
- Jan 25, 2018 |
- 7 ឆ្នាំមុន |
- 4.7K មើល
ការរស់នៅជាមួយជំងឺ មហារីកពោះវៀនធំ
ការព្យាបាលជំងឺមហារីកពោះវៀនធំអាចប្រព្រឹត្តទៅបានតាមវិធីសាស្រ្តផ្សេងៗគ្នាទៅតាមស្ថានភាព និងដំណាក់កាលជំងឺនីមួយៗ។ យ៉ាងណាមិញ បញ្ហា ឬរោគសញ្ញាជាបន្តបន្ទាប់អាចកើតមានឡើងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលបានបញ្ចប់ក្នុងនោះរួមមាន៖ • អ្នកជំងឺមានអារម្មណ៍ភ័យខ្លាច វិបត្តិក្នុងការគេង ឬបាក់ទឹកចិត្ត ដែលត្រូវការការគាំទ្រពីសំណាក់គ្រូពេទ្យចិត្តសាស្រ្ត • អំឡុងពេល និងបន្ទាប់ពីការព្យាបាលរបបអាហារអាចចោទជាបញ្ហាដោយសារការថយចុះតម្រូវការអាហារ ចង្អោរ និងល្ហិតល្ហៃ។ បន្ទាប់ពីការបញ្ចប់ទៅនៃការព្យាបាលជំងឺ គ្រូពេទ្យនៅតែតាមដាននូវស្ថានភាព ដើម្បី៖ • កំណត់រក និងការពារពីផលវិបាកបង្កឡើងពីការព្យាបាល • កំណត់រកការលាប់ឡើងវិញនៃជំងឺបានភ្លាមៗ ដើម្បីធ្វើការព្យាបាលបន្ត • ផ្តល់ព័ត៌មានពីផ្នែកសុខាភិបាល ការគាំទ្រផ្នែកផ្លូវចិត្ត និងបន្តផ្តល់សេវាផ្នែកគាំពារពីសំណាក់អ្នកមានជំនាញ ក្នុងការធានាឲ្យស្ថានភាពជីវិតរស់នៅត្រឡប់មកជាធម្មតាវិញ។ ការប្រែប្រួលជីវភាពរស់នៅរបស់អ្នកជំងឺ • បញ្ហាជីវជាតិអាហារ៖ របបអាហារដែលមានជាតិប្រូតេអ៊ីន និងថាមពលខ្ពស់ បូករួមជាមួយអាហារបំប៉នក្នុងកម្រិតទាបក្រៅពីវីតាមីន គឺត្រូវបានណែនាំពីវេជ្ជបណ្ឌិតសម្រាប់ការបរិភោគប្រចាំថ្ងៃ អំឡុងពេលព្យាបាលបែបគីមីសាស្រ្ត (chemotherapy) ។ បន្ទាប់ពីការព្យាបាលបែបគីមីសាស្រ្តបានបញ្ចប់ អ្នកជំងឺគួររក្សានូវរបបអាហារឲ្យមានតុល្យភាពដូចជាអាហារដែលមានជាតិសរសៃ កំណត់អាហារដែលមានសារធាតុរក្សាទុក និងសាច់ពណ៌ក្រហមឲ្យនៅក្នុងកម្រិតទាប។ ការធ្វើឲ្យប្រសើរឡើងនៃទម្លាប់ក្នុងការញ៉ាំអាចការពារអ្នកជំងឺពីជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសរសៃឈាមបេះដូង)។ • មិនត្រូវផ្លាស់ប្តូររបបអាហារភ្លាមៗ ៖ អ្នកជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយមួយចំនួន មានទំនោរប្តូររបបអាហារភ្លាមៗ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ។ យ៉ាងណាមិញ កម្រិតនេះអាចនឹងគ្មានប្រសិទ្ធភាព ដោយសាររបបអាហារថ្មីអាចខ្វះខាតជីវជាតិមួយចំនួនដូចជាប្រូតេអ៊ីន ហើយអ្នកជំងឺដែលទទួលការព្យាបាលបែបវះកាត់ និង បែបគីមីសាស្រ្តទាមទារនូវជីវជាតិជាវីតាមីនឲ្យបានគ្រប់គ្រាន់សម្រាប់កែប្រែស្ថានភាពជំងឺ និងការជាសះស្បើយនៃមុខរបួស។ • របបអាហារពិសេសសម្រាប់តម្រូវការខុសគ្នា ៖ ចំពោះអ្នកជំងឺដែលរងការព្យាបាលដោយវិទ្យុសកម្មនៅតំបន់ត្រគាកត្រូវការរបបអាហារដែលមានកម្រិតជាតិសរសៃទាប និងគួរទទួលទានទឹកឲ្យបានច្រើនចាប់ពី ៨ ទៅ១០កែវក្នុងមួយថ្ងៃ។ ចំណែកអ្នកជំងឺព្យាបាលដោយគីមីសាស្រ្តត្រូវចៀសវាងអាហារជាសាច់ឆៅ ឬខ្យងខ្ចៅ អយស្ទើរ ឈីស ទឹកដោះឆៅ អាហារជាប្រភេទប៊ូហ្វេ សាឡាត់ និងអាហារ នៅតាមភោជនីយដ្ឋានដែលបម្រើសេវាកម្មខ្លួនឯង ដើម្បីកាត់បន្ថយហានិភ័យការចម្លងមេរោគដល់ប្រព័ន្ធរំលាយអាហារ។ • ជីវិតដែលសកម្ម ៖ អត្ថប្រយោជន៍នៃលំហាត់ប្រាណក្នុងការការពារពីជំងឺមហារីកត្រូវទទួលបានការសរសេរទុកយ៉ាងជាក់លាក់ ។ អ្នកជំងឺគួរធ្វើការហាត់ប្រាណកម្រិតស្រាលឲ្យបានជាប្រចាំ ដើម្បីអាចរក្សាបាននូវភាពរឹងមាំនៃរាងកាយ និងបង្កើនស្ថានភាពសុខភាពទាំងមូល។ ការសិក្សាក៏បានបញ្ជាក់ផងដែរពីទំនាក់ទំនងនៃការហាត់ប្រាណបែបអេរ៉ូបិក ដែលធ្វើឲ្យមានការថយចុះនូវការលាប់ឡើងវិញនៃជំងឺមហារីកពោះវៀនធំ បន្ថែមពីនោះទម្លាប់ក្នុងការកម្សាន្តអាចជួយឲ្យអ្នកជំងឺមហារីកសម្រួលអារម្មណ៍បានល្អ។ ការរស់នៅជាមួយ Colostomy Colostomy ជាការរួមបញ្ចូលនៃពាក្យ Colon (ពោះវៀនធំ) និង Stoma (មាត់)។ វាជាការវះកាត់បើកជញ្ជាំងពោះដើម្បីភ្ជាប់ពោះវៀនធំទៅនឹងផ្ទៃពោះខាងលើ ដែលជាផ្លូវសម្រាប់បញ្ចេញកាកសំណល់ និងហ្គាសចេញពីរាងកាយ។ អ្នកជំងឺមួយចំនួនអាចរស់នៅជាមួយការចោះពោះវៀនជាបណ្តោះអាសន្ន ឬអាចពេញមួយជីវិតទៅតាមលក្ខខណ្ឌនៃជំងឺ។ បន្ទាប់ពីធ្វើការបើកពោះវៀន ថង់ស្តុកទុក (Colostomy bag) នឹងត្រូវបានភ្ជាប់ទៅលើពោះនៅកន្លែងដែលបើកសម្រាប់ស្តុកទុកកាកសំណល់ដែលបញ្ចេញចោល។ អ្នកជំងឺមិនអាចដឹងពីដំណើរនៃកាកសំណល់នៅកន្លែងបើកនោះទេ ដោយសារមិនអាចគ្រប់គ្រងបាន ហើយទាមទារឲ្យធ្វើការសម្អាតនូវថង់ស្តុកទុកជាច្រើនដងក្នុងមួយថ្ងៃ។ អ្នកជំងឺអាចធ្វើការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យពី ៧ ទៅ១០ថ្ងៃ ឬយូរជាងនេះប្រសិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬការលេចឡើងនៃផលវិបាកបណ្តាលមកពីជំងឺមហារីកពោះវៀនធំ។ ដំណើរការជាសះស្បើយពីការបើកពោះវៀនធំ (Colostomy) អាចនឹងត្រូវការរយៈពេលដល់ទៅ ២ខែ។ ជាធម្មតា ការណែនាំពីរបបអាហារជាក់លាក់នឹងត្រូវធ្វើឡើងបន្ទាប់ពីការវះកាត់។ អ្នកជំងឺតម្រូវឲ្យបរិភោគទឹកស ពីរ ទៅបីថ្ងៃ បន្ទាប់មកអាចចាប់ផ្តើមសារធាតុរាវដែលខាប់ ជាស៊ុប និងអាហារទន់។ បន្ទាប់ពីការចោះពោះវៀន (Colostomy) កាកសំណល់នឹងបញ្ចេញពីរាងកាយតាមរយៈកន្លែងបើក (stoma) ជាជាងការបញ្ចេញតាមចុងពោះវៀនធំ។ ការណែនាំសម្រាប់អ្នកជំងឺជាមួយ Colostomy • សម្រាកក្នុងរយៈពេល ២ ឬ៣ខែ ហើយចៀសវាងធ្វើលំហាត់ប្រាណដែលធ្វើឲ្យរំខានដល់សាច់ដុំពោះដូចជា ការអង្គុយចុះឡើង លំហាត់ប្រាណបែបរុញ ឬការហែលទឹក ដើម្បីធានាបាននូវការជាសះស្បើយសាច់ដុំពោះ • ចៀសវាងការលើករបស់ធ្ងន់ព្រោះវាអាចធ្វើឲ្យពោះវៀនលៀនចេញពីកន្លែងដែលបើក • ត្រូវភ្ជាប់ថង់ស្តុកទុកដែលមានទំហំស័ក្តិសម ហើយរក្សាអនាម័យ ដើម្បីចៀសវាងពីការឆ្លងរោគ • បំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការពីការបាត់បង់ជាតិទឹក និងថយចុះសារធាតុអេឡិចត្រូលីត ជាពិសេសក្នុងរដូវក្តៅ • ស្លៀកពាក់រលុងៗ ហើយចៀសវាងពាក់ខ្សែក្រវ៉ាត់នៅផ្នែកខាងលើ ឬខាងក្រោមមុខដែលបើក (Stoma) • រក្សាអនាម័យស្បែកនៅជុំវិញ Stoma ឲ្យបានស្អាត • ធ្វើឲ្យត្រឡប់មកវិញនូវភាពធម្មតានៃជីវភាពរស់នៅប្រចាំថ្ងៃ នៅពេល Stoma ជាសះស្បើយ • មិនចាំបាច់បារម្ភពីការងូតទឹក ពីព្រោះទឹកមិនអាចជ្រាបចូលក្នុង Stoma នោះទេ ដោយសារវាមានបំពង់ហូរតែមួយផ្លូវ • គួរយកថង់ស្តុកទុកទំនេរទៅតាមខ្លួនរាល់ពេលធ្វើដំណើរ។ អ្នកជំងឺអាចប្រឈមទៅនឹងសម្ពាធផ្លូវចិត្ត ដោយសារភាពភ័យខ្លាច រងភាពអាម៉ាស់ពីសង្គម ឬថប់អារម្មណ៍ អំឡុងពេលសម្របខ្លួនទៅនឹងជីវភាពរស់នៅជាមួយការចោះពោះវៀន (Colostomy) ។ ការចូលរួមក្នុងកិច្ចការសង្គម បង្កើនទំនាក់ទំនង និងទទួលយកការគាំទ្រពីអ្នកដទៃអាចនឹងជួយសម្រាលនូវបញ្ហាផ្លូវចិត្តរបស់អ្នកជំងឺមហារីកពោះវៀនធំ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃ ជាប្រធានផ្នែកមហារីកនៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក