ្លាក់ពីលើមេឃមក ឬត្រូវបានណែនាំដោយអ្នកជំនាញខ្លាំងប៉ុណ្ណា បើចិត្តអ្នកមិនព្រមទទួលយកផងនោះ អ្វីៗក៏នឹងមិនបង្កើតផលចំណេញ ហើយក៏គ្មានអ្វីដែលនឹងអាចប្រសើរឡើងដែរ… ខាងក្រោមនេះ អាចជាវិធីខ្លះដែលអាចជួយអ្នកដែលកំពុងតែធ្លាក់ទឹកចិត្ត ឬលែងមានអារម្មណ៍រីករាយនឹងឆាកជីវិតរបស់ខ្លួនបាន… ១ ចូលគេង ហើយគិតថាថ្ងៃថ្មីនឹងល្អប្រសើរជាងនេះ     ប្រហែលជាពិបាកនឹងគេងលក់   ព្រោះតែចិត្តមិនស្ងប់ ប៉ុន្តែអ្នកអាចនឹងសាកល្បងធ្វើការសមាធិឬគ្រាន់តែព្យាយាមបញ្ឈប់ការគិតមួយរយៈដោយផ្តោតលើការដកដង្ហើមចេញចូល ហើយបិទភ្នែក និងផ្តេកខ្លួនគេង។ ជួនកាល អ្នកប្រហែលជាកំពុងតែយំ បើមិនអាចឈប់យំបានទេ អាចយំរហូតដល់គេងលក់ក៏បាន ហើយត្រូវចាំថា ថ្ងៃស្អែកជាថ្ងៃថ្មី ដែលនឹងល្អប្រសើរជាងនេះ។ ២ និយាយប្រាប់រឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធ និងទុកចិត្តជាងគេ មិនថាជាក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ណាម្នាក់ឡើយ កុំមានអារម្មណ៍ថាខ្លួនឯងនាំរឿងស្មុគស្មាញ ឬបន្ទុកដល់ពួកគាត់ឡើយសុំពេលគាត់ប៉ុន្មាននាទីដើម្បីនិយាយរៀបរាប់រឿងក្នុងចិត្តដល់ពួកគាត់ ដើម្បីឲ្យបានធូរខ្លះ ព្រោះថាការលាក់ទុកអ្វីដែលមាននៅក្នុងចិត្តទាំងនោះ មិនប្រាកដថាជួយអ្វីអ្នកបានឡើយ។ ៣ អានសៀវភៅ ឬស្តាប់ធម៌អប់រំផ្លូវចិត្ត មានសៀវភៅ និងធម៌ ក៏ដូចជាការនិយាយខ្លះពិតជាអាចជួយដល់ការគិត និងសុខភាពផ្លូវចិត្ត ដរាបណាអ្នកបើកចិត្តឲ្យទូលាយក្នុងការទទួលស្តាប់ អាន និងដឹងឮនូវរឿងរ៉ាវទាំងនោះ។ ៤ រំលឹកអំពីស្នាដៃ និងរឿងអស្ចារ្យដែលបានធ្វើកន្លងមក ជាទូទៅ ពេលដែលធ្លាក់ទឹកចិត្ត អារម្មណ៍អវិជ្ជមានតែងតែកើតមានជានិច្ច ហើយក៏ជាពេលដែលអ្នកចាប់ផ្តើមស្តីបន្ទោសដល់ខ្លួនឯងផងដែរ ហេតុនេះហើយ វានឹងជាការប្រសើរប្រសិនបើអ្នករំលឹកអំពីសមិទ្ធផលល្អៗដែលអ្នកធ្លាប់បានធ្វើក៏ដូចជាទទួលកន្លងមក ដើម្បីផ្តល់នូវថាមពលនៃមោទនភាព និងភាពវិជ្ជមានចំពោះខ្លួនអ្នកឡើងវិញ។ ៥ មើលរឿងកំប្លែង ឬធ្វើអ្វីដែលសប្បាយៗ មិនមែនកើតទុក្ខហើយក៏ស្តាប់បទចម្រៀងកម្សត់ទៀតនោះទេ  បើទោះជាមិនអាចជួយឲ្យបានធូរស្រាលខ្លះ ឬច្រើនក៏ដោយ ក៏វិធីនេះនឹងមិនធ្វើឲ្យអ្នកកាន់តែពិបាកចិត្តជាងមុនដែរ។ សាកល្បងចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងបរិយាកាសរីករាយ ជាពិសេសគឺសកម្មភាពដែលជាចំណង់ចំណូលចិត្តរបស់អ្នក សកម្មភាពដែលតែងតែធ្វើឲ្យមានស្នាមញញឹមជាប្រចាំ។ ៦ ទុកឲ្យពេលវេលាជាអ្នកស្រាយបញ្ហាផ្លូវចិត្តនេះ រឿងខ្លះ មិនប្រាកដថាបង្ខំចិត្តឲ្យទទួលយកបានងាយៗនោះទេ មានរឿងជាច្រើនដែលត្រូវការពេលវេលាជាអ្នកជួយសម្រួល។ ដូចនេះហើយ វានឹងជាការប្រសើរ បើសិនជាអ្នកអាចទុកពេលខ្លះដល់ខ្លួនឯង ទម្រាំដល់ពេលមួយដែលអ្នកអាចប្រឈមនឹងការពិតទាំងនោះ។ ៧ ទៅទីកន្លែងដែលខ្លួនឯងប្រាថា្ន និយាយពីចំណុចនេះ អ្នកខ្លះក៏មានលទ្ធភាពអាចទៅបានពិតមែន តែអ្នកខ្លះវិញក៏ហាក់ដូចជាមិនអាច តែកុំឲ្យវាក្លាយជាបញ្ហាស្មុគស្មាញមួយទៀតអី។ គិតពីកន្លែងណាដែលអាចទៅដល់ ឬគ្រាន់តែនៅកន្លែងណាមួយជាមួយមនុស្សយល់ចិត្តចំណាយពេលខ្លះព្រលែងចោលនូវរាល់ទុក្ខសោកក្នុងចិត្តគ្រប់យ៉ាងក៏បាន។      ៨ ធ្វើអ្វីដែលខ្លួនតែងតែប្រាថ្នាចង់ធ្វើ ឬចង់ឲ្យកើតមាន ប្រហែលជាអ្នកទើបតែបរាជ័យ ឬខកខានឱកាសណាមួយទើបធ្វើឲ្យចិត្តមិនស្ងប់ពេលនេះ កុំបណ្តោយឲ្យចិត្ត និងការគិតស្ថិតនៅលើវាទៀត ព្រោះអតីតកាលបានកន្លងហួសទៅហើយ រីឯអនាគតក៏នៅមិនទាន់មកដល់ដែរ ហេតុនេះហើយ ប្រើប្រាស់បច្ចុប្បន្នកាលនេះឲ្យមានតម្លៃ និងល្អប្រសើរដោយផ្តោតលើក្តីស្រមៃ ឬគោលដៅខ្លីណាមួយសិន ហើយរីករាយជាមួយនឹងការធ្វើដំណើរឈានទៅរកវា។ សូមធ្វើតាមអ្វីដែលអ្នកគិតថាត្រូវ និងមានប្រយោជន៍សម្រាប់អ្នក…សំខាន់ខ្លួនអ្នក យកឈ្នះលើខ្លួនឯង…តស៊ូបន្ត ដើម្បីជីវិតខ្លួនឯង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីជាអាល្លែកហ្ស៊ីភ្នែក? អាល្លែកហ្ស៊ីភ្នែក ត្រូវបានហៅជាភាសាបច្ចេកទេសថា Allergic Conjunctivitis មានន័យថាជាការរលាកភ្នែកដោយសារតែសារធាតុមួយចំនួន ជាដើមចមបង្កឲ្យមានប្រតិកម្មដែលគេហៅថា ភ្នាក់ងារ អាល្លែកហ្ស៊ី (Allergic Agents)។ ជំងឺអាល្លែកហ្ស៊ីនេះអាចកើតមានឡើងចំពោះមនុស្សស្ទើរគ្រប់វ័យ ហើយបើតាមការសង្កេតឃើញដោយផ្ទាល់របស់លោកវេជ្ជបណ្ឌិតឯកទេសចក្ខុរោគទៅលើអ្នកជំងឺដែលបានមកពិនិត្យជារៀងរាល់ថ្ងៃគឺមានប្រមាណ ៣០-៤០% ទៅតាមវេលានៃខែនីមួយៗក្នុងមួយឆ្នាំ។ ជាទូទៅអាល្លែកហ្ស៊ីភ្នែកត្រូវបានគេចែកចេញជាច្រើនប្រភេទ យោងទៅតាមមូលហេតុបង្កមានជាអាទិ៍៖ • តាមរដូវកាល (Seasoning)៖  មានន័យថាជាការកើតអាល្លែកហ្ស៊ីតាមរដូវកាល ជាពិសេសនៅក្នុងរដូវផ្ការីក និងមុនរដូវភ្លៀងធ្លាក់ ដោយសារតែសម្បូរទៅដោយលម្អងផ្កាព្រៃដែលអាចជាភ្នាក់ងារអាល្លែកហ្ស៊ី ហើយច្រើនកើតមានឡើងក្នុងប្រទេសត្រជាក់ ប៉ុន្តែ ដោយឡែកនៅប្រទេសកម្ពុជាយើងពុំសូវជួបប្រទះទេ។ • តាមការប៉ះពាល់ (Contact with Environment)៖  ជាប្រភេទអាល្លែកហ្ស៊ីដែលឧស្សាហ៍ជួបប្រទះញឹកញាប់បំផុតនៅក្នុងប្រទេសកម្ពុជា បង្កឡើងដោយសារធាតុមិនល្អមាននៅក្នុងខ្យល់ដូចជា ធូលី សារធាតុគីមី ដែលអាចជាភ្នាក់ងារបង្កអាល្លែកហ្ស៊ី ឬ  សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ មានសត្វល្អិតចង្រៃរស់នៅ (House Mite) និងរោមសត្វដូចជា ឆ្កែ ឬឆ្មាជាដើម។ • តាមប្រភេទជំងឺដទៃទៀត(Atopic Allergy)៖ ជាអាល្លែកហ្ស៊ីដែលទាក់ទងទៅនឹងជំងឺផ្សេងៗតួយ៉ាងដូចជា អ្នកដែលមានបញ្ហា   អាល្លែកហ្ស៊ីស្បែក ឬច្រមុះ ជំងឺកើតហឺត។ល។ អាលែ្លកហ្ស៊ីប្រភេទនេះ គេសង្កេតឃើញថាកើតមានទៅលើស្ត្រី ដោយសារ ការប្រើប្រាស់គ្រឿងសម្អាងច្រើន។ • តាមការពាក់លែន (Contact Lens)៖  វាទាក់ទងទៅនឹងអ្នកដែលចូលចិត្តប្រើប្រាស់លែនដាក់ភ្នែក ដោយសារតែសារធាតុដែលកកក្រោមលែនកកិតជាមួយនឹងកែវភ្នែករួចបង្កជាអាល្លែកហ្ស៊ី។ កុមារត្រូវបានសង្កេតឃើញថាងាយនឹងកើតមានជំងឺអាល្លែកហ្ស៊ីភ្នែកជាងគេ ក៏ព្រោះថាពួកគេកង្វះអនាម័យខ្លួនប្រាណ ដោយសារពួកគេចូលចិត្តលេងធូលីដី ឬលេងកន្លែងមិនស្អាតដែលនាំឲ្យពួកគេងាយប្រឈមនឹងភ្នាក់ងារអាល្លែកហ្ស៊ី។ម៉្យាងទៀត ស្រ្តីក៏ត្រូវបានសម្គាល់ថាងាយនឹងកើតមានជំងឺនេះផងដែរ ព្រោះពួកគាត់ចូលចិត្តប្រើប្រាស់គ្រឿងតុបតែងទៅលើភ្នែកដូចជា ម៉ាស្ការ៉ាដែលជាហេតុធ្វើឲ្យភ្នែកទទួលរងនូវប្រតិកម្មក្រៅពីនេះកត្តាមុខរបរមួយចំនួនក៏ងាយប្រឈមទៅនឹងអាល្លែកហ្ស៊ីភ្នែកដូចគ្នាដែរ។ រោគសញ្ញាគួរកត់សម្គាល់ រោគសញ្ញានៃអាល្លែកហ្ស៊ីភ្នែក រួមមាន រមាស់ក្រហម  ហើម រកាំ ឬស្រវាំង រួយភ្នែក និងចាញ់ពន្លឺដែលទាំងនេះសុទ្ធសឹងតែជារោគសញ្ញា អាចបញ្ជាក់ថាមានអាល្លែកហ្ស៊ីភ្នែក។ រោគវិនិច្ឆ័យសមស្រប បន្ថែមពីលើរោគសញ្ញាដែលបានរៀបរាប់ខាងលើការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើការសួរប្រវត្តិជំងឺ ក៏ដូចជាពិនិត្យបន្ថែមទៅលើភ្នែកដែលយើងឃើញមានជាដុំពកតូចនៅលើគ្រាប់ភ្នែក ឬនៅក្នុងត្របកភ្នែកផ្នែកខាងលើ ហើយដុំពកតូចនេះអាចក្លាយជាធំ ឬមានឡើងសនៅជុំវិញប្រស្រីភ្នែកក្នុងករណីអាល្លែកហ្ស៊ីធ្ងន់ធ្ងរ។ ការព្យាបាល ជំងឺអាល្លែកហ្ស៊ីភ្នែកកម្រិតស្រាលគ្រូពេទ្យនឹងណែនាំឲ្យព្យាបាលដោយការបន្តក់នូវទឹកភ្នែកសិប្បនិម្មិត ដើម្បីសម្អាតភ្នាក់ងារបង្កអាល្លែកហ្ស៊ី(Allergic Agents)ចេញពីក្នុងភែ្នក។ ក្នុងករណីអាការៈរោគមិនមានលក្ខណៈធូរស្រាល អ្នកជំងឺអាចប្រើប្រាស់ថ្នាំបន្តក់ភែ្នកដើម្បីកាត់បន្ថយរមាស់ដែលមាន២ក្រុមគឺ ពពួក Antihistamine និងMast cell stabilizer ក្នុងរយៈពេល៧ថ្ងៃ។ ចំណែកអ្នកដែលមានជំងឺអាល្លែកហ្ស៊ីធ្ងន់ធ្ងរដូចជា ហើមត្របកភែ្នកខ្លាំង ក្រហម និងចាញ់ពន្លឺ ជួនកាលអាចបង្កជាដំបៅលើកញ្ចក់ភែ្នក ដែលអាចធ្វើឲ្យប៉ះពាល់ដល់គំហើញ ពួកគាត់ចាំបាច់ត្រូវធ្វើការព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានត្រឹមត្រូវទើបអាចជាសះស្បើយ។ វិធីសាស្រ្តបង្ការ ដើម្បីកាត់បន្ថយអាល្លែកហ្ស៊ីភ្នែកបានយើងត្រូវបញ្ចៀសនូវកត្តាបង្ក ឬប្រឈមមួយចំនួនដូចជា៖  -ត្រូវចៀសវាងកន្លែងសម្បូរលម្អងផ្កាសម្រាប់អ្នកដែលអាល្លែកហ្ស៊ីទៅតាមរដូវកាល  -ត្រូវពាក់វ៉ែនតាការពារធូលីហុយចូលភ្នែក  - ត្រូវជ្រើសរើសផលិតផលគ្រឿងសម្អាងដែលពុំបង្កឲ្យមានអាល្លែកហ្ស៊ី  -មិនត្រូវប្រើប្រាស់ Contact Lens ក្នុងករណីមិនចាំបាច់  -ហាមញីភ្នែកពេលរមាស់  -បង្កើនអនាម័យក្នុងការរស់នៅ និងហូបចុក  -ប្រើប្រាស់ម៉ាស៊ីនសម្អាតខ្យល់ដើម្បីបន្សុទ្ធខ្យល់ក្នុងផ្ទះ ឬក្នុងបន្ទប់គេង។ បើទោះបីជាអាល្លែកហ្ស៊ីភ្នែកពុំបង្កឲ្យបាត់បង់គំហើញក៏ដោយ ប៉ុន្តែវាត្រូវបានចាត់ទុកជាជំងឺភ្នែកដែលជួបប្រទះញឹកញាប់ ដូចនេះត្រូវធ្វើការការពារ ថែរក្សាភ្នែកឲ្យបានល្អ និងគប្បីចៀសវាងកត្តាបង្កដូចបានរៀបរាប់ខាងលើ។ ប្រសិនបើមានសញ្ញាសង្ស័យត្រូវរួសរាន់មកជួបគ្រូពេទ្យភែ្នកជំនាញឲ្យលឿន កុំឲ្យវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរបាន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដោរ សីហា ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាអនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ការចំណាយពេលនៅជាមួយគ្នាបានកាន់តែច្រើន រឹតតែមានឱកាសក្នុងការបង្កើននូវភាពស្និទ្ធស្នាល ភាពកក់ក្តៅ និងក្តីស្រឡាញ់នៅក្នុងរង្វង់គ្រួសារទៀត។ នាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាឱកាសកម្រមួយសម្រាប់គ្រួសារទៅវិញដោយហេតុថាសមាជិកម្នាក់ៗជាក់ស្តែង គឺលោកឳពុកអ្នកម្តាយក្នុងវ័យធ្វើការរកស៊ីមិនសូវមានពេលទំនេរច្រើនឡើយសម្រាប់បុត្រធីតារបស់ខ្លួន។ ទោះបីជារវល់ម្តេចក្តី គ្រប់គ្នាត្រូវតែមានតុល្យភាពរវាងជីវិត និងការងារ មិនថាកាលវិភាគអ្នកមមាញឹកនឹងការសម្រេចនូវគោលដៅ ឬរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់អនាគតនៃគ្រួសារកម្រិតណានោះទេ សូមទុកពេលវេលាខ្លះសម្រាប់ក្រុមគ្រួសារ ដែលជាមនុស្សជាទីស្រឡាញ់របស់អ្នកផង។ ប្រសិនបើមិនអាចឆ្លៀតបានក្នុងថ្ងៃធម្មតាទេនោះ សូមកុំបណ្តោយឲ្យថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករំលងផុតទៅដោយការមិនមានពេលវេលាជាមួយគ្នាឲ្យសោះ។ ហេតុនេះហើយ តើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីចំណាយពេលវេលានោះជាមួយកូនៗរបស់អ្នក? ខាងក្រោមនេះ ជាគំនិតខ្លះៗដែលលោកអ្នកអាចធ្វើការពិចារណាបាន… ការទស្សនាភាពយន្ត ឬកម្មវិធីកម្សាន្តជាមួយគ្នា ជ្រើសរើសភាពយន្ត ឬកម្មវិធីកម្សាន្តណាមួយដែលអ្នកគិតថា អ្នក និងក្រុមគ្រួសារអាចមើលបានជាមួយគ្នាដោយមានការពិភាក្សាគ្នាពីនេះពីនោះ ដើម្បីឲ្យពេលវេលានោះកាន់តែមានគុណភាពបន្ថែមទៀត។ស្របពេលជាមួយគ្នា អ្នកក៏អាចបង្រៀនអំពីមេរៀនជីវិតផ្សេងៗដែលមានបង្ហាញនៅក្នុងភាពយន្ត ឬកម្មវិធីនោះដល់កូនៗរបស់អ្នកថែមទៀតផង ដែលការធ្វើបែបនេះ គឺអាចចំណេញបានទាំងសុភមង្គល និងការអប់រំផងដែរ។ ការប្រកួតប្រជែងសមត្ថភាព អាចជាការប្រកួតគូរគំនូរ ផ្គុំរូប ឬសមត្ថភាពផ្សេងៗដែលរឹតតែប្រសើរ បើអ្នកអាចផ្តល់នូវរង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។ សកម្មភាពមួយនេះក៏នឹងបង្កើននូវភាពច្នៃប្រឌិត ទម្លាប់ក្នុងការគិត និងប្រឹងប្រែងដោយសុចរិតក្នុងការប្រកួតប្រជែង ដែលអាចឲ្យពួកគេត្រៀមខ្លួនសម្រាប់ពេលដែលត្រូវប្រកួតប្រជែងនៅខាងក្រៅទៀតផង។ ការចម្អិនអាហារ ប្រសិនបើអាច អ្នកអាចស្នើសុំឲ្យកូនៗរបស់ អ្នកចូលរួមក្នុងការរៀបចំ ក៏ដូចជាចម្អិនអាហារ សម្រាប់ក្រុមគ្រួសាររបស់អ្នក ដែលតាមរយៈការ ធ្វើបែបនេះ អ្នកអាចនឹងបង្រៀនពួកគេអំពីស្មារតីក្នុងការជួយគ្នាសម្រេចនូវគោលដៅរួម។ ស្របពេលជាមួយគ្នាអ្នកក៏អាចបង្រៀនពួកគេអំពីបំនិនជីវិតដ៏សំខាន់ គឺការធ្វើម្ហូបនេះតែម្តង ដែលនឹងជាប្រយោជន៍ទៅថ្ងៃអនាគតរបស់គេ។ ម្យ៉ាងទៀត អ្នកអាចឲ្យគេជួយភ្លក្សនូវមុខម្ហូបទាំងនោះហើយក៏រួមគ្នាសម្រេចនូវរសជាតិដែលអ្នកប្រាថ្នាព្រមគ្នាតែម្តង។ ការជប់លៀងញ៉ាំសាច់អាំង ការអាំងសាច់ ជាសកម្មភាពដ៏ប្រសើរបំផុតក្នុង ចំណោមសកម្មភាពនៅខាងក្រៅ (outdoor) ដទៃទៀត ព្រោះថាមិនត្រឹមតែបានញ៉ាំអាហារជុំគ្នាប៉ុណ្ណោះទេ គឺអាចចំណាយពេលក្នុងការអាំងសាច់ បណ្តើរ និយាយជជែកគ្នាបណ្តើរទៀតផង។ ពេលវេលាដែលចំណាយក៏រឹតតែមានគុណភាពថែមមួយកម្រិតទៀត ប្រសិនបើមានអ្នកចូលរួមកាន់តែច្រើនដែលអាចជាការជុំគ្នារវាងគ្រួសាររបស់មិត្តភក្តិអ្នកផ្ទាល់ ឬគ្រួសាររបស់មិត្តភក្តិកូនអ្នកផ្ទាល់ផងដែរ។ ការសម្រាកលំហែនៅឆ្នេរសមុទ្រ យូរៗម្តង ការទៅកម្សាន្តនៅឆ្នេរសមុទ្រជាលក្ខណៈគ្រួសារពិតជាបង្កើតនូវភាពសប្បាយរីករាយដល់កូនៗរបស់អ្នក តាមរយៈសកម្មភាពកម្សាន្តសប្បាយជាច្រើនរួមមាន ការសូនរូបជាមួយនឹងដីខ្សាច់ ការមុជទឹកសមុទ្រលេង ការប្រមូលរើសសំបកខ្យងខ្ចៅ ការចាប់ក្តាម ជាដើម។អ្នកក៏អាចលេងល្បែងជុំគ្រួសារដូចជាការលេងបាល់ ឬការលេងដេញចាប់គ្នាផងដែរ។ ការទស្សនាសួនសត្វ សួនធម្មជាតិ ឬសួនសិប្បនិម្មិត មានកន្លែងកម្សាន្តជាច្រើនដែលអ្នកអាចកំដរកូនរបស់អ្នកទៅបាន អាស្រ័យលើចំណង់ចំណូលចិត្តរបស់ពួកគេ។ លោកអ្នកអាចធ្វើការសាកសួរចិត្ត របស់ពួកគេជាមុនសិន ដើម្បីឲ្យប្រាកដក្នុងចិត្តថា គេនឹងសប្បាយចិត្តក្នុងការចូលរួម មិនមែនទៅដោយសារការបង្ខំ ឬរៀបចំរបស់អ្នកឡើយ។ ការចំណាយពេលទៅខាងក្រៅ រីករាយជាមួយនឹងធម្មជាតិក៏នឹងអាចផ្លាស់ប្តូរអារម្មណ៍ និងបរិយាកាសសម្រាប់អ្នក និងជាពិសេសកូនជាទីស្រឡាញ់ផ្ទាល់។ ការបោះតង់ ឬជំរុំ បែបឯកជន មិនសំដៅដល់ការបោះតង់នៅព្រៃភ្នំ ឬមាត់សមុទ្រ អ្វីឡើយ…អ្នកអាចប្រើប្រាស់សម្ភារៈផ្សេងជំនួសឲ្យតង់ (អាចជាការក្រាលកម្រាលគេងនៅលើ វាលស្មៅ ដោយមានដំបូលស្តើងគ្របពីលើ) ហើយគេងក្បែរកូនរបស់អ្នកដោយរើសយករឿងនិទានណាមួយមកនិយាយជូនពួកគេស្តាប់ (អ្នកគួររើសយករឿងណា ដែលមានគំនិតអប់រំល្អៗ ឬទាក់ទិននឹងបំណិនជីវិត)។ ស្របពេលជាមួយគ្នា អ្នកក៏ អាចរីករាយនឹងខ្យល់អាកាស ព្រមទាំងសំឡេងធម្មជាតិនាពេលរាត្រីដែលប្រាកដណាស់ គឺមានផលវិជ្ជមានចំពោះសុខភាពផ្លូវចិត្តរបស់អ្នក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និយមន័យនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម ជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើម គឺជាប្រតិកម្មដែលបង្កឡើងដោយពពួកអាល្លែកហ្សែនធ្វើឲ្យមានការហើម រលាកតាមផ្លូវដង្ហើម។ សម្រាប់ការអង្កេតនៅប្រទេសកម្ពុជាយើងគឺមានការកើនឡើង ជាក់ស្តែង នៅឆ្នាំ២០០៤ ការសិក្សានៅមន្ទីរពេទ្យព្រះអង្គឌួង ករណីអ្នកជំងឺដែលគាត់មកពិគ្រោះឃើញថាមានអាល្លែកហ្ស៊ី១៥% និងនៅឆ្នាំ២០១៥ការសិក្សានៅមន្ទីរពេទ្យព្រះកេតុមាលា ករណីជំងឺអាល្លែកហ្ស៊ីនេះមានការកើនឡើងរហូតដល់២៨%។  តាមទិន្នន័យនៅឆ្នាំ២០០៦ តំបន់នៃពិភពលោកដែលប្រឈមនឹងអាល្លែកហ្ស៊ីខ្ពស់ជាងគេ គឺអ៊ុយគ្រែន រហូតដល់៤០%។ មូលហេតុបង្កឲ្យមានអាល្លែកហ្ស៊ីផ្លូវដង្ហើម • កត្តាខាងក្រៅ     -ការផ្លាស់ប្តូរអាកាសធាតុ ដែលយើងហៅថាអាល្លែកហ្ស៊ីរដូវកាល វាកើតមានឡើងពេលប្តូរពីរដូវក្តៅទៅរដូវត្រជាក់  ឬពីរដូវត្រជាក់មករដូវក្តៅ ឬរដូវផ្ការីកដែលធ្វើឲ្យគាត់អាល្លែកហ្ស៊ីជាមួយលម្អងផ្កា     -ការបំពុលបរិស្ថាន ផ្សែងបារី ផ្សែងយានយន្តឬផ្សែងចេញពីរោងចក្រ     - គេហដ្ឋានមិនស្អាត មានផ្សិតនៅតោងជាប់ជញ្ជាំង ដោយសារជម្រាបទឹកផ្សេងៗ ផ្សិតដុះពីអាហារផ្អូម ឬផ្សិតពីកាកសំណល់ផ្សេងៗ     - សត្វចិញ្ចឹម ដែលមានរោមដូចជាសត្វឆ្កែ សត្វឆ្មា សត្វល្អិត ឬពពួកសត្វកន្លាត ទាំងលាមក ទាំងទឹកនោមរបស់វា     -Ascariens ជាសត្វល្អិតតូចបំផុតដែលរស់នៅជាប់កម្រាលព្រំ ភួយ មុង ខ្នើយ កន្ទេលជាដើម។ • កត្តាខាងក្នុង     - មកពីចំណីអាហារដូចជា គ្រឿងសមុទ្រ ស៊ុតទឹកដោះគោ អាហារផ្អាប់ និងសណ្តែកដី     - ថ្នាំពេទ្យ ថ្នាំបុរាណដែលមានការលាយផ្សំចូលគ្នាជាច្រើនមុខ។ បុគ្គលជាកម្មកររោងចក្រ រស់នៅ និងធ្វើការក្នុងបរិស្ថានមិនល្អ ឬធ្វើការក្នុងកសិដ្ឋានចិញ្ចឹមសត្វប្រឈមមុខខ្ពស់នឹងអាល្លែកហ្ស៊ីផ្លូវដង្ហើមបំផុត។ ចំពោះអ្នកអាល្លែកហ្ស៊ីច្រមុះស្រាប់មាន២០%កើតហឺត រីឯបុគ្គលដែលកើតហឺតមាន៥០%អាល្លែកហ្ស៊ីច្រមុះ។ រោគសញ្ញាជាក់ស្តែង មនុស្សម្នាក់អាចសន្និដ្ឋានថាមានជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើមបានផ្អែកលើរោគសញ្ញាដូចជា រមាស់ច្រមុះ តឹងច្រមុះ កណ្តាស់ ហៀរសំបោរ អាចដល់សួតគឺធ្វើឲ្យហត់ភ្លាមៗបន្ទាប់ពីសញ្ញាក្អកទៅតាមដំណាក់កាល។ រោគសញ្ញាបន្ទាប់បន្សំអាចរួមមានអស់កម្លាំង ឈឺក្បាល និងសញ្ញាលើស្បែក ហើយក៏អាចធ្វើឲ្យអ្នកជំងឺគេងមិនបានឬគេងភ្ញាក់ៗ ប៉ះពាល់ដល់ការសិក្សា ការងារ ក៏ដូចជាសង្គមជាតិទាំងមូល។ យន្តការនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម ពេលដែលអាល្លែកហែ្សនចូលដល់ក្នុងខ្លួន  កោសិកាមួយហៅថាម៉ាក្រូហ្វាចាប់យកអាល្លែកហ្សែនដើម្បីបង្កើតបានជាអង់ទីក័រ។  នៅពេលអាល្លែកហ្សែនចូលលើកទី២ អង់ទីក័រចាប់យកអាល្លែកហ្សែននោះម្តងទៀត ហើយវាបញ្ចេញជាសារធាតុមួយឈ្មោះថាអ៊ីសស្តាមីន (Histamine)ជាហេតុនាំឲ្យមានការលេចចេញជារោគសញ្ញាអាល្លែកហ្ស៊ីផ្សេងៗ។ ការធ្វើរោគវិនិច្ឆ័យអាល្លែកហ្ស៊ីផ្លូវដង្ហើម ដំបូងត្រូវសាកសួរលម្អិតពីប្រវត្តិរបស់ជំងឺ កើតតាំងពីពេលណា តាំងពីកុមារភាព ឬទើបតែកើតមានឡើងថ្មីៗ ប្រវត្តិគ្រួសារ ដោយសារអាល្លែកហ្ស៊ីជាជំងឺតពូជ ប្រសិនបើឪពុក ឬម្តាយមានអាល្លែកហ្ស៊ី នោះកូនអាចប្រឈមនឹងបញ្ហានេះរហូតដល់៣០%។ មួយវិញទៀត ត្រូវសាកសួររហូតដល់ការរស់នៅរបស់គាត់ ដើម្បីរកមូលហេតុធ្វើឲ្យមានអាល្លែកហ្ស៊ី បរិស្ថានការងាររបស់គាត់ ជាកម្មកររោងចក្រ ធ្វើការនៅកន្លែងមួយគ្មានខ្យល់អាកាសឆ្លងកាត់ ឬហប់ កសិដ្ឋានចិញ្ចឹមសត្វ មុខងារ រួមនឹងបរិស្ថានដែលគាត់រស់នៅ។ បន្ទាប់មកតម្រូវឲ្យអ្នកជំងឺពិនិត្យគ្លីនិកដូចជា មើលច្រមុះ បំពង់ក ដើម្បីរកមើលកត្តាអាល្លែកហ្ស៊ី។ ក្រៅពីនេះ មានការធ្វើតេស្តឈាមដើម្បីសិក្សារក IgE specific រកមើលសារធាតុអាល្លែកហ្ស៊ី និងបច្ចេកទេសចុងក្រោយ គឺការធ្វើតេស្តលើស្បែក ហៅថា Skin Prick Testsដែលមានសារធាតុយកមកធ្វើតេស្តច្រើនយ៉ាង។ អាល្លែកហ្ស៊ីផ្លូវដង្ហើមត្រូវព្យាបាលរបៀបណា? ការព្យាបាលជារឿងមួយសំខាន់បំផុត ជាដំបូងត្រូវផ្អែកលើការសាកសួរអ្នកជំងឺ ប្រសិនបើគាត់មានអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ  ត្រូវចៀសសារធាតុនោះ។ ឧទាហរណ៍ បើគាត់ញ៉ាំទឹកដោះគោហើយបណ្តាលឲ្យគាត់ក្អក  រមាស់ក ឬកណ្តាស់ ត្រូវណែនាំឲ្យគាត់បញ្ឈប់ នោះគាត់នឹងមានភាពធូរស្រាល។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើការអង្កេតខ្លួនឯងផ្ទាល់។ ម៉្យាងទៀត អ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់ថ្នាំប្រភេទប្រឆាំងនឹងអីុសស្តាមីន (Antihistaminic) ឬពពួក Corticoid ទាំងប្រភេទថ្នាំលេប និងថ្នាំបាញ់ទៅតាមសញ្ញាអាល្លែកហ្ស៊ីដែលគ្រូពេទ្យចេញវេជ្ជបញ្ជា។ ជាទូទៅការការពារ និងព្យាបាលជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើមត្រូវធ្វើឡើងទន្ទឹមគ្នា ដោយហាត់ប្រាណជាប្រចាំ ព្រោះវាអាចជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពរឹងមាំ ហើយនៅពេលពួកគាត់ប៉ះជាមួយអាលែ្លកហ្សែនតិចតួចនឹងមិនចេញនូវសញ្ញាអាល្លែកហ្ស៊ីនោះទេ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត  និងត្រូវទម្លាប់ប្រើម៉ាស់ជាប្រចាំ  ឬអាចប្រើប្រាស់ថ្នាំការពារទុកជាមុន។ ប្រដាប់ដង្ហើមជាផ្នែកមួយដ៏សំខាន់នៃរាងកាយនៅពេលមានផលប៉ះពាល់ ឬហើម បុគ្គលនោះត្រូវជួបជាមួយបញ្ហា ទាំងសុខភាព ថវិកា ពេលវេលា ការរៀនសូត្រ ការងារ និងសង្គមទាំងមូល។ ជាក់ស្តែង ជាឧទាហរណ៍ស្រាប់នៅប្រទេសបារាំងឆ្នាំ២០០២ មានការខាតបង់បណ្តាលមកពីបញ្ហាអាល្លែកហ្ស៊ី រហូតដល់៩១៥លានអឺរ៉ូ។ ដូច្នេះគ្រប់គ្នាចាំបាច់ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺអាល្លែកហ្ស៊ីនេះដោយយ៉ាងហោចណាស់ខិតខំសម្អាតទីក្រុងឲ្យបានស្អាត។ បញ្ជាក់ ៖ ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអាល្លែកហ្ស៊ីនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសាឆ្នាំ២០១៨។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត សុខ គួង ឯកទេស ត្រចៀក ច្រមុះ បំពង់ក មានតួនាទីជាអនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សណ្តែកសៀងគឺជាគ្រឿងផ្សំគោលនៃអាហារប្រពៃណីរបស់ប្រជាជនអាស៊ីមករាប់ពាន់ឆ្នាំ ហើយក៏ត្រូវបានណែនាំទៅកាន់ប្រទេសប៉ែកខាងលិចរាប់រយឆ្នាំមកហើយដែរ។ បច្ចុប្បន្ន សណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងផលិតផលអាហារជាច្រើន និងត្រូវបានស្គាល់យ៉ាងទូលំទូលាយជាមួយនឹងសារជាតិបំប៉នរបស់វា ជាពិសេសគឺ  Isoflavone ដែលមានអត្ថប្រយោជន៍យ៉ាងសន្ធឹកទៅលើសុខភាព។ បរិមាណ Isoflavone នៅក្នុងអាហារពីសណ្តែកសៀង សណ្តែកសៀង មានផ្ទុកនូវ Isoflavone ច្រើនជាងគេ តែសណ្តែកសៀងផ្អាប់ ឬកែច្នៃមួយចំនួនអាចបាត់បង់នូវបរិមាណ Isoflavones រហូតដល់ ៨០ ទៅ ៩០%។ អត្ថប្រយោជន៍នៃ Isoflavone ចំពោះសុខភាព 1.   អាការៈរបស់ស្ត្រីអស់រដូវ ក្នុងឆ្នាំ ២០១៥ Isoflavone ពីសណ្តែកសៀងត្រូវបានបង្ហាញថាជាការព្យាបាលក្នុងលំដាប់ដំបូងគេទៅលើអាការៈនៃការអស់រដូវរបស់ស្ត្រី។ការសិក្សាបានបង្ហាញផងដែរដោយ CochraneLibrary នៅឆ្នាំ ២០១១បានលើកឡើងអំពីការបន្ថយការរសាត់ចេញរបស់ឆ្អឹងចំពោះស្ត្រីអស់រដូវដែលបរិភោគ  Isoflavoneពីសណ្តែកសៀង។ សារធាតុនេះត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងការប្រើប្រាស់ថ្នាំអ័រម៉ូនក្នុងការគ្រប់គ្រងអាការៈរបស់ស្ត្រីអស់រដូវ។ 2.   ប្រព័ន្ធសរសៃឈាមបេះដូង រដ្ឋបាលនៃចំណីអាហារនិងឱសថរបស់អាមេរិកក៏ដូចជាកាណាដា អង់គ្លេស ប្រេស៊ីល ឥណ្ឌូនេស៊ីនិងភីលីពីនបានបង្ហាញអំពី ការថយចុះនូវការប្រឈមនៃជំងឺសរសៃឈាមបេះដូង និងឥទ្ធិពលក្នុងការការពារជំងឺសរសៃឈាមបេះដូងដោយប្រូតេអ៊ីនសណ្តែកសៀង ក្នុងបរិមាណ ២៥ ក្រាមក្នុងមួយថ្ងៃ។ ការសិក្សាមួយចំនួនទៀត នៅឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavone អាចជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាមក្នុងកម្រិតទាប    (Baseline) ព្រមទាំងធ្វើឲ្យប្រសើរឡើងពីភាពរឹងស្ទក់នៃសរសៃឈាមអាកទែរចំពោះស្ត្រីក្រោយអស់រដូវផងដែរ។ 3.   ការគ្រប់គ្រងទម្ងន់ ការលើសទម្ងន់ជាបញ្ហាគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក។ Isoflavone មានឥទ្ធិពលសម្របសម្រួលមេតាបូលីស និងរក្សាលំនឹងនៅក្នុងរាងកាយ ដែលធ្វើឲ្យវាមានអានុភាពក្នុងការការពារ  និងព្យាបាលការលើសទម្ងន់។ 4.   សុខភាពផ្លូវចិត្ត ការសិក្សាមួយដោយជនជាតិជប៉ុនទៅលើស្ត្រីក្រោយអស់រដូវបានបង្ហាញថាការប្រើប្រាស់ក្នុងកម្រិតសមរម្យមួយ  (២៥មីលីក្រាមក្នុងមួយថ្ងៃ)នូវIsoflavone ក្រោមទម្រង់Aglycone អាចកាត់បន្ថយអាការៈនៃការធ្លាក់ទឹកចិត្ត  និងការបារម្ភ។ការសិក្សាពីឆ្នាំ ២០១៤ បានបង្ហាញថាការប្រើលើសពី ៣ខែក្នុងកម្រិត ១០០មីលីក្រាមក្នុង១ថ្ងៃនៃ Isoflavone អាចបន្ថយរោគសញ្ញានៃការបាក់ទឹកចិត្តរបស់ស្ត្រីក្រោយអស់រដូវ   ដោយប្រសិទ្ធភាពគឺប្រហែលនឹងឱសថ Zoloft (៥០mg/ថ្ងៃ) និង Prozac (១០ mg/ថ្ងៃ)។ 5.   សុខភាពស្បែក តាមរយៈការសិក្សាដែលបានធ្វើឡើងលើក្រុមស្ត្រីអស់រដូវបានបង្ហាញអំពីការប្រសើរឡើងយ៉ាងគួរឲ្យកត់សម្គាល់នៃការកាត់បន្ថយភាពជ្រីវជ្រួញការប្រែប្រួលនៃពណ៌ស្បែក និងរូបសម្រស់ទូទៅចំពោះស្ត្រីអាយុចន្លោះពី ៥០ ទៅ ៦៥ ឆ្នាំដែលបានប្រើប្រាស់ Isoflavone ពីសណ្តែកសៀង ២០ក្រាមក្នុងមួយថ្ងៃរយៈពេល ៣ខែ។ 6.   ជំងឺមហារីក សកម្មភាពប្រឆាំងនឹងជំងឺមហារីករបស់សណ្តែកសៀងត្រូវបានភ្ជាប់ទៅនឹងវត្តមានរបស់ Isoflavone ដែលធ្វើការការពារនៅវគ្គនៃការរីកលូតលាស់នៃដុំមហារីក ក៏ដូចជាកាត់បន្ថយការប្រឈម   និងការកើតឡើងវិញនៃដុំសាច់ផងដែរ។សេចក្តីវិភាគចេញពីការសិក្សាចំនួន ១៤៣ ក៏បង្ហាញអំពីលទ្ធផលគួរឲ្យកត់សម្គាល់លើទំនាក់ទំនងរវាង Isoflavone និងការថយចុះនៃការប្រឈមនឹងមហារីកក្រពះ និងសួតទៀតផង។   7.   ការឆ្លងរោគ Isoflavone គឺជាសារធាតុធម្មជាតិដែលបង្កើតឡើងដោយរុក្ខជាតិក្នុងការប្រឆាំងទប់ទល់នឹងការឆ្លងរោគពីផ្សិត  និងបាក់តេរី   ដូចនេះវាក៏អាចប្រឆាំងនឹងមេរោគ  និងជួយឲ្យមេរោគល្អក្នុងពោះវៀនកាន់តែប្រសើរផងដែរ។ 8.   ឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ឥទ្ធិពលនេះជួយការពារពីការវិវឌ្ឍនៃជំងឺមហារីកដែលបង្កដោយរ៉ាឌីកាល់សេរី។ ការសិក្សានៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថាប្រភេទមួយរបស់Isoflavone (genistein) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងអុកស៊ីតកម្មផ្សេងៗ។សកម្មភាពនេះអាចប្រៀបបានទៅនឹងឥទ្ធិពលរបស់វីតាមីនE។ សុវត្ថិភាពរបស់ Isoflavone នៅឆ្នាំ ២០១៥ EFSA បានសរុបសេចក្តីថា កម្រិតប្រើពី ៣៥ ទៅ ១៥០mgក្នុងមួយថ្ងៃនៃ Isoflavone ពីអាហារ ឬអាហារបំប៉ន មិនមានចោទជាផលអវិជ្ជមានលើជាលិកាដែលរងឥទ្ធិពលពីអ័រម៉ូនភេទដូចជាសុដន់ ស្បូន ក្រពេញទីរ៉ូអ៊ីត រហូតដល់ ២ឆ្នាំកន្លះ។ ការប្រើប្រាស់ Isoflavone ពីសណ្តែកសៀងដោយស្ត្រីមានជំងឺមហារីកសុដន់មានទំនាក់ទំនងនឹងការថយចុះនៃអត្រាការស្លាប់ និងការរើឡើងវិញនៃមហារីកផងដែរ។ ម្យ៉ាងទៀត ពុំមានការហាមឃាត់ចំពោះការប្រើប្រាស់ Isoflavone លើស្រ្តីដែលព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole ឡើយហើយវាបែរជំរុញប្រសិទ្ធភាពនៃការព្យាបាលទៅវិញ។ ថ្មីៗនេះផងដែរ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង បានបញ្ជាក់ថាគ្មានការកើនឡើងនៃការប្រឈមទៅនឹងមហារីកសុដន់ ឬស្រទាប់ស្បូនដោយសារ Isoflavone ឡើយ។ ឯកសារយោង៖ (1) Gianluca Rizzo and Luciana Baroni : Nutrients. 2018 Jan;10(1): 43. (2) Mark Messina :Nutrients. 2016 Dec; 8(12):754.] ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top