- Jul 10, 2018 |
- 7 ឆ្នាំមុន |
- 6.1K មើល
អាហារបំប៉នសក់៣យ៉ាង ដ៏ចាំបាច់…
តើអ្នកផ្តល់អាហារឲ្យសក់របស់អ្នក បានគ្រប់គ្រាន់ហើយឬនៅ? តើអាហារបំប៉នទាំងនោះ គួរតែជាអ្វីខ្លះ? សរសៃសក់ដ៏ស្រស់ស្អាតប្រកបដោយផាសុកភាពរបស់អ្នក ជាផ្នែកមួយនៃរាងកាយដែលត្រូវការអាហារ ក៏ដូចជាសារធាតុចិញ្ចឹមសមស្រប ដើម្បីទ្រទ្រង់ និងដំណើរការលូតលាស់ទៅមុខតាមអាយុកាល។ ដោយហេតុនេះ ហេលស៍ថាម នឹងបង្ហាញនូវអាហារបំប៉នសក់៣យ៉ាង ដែលលោកអ្នកគួរមាន ៖ វីតាមីនសំខាន់ៗ -វីតាមីន A ៖ វីតាមីនដ៏សំខាន់សម្រាប់ជួយឲ្យសក់មានសុខភាពល្អគឺវីតាមីនA ដូចទៅនឹងលទ្ធផលនៃដំណើរការធ្វើមេតាបូលីសផ្សេងៗគ្នា។ រាងកាយរបស់យើងផលិតជាបន្តបន្ទាប់នូវរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញការលូតលាស់របស់កោសិកាធម្មតាកម្រិតខ្ពស់។ ស្រដៀងគ្នានេះ គល់សក់របស់អ្នកក៏ត្រូវបានបំផ្លាញទៅតាមការផលិតនូវរ៉ាឌីកាល់សេរីនេះដូចគ្នាដែរ។ វីតាមីនA មានលក្ខណៈប្រឆាំងអុកស៊ីតកម្ម ដែលជួយបញ្ឈប់ការបង្កើតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងស្តារសុខភាពសក់ឡើងវិញ។ -វីតាមីន C ៖ ការបំផ្លាញពីរ៉ាឌីកាល់សេរីអាចរារាំងការលូតលាស់ និងធ្វើឲ្យសក់របស់អ្នកចាស់មុនអាយុ។ វីតាមីនC គឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពារប្រឆាំងការធ្វើអុកស៊ីតកម្មដោយសាររ៉ាឌីកាល់សេរី។ បន្ថែមពីនេះ រាងកាយរបស់អ្នកត្រូវការវីតាមីនC ដើម្បីបង្កើតប្រូតេអុីនមួយប្រភេទ ហៅថាកូឡាជែន ដែលសំខាន់នៅក្នុងផ្នែកមួយនៃការបង្កើតរចនាសម្ព័ន្ធសក់។ បន្លែផ្លែឈើមួយចំនួនដូចជា ស្ត្រូប័ររីម្ទេសផ្លោក ត្របែក និងផ្លែក្រូច សុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីនC ធម្មជាតិ។ -វីតាមីន E ៖ ក្នុងការសិក្សាមួយបង្ហាញថាវីតាមីន E មានឥទ្ធិពលប្រហាក់ប្រហែលនឹងវីតាមីនCដែរ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារកំណើនច្រើននៃរ៉ាឌីកាល់សេរី។ តាមការពិសោធន៍រកឃើញថា ប្រជាជនដែលមានបញ្ហាសក់ជ្រុះប្រមាណ៣៤.៥% មានការកើនឡើងនូវការលូតលាស់នៃសរសៃសក់ បន្ទាប់ពីបានប្រើប្រាស់វីតាមីន E រយៈពេល៨ខែ។ គួរបញ្ជាក់ថាអាហារដែលសម្បូរដោយវីតាមីន E រួមមាន គ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង ផ្លែប័រជាដើម។ សារធាតុរ៉ែចាំបាច់ -ជាតិដែក៖ រាងកាយរបស់អ្នក ត្រូវការជាតិដែកដើម្បីជួយឲ្យកោសិកាឈាមក្រហម អាចចាប់យកអុកស៊ីសែនទៅគ្រប់កោសិកាទាំងអស់។ ម៉្យាង វាធ្វើឲ្យជាតិរ៉ែចាំបាច់មួយចំនួន ចូលរួមក្នុងមុខងារសំខាន់ៗនៃរាងកាយ រួមទាំងការលូតលាស់នៃសរសៃសក់ផងដែរ។ គួរបញ្ជាក់ថា ខ្វះជាតិដែកជាមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងចូលរួមចំណែកក្នុងការបង្កឲ្យសក់ជ្រុះ ពិសេសចំពោះស្ត្រី។ ភាគច្រើនប្រភេទអាហារសម្បូរជាតិដែកជាងគេគឺ អ៊័យស្ទ័រ ស៊ុត សាច់ក្រហម និងបន្លែពណ៌បៃតងចាស់ ជាដើម។ -ជាតិស័ង្កសី៖ វាដើរតួនាទីសំខាន់ក្នុងការលូតលាស់របស់ជាលិកាសក់ និងចូលរួមជួសជុលនូវការខូចខាតផ្សេងៗ។ ជាតិស័ង្កសីក៏ជួយរក្សាក្រពេញប្រេងជុំវិញគល់សក់ ឲ្យដំណើរការបានល្អផងដែរ។អាការៈជ្រុះសក់អាចជាសញ្ញាធម្មតានៃកង្វះជាតិស័ង្កសីនៅក្នុងរាងកាយ។ ដូចនេះ វាអាចជារឿងមួយល្អបំផុតដែលអ្នកបង្កើនបរិមាណជាតិស័ង្កសីពីរបបអាហារប្រចាំថ្ងៃរបស់អ្នក ក្នុងនោះប្រភេទអាហារដែលសម្បូរដោយជាតិស័ង្កសីរួមមានអ៊័យស្ទ័រ សាច់គោ និងស្រូវសាលី ជាដើម។ ប្រូតេអ៊ីនដ៏មានគុណប្រយោជន៍ សក់របស់អ្នកត្រូវបានបង្កើតឡើងស្ទើរតែទាំងស្រុងដោយប្រូតេអ៊ីន ដូច្នេះការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់គឺសំខាន់បំផុត សម្រាប់ដំណើរការលូតលាស់នៃសក់។ កាលណាកម្រិតនៃជាតិប្រូតេអ៊ីនគ្រប់គ្រាន់វានឹងជួយរក្សាឫសសក់របស់អ្នកឲ្យរឹងមាំល្អ និងបង្កើនការលូតលាស់មួយកម្រិតទៀត។ ផ្ទុយមកវិញ ការដែលគ្មាននូវកម្រិតប្រូតេអ៊ីនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកប៉ុណ្ណោះទេវារឹតតែប៉ះពាល់ដល់សក់ធ្ងន់ធ្ងរថែមទៀត។ អាហារបំប៉នខាងលើនេះ លោកអ្នកអាចបង្គ្រប់បានដោយការទទួលទានចំណីអាហារ ឬអាចប្រើប្រាស់វាក្រោមទម្រង់ជាប្រេងលាបសក់ដោយផ្ទាល់ជាប្រចាំ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
