Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេ និងទំនោរទៅរកភាពមានអាយុវែងប៉ុន្តែពួកគេមិនបានពន្យល់ពីមូលហេតុដែលនៅពីក្រោយទំនាក់ទំនងទាំងពីរនេះទេ។ ការសិក្សាទីមួយត្រូវបានដឹកនាំដោយ The International Agency for Research on Cancer (IARC) និង Imperial College London។ ពួកគេបានសង្កេតទៅលើមនុស្សជាងកន្លះលាននាក់ដែលរស់នៅក្នុងប្រទេសចំនួន ១០ក្នុងទ្វីបអឺរ៉ុប។ ការសិក្សាបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេ ៣កែវក្នុងមួយថ្ងៃទំនងជារស់បានយូរជាងអ្នកដែលមិនផឹកកាហ្វេ។ អ្នកស្រាវជ្រាវបានពណ៌នាការសិក្សានេះថាជាការវិភាគមួយដ៏ធំបំផុតអំពីឥទ្ធិពលនៃការទទួលទានកាហ្វេរបស់ប្រជាជនអឺរ៉ុប។ លោក Marc Gunter គឺជាអ្នកដឹកនាំការស្រាវជ្រាវមកពី IARC និងជាអតីតអ្នកដឹកនាំនៃសាសាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Imperial បាននិយាយថា “យើងបានរកឃើញថាការទទួលទានកាហ្វេក្នុងកម្រិតមួយច្រើនបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់ពីមូលហេតុជាច្រើន ជាពិសេសនោះគឺពីជំងឹសរសៃឈាមបេះដូង និងជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ”។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺថា លទ្ធផលនៃការសិក្សាទាំងនេះគឺស្រដៀងគ្នានៅទូទាំងប្រទេសទាំង ១០ក្នុងទ្វីបអឺរ៉ុបជាមួយនឹងទម្លាប់នៃការទទួលទានកាហ្វេនិងទំនៀមទម្លាប់របស់ពួកគេ។ ការសិក្សាទីពីរមានការចូលរួមពីប្រជាជនចម្រុះជាតិសាសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណជា ១៨០.០០០នាក់ ដែលបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេមានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង មហារីក ជំងឹដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺតម្រងនោម។ អ្នកដែលទទួលទានកាហ្វេមួយកែវក្នុងមួយថ្ងៃ គឺមាន ១២%មិនសូវស្លាប់ដោយសារជំងឺទាំងនេះទេ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនទទួលទានកាហ្វេសោះ ចំពោះអ្នកដែលទទួលទានកាហ្វេពី ២ទៅ៣កែវក្នុងមួយថ្ងៃគឺអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺទាំងនេះបានដល់ទៅ១៨%។ លោកស្រីវេជ្ជបណ្ឌិត Veronica Setiawan ដែលជាសាស្ត្រាចារ្យរងនៅឯមហាវិទ្យាល័យវេជ្ជសារស្ត្រ Keck នៃសាកលវិទ្យាល័យ Southern California បាននិយាយថា“យើងមិនអាចនិយាយបានទេថាការទទួលទានកាហ្វេអាចនឹងធ្វើឲ្យអ្នកមានអាយុវែង ប៉ុន្តែយើងគ្រាន់តែឃើញថាវាមានទំនាក់ទំនងមួយ”។ “ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ បន្តទម្លាប់នេះចុះ។ ប្រសិនបើអ្នកមិនមែនជាអ្នកទទួលកាហ្វេទេ ដូច្នេះ អ្នកគួរតែពិចារណាចាប់ផ្ដើមទទួលទានវាទៅ។”   សារដាស់តឿនពីអ្នកជំនាញ អ្នកជំនាញដែលមិនបានចូលរួមក្នុងការសិក្សាស្រាវជ្រាវចុងក្រោយនេះ បានធ្វើការដាស់តឿនក្នុងការបកស្រាយនូវលទ្ធផលដែលទទួលបានពីការសិក្សានេះ។ ឧទាហរណ៍ ការសិក្សារបស់អឺរ៉ុបបានមិនរាប់បញ្ចូលអ្នកដែលមានជំងឺមហារីក អ្នកជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមទេ គឺថាពួកគេធ្វើការសិក្សាទៅលើតែអ្នកដែលមានអាយុលើសពី ៣៥ឆ្នាំហើយជាទូទៅមានសុខភាពល្អ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកសួរអំពីការទទួលទានកាហ្វេតែម្ដងគត់នៅពីដំបូង ហើយពួកគេមិនបានធ្វើការប្រមូលយកទិន្នន័យថ្មីទេក្នុងរយៈពេលនៃការសិក្សានេះដែលរួមបញ្ចូលទាំងការតាមដានជាមធ្យមមានរយៈពេល១៦ឆ្នាំ។ ទីបំផុតការសិក្សាបានរកឃើញសញ្ញានៃទំនាក់ទនងមួយរវាងស្ត្រីដែលទទួលកាហ្វេក្នុងបរិមាណមួយដ៏ច្រើន និងហានិភ័យខ្ពស់ប្រឈមនឹងការស្លាបដោយជំងឺមហារីក ប៉ុន្តែពួកគេមិនបានសង្កត់ធ្ងន់ទៅលើការរកឃើញនេះទេដោយនិយាយថា វាអាចមិនត្រឹមត្រូវ។ លោកសាស្ត្រាចារ្យ Naveed Sattar ជាសាស្ត្រាចារ្យផ្នែកមេតាបូលីសនៃសាកលវីទ្យាល័យ Glasgow បាននិយាយថា “សេចក្ដីសន្និដ្ឋាននេះមិនអាចបញ្ចុះបញ្ចូលខ្ញុំឲ្យចាប់ផ្ដើមទទួលទានកាហ្វេ ឬណែនាំអ្នកដទៃឲ្យទទួលទានកាហ្វេកាន់តែច្រើនដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនោះទេ។ ទោះបីជាការសិក្សាមានទំហំធំប៉ុនណាក៏ដោយក៏ខ្ញុំនៅតែមិនជឿជាក់ថាទំនាក់ទំនងរវាងកាហ្វេ និងការកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺបេះដូងនេះ គឺជាទំនាក់ទំនងដ៏ត្រឹមត្រូវមួយ ហើយកាហ្វេពិតជាមានការការពារយ៉ាងនេះមែននោះទេ”។ លោកបានបន្តថាចំណុចខ្សោយមួយនៃការសិក្សានេះ គឺមនុស្សនឹងបញ្ឈប់ ឬកាត់បន្ថយការទទួលទានកាហ្វេរបស់ពួកគេនៅពេលពួកគេឈឺ ដូច្នេះ ការសិក្សានេះ គឺនៅមានការលំអៀង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ថៃជី ជាសិល្បៈព្យាបាលបុរាណមួយបែបមានប្រយោជន៍រាប់សតវត្សក្នុងការជួយទាញយកថាមពលមកក្នុងខ្លួនទាំងមូលរបស់អ្នកដែលមានដើមកំណើតពីប្រទេសចិន។ ថៃជីសំដៅដល់ដូចជាការសមាធិបែបមានចលនាដោយមានការណែនាំពីអ្នកជំនាញសុខភាពដោយផ្ទាល់។ ការអនុវត្ត ពឹងផ្អែកលើទំនាក់ទំនងរវាងអារម្មណ៍ និងរាងកាយទាំងមូលដើម្បីជួយបង្កើតឲ្យមានសមមូលនៃផាសុកភាពផ្លូវកាយនិងផ្លូវចិត្តល្អ។ មួយនៃអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ថៃជីសម្រាប់មនុស្សវ័យចំណាស់ គឺថាទោះបីជាបុគ្គលនោះមានកម្រិតកាយសម្បទារប៉ុណ្ណា ក៏អាចអនុវត្តបានដែរ ព្រោះវាត្រូវបានធ្វើឡើងក្នុងទម្រង់យឺតៗ ដែលជាការបត់បែនបែបសម្រាក។ ចលនារបស់ថៃជីជួយលើកទឹកចិត្តឲ្យអ្នកហាត់មានឥរិយាបថសមស្រប និងពឹងផ្អែកលើចលនាទន់ភ្លន់ ដែលវាហាក់ដូចជាបង្ខំឲ្យបុគ្គលជាអ្នកហាត់ ឲ្យផ្តោតអារម្មណ៍ និងដកដង្ហើមវែងជាងធម្មតា ជាបច្ចេកទេស២ដ៏សំខាន់ដែលភាគច្រើនត្រូវបានគេមើលរំលង។ យោងតាមការសិក្សាមួយចំនួន អាចសន្និដ្ឋានចំពោះចំណុចវិជ្ជមាន២នៃថៃជី ទៅលើឆ្អឹង និងសន្លាក់ ជាពិសេសចំពោះមនុស្សវ័យចំណាស់ដែលមានដូចខាងក្រោម៖ 1. កាត់បន្ថយការឈឺចាប់៖ ថៃជីត្រូវបានគេស្គាល់យ៉ាងច្បាស់ថា សមត្ថភាពរបស់វាក្នុងការបន្ថយអារម្មណ៍ឈឺចាប់ ចំពោះមនុស្សចាស់។ ដោយផ្អែកតាមអាយុ មនុស្សចាស់ភាគច្រើនអាចមានផលប៉ះពាល់ដល់ ភាពរឹងមាំនៃសន្លាក់ឆ្អឹង ខ្សោយសាច់ដុំ ភាពទន់ខ្សោយ ចលនាមានកំណត់ និងការបាត់បង់តុល្យភាព។ ការរួមផ្សំគ្នានៃលក្ខខណ្ឌទាំងនេះ នឹងធ្វើឲ្យមានការវិវឌ្ឍទៅជា ឈឺឆ្អឹង សាច់ដុំ និងសន្លាក់ដែលធ្វើឲ្យពួកគេពិបាកសូម្បីតែសកម្មភាពសាមញ្ញៗដូចជាឡើងលើគ្រែគេង និងក្រោកពីគេង។ មនុស្សវ័យចំណាស់មួយចំនួនបាននិយាយថា ពួកគេបានប្រឈមជាមួយនឹងការឈឺចាប់ជាច្រើនជាមួយនឹងសកម្មភាពធម្មតាប្រចាំថ្ងៃ ដូចជា ងូតទឹក ឬស្លៀកពាក់។ ដោយឡែក ចលនាទន់ភ្លន់ប្រកបដោយស្ថេរភាពនៃថៃជីត្រូវបានបង្កើតឡើងដើម្បីសំរួលសាច់ដុំ បង្កើនភាពបត់បែនឲ្យកាន់តែប្រ-សើរជាងមុន និងជួងពង្រឹងសាច់ដុំដែលខ្សោយមួយចំនួន ដោយមិនបង្កឲ្យមានផលប៉ះពាល់ដល់រាងកាយឡើយ។ ឆ្លងតាមការសិក្សាកន្លងមក អ្នកជំងឺវ័យចំណាស់មួយចំនួនអាចបញ្ឈប់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់បាន ក្នុងរយៈពេល៤សប្តាហ៍បន្ទាប់ពីការហាត់ថៃជី។ 2. បន្ថយការរលាកសន្លាក់៖ ផលវិជ្ជមាននៃថៃជីមានប្រយោជន៍ ជាពិសេសក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ចំពោះអ្នកជំងឺវ័យចំណាស់។ ចលនាទន់ភ្លន់ និងចលនាសាមញ្ញ ប្រៀបដូចជាការធ្វើលំហាត់ប្រាណតិចតួច ដែលនឹងមិនធ្វើឱ្យធ្ងន់ធ្ងរដល់រោគសញ្ញានៃជំងឺរលាកសន្លាក់ ដែលមនុស្សចាស់ភាគច្រើនជួបប្រទះ។ តាមការណែនាំពីអ្នកជំនាញរលាកសន្លាក់បង្ហាញថា ថៃជីជួយបន្ធូរសន្លាក់ និងធ្វើឱ្យមានចលនាកាន់តែច្រើន ចំពោះអ្នកជំងឺរលាកសន្លាក់។ ភាគច្រើននៃចលនាថៃជី គឺផ្តោតទៅលើភាពប្រសើរឡើងនៃសន្លាក់ជង្គង់ ផ្នែកមួយនៃផ្នែកទូទៅបំផុតនៃរាងកាយ ដែលទទួលរងផលប៉ះពាល់ពីជំងឺរលាកសន្លាក់ខ្លាំងជាងគេ។  លើសពីនេះទៀតវាជាចលនាដែលផ្តោតលើរាងកាយផ្នែកខាងលើ ជួយដល់សាច់ដុំនៃស្មា និងដៃឱ្យមានចលនាកាន់តែប្រសើរ និងបង្កើនភាពបត់បែន។ កាលណាសាច់ដុំអ្នកជំងឺវ័យចំណាស់មានចលនា និងបត់បែនបានកាន់តែច្រើន នោះរោគសញ្ញានៃជំងឺរលាកសន្លាក់នឹងមានការថយចុះ។ ត្រឹមតែ២ចំណុច តែវាក៏គ្រប់គ្រាន់ដែលអាចឲ្យថៃជី ក្លាយជាជម្រើសរបស់អ្នក…! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ករណីមានសញ្ញាព្រមានណាមួយលេចឡើង និងត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងជំងឺមហារីកថ្លើមនោះការទៅជួបជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័សដើម្បីធ្វើរោគវិនិច្ឆ័យគឺជារឿងដ៏ចាំបាច់។ ទោះបីជាមិនទាន់មានសញ្ញាណាមួយកើតឡើងក៏ដោយ ការរកជំងឺមហារីកថ្លើមតាមរយៈការពិនិត្យសុខភាព ត្រូវបានណែនាំផងដែរ ដើម្បីបង្កើនឱកាសក្នុងការរស់រានចំពោះអ្នកជំងឺកំពុងមានជំងឺនេះដោយមិនបានដឹងខ្លួន។ I. ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមតេស្ត និងដំណើរការសម្រាប់ធ្វើរោគវិនិច្ឆ័យ៖ 1. តេស្តគ្លីនីក   ដំបូង វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរអំពីរោគសញ្ញាមិនប្រក្រតីរបស់អ្នក ឧទាហរណ៍ ការឈឺចាប់ ឬមិនស្រួលនៅផ្នែកពោះ ចង្អោរ បាត់ចំណង់អាហារ ស្រកទម្ងន់ និងការប្រែប្រួលនៃស្បែកជាដើម។ បន្ទាប់ពីនោះ អ្នកជំនាញនឹងត្រួតពិនិត្យលើរាងកាយអ្នកជំងឺតាមរយៈការមើលលើពណ៌ស្បែក និងភ្នែក ទំហំកូនកណ្តុរ (lymph nodes) ស្តាប់សួត បេះដូង ព្រមទាំងពិនិត្យផ្នែកពោះ ដើម្បីមើលពីការរីកនៃថ្លើម និងលំពែង ក៏ដូចជាវត្តមាននៃសារធាតុរាវនៅក្នុងពោះ។ ក្រៅពីនោះគឺការរកមើលសញ្ញាផ្សេងៗដែលបង្ហាញអំពីភាពមិនប្រក្រតីរបស់ថ្លើម។ 2. តេស្តឈាម    ការធ្វើតេស្តឈាមអាចបង្ហាញអំពីការថយចុះនៃកម្រិតគ្រាប់ឈាមក្រហម អេម៉ូក្លូប៊ីន ប្លាកែត និង/ឬ គ្រាប់ឈាមស។ តេស្តនេះក៏អាចបង្ហាញនូវការកើនឡើងនៃដំណើរការ ឬមុខងាររបស់ថ្លើម ព្រមទាំងអាចកំណត់រក Alfa-fetoprotein (AFP) ដែលជាធាតុសម្គាល់មួយនៃដុំមហារីកផងដែរ។ 3. តេស្តវិទ្យុសាស្ត្រ   • ការពិនិត្យពោះតាមបច្ចេសទេស Ultrasound ៖ បង្ហាញថា 75%នៃករណីមហារីកថ្លើម មានដុំសាច់ដែលមានលក្ខណៈ multifocal (ដុំសាច់ច្រើន)។ ដោយឡែក ដុំសាច់ដែលមានទំហំធំជាង 2ស.ម អាចមានឱកាសច្រើនជាង 95% ក្នុងការក្លាយជាដុំមហារីក ចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមស្រាប់។ • CT-scan (Computed Tomography) ឬ MRI-scan (Magnetic Resonance Imaging) នៅតំបន់ពោះ ៖ ជាបច្ចេកទេសថតដោយការចាក់បញ្ចូលតាមសរសៃឈាមនូវសារធាតុរាវ (contrasts) ដែលអាចថតឃើញ។ វាត្រូវបានអនុវត្តដើម្បីថតយករូបភាពជាក់លាក់នៃថ្លើម (3D)។ វិធីសាស្ត្រនេះអាចឲ្យរកឃើញនូវដុំសាច់តូចៗនៅនឹងថ្លើម បង្ហាញនូវទំហំ និងទីតាំងនៃដុំសាច់ ព្រមទាំងភាពរីករាលដាលរបស់វា។   តេស្តទាំងពីរនេះអាចផ្តល់នូវលទ្ធផលជាក់លាក់រហូតដល់ 80%។ • ការថត X-ray និង/ ឬ CT-scan លើប្រអប់ទ្រូង ៖ ធ្វើឡើងដើម្បីតាមដានរកដុំសាច់មហារីក ដែលអាចរីករាលដាលទៅដល់ក្នុងសួត (Distant metastases)។ • ការថតលើប្រព័ន្ធសរសៃឈាម ឬទឹករងៃនៅនឹងថ្លើម (Angiography of the liver) និងការថតមួយតួខ្លួនតាមរយៈ PET-scan (Positron emission tomography) ៖  ជាការថតដោយប្រើមុខងារនៃសារធាតុនុយក្លេអែរសម្រាប់សង្កេតលើដំណើរការមេតាបូលីសក្នុងរាងកាយនិងត្រូវបានធ្វើតែក្នុងករណីខ្លះប៉ុណ្ណោះ។ 4. ការពិនិត្យជាលិកា (Histopathological examinations) ដំណើរការនៃការពិនិត្យជាលិកា៖ វិធីសាស្ត្រនេះប្រព្រឹត្តទៅដោយការច្រឹបយកដុំសាច់ (Biopsy) ពីសរីរាង្គថ្លើមយកមកពិនិត្យ។ គួរបញ្ជាក់ថា ដំណើរការច្រឹបសាច់ត្រូវធ្វើឡើងក្រោមការពិភាក្សាជាមួយអ្នកជំនាញផ្សេងៗរួមទាំងវេជ្ជបណ្ឌិតឯកទេសវះកាត់សរីរាង្គថ្លើម។ ការច្រឹបសាច់ត្រូវធ្វើឡើងដោយប្រើប្រាស់ម្ជុលតូចស្តើង ឬក្រាស់ដើម្បីចាក់បញ្ចូលតាមស្បែកនៅតំបន់កណ្តាលនៃពោះផ្នែកខាងស្តាំ (Right flank) ចូលទៅដល់ថ្លើមដើម្បីកាត់នូវជាលិកា។ នៅអំឡុងពេលនេះ វេជ្ជបណ្ឌិត ក៏អាចប្រើប្រាស់បច្ចេកទេស ultrasound ឬ CT-scan ក្នុងពេលតែមួយផងដែរដើម្បីប្រាកដថាម្ជុលតម្រង់ទៅរកដុំសាច់នៅលើថ្លើមពិតមែន។ ការបង្ហាញនូវលទ្ធផលថាជា ដុំសាច់មហារីក(Malignant) ឬដុំសាច់មិនមែនមហារីក (Benign) គឺអាស្រ័យនឹងការពិនិត្យតាមបែបវិទ្យុសាស្ត្រ។ ក្នុងករណីខ្លះ វេជ្ជបណ្ឌិតវះកាត់ក៏អាចធ្វើការច្រឹបកោសិកាអំឡុងពេលថតឆ្លុះក្នុងប្រហោងពោះដោយប្រើបំពង់ទីបតូចមួយដែលត្រូវបានសូកបញ្ចូលតាមការវះកាត់តូច (laparoscopy) ផងដែរ។ ជាលិកាថ្លើមដែលត្រូវបានកាត់ចេញមក នឹងត្រូវយកទៅពិនិត្យនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដោយប្រើប្រាស់មីក្រូស្កុប។ កត្តាប្រឈមនៃដំណើរការច្រឹបជាលិកា៖ ការហូរឈាម គឺជាកត្តាប្រឈមមួយពីព្រោះ ថ្លើមជាសរីរាង្គដែលមានសរសៃឈាមជាច្រើន។ ក្រៅពីនោះ បញ្ហាកកឈាម គឺជាកត្តាប្រឈមដែលអាចកើតលើអ្នកជំងឺមហារីកថ្លើមមួយចំនួន។ កត្តាប្រឈមកំរមួយក្នុងដំណើរការនេះផងដែរគឺ ការរាលដាលនៃកោសិកាមហារីកតាមរយៈម្ជុល។ ករណីហាមឃាត់ក្នុងការអនុវត្តការច្រឹបជាលិកា (Biopsy)៖ • អ្នកជំងឺមានសភាពខ្សោយពេកក្នុងការទទួលយកការព្យាបាលមហារីកប្រភេទណាមួយ • អ្នកជំងឺមានបញ្ហាក្រិនថ្លើមធ្ងន់ធ្ងរ និងកំពុងរង់ចាំការប្តូរសរីរាង្គថ្លើម • អ្នកជំងឺដែលអាចមានលទ្ធភាពក្នុងការកាត់ចេញនូវដុំសាច់ទាំងមូល។ ដំណើរការច្រឹបជាលិកានេះក៏ត្រូវបានចៀសវាងផងដែរក្នុងករណីដែលឃើញមានសញ្ញាទូទៅទាក់ទងនឹងសរសៃឈាមចំពោះមហារីកថ្លើម (Typical vascular signs) តាមរយៈបច្ចេកទេសវិទ្យុសាស្ត្រពិសេស (Multiple-phase multidetector CT-scan និង Dynamic contrast-enhanced MRI-scan)។ ភាពខុសគ្នារវាងអ្នកជំងឺក្នុងដំណើរការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម៖ ខាងក្រោមនេះជាឧទាហរណ៍នៃភាពខុសគ្នារវាងអ្នកជំងឺម្នាក់ៗក្នុងដំណើរការធ្វើរោគវិនិច្ឆ័យ៖ • ចំពោះអ្នកជំងឺដែលមិនអាចព្យាបាលបាន និងមានផលវិបាកធ្ងន់ធ្ងរពីបញ្ហាក្រិនថ្លើម និងមហារីកថ្លើមត្រូវបានហាមឃាត់ក្នុងវិធីសាស្ត្រ ធ្វើរោគវិនិច្ឆ័យមួយចំនួន (ឧ. ការច្រឹបជាលិកា)។ • អ្នកជំងឺដែលត្រូវបានសង្ស័យថាមានការរីករាលដាលនៃកោសិកាមហារីកថ្លើម (Distant metastases) ត្រូវទទួលការពិនិត្យបន្ថែមតាមរយៈ X-ray ឬ CT-scan chest, PET-scan។ • សម្រាប់ការច្រឹបយកកោសិកាមកវិភាគ អាចត្រូវបានពន្យារពេលក្នុងការអនុវត្ត ឬក៏ចៀសវាងតែម្តងអាស្រ័យនឹងពេលវេលា ឬដំណាក់កាលនៃការព្យាបាលជាក់លាក់របស់អ្នកជំងឺ។ កត្តាដែលបង្កឲ្យមានការធ្វើរោគវិនិច្ឆ័យខុស៖ ជាទូទៅ ជំងឺមហារីកថ្លើមមិនមានបង្ហាញនូវរោគសញ្ញាណាមួយឡើយ រហូតទាល់តែជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដូចនេះការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើមអាចត្រូវបានពន្យារពេល ឬមើលរំលងតែម្តង។ ក្រៅពីនោះ រោគសញ្ញាខ្លះនៃមហារីកថ្លើមអាចមានភាពស្រពិចស្រពិល និងប្រហាក់ប្រហែលនឹងជំងឺដទៃរួមមានផ្តាសាយ (Influenza) ក្រិនថ្លើម មហារីកលំពែង រលាកពោះវៀនរលាកក្រពះ ក្រួសទឹកប្រមាត់ និងការមិនរំលាយអាហារ។ II. តេស្តសម្រាប់ត្រួតពិនិត្យរកមហារីកថ្លើម(Screening Tests) គឺជាតេស្តទាំងឡាយដែលត្រូវបានអនុវត្តដើម្បីរកមើលជំងឺមហារីកមុនពេលដែលមានការលេចចេញនូវរោគសញ្ញាណាមួយ។ តេស្តទាំងនេះអាចជួយឲ្យវេជ្ជបណ្ឌិតរកឃើញ និងធ្វើការព្យាបាលជំងឺមហារីកថ្លើមបានតាំងពីដំណាក់កាលដំបូង កំណត់ទីតាំងមហារីក ក៏ដូចជាអាចធ្វើការវះកាត់ដុំសាច់នោះបានងាយផងដែរ ដែលទាំងនេះអាចជួយបង្កើនឱកាសក្នុងការរស់រានរបស់អ្នកជំងឺ។ អ្នកដែលគួរស្វែងរកការ ត្រួតពិនិត្យមហារីកថ្លើម៖ • អ្នកជំងឺដែលមានបញ្ហាក្រិនថ្លើមប្រភេទណាមួយ • អ្នកជំងឺដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ និង/ ឬ សេ, អ្នកជំងឺមានផ្ទុកមេរោគអេដស៍ • អ្នកជំងឺលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានដុំសាច់មិនមែនមហារីកនៅថ្លើម (Benign liver masses) • អ្នកដែលបានពិសាស្រារយៈពេលយូរ។ តេស្តសម្រាប់ស្វែងរកជំងឺមហារីករួមមាន៖ 1. បច្ចេកទេស Ultrasound (Ultrasonography examination)៖ នេះជាតេស្តដែលប្រើប្រាស់នូវរលកសំឡេងក្នុងការបង្កើតជារូបភាពនៃថ្លើម ដើម្បីវាយតម្លៃពីស្ថេរភាពរបស់ថ្លើម និងរកនូវដុំសាច់ដែលអាចមាននៅនឹងថ្លើម។ បច្ចេកទេសនេះត្រូវបានណែនាំចំពោះអ្នកដែលត្រូវការរកមើលមហារីកថ្លើម និងគួរធ្វើឡើងរាល់ 6 ទៅ 12 ខែម្តងហើយការត្រួតពិនិត្យតាមរយៈបច្ចេកទេសនេះចាំបាច់ត្រូវធ្វើឡើងនៅពេលព្រឹក មុនពេលបរិភោគអាហារ។ បច្ចេកទេស Ultrasound ជាការធ្វើរោគវិនិច្ឆ័យទូទៅមួយដែលមានតម្លៃថោក ផ្តល់សុវត្ថិភាព (មិនប្រើប្រាស់កាំរស្មី) និងមានអត្ថប្រយោជន៍ចំពោះអ្នកអនុវត្ត ដោយសារវាជាដំណើរការថតរូបភាពដំបូងគេដែលមានទំនាក់ទំនងផ្ទាល់នឹងការត្រួតពិនិត្យបែបគ្លីនីក។ ក្រៅពីនោះ រូបភាព និងព័ត៌មានដែលទទួលបានក៏មានភាពត្រឹមត្រូវជាក់លាក់។ ក៏ប៉ុន្តែ សមត្ថភាពនៃបច្ចេកទេសនេះក៏មានកម្រិតផងដែរដែលតម្រូវឲ្យវេជ្ជណ្ឌិតត្រូវពិចារណា និងកត់ចំណាំទុក។ ដោយឡែក  Ultrasound គឺជាវិធីសាស្ត្រដែលទាមទារឲ្យមានអ្នកអនុវត្តផ្ទាល់ដូចនេះហើយ ភាពដែលអាចអនុវត្តឡើងវិញរបស់វាត្រូវបានកាត់បន្ថយ។ 2. ការធ្វើតេស្តឈាមរក Alfa-fetoprotein (AFP)៖ កោសិកាមហារីកថ្លើមអាចបង្កើតជាធាតុសម្រាប់សម្គាល់ (Marker) មួយហៅថា Alfa-fetoprotein ដែលអាចរកឃើញតាមរយៈការពិនិត្យឈាម និងឃើញមានកើនឡើងពី  50 ទៅ75% ចំពោះអ្នកជំងឺមហារីកថ្លើម។ គួររំលឹកឡើងវិញថា ធាតុសម្រាប់សម្គាល់នោះជាសារធាតុគីមីដែលបង្កើតឡើងដោយប្រភេទកោសិកាមហារីកជាក់លាក់មួយ និងត្រូវបានរកឃើញនៅក្នុងឈាមក្នុងកម្រិតខ្ពស់ជាងធម្មតា។ ទោះយ៉ាងណា មិនមែនមានតែអ្នកជំងឺដែលមានមហារីកថ្លើមមានការផលិតធាតុសម្គាល់នេះឡើយ តែអ្នកដែលមានបញ្ហាក្រិនថ្លើមក៏អាចមានការកើនឡើងនូវកម្រិតសារធាតុនេះផងដែរ បើទោះជាគេពុំមែនមហារីកថ្លើមក៏ដោយ។ AFP ក៏អាចមានការកើនឡើងផងដែរ ចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានបញ្ហាតាំងពីកំណើត។ សរុបមក បើសិនជាមិនមានការកើនឡើងនៃ AFP ក៏មិនមែនមានន័យថាអ្នកជំងឺពុំមានកោសិកាមហារីកថ្លើមដែរ ហើយប្រសិនបើកម្រិតរបស់ AFP កើនឡើង នោះក៏មិនអាចកំណត់បានថាអ្នកមានជំងឺមហារីកដូចគ្នា។ ហេតុនេះ ការធ្វើតេស្តឈាមរកធាតុសម្គាល់នេះតែឯង មិនអាចគ្រប់គ្រាន់ក្នុងការសន្និដ្ឋានលើមនុស្សគ្រប់គ្នាឡើយ។ ការរកមើលសារធាតុសម្គាល់នេះចាំបាច់ត្រូវធ្វើរៀងរាល់ 3ទៅ 6ខែម្តងចំពោះអ្នកជំងឺដែលមានបញ្ហាក្រិនថ្លើម ឬមានដុំសាច់នៅនឹងថ្លើម ហើយជាទូទៅត្រូវបានធ្វើឡើងនៅថ្ងៃតែមួយនឹងការធ្វើតេស្តតាមរយៈ Ultrasound ទៅលើថ្លើម។ អ្នកជំងឺត្រូវមកពិនិត្យឈាមនៅពេលព្រឹក  មុនពេលបរិភោគអាហារ។ ដោយសារតែនៅកម្ពុជាពុំទាន់មានផ្តល់នូវកម្មវិធីត្រួតពិនិត្យថ្នាក់ជាតិចំពោះមហារីកថ្លើមកម្រិតដំបូង ដូចនេះ ការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយ វេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសចំពោះអ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺមហារីកថ្លើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ  ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជឿជាក់ថា អ្នកដែលរៀនពេទ្យដូចគ្នា ប្រាកដជាស្គាល់ហើយ Vidalហ្នឹង… តែមិនដឹងថាប៉ុន្មាននាក់ ដែលមានវានៅក្នុងដៃ មិនថាជាsoft copy ឬ hard copyនោះទេ។ ហេតុនេះហើយ ទើបចង់ចែករំលែកឯកសារដ៏មានគុណតម្លៃនេះដល់អ្នកគ្រប់គ្នា ជាពិសេសអ្នករួមវិជ្ជាជីវៈសុខាភិបាលតែម្តង។ គួរបញ្ជាក់ផងដែរថា Vidal ជាវចនានុក្រម រួមបញ្ចូលនូវព៌ត៍មានជាច្រើនទាក់ទងនឹងឧសថ ការព្យាបាល និងការអនុវត្តផ្សេងទៀតក្នុងវិស័យសុខាភិបាល ដែលជាជំនួយ និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់ អ្នកក្របកវិជ្ជាជីវៈសុខាភិបាល ឱសថការី ក៏ដូចជា គិលានុបដ្ឋាកជាដើម។ ក៏សង្កេតឃើញថា  គឺមានជាច្រើនឆ្នាំមកហើយ ដែលការប្រើប្រាស់ Vidal នៅតែមានប្រជាប្រិយភាព និង ផ្តល់ជូននូវព៌ត៍មានឱសថដែលមានអត្ថប្រយោជន៍ និងជាទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់។ មិនចាំបាច់ចំណាយប្រាក់នោះទេ ពេលនេះ… គ្រាន់តែចុចត្រង់នេះ Vidal 2017  ហើយក៏អាចទាយយកVidal 2017 ជាភាសាបារាំងបានហើយ…សង្ឃឹមថានឹងអាចជាជំនួយក្នុងការសិក្សា និងការងារសម្រាប់អ្នកណា៎… ប្រភព ៖ ទំព័រហ្វេសប៊ុក សាលាពេទ្យ 

ចែករំលែក

ការប្រកួតស្នាដៃអត្ថបទស្រាវជ្រាវ ពាន់រង្វាន់សម្តេច តេជោហ៊ុនសែន​ ក្នុងឆ្នាំ២០១៧​ នេះ​គឺ​ ក្រោមប្រធានបទ"Food Safety in Cambodia"  ដែលចាប់ផ្តើមទទួលពាក្យប្រកួតចាប់ពីថ្ងៃទី០១ ខែកក្តដា ដល់ថ្ងៃទី០១​ ខែសីហា។​  សម្រាប់ព័ត៌មានលម្អិត​ពីការប្រកួតនេះ សូមចុចត្រង់នេះ ប្រភព៖ គេហទំព័រហ្វេសបុក សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល   

ចែករំលែក

តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់រវាងក្រុមការងារទូរទស្សន៍CNC ជាមួយនឹងឯកឧត្តមវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅលើសំណួរសំខាន់ៗទាក់ទិននឹងវិស័យសុខាភិបាលនៅកម្ពុជា ដែលក្នុងនោះរួមមានប្រធានបទដូចខាងក្រោម៖ -ប្រសិទ្ធិភាពសេវាសុខាភិបាលរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន -ភាពរីកចម្រើនសេវាសុខាភិបាលមូលដ្ឋានរបស់ប្រទេសកម្ពុជា -ប្រជាជនកម្ពុជាអាចទទួលបានសេវាសុខាភិបាលរដ្ឋ និងឯកជនដែលមានប្រសិទ្ធិភាពក្នុងមូលដ្ឋានផ្ទាល់ -វិធីសាស្រ្តការពារខ្ពស់នៃជំងឺឆ្លងនៅប្រទេសកម្ពុជា -ការរួមចំណែករវាងប្រជាជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក្នុងការលើកស្ទួយវិស័យដ៏មានសារសំខាន់មួយនេះ។ ចង់ដឹងថា ព័ត៌មានពិស្តាបែបណាខ្លះ សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ខាងក្រោមនេះ  ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា 

ចែករំលែក

ជំងឺរលាកស្រោមខួរក្បាល ជាការរលាកស្រទាប់ការពារជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ដែលវាបង្កឡើងដោយមេរោគខុសៗគ្នា ដូចជា ពពួកបាក់តេរី និងវីរុស។ ក្រៅពីនេះ ជំងឺរលាកស្រោមខួរក្បាល​ ក៏អាចបណ្តាលមកពីការចម្លងរោគពីសរីរាង្គផ្សេងទៀតនៃរាងកាយ ដោយមេរោគទាំងនោះ បានធ្វើដំណើរ តាមចរន្តឈាម ទៅកាន់ស្រទាប់ខួរក្បាល។ យ៉ាងណាមិញ ការបែងចែកនូវប្រភេទការបង្ករោគឲ្យកាន់តែច្បាស់ គឺត្រូវរង់ចាំនូវលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ ដែលត្រូវប្រើប្រាស់ រយៈពេលពី៤៨ ទៅ ៧២ ម៉ោង  ដូច្នេះ​ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុន ទោះបីស្ថិតក្នុងអំឡុងពេលរង់ចាំក៏ដោយ ពីព្រោះ ភាពយឺតយ៉ាវ​ក្នុងការព្យាបាល អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត​ នេះបើយោងតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសជំងឺកុមារ​ ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកុមារជាតិ។ ស្វែងយល់បន្ថែមពីជំងឺរលាកស្រោមខួរក្បាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺបាយភ្នែក ជាការកើតមានការស្រអាប់របស់ភ្នែក។ ពេលកើតបាយភ្នែកសរសៃប្រសាទបាតភ្នែកទទួលពន្លឺមិនបានល្អ ធ្វើឲ្យភ្នែកស្រអាប់ ហើយការមើលឃើញ មានការថយចុះ។ បាយភ្នែកកើតឡើងបានលើមនុស្សគ្រប់វ័យ ប្រសិនបើគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចជា របស់មុត សារធាតុគីមី ឬពន្លឺកាំរស្មី។ ជំងឺបាយភ្នែកដែលបង្កឡើងដោយជំងឺទូទៅមួយចំនួន ដូចជា ការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ និងជំងឺភ្នែកខ្លះ អាចជាមូលហេតុជំរុញឲ្យកែវភ្នែកស្រអាប់។ ប៉ុន្តែ បាយភ្នែកច្រើនកើតលើវ័យចាស់ដែលមានអាយុ៤០ឆ្នាំឡើងទៅ ដោយសារភាពជរាដែលធ្វើឲ្យកែវភ្នែកស្រអាប់ ហើយឡើងរឹង នេះបើយោងតាមការបកស្រាយពីលោកវេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមពីជំងឺបាយភ្នែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

បើទោះបីជាការងារផ្នែកសិក្សាអប់រំស្ថិតនៅជួរមុខគេនៅក្នុងទីផ្សារការងារលើបណ្ដាញក៏ដោយ មុខតំណែងការងារផ្នែកវិស្វករគឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ថ្ងៃទី18 ខែកក្កដា ឆ្នាំ២០១៧- រាជធានីភ្នំពេញ- everjobs.com.kh ដែលជាគេហទំព័រការងាររីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចេញបោះពុម្ពផ្សាយនូវរបាយការណ៍ការងារច្បាប់ចុងក្រោយរបស់ពួកគេ គឺរបាយការណ៍ប្រចាំត្រីមាសក្នុងការវិភាគអំពីទីផ្សារការងារនៅក្នុងប្រទេស។ ការវិភាគអំពីទីផ្សារការងារនៅកម្ពុជាប្រចាំត្រីមាសនេះ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិចដែលបានលើកឡើងអំពីបម្រែបម្រួលនៃការដាក់ពាក្យស្នើរសុំការងារអនឡាញនៅក្នុងពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា។ ទិន្នន័យនៃរបាយការណ៍នេះទទួលបានមកពីការត្រួតពិនិត្យនៅក្នុងគេហទំព័រ everjobs.com នៅក្នុងអំឡុង ខែមេសា ខែឧសភា និងខែមិថុនានៅក្នុងឆ្នាំ ២០១៧នេះ ដែលវាបានចង្អុលបង្ហាញអំពីផ្នែកការងារដែលជ្រើសរើសបុគ្គលិកច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើ ឱកាសការងារជាង ៥ ៤០០កន្លែង ដែលបានចេញផ្សាយនៅលើទំព័រអ៊ីនធឺណេត និងមានពាក្យសុំការងារជាង ២៥ ៥០០ច្បាប់ដែលបានដាក់ញ្ចូលទៅក្នុងគេទំព័រនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ។ យោងទៅតាមរបាយការណ៍ការងារដែលបានប្រមូលអស់រយៈពេល ៣ខែនេះ ការងារផ្នែកការសិក្សាអប់រំបានបន្តឈរនៅជួរមុខគេនៅក្នុងទីផ្សារការងារនៅកម្ពុជា។ ជាមួយនឹងឱកាសការងារជាង ៣៧៥កន្លែងដែលបានចុះផ្សាយនៅលើគេហទំព័រ everjobs.com.kh នៅក្នុងអំឡុងពេលនេះ ការងារផ្នែកការសិក្សាអប់រំក៏ទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកស្វែងរកការងារនៅកម្ពុជាផងដែរ។ «គ្រូបង្រៀន» គឺជាការងារមួយដែលត្រូវបានគេស្វែងរកច្រើនជាងគេ ក្នុងការចំនោមប្រភេទការងារដទៃទៀតនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៧នេះ។ everjobs បានបំពេញបែបបទពាក្យស្នើរសុំការងារជាង ១ ៦០០ច្បាប់ សម្រាប់មុខតំណែងការងារផ្នែកគ្រូបង្រៀន ទៅតាមរយៈគេហទំព័រនៅក្នុងអំឡុងខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១៧នេះ។ Divotsna អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម បានលើកឡើងថា «ខណៈដែលការងារផ្នែកការសិក្សាអប់រំ និងធនាគារនៅតែមានអត្រាថេរនៅក្នុងចំនោមមុខតំណែងការងារកំពូលដទៃទៀតក្នុងរយៈពេលដ៏យូរដោយសារតែការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជានោះ ការផ្លាស់ប្ដូរនៅពេលថ្មីៗនេះកំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ដែលវាត្រូវបានកាន់កាប់ដោយការងារផ្នែកបច្ចេកទេសដូចជា ព័ត៌មានវិទ្យា និងវិស្វកម្មជាដើម។» ខណៈដែលការងារ «គ្រូបង្រៀន» ទទួលបានភាពជោគជ័យដោយមានការស្វែងច្រើនជាងគេនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ របាយណ៍កាងារបាននកំណត់នូវអត្តសញ្ញាណនៃមុខតំណែងការងារថ្មីមួយដែលទទួលបានការស្វែងរកច្រើនជាងគេនោះគឺ «វិស្វករ»។ ជាមួយនឹងអ្នកស្វែងរកការងារតាមបណ្ដាញជាង ១២.២៥% បានចាប់អារម្មណ៍ទៅលើកមុខតំណែងការងារផ្នែកវិស្វកម្ម នៅលើគេហទំព័រការងាររបស់ everjobs ក្រុមហ៊ុនជាច្រើនក៏មានចំណាប់អារម្មណ៍ក្នុងការទទួលយកបុគ្គលិកបច្ចេកទេសដែលមានជំនាញផងដែរ មានឱកាសការងារច្រើនជាង ២០០កន្លែងដែលបានចុះផ្សាយនៅលើគេហទំព័រក្នុងអំឡុងពេលត្រីមាសទី ២ នៅឆ្នាំ២០១៧នេះ។  អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារថ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណេតផ្សេងទៀត, វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Helene Banet (Marketing Communications & PR Executive) ទូរស័ព្ទលេខ៖ +៨៥៥ (០)៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh

ចែករំលែក

ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌។      និយមន័យ ជំងឺទឹកនោមផ្អែម គឹជាការរុករាន និងការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាមចំពោះស្ត្រីមានផ្ទៃពោះដែលគេហៅស្ត្រីនោះថា មានជំងឺទឹកនោមផ្អែមពេលកំពុងមានគភ៌។ កម្រិតជាតិស្ករនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះកើតជំងឺនេះ នឹងវិលមករកសភាពធម្មតាវិញនៅក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែ សូមកុំយល់ច្រឡំនឹងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ដែលមិនដឹងខ្លួន ឬមិនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឹទឹកនោមផ្អែម។ ចំណុចនេះមានន័យថា ករណីមួយគឺគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២រួចមកហើយ ប៉ុន្តែពេលគាត់ចង់បានកូន ទោះគាត់សម្រាលកូនរួចហើយក៏ដោយ ក៏គាត់នៅតែត្រូវការព្យាបាលជាបន្តបន្ទាប់រហូត។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកឲ្យឃើញថា ជំងឺទឹកនោមផ្អែមកើតមាននៅពេលដែលស្ត្រីមានផ្ទៃពោះ គឺយើងត្រូវចែកឲ្យដាច់រវាងស្រ្តីមានផ្ទៃពោះហើយកើតជំងឺទឹកនោមផ្អែម និងស្រ្តីមានជំងឺទឹកនោមផ្អែម រួចហើយតែគាត់ចង់មានកូន។  •ចំពោះការវិនិច្ឆ័យ រកឲ្យឃើញជំងឹទឹកនោមផ្អែមលើស្រ្តីដែលកំពុងមានផ្ទៃពោះ៖  ត្រូវពឹងផ្អែកទៅលើតេស្តម៉្យាង ដើម្បីតាមដានរកកម្រិតជាតិស្ករក្នុងឈាម (ការធ្វើតេស្តគឺអាស្រ័យទៅលើបុគ្គលម្នាក់) បានធ្វើការបែងចែកចេញជាពីរផ្នែក។ ដូចជា គាត់ធ្លាប់មានប្រវត្តិលើសជាតិស្ករពីមុនមក មានប្រវត្តិលើសទម្ងន់ ឬធ្លាប់មានឪពុកម្តាយកើតជំងឺទឹកនោមផ្អែម ឬធ្លាប់មានផ្ទៃពោះតែកូនស្លាប់ក្នុងផ្ទៃ ឬកូនមានក្បាលធំជាដើម។ ស្រ្តីប្រភេទដូចបានរៀបរាប់ខាងលើនេះ ការធ្វើតេស្តរកជាតិស្ករ និងការតមអាហារនៅពេលមានផ្ទៃពោះដំបូង គឺជាប្រការមួយដ៏សំខាន់។  •ចំណែកឯទីពីរ ចំពោះស្រ្តីផ្សេងទៀត ការរកមើលជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ គឺពឹងទៅលើតេស្តម៉្យាងដែលតម្រូវឲ្យស្រ្តីនោះញ៉ាំទឹកស្ករ រួចរកមើលកម្រិតជាតិស្ករក្នុងឈាមរយះពេលមួយម៉ោង ពីរម៉ោងឬបីម៉ោង។ ក្រោយពីការតេស្តហើយ ឲ្យញ៉ាំទឹកស្ករនោះទៀតទៅតាមបច្ចេកទេសរបស់វេជ្ជបណ្ឌិតជំនាញ ដូចជាតេស្តមួយដែលគេឲ្យឈ្មោះថា O’sullivan Test ជាដើម។ តេស្តនេះគឺត្រូវរកមើលចន្លោះសប្តាហ៍ទី២៤ និងទី២៨ នៃការមានផ្ទៃពោះបន្ទាប់ពីបាត់រដូវ។ មានន័យថា O’sullivana Test គេច្រើនតែធ្វើនៅពេលដែលស្ត្រីបាត់រដូវនៅសប្តាហ៍ទី២៤ និងទី២៨(ចំពោះអ្នកដែលមិនធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមក)។ គេអាចកត់សម្គាល់បានថាស្ត្រី អាចកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ កាលណាគាត់មានបញ្ហា យ៉ាងហោចណាស់មួយក្នុងចំណោមបញ្ហាដូចខាងក្រោមនេះ៖  •ប្រវត្តិគ្រួសារមានជំងឺទឺកមានផ្អែម ពិសេសឪពុកម្តាយ •មុនពេលមានផ្ទៃពោះ ធ្លាប់មានប្រវត្តិលើសទម្ងន់ធម្មតា ១០% •អាយុលើសពី២៥ឆ្នាំ •ធ្លាប់មានប្រវត្តិបញ្ហាវិបត្តិជាតិស្ករក្នុងឈាមដែលភាសាបច្ចេកទេសពេទ្យហៅថា Impaired Glucose Tolerance ដែលមានន័យថា បុគ្គលម្នាក់នេះ គាត់នៅចន្លោះអ្នកមានសុខភាពធម្មតា និងអ្នកមានជំងឺទឹកនោមផ្អែម។ •ធ្លាប់មានប្រវត្តិរលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ ឬធ្លាប់សម្រាលកូនថ្លោសពេក ដែលមានន័យថា កូននោះមានទម្ងន់លើសពី ៤kg ឡើងទៅ។ មានផ្ទៃពោះច្រើនដង លើសពី៤ដងឡើងទៅ។      ចំពោះស្ត្រីមានលក្ខណៈដូចរៀបរាប់ខាងលើនេះ ចាំបាច់នៅពេលដែលពិនិត្យផ្ទៃពោះលើកដំបូង វេជ្ជបណ្ឌិតអាចធ្វើតេស្តរកមើលជំងឹទឹកនោមផ្អែម នៅពេលដែលគាត់មានផ្ទៃពោះសប្តាហ៍ទី២៤ និងទី២៨។ ភាគរយនៃករណីជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលស្រ្តីមានផ្ទៃពោះ បញ្ចាក់ថាស្រ្តីនោះគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយមិនដឹងខ្លួន។ ថ្មីៗនេះ គេជួបប្រទះស្ត្រីមានផ្ទៃពោះមានជំងឹទឹកនោមផ្អែមប្រភេទទី២ មានការកើនឡើងជាលំដាប់ ចាប់តាំងពីគេរកឃើញជំងឺទឹកនោមផ្អែម កាន់តែច្រើនឡើងលើមនុស្សវ័យក្មេងៗ។ គេបានសម្គាល់ឃើញថា យ៉ាងហោចណាស់ ៥០% នៃស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលគាត់មានផ្ទៃពោះ គឺកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ការព្យាបាល នៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមគោលការណ៍៤យ៉ាងដែលអ្នកជំងឺត្រួវគោរពឲ្យបាននោះគឺ : •ទី១ ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ •ទី២ ការប្រើប្រាស់ថ្នាំ •ទី៣ លំហាត់ប្រាណ •ទី៤ ការតាមដានកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឲ្យបានទៀងទាត់។ គោលការណ៍ទាំង៤ខាងលើនេះ អ្នកជំងឺទឹកនោមផ្អែមត្រួវតែគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានឡើងនៅពេលខាងមុខ។ បន្ថែមពីនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ ត្រូវធ្វើការតាមដាន និងព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានកាន់តែញឹកញាប់។ មានន័យថា ត្រូវណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែមរៀងរាល់២សប្តាហ៍ម្តងរហូតដល់ពេលសម្រាល ដើម្បីឲ្យវេជ្ជបណ្ឌិតធ្វើការត្រួតពិនិត្យពីការវិវឌ្ឍនៃកម្រិតជាតិស្ករក្នុងឈាម ពីព្រោះការប្រើឱសថចំពោះស្ត្រីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ពុំមែនប្រើនៅកម្រិតដដែលៗនោះទេ គឺត្រូវបង្កើនកម្រិតថ្នាំទៅតាមការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។      វិធានការព្យាបាលចំពោះស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះដំបូង គឺ ៖ •ធ្វើការណែនាំឲ្យស្រ្តីនោះជួបប្រាស្រ័យជាមួយអ្នកឯកទេសខាងចំណីអាហារសិន ដើម្បីឲ្យគាត់វាយតម្លៃអំពីចំណីអាហារដែលអ្នកជំងឺគួរតែទទួលទានរាល់ថ្ងៃ (គិតជាប៉ុន្មានកាល់ឡូរី)។  •ប្រសិនបើ ការធ្វើរបបអាហារមិនអាចធ្វើឲ្យកម្រិតជាតិស្ករចុះមកត្រឹមគោលដៅដែលវេជ្ជបណ្ឌិតចង់បាននោះទេ នោះវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែម នឹងតម្រូវឲ្យចាក់ថ្នាំប្រភេទអាំងស៊ុយលីន។ ការចាក់ថ្នាំនេះ ពុំមានផលប៉ះពាល់អ្វីដល់ទារកក្នុងផ្ទៃនោះទេ ព្រោះវាមិនឆ្លងកាត់ទៅដល់សុកម្តាយឡើយ។ ផ្ទុយមកវិញ ថ្នាំនេះបង្កើតជាតិស្ករក្នុងឈាមឲ្យទៅដល់សុក និងជួយមិនឲ្យមានផលលំបាកផ្សេងៗដល់ទារក។ ក្នុងការប្រើប្រាស់អាំងស៊ុយលីន ជាជំហានដំបូងត្រូវចាក់ក្នងកម្រិតទាប បន្ទាប់មកធ្វើការដំឡើងទៅតាមកម្រិតជាតិស្ករក្នុងឈាម។ ការចាក់ថ្នាំនេះ អ្នកជំងឺត្រូវចាក់ពី៣ទៅ៤ដងក្នុងមួយថ្ងៃ។ មុននឹងចាក់ថ្នាំដល់អ្នកជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតត្រូវបង្រៀនពីរបៀបចាក់ និងរបៀបប្រើប្រាស់ថ្នាំ ដើម្បីចៀសវាងការចុះជាតិស្ករពេក។ ពេលនោះដែរ ស្ត្រីមានជំងឺទឹកនោមផ្អែមដែលមានផ្ទៃពោះ ក្រោយពីការសម្រាលកូនរួច ត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែមដើម្បីវាយតម្លៃឡើងវិញ។ ប្រសិនជាមិនមានសញ្ញាត្រូវការប្រើប្រាស់ថ្នាំទឹកនោមផ្អែមទេ ៦ខែក្រោយ ស្ត្រីនោះត្រូវធ្វើតេស្តរកជាតិស្ករម្តងទៀត។ ប្រសិនបើ៦ខៃក្រោយសម្រាលហើយ វេជ្ជបណ្ឌិតពិនិត្យមើលទៅលើកម្រិតជាតិស្ករមិនមានការកើនឡើងនោះទេ សន្មត់ថាអ្នកជំងឹជាសះស្បើយ។ ដូចនេះ គឺមិនបាច់ត្រូវប្រើថ្នាំទៀតទេ។  គួរកត់សម្គាល់ថា ស្ត្រីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ច្រើនតែបង្កឲ្យមានជំងឺទឹកនោមផ្អែមនៅថ្ងៃខាងមុខ ជាពិសេសបើសិនជាស្ត្រីមានការកើនឡើងទម្ងន់ជាលំដាប់។ ដូច្នេះ ដើម្បីចៀសវាងពីផលប៉ះពាល់នេះ ស្ត្រីដែលសម្រាលកូនរួច គួររក្សាទម្ងន់ឲ្យនៅធម្មតា បង្កើននូវសកម្មភាពការងារ និងតាមដានកម្រិតជាតិស្ករក្នុងឈាម។  ជាទូទៅ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបាន (ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមរួចទៅហើយ មុនពេលមានផ្ទៃពោះ) ដូចអ្នកដែលគ្មានជំងឺទឹកនោមផ្អែមដែរ លើកលែងតែស្ត្រីនោះមានបញ្ហាសុខភាពផ្សេងៗដូចជា ជំងឺបេះដូង ឬជាពិសេសជំងឺសរសៃឈាមបេះដូង ឬក៏ជំងឺទឹកនោមផ្អែមរបស់គាត់នោះមិនគ្រប់គ្រងជាតិស្ករបានត្រឹមត្រូវ។ បើសិនជាដូចករណីដូចរៀបរាប់ខាងលើនេះ គួរចៀសវាងកុំឲ្យមានផ្ទៃពោះ។ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែម មុនសម្រេចចិត្តចង់បានកូន ត្រូវទៅជួបជាមួយអ្នកជំនាញផ្នែកទឹកនោមផ្អែមជាមុនសិន។ ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមធ្លាប់ប្រើថ្នាំជាប្រភេទគ្រាប់ ត្រូវបញ្ឈប់បែរមកប្រើថ្នាំចាក់វិញ ដើម្បីឲ្យមានសុវត្ថិភាពមុន និងក្រោយពេលសម្រាលកូន។  ចំណែកឯផលប៉ះពាល់វិញ មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះមានជំងឺទឹកនោមផ្អែមហើយ មិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖  •គ្រោះថ្នាក់ចំពោះម្តាយ ​៖ ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើងហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។ •ចំពោះទារក ៖ ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក។ ការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ចំពោះទារក និងម្តាយ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតជំនាញត្រូវធ្វើការព្យាបាលយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ចុះឲ្យដល់គោលដៅគឹត្រឹមតិចជាង ៩៥mg/dlនៃឈាម ហើយមុនពេលបរិភោគអាហារ និងពីរម៉ោងក្រោយពីពិសាអាហារ ឲ្យនៅត្រឹមតិចជាង ១២០mg/dlនៃឈាម។ គួរបញ្ចាក់ថាដែរ កម្រិតជាតិស្ករចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះត្រូវទាបជាងអ្នកមានជំងឺទឹកនោមប្រភេទទី២ និងជំងឺទឹកនោមផ្អែមប្រភេទទី១។ មានន័យថា ជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ គេឲ្យកម្រិតជាតិស្ករនៅខ្ពស់ជាងនេះបន្តិច។ និយាយជារួម នៅពេលស្រ្តីមានផ្ទៃពោះមានជំងឺទឹកនោមផ្អែម នោះកម្រិតជាតិស្កររបស់គាត់ត្រូវតែទាបជាងអ្នកមានជំងឺទឹកនោមផ្អែមធម្មតា ទើបអាចរក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ។ ដូច្នេះ ចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះគួរធ្វើតេស្តរកកម្រិតជាតិស្ករក្នុងឈាមឲ្យបានយ៉ាងហោចណាស់ពី៣ទៅ៤ដងក្នុងមួយថ្ងៃបើអាចធ្វើបាន ហើយកត់លទ្ធផលទុកសម្រាប់យកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងទឹកនោមផ្អែម ដើម្បីឲ្យវេជ្ជបណ្ឌិតបានដឹងពីការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាម និងងាយស្រួលដល់គាត់ក្នុងការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយដែលត្រូវចុះផ្សាយដោយ Pubmed ក្នុងអត្ថបទ Diabetes (ខែធ្នូ ២០១២) បានបង្ហាញស្ត្រីដែលមាន Gestational Diabetes ការបំបៅដោះកូនរយះពេលបីខែឡើងទៅ អាចការពារពួកគេពីជំងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងពេលអនាគតបាន៤០%៕ បកស្រាយដោយ​លោកវេជ្ជបណ្ឌិត ទូច ឃុន​​ នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើលោកអ្នក គឺជា ៖ -និស្សិតកំពុងសិក្សាក្នុងវិស័យសុខាភិបាលមែនឬទេ? ហើយអ្នកគិតថានឹងពិបាកក្នងការស្វែងរកទីផ្សារការងារនាពេលអនាគតទេ? -អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលមែនឬទេ? ហើយលោកអ្នកបាន និងកំពុងពង្រឹងសេវាកម្មបន្ថែមមែនឬទេ? ធ្លាប់បានគិតឬទេថា ធ្វើបែបណាទើបសាធារណជនស្គាល់ និងទុកចិត្តអ្នក? (អាចអាន សាធារណជនមានទំនុកចិត្តលើវេជ្ជបណ្ឌិតដែលមានលក្ខណៈសម្បត្តិទាំងនេះ ) ទាំងនេះមិនមែនជាបញ្ហាទៀតនោះទេ!!! លោកអ្នកអាចបង្ហាញនូវសមត្ថភាព និងសក្តានុពលរបស់អ្នក មិនថាជានិស្សិត ឬជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនោះទេ តាមរយៈការបង្កើតអត្ថបទផ្ទាល់ខ្លួន និងធ្វើការចេញផ្សាយជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ហេលស៍ថាម។   ហេតុអ្វីគួរចេញផ្សាយអត្ថបទនៅលើគេហទំព័រហេលស៍ថាម? មានហេតុផលមិនតិចនោះទេ ហើយក្នុងនោះផងដែរ លោកអ្នកនឹងទទួលបានឱកាសដែលរួមមានដូចជា ៖ -ឱកាសការងារក្នុងស្ថាប័នល្បីៗក្នុងវិស័យសុខាភិបាល -ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ -ឱកាសចុះផ្សាយអត្ថបទក្នុងទស្សនាវដ្តីហេលស៍ថាមប្រូ -ឱកាសត្រូវបានអញ្ជើញមានវត្តមានជាវាគ្មិនកិត្តិយស -មិនបាច់ចំណាយច្រើនក្នុងការចែករំលែកអត្ថបទរបស់ខ្លួន -ធ្វើឲ្យសាធារណជនចាប់ផ្តើមស្គាល់ពីសេវាកម្មនៃស្ថាប័នរបស់អ្នក ដូចជាមន្ទីរពេទ្យ បន្ទប់ពិគ្រោះជំងឺ គ្លីនិក ឬឱសថស្ថានជាដើម។ តើធ្វើបែបណាទើបចូលសរសេរអត្ថបទបាន? ងាយៗ ដោយគ្រាន់តែចូលទៅកាន់ www.healthtime.tips ជម្រើសទី១ -ដំបូង សូមធ្វើការចុះឈ្មោះជាមុនសិន -ស្វែងរកមើលប៊ូតុង«បង្កើតអត្ថបទផ្ទាល់ខ្លួន» នៅត្រង់របាខាងឆ្វេងដៃ រួចចុចលើវា ជម្រើសទី២ -ចូលទៅកាន់ Home Page -ជ្រើសរើសយក«ចំណេះដឹង និងព័ត៌មាន» -ជ្រើសរើសយក «បង្កើតអត្ថបទផ្ទាល់ខ្លួន» តើមានប្រធានបទអ្វីខ្លះដែលអាចចូលរួមសរសេរបាន? អ្វីក៏បាន ឲ្យតែអត្ថបទដែលមានគុណប្រយោជន៍ និងអាចទុកចិត្តបានដែលទាក់ទិននឹងសុខភាព -សុខភាពបច្ចេកទេស -សុខភាពទូទៅ -ការសិក្សា ការងារ និងការធ្វើអាជីវកម្ម (ក្នុងវិស័យសុខាភិបាល) -វិបត្តិសុខភាព -ព័ត៌មាន (សុខភាព និងទូទៅ) -ការសិក្សា និងវិភាគលើជំងឺ ប្រសិនបើមិនបាននិពន្ធដោយខ្លួនឯង តើអាចយកអត្ថបទដែលមានស្រាប់ហើយ មកសង្ខេប ឬបកប្រែបានដែរ ឬទេ? ប្រាកដជាបាន ប៉ុន្តែ អ្នកគួរតែបញ្ជាក់ពីប្រភពនៃឯកសារផងដែរ តើអាចដាក់ជាវីដេអូភ្ជាប់ជាមួយអត្ថបទបានដែរ ឬទេ? អាចបាន! ដោយគ្រាន់តែធ្វើការ Copy Embed link របស់វីដេអូរបស់អ្នក ហើយធ្វើការPaste ទៅលើកន្លែងដែលមានបង្ហាញថា «Embed Code» (ត្រង់ខាងក្រោមគេបង្អស់ កន្លែងដែលអ្នកបង្កើតអត្ថបទ) នេះជាឱកាសសម្រាប់អ្នកដែលកំពុង និងអនាគតប្រកបវិជ្ជាជីវៈសុខាភិបាល…ចាប់ផ្តើមថ្ងៃនេះ ជាមួយសហគមន៍ហេលស៍ថាម!!! ដើម្បីបង្ហាញពីអ្វីដែលអ្នកមាន ក៏ដូចជាយល់ដឹង…ហើយវាក៏ជាចូលរួមចំណែកមួយផងដែរក្នុងការផ្សព្វផ្សាយវប្បធម៌នៃការចែករំលែក… សូមចុច ត្រង់នេះ ដើម្បីសាកល្បងល៎មើល… សម្រាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងមកកាន់ 077 888 076 ឬ info@time-media.com ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top