
- Sep 08, 2017 |
- 8 ឆ្នាំមុន |
- 6.9K មើល
ផ្តល់សំណើមស្បែកត្រឹមត្រូវតាមប្រភេទស្បែករបស់អ្នក!
ការថែរក្សាស្បែកជាប្រចាំមិនប្រាកដថាគ្រប់គ្រាន់នោះទេ ប្រសិនបើមិនដឹងភាពសំខាន់នៃដល់ទិកនិកក្នុងការផ្តល់សំណើមបានត្រឹមត្រូវ។ ដូចនេះ ហេលស៍ថាម នឹងបង្ហាញលោកអ្នកជុំវិញការផ្តល់សំណើមដល់ស្បែក ដែលអ្នកមិនគួរមើលរំលង។ អត្ថប្រយោជន៍ទាំង៤នៃការផ្តល់សំណើម • ការផ្តលសំណើមដ៏ត្រឹមត្រូវអាចជួយការពារ និងព្យាបាលបញ្ហាស្បែកស្ងួត • វាអាចការពារចំពោះស្បែកដែលងាយនឹងមានប្រតិកម្ម • វាដើរតួជារបាំងរក្សាសីតុណ្ហភាពចំពោះស្បែករបស់អ្នក • ជួយការពារស្រទាប់ខាងក្រៅរបស់ស្បែកពីផលប៉ះពាល់នៃព្រះអា-ទិត្យ និងកត្តាបរិស្ថានផ្សេងៗទៀតផងដែរ។ តើគួរផ្តល់សំណើមនៅពេលណាខ្លះ? • ផ្តល់សំណើមភ្លាមៗ ក្រោយពីជូតខ្លួនឲ្យស្ងួតបន្ទាប់ពីងូតទឹកនោះក្រែមផ្តល់សំណើមនឹងជ្រាបចូលទៅស្រទាប់លើស្បែកបានល្អ • លាបលើប្រអប់ដៃរាល់ពេលលាងសម្អាតដៃរួច • ក្រោយពីលាងសម្អាតផ្ទៃមុខរួច ត្រូវលាបក្រែមផ្តល់សំណើមភ្លាមៗ • អ្នកក៏អាចលាបវាជាទ្រនាប់នៅពេលអ្នកផាត់មុខបានផងដែរ ព្រោះវាអាចរក្សាស្ថេរភាពនៃសំណើមលើផ្ទៃមុខ ឲ្យការផាត់មុខរបស់អ្នកជាប់បានយូរ។ តើលោកអ្នកគួរជ្រើសរើសក្រែមផ្តល់សំណើមប្រភេទណា? ដើម្បីធ្វើការជ្រើសរើសក្រែមផ្តល់សំណើមឲ្យបានត្រឹមត្រូវសម្រាប់អ្នក ត្រូវពិចារណាលើចំណុច ខាងក្រោម៖ ស្បែកធម្មតា៖ ជាប្រភេទដែលស្បែកមិនស្ងួតខ្លាំង ហើយក៏មិនមានខ្លាញ់ខ្លាំងដែរ ដូចនេះ ដើម្បីរក្សាតុល្យភាពនៃការផ្តល់សំណើម ល្អដល់ស្បែក អ្នកត្រូវបានណែនាំឲ្យប្រើប្រាស់ប្រភេទផ្តល់សំណើមដែលមានមូលដ្ឋានជាទឹក (water-based moisturizer) ដែលជួយឲ្យភ្លឺ និងមិនសូវខ្លាញ់។ ស្បែកស្ងួត៖ សម្រាប់ស្បែកស្ងួត ត្រូវជ្រើសរើសផលិតផលផ្តល់សំណើម ដែលជួយស្តា សំណើមដល់ស្បែក។ ជម្រើសល្អបំផុតគឺ ប្រភេទដែលមានប្រេងជាចម្បង (oil-based moisturizer) ដែលមានផ្ទុកនូវសារធាតុផ្សំផ្តល់ សំណើមឬ petrolatum-based products។ផលិតផលទាំងនេះនឹងជួយរក្សាជាតិទឹកលើស្បែករបស់អ្នក។ ស្បែកខ្លាញ់៖ មុនជាបញ្ហាដែលកើតមានញឹកញាប់ សម្រាប់អ្នកដែលមានស្បែកខ្លាញ់។ទោះបីជាខ្លាញ់ធម្មជាតិយ៉ាងណាក៏ដោយអ្នកក៏ត្រូវប្រើផលិតផលផ្តល់សំណើមដែលសមស្របចំពោះស្បែកខ្លាញ់របស់អ្នកផងដែរ។ ដូចនេះសូមអ្នក កុំភ្លេចលាបក្រែមផ្តល់សំណើម បន្ទាប់ពីប្រើផលិតផលកម្ចាត់ជាតិខ្លាញ់លើស្បែក និងធ្វើឲ្យស្បែកស្ងួត។ ស្បែកងាយប្រតិកម្ម៖ សម្រាប់ប្រភេទស្បែកដែលងាយនឹងប្រតិកម្មជាមួយនឹងស្ទើរគ្រប់សារធាតុត្រូវប្រើផលិតផលផ្តល់សំណើមដែលមានផ្ទុកសារធាតុជួយឲ្យរលោង ដូចជា Chamomile ឬ ប្រទាលកន្ទុយក្រពើ ហើយត្រូវប្រាកដថា ផលិតផលនោះគ្មានផ្ទុកនូវសារធាតុផ្តល់ក្លិន ឬអាស៊ីត។ ស្បែកចាស់៖ ដោយសារអ្នកមានវ័យ កាន់តែចាស់ ដូចនេះ ស្បែករបស់អ្នកមានទំនោរ ទៅជាស្ងួត ដោយសារក្រពេញផលិតជាតិខ្លាញ់ថយចុះ។ ដើម្បីរក្សាឲ្យស្បែករបស់អ្នកទន់ និងមានជាតិទឹកគ្រប់គ្រាន់ល្អបំផុតគឺ Oil-based moisturizer ដែលមានផ្ទុក petrolatum ជាគោល ជាមួយនឹងពពួកប្រឆាំងអុកស៊ីតកម្ម ដើម្បីបំបាត់បញ្ហាស្បែកជ្រួញ និងស្នាមខ្មៅ ជាដើម។ ក្រៅពីនេះលោកអ្នកក៏ត្រូវអនុវត្តនូវចំណុចមួយចំនួនបន្ថែម ទាក់ទងនឹងការផ្តល់សំណើម៖ •ពិនិត្យមើលសារធាតុផ្សំនៅក្នុងក្រែម ឬឡូសិនផ្តល់សំណើមទាំងនោះព្រោះផលិតផលខ្លះអាចមាននូវសារធាតុមិនល្អដែល តម្រូវឲ្យលោកអ្នកចៀសវាង។ •ក្នុងពេលប្រើក្រែម ឬឡេរក្សាសំណើម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្បែកឡើងប្រេងឬខ្លាញ់ខ្លាំងលើសពីការរំពឹងទុកលោកអ្នកត្រូវបញ្ឈប់ភ្លាមៗព្រោះវាអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពស្បែករបស់អ្នក។ •ជាមួយនឹងការលាបផលិតផលផ្តល់សំណើម ដល់ស្បែក អ្នកក៏ត្រូវញ៉ាំទឹកបន្ថែម ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ •ចំណុចសំខាន់ដែលត្រូវចងចាំ គឺត្រូវជ្រើសរើសផលិតផលផ្តល់សំណើម ដែលមានទាំងលទ្ធភាពការពារកម្តៅថ្ងៃ យ៉ាងហោចណាស់ SPF ១៥ ឬលើសពីនេះ ដើម្បីការពារស្បែកបន្ថែមពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ •ព្យាយាមសាកល្បងផលិតផលជាច្រើន ដើម្បីរកមើលថាជាតិសំណើមនៃផលិតផលមួយណាដែលសមស្របនឹងប្រភេទស្បែករបស់អ្នកនិងធ្វើឱ្យស្បែករបស់អ្នកមើលទៅទន់។ •ប្រសិនបើផលិតផលផ្តល់សំណើមទាំងនោះមិនជួយកែលំអស្បែក ឬធ្វើឲ្យស្បែកអ្នកមានបញ្ហាលោកអ្នកគួទៅជួបជាមួយគ្រូពេទ្យជំនាញជាការប្រសើរ។ ជារួម ប្រភេទស្បែកមិនមែនទាល់តែជាប្រភេទស្បែកស្ងួតនោះទេដែលចាំបាច់ត្រូវផ្តល់សំណើម ប៉ុន្តែស្បែកខ្លាញ់ក៏ដូចគ្នា គឺក្នុងបំណងឲ្យស្បែកមើលទៅស្អាតហើយមានសុខភាពល្អ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក