- Jul 03, 2018 |
- 6 ឆ្នាំមុន |
- 5.8K មើល
ស្រទាប់ខាងក្រោមភ្នែក ខ្មៅ ព្រោះតែអ្វី?
ជាធម្មតា នៅពេលដែលអ្នកមានស្រទាប់ខាងក្រោមភ្នែកខ្មៅ ពេលនោះអ្នកជុំវិញប្រាកដជាសួរថា “តើអ្នកគេងមិនគ្រប់គ្រាន់មែនទេ?” ឬក៏មិត្តភក្តិចំអន់ថា អ្នកមានទឹកមុខអាក្រក់មើលជាដើម។ ការស្តាប់លឺពាក្យសម្តីទាំងនោះ ពិតជាធ្វើឲ្យអ្នកអាក់អន់ស្រពន់ចិត្ត និងមិនពេញចិត្តចំពោះរូបសម្ផស្សរបស់អ្នកជាមិនខាន ដូច្នេះ វាពិតជាមានសារសំខាន់ក្នុងការរកមូលហេតុដែលធ្វើឲ្យស្រទាប់ខាងក្រោមភ្នែកខ្មៅ ហើយរកវិធីការពារនូវបញ្ហាចោទឡើងទាំងនោះ។ ក្រៅពីហេតុផលថាអ្នកគេងមិនបានគ្រប់គ្រាន់ និងការសេពគ្រឿងស្រវឹង នៅមានកត្តាផ្សេងៗដទៃទៀតដូចជា៖ កត្តាហ្សែន ៖ មនុស្សមួយចំនួនមានស្រទាប់ខាងក្រោមភ្នែកខ្មៅតាំងពីកុមារភាព ដែលអាចជាលក្ខណៈតំណពូជ។ចំពោះមនុស្សមួយចំនួនស្រទាប់ភ្នែកខ្មៅនោះនឹងបាត់ទៅវិញ នៅពេលពួកគេធំពេញវ័យ តែអ្នកខ្លះវិញមានជាប់រហូតពេញមួយជីវិត។ ប្រសិនបើអ្នកសង្កេតឃើញថាប្រវត្តិគ្រួសារមានបញ្ហានេះដូច្នេះ វាប្រហែលជាហេតុផលមួយសមស្របក្នុងការធ្វើឲ្យស្រទាប់ភ្នែកខ្មៅ។ ការតឹងច្រមុះ ៖ អាចធ្វើឲ្យសរសៃឈាមនៅតំបន់ជុំវិញភ្នែករីក ដែលជាមូលហេតុធ្វើឲ្យមានសភាពខ្មៅ។ ប្រសិនបើអ្នកផ្តាសាយ ឬមានបញ្ហាឆ្លងនៅប្រព័ន្ធដង្ហើម នោះអ្នកអាចមានស្រទាប់ភ្នែកខ្មៅនោះកើតឡើង។ ពណ៍ស្បែកមានសភាពមិនប្រក្រតី ៖ ស្បែកដែលនៅជុំវិញភ្នែករបស់អ្នកស្តើងជាងនៅកន្លែងផ្សេងៗ ដូច្នេះ ងាយនឹងមើលឃើញសរសៃឈាមណាស់ ហើយការបែងចែកសារធាតុមេឡានីនដែលជាសារធាតុផ្តល់ពណ៍ដល់រាងកាយអាចបង្កឲ្យលេចឡើងនូវស្រទាប់ភ្នែកខ្មៅនោះផងដែរ។ ពន្លឺព្រះអាទិត្យ ៖ ជាការពិត កម្តៅព្រះអាទិត្យបង្កឲ្យខ្លួនប្រាណយើងបង្កើតសារធាតុមេឡានីនកាន់តែច្រើន ដែលជាមូលហេតុធ្វើឲ្យស្រទាប់ខាងក្រោមភ្នែកកាន់តែខ្មៅ។ របៀបរស់នៅ ៖ ការជក់បារី ពិសាស្រា ផឹកកាហ្វេ ឬប្រើប្រាស់ថ្នាំ កុំឲ្យងងុយគេងអាចធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ក៏ជាមូលហេតុមួយក្នុងចំណោមកត្តាផ្សេងដែរ។ អាយុ ៖ នៅពេលដែលលោកអ្នកកាន់តែមានអាយុជ្រេទៅៗ នោះលោកអ្នកនឹងបាត់បង់សារធាតុខ្លាញ់ និងខូឡាជែននៅជុំវិញភ្នែក គួបផ្សំនឹងស្បែកស្តើងផងនោះ អាចបង្កើនភាពលេចឡើងនូវស្រទាប់ពណ៍ខ្មៅក្រោមភ្នែកកាន់តែច្បាស់។ ការបរិភោគអំបិលច្រើន ៖ បរិភោគអំបិលច្រើន ឬសូដ្យូមអាចបង្កឲ្យមានការរក្សាទុកសារធាតុរាវច្រើននៅក្នុងខ្លួន ជាពិសេសនៅម្តុំភ្នែក ហើយធ្វើឲ្យភ្នែកខ្មៅ។ ដូច្នេះ ដើម្បីចៀសវាសនូវបញ្ហាស្រទាប់ភ្នែកខ្មៅទាំងនោះ វិធីសាស្រ្តដែលល្អបំផុត គឺដឹងពីមូលហេតុ និងកត្តាទាក់ទងផ្សេងៗដែលបង្កឲ្យបញ្ហាទាំងនោះកើតមានឡើង។ ជាក់ស្តែង បើអ្នកគិតថាមូលហេតុមកពីអ្នកមិនបានគេងគ្រប់គ្រាន់ ដូច្នេះ អ្នកគួរតែគេងឲ្យបានច្រើនជាងនេះ។ បើសិនមកពីកម្តៅព្រះអាទិត្យ ដូចនេះ ត្រូវរកវិធីផ្សេងៗឲ្យនៅឆ្ងាយពីពន្លឺព្រះអាទិត្យជាដើម ហើយអាចប្រើប្រាស់ផលិតផលមានប្រសិទ្ធភាពឲ្យបានត្រឹមត្រូវ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក