Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្ត កំពង់ឆ្នាំង។ ខ្ញុំទើបតែសម្រាលកូនហើយបាន៤ខែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំខ្វល់ខ្វាយនោះ គឺខ្ញុំហូរឈាមច្រមុះជារឿយៗបន្ទាប់ពីសម្រាលកូនរួច ហើយពេលខ្លះនៅក្នុងបន្ទប់ត្រជាក់ ក៏មានហូរឈាមដែរ។ ជាការពិត ក្នុងអំឡុងពេលខ្ញុំកំពុងពពោះ ក៏មានឈាមច្រមុះតិចៗម្តងម្កាលដែរ។ តើខ្ញុំមានបញ្ហាអ្វីមែនទេ? តើត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយបាន?            ចម្លើយ ៖ ជំងឺរបស់ប្អូនកើតឡើងបណ្តាលមកពីបម្រែបម្រួលអ័រម៉ូននៅអំឡុងពេលមានផ្ទៃពោះ។ អ័រម៉ូនទាំង២នោះគឺ Progesterone និង Estrogen ដែលធ្វើឲ្យសរសៃឈាមនៅច្រមុះ រីកធំ (Nasal vasodilatation) ដូចនេះ កាលណានៅក្នុងបន្ទប់កាន់តែត្រជាក់ នោះបញ្ហានឹងចោទកាន់តែខ្លាំង ដោយសារសរសៃឈាមដែលរីកធំ អាចប្រេះនាំឲ្យមានការហូរឈាម ដែលអាការៈទាំងនេះនឹងអាចបាត់ទៅវិញ បើសិនការហូរឈាមតិចតែប្រសិនបើហូរឈាមខ្លាំងវិញត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការឃាត់ឈាម (Nasal Tamponude)តែម្តង។  ដូចនេះ អ្វីដែលប្អូនស្រី ត្រូវធ្វើគឺ ពាក់ម៉ាស់ការពារ តមរបស់ត្រជាក់ឬនៅបន្ទប់ម៉ាស៊ីនត្រជាក់ជាដើម។ ជាពិសេសប្អូន ឲ្យត្រូវទៅជួបគ្រូពេទ្យផ្នែករោគស្រ្តីដើម្បីស្វែងរកមូលហេតុពិតប្រាកដណាមួយ ដែលពេលខ្លះកង្វះវីតាមីនមួយចំនួនក៏បណ្តាលឲ្យមានបញ្ហានេះផងដែរ ឧទាហរណ៍វីតាមីនសេ ដែលកង្វះខាតរបស់វា នាំឲ្យសរសៃឈាមមានភាពផុយស្រួយ។  គួររំលឹកផងដែរ បម្រែបម្រូលអ័រម៉ូនកើតមាននៅពេលមានផ្ទៃពោះ ហើយនឹងអាចត្រឡប់មកធម្មតាវិញ នៅថ្ងៃទី៥ ឬទី៦ក្រោយពីសម្រាល ឬប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គល។ ដោយឡែក បញ្ហាកើនឡើងនូវសម្ពាធឈាម នៅអំឡុងពេលមានផ្ទៃពោះក៏អាចទាក់ទងនឹងអាការៈរបស់ប្អូនផងដែរ ហើយការកើនឡើងនូវសម្ពាធឈាមនេះ អាចនឹងបន្តរហូតដល់៣ខែទៅ៦ខែបន្ទាប់ពីសម្រាលកូន។ ដូចនេះសំណូមពរចុងក្រោយគឺ  សូមប្អូនស្រីទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីតាមដានអាការៈរបស់ប្អូន មិនថាមុនឬក្រោយ សម្រាល និងទទួលយកដំបូន្មាន ក៏ដូចជាការផ្តល់ជាឱសថបំប៉ន ឬវីតាមីនបន្ថែមពីលើរបបអាហារ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖  នាងខ្ញុំមានអាយុ ២៣ឆ្នាំ។ កាលពី២សប្តាហ៍មុន នាងខ្ញុំបានទៅប៉ះធ្មេញត្រង់កន្លែងពុក តែរហូតមកដល់ពេលនេះ ត្រង់កន្លែងធ្មេញប៉ះនោះ នៅតែមានសភាពស្រៀវចំពោះភេសជ្ជៈ និងអាហារក្តៅ ឬត្រជាក់។ នាងខ្ញុំចង់ជម្រាបសួរលោកស្រីទន្តបណ្ឌិតថា តើសភាពស្រៀវនេះបណ្តាលមកពីអ្វី? ហើយវានឹងនៅយូរប៉ុណ្ណាដែរ? ចម្លើយ ៖  មូលហេតុនៃការស្រៀវធ្មេញមានច្រើន ដោយឡែក ចំពោះករណីរបស់ប្អូន វាអាចបណ្តាលមកពីត្រង់ប្រហោងដែលពុកនោះធំ ដែលតម្រូវឲ្យធ្វើការកាយយកផ្នែកដែលពុកនោះចេញ និងធ្វើឲ្យថ្នាំសម្រាប់បំពេញប្រហោងនោះ អាចនៅកៀកនឹងបណ្តូល ឬសរសៃធ្មេញធ្វើឲ្យមានការស្រៀវ។  ក្រៅពីនោះ ភាពស្រៀវក៏អាច បណ្តាលមកពីការបំពេញថ្នាំ ដោយមានខ្យល់ (bubble)ចូលក្នុងប្រហោងធ្មេញពុកនោះ ការកាយយកធ្មេញពុកមិនអស់ ឬការសម្លប់មេរោគ មិនបានត្រឹមត្រូវអំឡុងពេលប៉ះធ្មេញផងដែរ។ ក្នុងករណីនេះ ប្អូនស្រីគួរចៀសវាងបរិភោគ អាហារក្តៅ និងត្រជាក់មួយរយៈសិន។  គួរបញ្ជាក់ថា ប្រសិនបើការប៉ះធ្មេញរបស់ប្អូនបានធ្វើឡើងដោយត្រឹមត្រូវ នោះភាពស្រៀវធ្មេញអាចនឹង កាត់បន្ថយបន្តិចម្តងៗ និងប្រសើរឡើងវិញនៅ សប្តាហ៍ទី ៦។ ផ្ទុយទៅវិញ ប្រសិនភាពស្រៀវកាន់ តែធ្ងន់ធ្ងរឡើង ឬមិនមានភាពធូរស្រាលនោះ អ្នកជំងឺគួរទៅជួបជាមួយនឹងអ្នកជំនាញ ដើម្បីធ្វើការថត X-ray រកមូលហេតុ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។  បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាយ និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវន្តសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ជីតារបស់ខ្ញុំមានអាយុ៦៨ឆ្នាំ កម្ពស់១ម៉ែត្រ៦៩ ទម្ងន់៥៨គីឡូក្រាម រស់នៅខេត្តពោធិ៍សាត់។ គាត់ចូលចិត្តញ៉ាំកាហ្វេណាស់ មួយថ្ងៃគាត់ញ៉ាំរហូតដល់៤កែវ។ នាងខ្ញុំសូមសួរលោកវេជ្ជបណ្ឌិតថា តើគាត់នឹងអាចប្រឈមជាមួយនឹងបញ្ហាលើសសម្ពាធឈាម ឬទេ? ចម្លើយ ៖ ជាទូទៅ ការញ៉ាំកាហ្វេនាំឲ្យមានការភ្ញោចលើការបញ្ចេញអាដ្រេណាលីនធ្វើឲ្យមានការឡើងសម្ពាធឈាម។ ប៉ុន្តែ ចំពោះករណីជីតារបស់ប្អូន គាត់ពិសាកាហ្វេជាទម្លាប់មកហើយ  ហេតុដូច្នេះ កាហ្វេមិនធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាមរបស់គាត់ខ្លាំងនោះទេ មានន័យថាកាហ្វេមិនបានធ្វើឲ្យគាត់ប្រឈមជាមួយនឹងជំងឺលើសសម្ពាធឈាមទេ។  ទោះជាយ៉ាងណាក៏ដោយ គាត់គួរបន្ថយបរិមាណកាហ្វេរបស់គាត់ គឺជាការប្រសើរបំផុត។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត  និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំមកពីខេត្ត កណ្តាល។ ប៉ុន្មានថ្ងែមុនខ្ញុំបានប្រើប្រាស់ថ្នាំផ្សះ ហើយពេលដែលខ្ញុំបានប្រើប្រាស់ វាបានធ្វើឲ្យមុខខ្ញុំហើម។ តើលោកវេជ្ជបណ្ឌិតអាចពន្យល់បានទេថា តើវាកើតឡើងបណ្តាលមកពីអ្វី ហើយតើខ្ញុំត្រូវធ្វើដូចម្តេច? ចម្លើយ ៖ ជាទូទៅ ថ្នាំផ្សះដែលប្រជាជននិយមប្រើ ហើយមានប្រតិកម្មជាមួយញឹកញាប់នោះ មិនមែន ជាថ្នាំប្រើសម្រាប់ផ្សះមុខរបួសនោះទេ តែតាមពិត ថ្នាំផ្សះ (antibiotics) គឺជាថ្នាំប្រើសម្រាប់ទប់ស្កាត់ការរីករាលដាល ឬសម្លាប់មេរោគ(Bacteria)។ ម្យ៉ាងទៀត មុននឹងប្រើប្រាស់ ថ្នាំផ្សះ គប្បីដឹងថា ប្អូនធ្លាប់មានប្រតិកម្មជាមួយ ថ្នាំ ប្រភេទនោះដែរឬទេ ព្រោះថាបើសិនដឹងថា មានប្រតិកម្មជាមួយថ្នាំប្រភេទណាមួយ ប្អូនត្រូវ តែប្រុងប្រយ័ត្ន និងចៀសវាង។  ជាទូទៅ គ្រប់ថ្នាំទាំងអស់នឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដូចគ្នាគ្រាន់តែថ្នាំផ្សះគេច្រើនជួបប្រទះ ដោយសារផលវិបាករបស់វា។ ដូចនេះ សំណួររបស់ប្អូនស្រីមិនទាន់ អាចឆ្លើយបាននៅឡើយទេថាវាមកពីថ្នាំផ្សះ ឬយ៉ាងណា លុះត្រាដឹងថា តើប្រភពនៃការប្រើប្រាស់មកពីណា? តើប្អូនស្រីបានប្រើប្រាស់ថ្នាំប៉ុន្មានមុខ? តើមានតែថ្នាំផ្សះមួយមុខឬយ៉ាងណា? តើប្អូនតែងតែប្រតិកម្មជាមួយថ្នាំណាមួយឬទេ?  ចំណែកឯការឡើងហើមមុខ មិនមែនជាប្រតិកម្ម របស់ថ្នាំតែមួយមុខទេ ជួនកាលអាចបណ្ដាល មកពីជំងឺផ្សេងទៀតដូចជា ជំងឺខ្សោយតម្រងនោម ជាដើម។ ចំពោះរោគសញ្ញានៃការប្រតិកម្មថ្នាំមានដូចជា រមាស់ កន្ទួល កន្ទាលត្រអាក ថប់ដង្ហើម ក្អួតចង្អោរ ហើមបបូរមាត់ មុខ និងបំពង់ខ្យល់ដែលធ្វើឲ្យស្ទះផ្លូវដង្ហើម ឬក៏អាចប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់ (Choc Anaphylatique) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បាន។  ហេតុនេះ បើប្អូនស្រីមានការសង្ស័យ ទាក់ទង នឹងការប្រើប្រាស់ថ្នាំ និងផលវិបាក ជាពិសេសពពួកថ្នាំផ្សះ ប្អូនគួរតែពិគ្រោះ ជាមួយ គ្រូពេទ្យជំនាញដែលផ្ដល់ការប្រឹក្សាពីការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេសសណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធកម្ម សល្យសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅ មន្ទីរសំរាកព្យាបាល អាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទអាយុ ៤៨ ឆ្នាំ មកពីខេត្តកណ្តាល។ ខ្ញុំមានជំងឺមហារីកពោះវៀន និងបានទទួលការវះកាត់រួចមកហើយខ្ញុំកំពុងទទួលការព្យាបាលដោយសារធាតុគីមី (ឱសថ)។ ខ្ញុំមានការថយចុះចំណង់ក្នុងការហូបអាហារ។ តើធ្វើយ៉ាងណា ដើម្បីបង្កើនការហូបអាហាររបស់ខ្ញុំឡើងវិញ? ចម្លើយ ៖ នៅអំឡុងពេលព្យាបាលដោយប្រើប្រាស់ឱសថ ឬសារធាតុគីមី  វាពិតជាមានសារសំខាន់ក្នុងការបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្លាំងសម្រាប់ទប់ទល់ និងប្រឆាំងនឹងកោសិកាមហារីក។ ក្រៅពីនោះ ការណែនាំខាងក្រោមក៏អាចជួយអ្នកបានផងដែរ៖ • ព្យាយាមបរិភោគអាហារឲ្យបានញឹកញាប់ ដោយញ៉ាំត្រឹមតែប៉ុន្មានម៉ាត់ពេញៗ ទោះបីអ្នកមិនឃ្លានក៏ដោយ។ ព្យាយាមបរិភោគតិចៗបែបនេះ រៀងរាល់ ២ម៉ោងម្តង • បរិភោគអាហារដែលអ្នកចូលចិត្ត ទោះជាអ្នកនឹងញ៉ាំវាដដែលៗក៏ដោយ • ទុកអាហារនៅជាប់ខ្លួនអ្នកជានិច្ច នៅពេលដែលអ្នកចេញក្រៅ (ទៅទទួលការព្យាបាល ឬទៅធ្វើការ) • បរិភោគអាហារចម្បង នៅពេលណាដែលអ្នកមានចំណង់ញ៉ាំបំផុត ដែលវាអាចជាអាហារពេលព្រឹកជាជាងអាហារពេលល្ងាច • កុំភ្លេចឆ្លៀតពេលដើរបន្តិចនៅចន្លោះអាហារនីមួយៗ  • អាចអញ្ជើញមិត្តភក្តិ និងគ្រួសារឲ្យបរិភោគជាមួយអ្នក  • បង្កើតអាហារដែលមើលទៅគួរឲ្យចង់បរិភោគ • បរិភោគអាហារ និងភេសជ្ជៈដែលមានកាឡូរី និងប្រូតេអុីនខ្ពស់៖    ឧទាហរណ៍រួមមាន៖ * ត្រីធូណា ឬត្រីសាលម៉ុន ជាមួយនឹងបាយ * ស៊ុប (សាច់ត្រី សាច់មាន់ ជាមួយនឹងគុយទាវ ឬមី) * ដំឡូងបារាំង គុយទាវ ឬមី និងសាឡាត់ធ្វើពីសណ្តែក * ត្រីដុត មាន់ដុត សណ្តែក ឬ សាច់ផ្សេងៗទៀត * បាប៊ីឃ្យូសាច់មាន់ * គុយទាវ ឬផាស្តាជាមួយឈីស * ស៊ុតស្ងោរ ស៊ុតចៀនជាមួយឈីស និងបន្លែ * បង្អែមចាហួយធ្វើពីអង្ករ គ្រាប់សារគូ ទឹកដោះគោ ឬសណ្តែកសៀង * ទឹកដោះគោ ឬយ៉ាអ៊ួរក្តៅឧណ្ហៗជាមួយគ្រាប់ធញ្ញជាតិ ផ្លែឈើ និង ស្ករក្រហម * នំដុត ជាមួយក្រែមឈីស ប័រ ទឹកស៊ីរ៉ូ ឬតំណាប់លាបនំបុ័ង * ការ៉េម យ៉ាអួរ  * គ្រាប់រុក្ខជាតិ និងតំណាប់ផ្លែឈើក្រៀម  * ទឹកដោះគោក្រឡុកធ្វើឡើងពីទឹកដោះគោ ឬទឹកសណ្តែកជាមួយទឹកឃ្មុំ (ប្រសិនបើអ្នកមិនមាន ការហើមពោះក្រោយពីបរិភោគទឹកដោះគោ) * ទឹកផ្លែឈើក្រឡុក * ភេសជ្ជៈសូកូឡាក្តៅៗ ឬជាមួយទឹកកក។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំ អាយុ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ ជាញឹកញាប់ ខ្ញុំតែងតែរមួលក្រពើ មិនថាពេលហាត់ប្រាណ ឬពេលកំពុងគេងលក់ហើយក៏ដោយ។ ខ្ញុំមិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតទេ តែខ្ញុំមានទម្ងន់ជាង៦០គីឡូ។ តើវាអាចជាមូលហេតុដែរឬទេ? តើអាការៈនេះមានទាក់ទងនឹងជំងឺអ្វីធ្ងន់ធ្ងរដែរឬទេ? ចម្លើយ៖ ប្រសិនបើអ្នកបានធ្វើការបញ្ជាក់ពីកម្ពស់របស់អ្នកទៀតវានឹងកាន់តែប្រសើរ។ យោងតាមការរៀបរាប់ខាងលើនេះ វាមិនបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺនោះទេ។ អ្វីដែលត្រូវគិតដំបូងគេ គឺវីតាមីន ដូចជា ប្រភេទកាល់ស្យូម វីតាមីនក្រុមបេ ឬបេ១២ និងជាតិដែក ព្រោះថាកង្វះជាតិណាមួយក៏បណ្តាល ក៏ឲ្យសាច់ដុំមានការចុកស្រពន់ ឬរមួលក្រពើដែរ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ លឹម តាំង សាស្ត្រាចារ្យនៃសាកលវិទ្យល័យវិទ្យាសាស្ត្រសុ-ខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លទ្ធផលនៃការស្រាវជ្រាវមួយទៀតដែលក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យនៃ ដេប៉ាតឺម៉ង់ឱសថសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានធ្វើឡើង និងត្រូវបានបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosyនោះ គឺជា«ការវិភាគសមាសធាតុគីមីឱសថរុក្ខជាតិ និងការវិភាគដោយប្រើTHIN LAYER CHROMATOGRAPHY នៅក្នុងញស្រុក ដែលមានប្រភពពី ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា»។   ញស្រុក (Morinda citrifolia L.) ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺដូចជា រលាកក្រពះ រលាកស្បែក រលាកផ្លូវដង្ហើម បញ្ហាវដ្តរដូវ បញ្ហាប្រព័ន្ធតម្រងនោម ក្តៅខ្លួន និងជំងឺទឹកនោមផ្អែម។ ការសិក្សានេះមានគោលបំណងដើម្បីកំណត់រកសមាសធាតុគីមីឱសថរុក្ខជាតិក្នុងសារធាតុចម្រាញ់(ដោយប្រើអេតាណុល) ចេញពី ញស្រុក និងកំណត់នូវវត្តមានសមាសធាតុគីមីទាំងឡាយ ដោយប្រើThin Layer Chromatography។ ការវិភាគសារធាតុគីមីឱសថរុក្ខជាតិ ទៅលើសារធាតុចម្រាញ់(ដោយប្រើអេតាណុល) ក្នុងរុក្ខជាតិញ នេះបានបង្ហាញឲ្យឃើញថា ឫសវាមានផ្ទុកPhenol, Coumarins, Cardiac glycosides និង steroids។ នៅផ្លែមាន Alkaloids, phenol tannins, coumarins, cardiac glycosides និងsteroids។ ស្លឹកមានផ្ទុកAlkaloids, saponins, phenol, tannins និង coumarins។  តាមរយៈការវិភាគដោយប្រើ Thin Layer Chromatography បានបង្ហាញឲ្យឃើញ នៅ ជំហានរលកពន្លឺ ចន្លោះពី 254-366nm នូវចំណុច ញែកដាច់ពីគ្នាបានល្អ (ដោយប្រើ mobile phase system ជា ក្លរ៉ូហ្វម និង អេតាណុល (chloroform:methanol 7:3)។  ការរកឃើញនេះពិតជាមានសារសំខាន់សម្រាប់ការត្រួតពិនិត្យគុណភាពរបស់រុក្ខជាតិ ញស្រុក និងជាគន្លងសម្រាប់ការបន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការញែកម៉ូលេគុលឱសថចេញពី ញស្រុក នៅប្រទេសកម្ពុជា។ សំគាល់៖  លទ្ធផលស្រាវជ្រាវនេះត្រូវបានបោះពុម្ពរួចហើយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosy (2017)1(3):511 ប្រភព ៖ លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យនៃ ដេប៉ាតឺម៉ង់ឱសថសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៖ ម៉េង ចាន់ណែត, កែវ សំអែល, ជា ស៊ីន, សាន ម៉េងហ៊ុយ, ទ្រី លឹមប៊ុណ្ណា, សេង ស៊ុនណារី, ឈួន ស្រីនាថ, ឆាន់ សុគន្ធា  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺរលាកថ្លើមប្រភេទសេ គឺត្រូវបានបង្កឡើងដោយវីរុសប្រភេទសេ ដែលជាទូទៅវាឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមដែលមានផ្ទុកវីរុសនេះ ហើយវាអាចឆ្លងរាលដាលតាមរយៈការរួមភេទ ជាមួយដៃគូ ដែលមានផ្ទុកវីរុស និងពេលម្តាយទៅកូននៅអំឡុងពេលសម្រាល។ មនុស្សភាគច្រើនដែលផ្ទុកវីរុសនេះ គឺមិនមានបង្ហាញឲ្យឃើញរោគសញ្ញាណាមួយនោះទេអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើគាត់មានរោគសញ្ញា គឺគាត់មានអារម្មណ៏ថាគ្រុនផ្តាសាយ ហើយគាត់ក៏អាចមានអាការៈ ឬជំងឺមួយចំនួនកើតព្រមជាមួយ ដូចជាជំងឺខាន់លឿនដែលធ្វើឲ្យស្បែក និងភ្នែកឡើងលឿង ឬលាកមពណ៌ស។              វីរុសនៃជំងឺរលាកថ្លើមប្រភេទសេ រីកលូតលាស់ក្នុងថ្លើម ហើយវាបង្កឲ្យមានប្រតិកម្មរលាក។ ការស្ថិតនៅនៃវីរុសជាមួយប្រតិកម្មរលាកយូរអង្វែងដោយវីរុសគ្មានរោគសសញ្ញាបង្កឲ្យមានការប្រែប្រួលម្តងៗ នៃរចនាសម្ព័ន្ធកោសិកាថ្លើម និងបង្កឲ្យមានសន្លាកដែលហៅថា សរសៃក្រិន ឬភាពក្រិន។ ការវិវត្តន៍នៃជំងឺនេះវាអាចបង្កឲ្យលេចចេញជាដុំ ហើយព័ទ្ធជុំវិញសរសៃក្រិនដែលហៅថា ជំងឺក្រិនថ្លើម។ ក្នុងករណីនេះ ការវិវត្តន៍ពីភាពក្រិនតៅជាជំងឺក្រិនថ្លើម អាចប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារពិសារស្រាច្រើន អាយុច្រើន ភេទប្រុស ជំងឺធាត់ពេក ការខ្វះប្រព័ន្ធការពារ ឬមានជំងឺផ្សេងៗទៀតបន្ថែមដូចជា ជំងឺរលាកថ្លើមប្រភេទបេ​ ជំងឺអេដស៍។ ក្នុង៣០%នៃជំងឺក្រិនថ្លើម អាចវិវត្តន៍ទៅរកជំងឺមហារីកក្នុងរយៈពេលវែង ឬមិនវែង។ ជំងឺរលាកថ្លើមសេ អាចធ្វើឲ្យថ្លើមខូចខាត វាជាសត្រូវដ៏ស្ងៀមស្ងាត់រហូតដល់អ្នកមិនចាប់អារម្មណ៍ថាឈឺ។ បើមិនព្យាបាលទេ ប្រព័ន្ធការពារយើងមិនអាចកម្ចាត់វីរុសនេះបានទេ។ ដូច្នេះ ការព្យាបាលគឺពិតជាអាចឲ្យយើង មានឱកាសការពារថ្លើមរបស់អ្នក។ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន និងជាប្រធានផ្នែកក្រពះ ពោះវៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា៖ ថ្លើម គឺជាសរីរាង្គដែលសំខាន់សម្រាប់ជីវិត បើសិនជាថ្លើមខូចនោះជីវិតនឹងបាត់បង់។ វីរុសនៃជំងឺរលាកថ្លើមសេជាសត្រូវដ៏ស្ងៀមស្ងាត់របស់ថ្លើមអ្នក។ វាបង្កឲ្យថ្លើមខូចដោយអ្នកជំងឺមិនចាប់អារម្មណ៏ថាខ្លួនឈឺ។ ដូច្នេះ ការព្យាបាលជំងឺនេះពិតជាមានឱកាស ឲ្យចៀសផុតពីការវិវត្តន៍របស់ថ្លើមទៅជាក្រិន និងមហារីក៕ ស្វែងយល់បន្ថែម៖  ៣ ហេតុផលខ្លឹមៗនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទសេ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

មាតាគ្រប់រូបគួរគប្បីចិញ្ចឹមកូនដោយទឹកដោះសុទ្ធតែមួយមុខគត់ តាំងពីនាទីកើតដំបូងរហូតដល់អាយុ៦ខែ ដោយមិនមានការបន្ថែមទឹកធម្មតាផងដែរ។ ក្រោយអាយុទារកបាន៦ខែ ការបន្ថែមនូវអាហារដែលមានគុណប្រយោជន៍ផ្សេងពីទឹកដោះសុទ្ធ មានដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ ប៉ុន្តែនៅចន្លោះពេលនោះ ប្រសិនបើម្តាយមិនមានការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភ ការរវល់ជាមួយការងារផ្សេងៗ ឬក៏ត្រូវការថែទាំកូនតូចម្នាក់ទៀត នោះធ្វើឲ្យទារកត្រូវតែផ្តាច់ដោះមួយរយៈពេលវែង។​ ការផ្តាច់ដោះភ្លាមៗនោះដែរ ធ្វើឲ្យទារកកង្វះនូវអាហារូបត្ថម្ភក្នុងការលូតលាស់សរីរាង្គកាយ និងប្រាជ្ញា។ Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់​ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ​ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។ Kwashiorkor ជាភាសារបស់ Ghana មានន័យថា «ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់»។ Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmusត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។ អ្នកម្តាយគួរស្វែងយល់បន្ថែមពីអាហារូបត្ថម្ភដល់កូនៗរបស់គាត់ គឺភារៈកិច្ចដ៏សំខាន់មួយ ព្រោះថាបើទារកមិនបានទទួលការយកចិត្តទុលដាក់បានត្រឹមត្រូវនោះទេ ទារកនឹងមិនមានការលូតលាស់ប្រក្រតី ហើយថែមទាំងប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗបានយ៉ាងងាយ។ ទាំងនេះជាប្រសាសន៍របស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ៕ ស្វែងយល់បន្ថែម៖  Marasmus Vs Kwashiorkor   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញ, ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧ - ដោយមានភ្ញៀវទេសចរជាង ១.៥ លាននាក់មកទស្សនាប្រទេសកម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០១៧នេះ បើធៀបទៅនឹងចំនួន ១.៣ លាននាក់ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៦ វិស័យទេសចរណ៍នៅកម្ពុជាបន្តមានកំណើនលឿនគួរឱ្យកត់សម្គាល់ និងប្រកបដោយនិរន្តរភាព។ ដូចដែលបានបង្ហាញឱ្យឃើញដោយរបាយការណ៍អាជីពការងារដែលបានចេញផ្សាយដោយ everjobs.com.kh នាពេលថ្មីៗនេះ អាជីពដែលរីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសដែលជា វិស័យទេសចរណ៍នោះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានោះទេ តែវាក៏ជាឧស្សាហកម្មឈានមុខគេមួយនៅក្នុងប្រទេសផងដែរនៅពេលដែលយើងនឹងគិតទៅដល់ឱកាសការងារនាពេលខាងមុខនោះ។  Divotsna Jangir ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ everjobs.com.kh បានមានប្រសាសន៍ថា "ទន្ទឹមជាមួយនឹងវិស័យវាយនភ័ណ្ឌ វិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់តាំងពីចុងទសវត្សឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០។ មិនតែប៉ុណ្ណោះ វិស័យនេះក៏កំពុងបង្កើតឱ្យមានតម្រូវការខ្ពស់នៃបុគ្គលដែលមានទេពកោសល្យក្នុងស្រុកដើម្បីបំពេញតម្រូវការក្នុងវិស័យបដិសណ្ឋារកិច្ចរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។"  យោងទៅតាមទិន្នន័យចុងក្រោយបំផុតដែលបានចេញផ្សាយដោយវេទិកាការងារ អាជីពសណ្ឋាគារ និងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មមួយក្នុងចំណោមវិស័យឧស្សាហកម្មកំពូលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាដែលមានឱកាសការងារជាង ៥ ៤០០កន្លែង ត្រូវបានបង្ហោះនៅលើវែបសាយការងារចាប់តាំងពីខែមករាឆ្នាំ២០១៥ ។ មិនត្រឹមតែស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែវាក៏ជាផ្នែកមួយនៃវិស័យដ៏ពេញនិយមបំផុតក្នុងចំណោមអ្នកស្វែងរកការងារធ្វើផងដែរ ដោយមានជាង១៧ ០០០ ពាក្យស្នើរសុំការងារដែលបានដាក់ស្នើរក្នុងអំឡុងពេលជាមួយគ្នានេះ។  Divotsna បានបន្ថែមថា "ទិន្នន័យដែលប្រមូលបានបង្ហាញឱ្យយើងថាមានមុខតំណែងមួយចំនួន ដូចជាអ្នកទទួលភ្ញៀវ និងអ្នកទទួលខុសត្រូវភ្ញៀវដែលមានតម្រូវការកាន់តែច្រើនពីនិយោជកក្នុងវិស័យបដិសណ្ឋារកិច្ច។ ជាង ២ ០០០ និង ១ ០០០ ពាក្យស្នើរសុំការងារត្រូវបានដាក់ស្នើតាមរយៈវែបសាយរបស់យើងចំពោះប្រភេទការងារទាំងពីរខាងលើចាប់តាំងពីដើមឆ្នាំ២០១៥កន្លងមក។"  នៅទូទាំងព្រះរាជាណាចក្រកម្ពុជា វាជាធម្មតាដែលឱកាសការងារនៅក្នុងវិស័យសណ្ឋាគារ និងកន្លែងស្នាក់នៅភាគច្រើនស្ថិតគឺនៅតាមទីក្រុងដែលអាចទាក់ទាញភ្ញៀវទេសចរបានដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ យោងទៅតាមក្រុមហ៊ុនអង្គរ ដែលជាអ្នកទទួលខុសត្រូវលើប្រាក់ចំណូលពីប្រាសាទ អ្នកទេសចរអន្តរជាតិជាង ១២.៩២% បានមកទស្សនាប្រាសាទអង្គរវត្តក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ដោយសង្កេតឃើញការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប យើងអាចរំពឹងថាទីក្រុងដែលស្ថិតក្នុងលំដាប់ទី២ក្នុងការផ្ដល់ឱកាសការងារច្រើនតាមរយៈរបាយការណ៍នេះនឹងនៅតែជាផ្នែកមួយក្នុងការបង្កើត និងផ្ដល់ឱកាសការងារសំខាន់ៗដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសយើង។ អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំណេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត  វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Helene Banet (Marketing & PR Manager) ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh

ចែករំលែក

នរណាៗក៏និយាយឃ្លាហ្នឹងដែរ!!!​ តែសំខាន់បានលឺ១លានដងមិនស្មើនឹងបានឆ្លងកាត់១ដងនោះឡើយ។ ពាក្យសម្តីខ្លះក៏គ្រាន់តែជាពាក្យចចាមអារ៉ាមដែលមនុស្សនិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ហើយក៏បានក្លាយជាផ្នត់គំនិតមួយដែលមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះឡើយ។ ហេតុនេះហើយ ទើបក្រុមការងារបានចោទជាសំណួរនេះទៅកាន់និស្សិតផ្នែកសុខាភិបាលដែលបានផ្តល់បទសម្ភាសន៍កន្លងមក ដើម្បីបានស្តាប់ពីអារម្មណ៍ និងការយល់ឃើញពីអ្នកដែលបាន ឬកំពុងឆ្លងកាត់ផ្ទាល់តែម្តង... ចង់ដឹងថាវាជារឿងពិត ឬមិនពិត សូមបន្តអានខាងក្រោមនេះ... លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ការសិក្សាផ្នែកទន្តសាស្រ្ត មិនខុសពីមុខវិជ្ជាផ្សេងនោះទេ គឺសុទ្ធតែមានការលំបាកដូចគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ និស្សិតមិនគួរបិទនូវផ្លូវចំណេះដឹងរបស់ខ្លួនត្រឹមតែការសិក្សានៅសាកលវិទ្យាល័យឡើយ គឺត្រូវតែបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនទៅមុខជានិច្ចតាមរយៈការធ្វើការស្រាវជ្រាវ ដើម្បីពង្រីកនូវការយល់ដឹងរបស់ខ្លួន។ នៅពេលឡើងដល់ឆ្នាំបន្តបន្ទាប់ ចំណេះដឹង និងការហ្វឹកហាត់ផ្សេងៗនឹងត្រូវបានប្រើប្រាស់ និងអនុវត្តផ្ទាល់នៅលើអ្នកជំងឺ។ វាប្រៀបបាននឹងវដ្តមួយដែលនឹងបន្តសម្លឹងមើល(អង្កេត) រៀនសូត្រ អនុវត្ត និងពិនិត្យមើលលទ្ធផលនៃការងារ ហើយសិក្សាពីកំហុស ហើយបន្តអនុវត្តជំនាញបន្ថែមទៀត ដែលនេះជាមូលហេតុដែលត្រូវបានគេហៅថា«Dental practitioner» ជាអ្នកដែលរៀន និងអនុវត្តជាបន្តបន្ទាប់។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តន៍តាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។   សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។ លី ហ្សូកា និស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ(IU) ពាក្យនេះត្រឹមត្រូវតែមិនទាំងស្រុង មិនថារៀនមុខវិជ្ជាណាគឺសុទ្ធតែពិបាកគ្រាន់តែតិចនិងច្រើន សំខាន់សួរខ្លួនឯងវិញថា តើស្រឡាញ់មុខវិជ្ជាដែលកំពុងរៀននឹងកំរិតណា? បើយើងស្រឡាញ់នៅអ្វីដែលយើងរៀន ច្បាស់ណាស់ មិនថាមុខវិជ្ជានឹងលំបាកកម្រិតណាក៏យើងនៅតែអាចខិតខំរៀនដល់ចប់បានដែរ តែបើរៀនមុខវិជ្ជាផ្ទុយពីឆន្ទ:ទោះមុខវិជ្ជានឹងស្រួលរៀនក៏មានអារម្មណ៍ថាហត់នឿយលំបាកដែរ។ លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ នាងខ្ញុំយល់ស្រប  ប៉ុន្តែ ពេលដែលមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូរហូតដល់បញ្ចប់ ដូចពាក្យដែលគេនិយាយថា«ព្យាយាមគង់បានសម្រេច»។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការរៀនពេទ្យមិនស្រួលពេកហើយក៏មិនពិបាកពេកនោះដែរ ព្រោះថានៅសាកលវិទ្យាល័យខ្ញុំ មានសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនរូប ដូច្នេះ ពួកគាត់តែងតែចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការសិក្សាមុខវិជ្ជាមួយនេះឲ្យបានជោគជ័យ និងពន្យល់មេរៀនបានល្អងាយចាប់បាន ហើយឆាប់យល់។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ វាជាអ្វីដែលខ្ញុំបានលឺទាំងពីខ្ញុំមិនទាន់ស្គាល់អ្វីដែលហៅថាវិស័យទន្តសាស្រ្តម្ល៉េះ…ប៉ុន្តែតើមានមុខវិជ្ជាណាដែររៀនទៅងាយស្រួល ហើយមិនជួបឧបសគ្គនោះ? សំខាន់ គឺចិត្តស្រលាញ់ ការតាំងចិត្ត ត្រូវយកក្តីស្រមៃ និងគោលដៅមកដាក់ក្នុងការសិក្សា ដូចនេះគ្មានពាក្យថាលំបាកទៀតទេ។ ហេង ចាន់ឡៃ និស្សិតទន្តសាស្រ្តឆ្នាំទី៦ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំយល់ស្របទៅនឹងមតិនេះផងដែរ មិនត្រឹមតែមុខវិជ្ជាពេទ្យទេ មុខវិទ្យាផ្សេងក៏ពិបាកដូចគ្នា គ្រាន់តែមុខវិទ្យាពេទ្យមានទាក់ទង ទៅអ្នកអាយុជីវិតរបសអ្នកជំងឺ ដូចឆ្នេះយើងមិនត្រូវលេងសើចលើអាយុជីវិតរបស់នរណាម្នាក់ទេ ព្រោះជីវិតម្នាក់ៗមានតម្លៃស្មើគ្នា។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) ខ្ញុំក៏យល់ស្របនឹងគំនិតនេះដែរ ប៉ុន្តែមិនមែនពិបាករហូតដល់ថ្នាក់យើងមិនអាចធ្វើបាននោះទេ ព្រោះមុខវិជ្ជានេះទាមទារឲ្យយល់ច្បាស់នូវចំណុចសំខាន់ ព្រោះត្រូវប្រើប្រាស់ឱសថក្នុងការព្យាបាលជំងឺ សុវត្ថិភាព ប្រសិទ្ធភាព និង អាយុជីវិតអ្នកជំងឺពិតជាសំខាន់មិនអាចកាត់ថ្លៃបាន ហើយក៏ទាមទារនូវការអត់ធ្មត់ និង ការខិតខំប្រឹងប្រែងខ្ពស់។ ឡូវ ប៉េងហុង និស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិតណាស់! មូលហេតុទី១ គឺដោយហេតុថា ត្រូវចំណាយពេលយូរ គឺចន្លោះពី៨ទៅ១០ឆ្នាំឯណោះ។ បើទោះជាត្រូវលះបង់ពេលវេលាច្រើន ហើយក៏មិនប្រាកដថាមានកន្លែងធ្វើការងារល្អទៀត។ ម្យ៉ាងទៀត ត្រូវចំណាយពេលប្រាក់ច្រើន ដើម្បីបង់ថ្លៃសិក្សាមិនដូចជាមុខវិជ្ជាដទៃនោះទេ។ មូលហេតុមួយទៀត គឺសម្ផស្ស និងថាមពលមិនត្រូវលះបង់ និងចំណាយច្រើន ដោយសារតែត្រូវរៀនយូរហើយត្រូវចំណាយពេលចុះស្តារ និងយាមនៅពេទ្យទៀត។ ជាចុងក្រោយ គឺងាយប្រឈមនឹងការវាយប្រហារនៃពាក្យសម្តីរបស់អ្នកជំងឺនៅមន្ទីរពេទ្យ ព្រោះថាជាទូទៅ អ្នកជំងឺមិនសូវគោរព និងឲ្យតម្លៃដល់និស្សិតពេទ្យចុះស្តារនោះឡើយ ហេតុនេះហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកប្បកិរិយា និងពាក្យសម្តីរបស់ខ្លួនជាមួយនឹងអ្នកជំងឺ។ ចុះនិសិ្សតពេទ្យដទៃទៀតវិញ? គិតបែបណាចំពោះឃ្លាខាងលើនេះ? យ៉ាងណាមិញ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ គឺមិនមានអ្វីដែលងាយស្រួលនោះទេ មុខវិជ្ជាសិក្សានីមួយៗសុទ្ធតែមានលក្ខណៈពិសស បង្កប់នូវភាពលំបាក និងងាយស្រួលផ្សេងៗពីគ្នា។ សំខាន់ឆន្ទៈរបស់ខ្លួនអ្នកដែលជ្រើសរើសទៅវិញទេ ដែលត្រូវតែប្រាកដចិត្តថា«រៀនពេទ្យ ព្រោះតែឆន្ទៈផ្ទាល់ខ្លួន» នោះមិនថាមានភាពលំបាក ឬឧបសគ្គបែបណានោះទេ ក៏នឹងអាចជម្នះបានជានិច្ច… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ត្រូវការជ្រើសរើសបុគ្គលិក ដែលមានបងា្ហញជូនខាងលើនេះស្រាប់ ក្នុងនោះរួមមាន៖  -ផ្នែកជំងឺទូទៅ  -ផ្នែកជំងឺកុមារ។ កាលបរិច្ឆេទសំខាន់ ៖ ឈប់ទទួលពាក្យថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លែងទទួលពាក្យ ៖ ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ(រៀងរាល់ម៉ោងធ្វើការ) សម្រាប់ព័ត៌មានបន្ថែម ៖ អាសយដ្ឋាន ៖ អាគារលេខ៩១-៩៦ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ៖ 023 883 712 /13 Email: info@sensokiuh.com / finance@sensokiuh.com  បញ្ជាក់ ៖ សូមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស និងសញ្ញាបត្រពាក់ព័ន្ធ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top