- Jun 19, 2018 |
- 7 ឆ្នាំមុន |
- 5.2K មើល
អ្វីគួរធ្វើ ដើម្បីភាពរឹងមាំនៃសុខភាពសក់
ភាពស្រស់ស្អាត នរណាៗក៏ចង់បានដែរ… គឺ ស្អាតអមជាមួយនឹងសុខភាពរឹងមាំនៃសរីរាង្គផ្សេងៗ ជាពិសេសអ្វីដែលងាយនឹងមើលឃើញ ឬត្រូវបានចាប់អារម្មណ៍មុនគេ រាល់ពេលដែលជួបគ្នាម្តងៗ។ ក្នុងនោះ សក់ក៏ជាចំណែកមួយផងដែរ ព្រោះថាមើលពីចម្ងាយបើទោះជាមិនទាន់ឃើញមុខច្បាស់ ក៏គេអាចមើលឃើញពីសណ្ឋាននៃសក់របស់យើងដែរ ហើយការដែលស្អាតមួយបែបមិនគ្រប់គ្រាន់នោះទេ ព្រោះពេលមើលជិត គេនឹងអាចឃើញពីរូបភាពកាន់តែច្បាស់នៃសុខភាពសក់ ដែលជាទូទៅមើលពីខាងក្រៅ ក៏អាចដឹងបានខ្លះៗ។ យ៉ាងណាមិញ សរសៃសក់ជារឿយៗត្រូវបានទទួលរងផលប៉ះពាល់ទៅនឹងកត្តាផ្សេងៗដូចជាកម្តៅព្រះអាទិត្យ ខ្យល់អាកាស ធូលីដី ទឹកភ្លៀង។ល។ ដែលអាចជាហេតុនាំឲ្យស្ងួត ប្រេះបែក និងមើលទៅមិនភ្លឺរលោង។ ប៉ុន្តែ…យើងគ្រប់គ្នាសុទ្ធតែអាចធ្វើឲ្យសក់របស់ខ្លួនឯងមានសុខភាពល្អ ហើយមើលទៅរឹងមាំបានជាមួយនឹងគន្លឹះដែលត្រូវបានណែនាំរួមមានដូចខាងក្រោម ៖ ប្រុងប្រយ័ត្នចំពោះរបបអាហារ ស្ថានភាពសក់របស់អ្នក ក៏អាចបង្ហាញពីភាពប្រក្រតីនៅក្នុងរាងកាយ និងរបបអាហារមិនត្រឹមត្រូវផងដែរ។ ប្រសិនបើអ្នកមិនបានបរិភោគសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ សរសៃសក់របស់អ្នកមើលទៅហាក់មិនមានជីវិតឡើយ (មិនភ្លឺរលោង មិនមានសំណើម...) ហើយជួនកាលក៏ជ្រុះទៀតផង។ អ្នកជំនាញផ្នែកសក់បានណែនាំឲ្យបរិភោគអាហារដែលសម្បូរដោយវីតាមីនA, C, E ជាតិដែក និង អូមេហ្គា៣ គឺសុទ្ធតែមានសារសំខាន់សម្រាប់ការថែរក្សាសុខភាពស្បែកក្បាលសរសៃសក់ឲ្យមានសុខភាពល្អ ទប់ស្កាត់ការខូចខាត ឬស្ងួតបែកចុង ហើយក៏អាចការពារពីសារធាតុពុលផ្សេងៗផងដែរ។ ការពារសរសៃសក់ ត្រៀមខ្លួនជានិច្ចសម្រាប់ការការពារសរសៃសក់របស់អ្នក រួមមានដូចជាពាក់មួក ឬប្រើប្រេងបន្ទន់ពេលត្រូវស្ថិតនៅក្រោមកម្តៅព្រះអាទិត្យខ្លាំងដើម្បីកុំឲ្យសក់រសាត់ ឬការពារកម្តៅថ្ងៃរាល់ពេលចេញទៅក្រៅ។ អ្នកក៏គួរចៀសវាងការចេញទៅក្រៅ ពេលមានខ្យល់ត្រជាក់ ឬភ្លៀងធ្លាក់ ទាំងសក់នៅសើម ព្រោះវាអាចនឹងធ្វើឲ្យសក់ស្រួយផុយ។ ចំណែកឯអ្នកហែលទឹកវិញ គួរតែពាក់មួកគ្របសក់ ឬប្រើប្រាស់ប្រេងការពារព្រោះអ្នកមិនដឹងថាមានសារធាតុអ្វីខ្លះនៅក្នុងអាងហែលទឹកឡើយ។ កាត់បន្ថយការរឹតសង្កត់ ការចងសក់ ឬលេងម៉ូតសក់ដែលតឹងរាល់ថ្ងៃ អាចនាំឲ្យសរសៃសក់ខូចបាន ជាពិសេសការក្រងសក់ ឬចងដោយប្រើកៅស៊ូរឹតខ្លាំង។ សម្រាប់អ្នកក្រង ឬចងសក់ជាប្រចាំ គួរតែផ្លាស់ប្តូរកន្លែងចង ដើម្បីកុំឲ្យសម្ពាធមានទៅលើតែកន្លែងដដែល និងជំនួសដោយការប្រើកៅស៊ូកង ឬរឹតគួរតែប្រើរបស់ផ្សេងដែលអាចចងបានដែរដូចជាបូក្រណាត់ ឬក្រណាត់សូត្រជាដើម។ កុំកក់សម្អាតសក់ញឹកញាប់ពេក ការកក់សក់រាល់ថ្ងៃ នាំឲ្យជាតិប្រេងពីធម្មជាតិនៅសរសៃសក់ថយចុះជាបន្តបន្ទាប់។ វានឹងជាការប្រសើរ ប្រសិនបើអ្នក កក់សក់ពី៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ក្រែមបន្ទន់រាល់ពេលកក់។ សីតុណ្ហភាពទឹកគួរតែកុំក្តៅពេក ពីព្រោះវាធ្វើឲ្យមានការរលាកស្បែកក្បាល និងសក់ប្រែជារួញ។ ថ្នាក់ថ្នមសក់ជាប្រចាំ ថែទាំសរសៃសក់របស់អ្នកដោយយកចិត្តទុកដាក់ និងជាប្រចាំរាល់ពេលកក់សក់ ឬសិតសក់។ ជាក់ស្តែង សូមកុំប្រើកម្លាំងដៃធ្ងន់ៗ នាំឲ្យភាពរឹងមាំនៃសុខភាពសក់មានការថយចុះ ដូចនេះហើយ គួរកុំកេះខ្លាំងដល់លលាដ៍ក្បាលដោយគ្មានទិសដៅច្បាស់លាស់ គួរតែច្បូតតិចៗតាមទិសដៅតែមួយពីលើចុះក្រោម និងដូចគ្នាដែរចំពោះការជូតសក់ សូមប្រើក្រណាត់ច្បូតថ្នមៗ ជំនួសឲ្យការញីខ្លាំងៗ។ កាត់បន្ថយការលេងម៉ូតសក់ រាល់ពេលអ្នកកៀបសក់ម្តងៗ គឺប្រៀបដូចជាចម្អិនសក់ដែរ ហើយជាហេតុនាំឲ្យសក់បាត់បង់ភាពរឹងមាំ។ ហេតុនេះហើយអ្នកគួរព្យាយាមកំណត់ចំនួនដងនៃការផ្លុំ ឬការកៀបសក់របស់អ្នក ហើយវាជាការល្អ បើអ្នកផ្លុំសក់ដោយប្រើកម្លាំងខ្យល់ និងកម្តៅល្មមៗ និងកៀបសក់តែ២ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ផលិតផលការពារកម្តៅលើសក់ជានិច្ច។ ប្រើប្រាស់អាហារបំប៉នសក់ បន្ថែមពីលើការញ៉ាំអាហារត្រឹមត្រូវ និងមានទម្លាប់ល្អក្នុងការថែទាំសុខភាពសក់ជាប្រចាំហើយ អ្នកអាចជ្រើសរើសផលិតផលថែរក្សាសក់ដែលអាចចិញ្ចឹម និងបំប៉នសរសៃសក់របស់អ្នក។ ឧទាហរណ៍៖ប្រទាលកន្ទុយក្រពើ ប្រេងដូងជាដើម ដែលអាចផ្តល់សំណើមដល់សរសៃសក់បន្ថែមទៀត។ កាត់តម្រឹមសក់ឲ្យបានទៀងទាត់ អ្នកគួរតែធ្វើការកាត់សក់ដែលបែកចុង និងស្ងួតចេញឲ្យបានទៀងទាត់ ដើម្បីឲ្យសរសៃសក់អ្នកមើលទៅមានសភាពស្រស់ស្អាត និងមានសុខភាពល្អ ក៏ដូចជាប្រសើរជាងមុន ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
