Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សញ្ញាសង្ស័យនៅលើស្បែកត្រង់ផ្នែកណាមួយ ជាមូលហេតុនៃជំងឺសើស្បែកផ្សេងៗ ប៉ុន្តែករណីខ្លះ វាជាជំងឺកាមរោគ។ តាមរយៈអត្ថបទខាងក្រោម អ្នកនឹងអាចស្វែងយល់បន្ថែមលើក្រុមជំងឺដែលត្រូវបានចាត់ទុកជាជំងឺកាមរោគ ដោយវេជ្ជបណ្ឌិតជំនាញ។ សំណួរ ៖ ខ្ញុំឆ្ងល់ថាតើជំងឺកាមរោគជាជំងឺអ្វី? តើវាកើតឡើងយ៉ាងដូចម្ដេច? ហើយមានវិធីបង្ការដែរឬទេ? ចម្លើយ ៖ ជំងឺកាមរោគជាជំងឺឆ្លងដែលកើតឡើងតាមរយៈការរួមភេទ ហើយវាត្រូវបានបែងចែកជា៥ក្រុម៖ •    ក្រុមទី១ ៖ ជាពពួកមានដំបៅ ដូចជា ជំងឺស្វាយ (Syphilis) ដែលជាពពួកបាក់តេរីនាំឲ្យកើតមានដំបៅនៅលើប្រដាប់ភេទតែមិនឈឺទេ ឬបណ្ដាលមកពីពពួកវីរុសបង្កជាពងបែកមួយ ឬច្រើនជុំវិញប្រដាប់ភេទ ហើយមានការឈឺចាប់ខ្លាំងដូចជា Herpes Simplex Virus ជាដើម។ មួយប្រភេទទៀតជាពពួកបាក់តេរី ឆ្លងតាមការរួមភេទ ដែលជំងឺនេះហៅថា “តេនឡា” ឬពាក្យបច្ចេកទេស ហៅថា “Chancroid” អ្នកដែលកើតជំងឺ Herpes simplex គឺមានឡើងនូវពងបែកច្រើនជាកញ្ចុំលើប្រដាប់ភេទ និងមានការឈឺចាប់ខ្លាំង។ •    ក្រុមទី២ ៖ ជាប្រភេទ Genital discharge មានន័យថាជាជំងឺមានហូរខ្ទុះ ឬធ្លាក់ស ចេញពីប្រដាប់បន្តពូជ រួមមានជំងឺប្រមេះទឹកបាយ (Gonnorrhea) ជំងឺប្រមេះទឹកថ្លា (Clamydia) ឬមានប្រភេទដទៃទៀតដូចជា ការធ្លាក់សដោយសារពួកផ្សិត (Candida, Bacillus vaginalis, Trichomonas) ដែលពពួកនេះធ្លាក់សមាននូវក្លិនអាក្រក់។ •    ក្រុមទី៣ ៖ ជាក្រុមមានដុះសាច់ តួយ៉ាង ជំងឺសិរមាន់ ដែលដើរតួសំខាន់ជាងគេ ហើយក្នុង ភាសាបច្ចេកទេសហៅថា Candiloma acuminata។ •    ក្រុមទី៤ ៖ ជាជំងឺដែលវិវឌ្ឍមកពីពពួកជំងឺ ក្រុមទី២ បណ្ដាលឲ្យអ្នកជំងឺមានការឈឺចាប់ខាងក្នុងពោះដោយសារតែមានការរលាកទៅដល់សរីរាង្គខាងក្នុង។ •    ក្រុមទី៥ ៖ ជាជំងឺកាមរោគណាដែលឆ្លងតាមឈាមមានដូចជាជំងឺអេដស៍ជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត អ្នកតែងគិតដល់វិធីសាស្ត្រដែលអាចបំប៉នដល់ស្បែកមុខ ជាពិសេសគឺការប្រើប្រាស់ផលិតផលមានគុណភាពផ្សេងៗដោយមើលរំលងអំពីការលុបលាងមុខឲ្យបានត្រឹមត្រូវ... ជាការពិត ផលិតផលល្អៗជាច្រើន ជាផ្នែកមួយនាំអ្នកទៅកាន់ស្បែកមុខដែលប៉ងប្រាថ្នា មិនថាស្បែកមុខតឹង ម៉ត់រលោង គ្មានស្នាមជ្រួញ ស្នាមអុចខ្មៅ ឬមុនជាដើម ក៏ប៉ុន្តែតើអ្នកគិតថាផលិតផលល្អៗទាំងនោះនឹងជួយអ្នកតាមរបៀបណានៅពេលដែលស្បែកអ្នកមិនត្រូវបានសម្អាតស្អាតសម្រាប់ត្រៀមទទួលយកសារធាតុចិញ្ចឹមផង? ហេតុនេះ អ្នកត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើជំហានដំបូងគេ ដែលជាការលាងសម្អាតមុខឲ្យបានត្រឹមត្រូវ។ តើអ្នកលាងមុខបានស្អាតឬនៅ? ហើយតើអ្នកគួរលាងដូចម្តេចទើបត្រឹមត្រូវ? សញ្ញាបង្ហាញថាអ្នកលាងមុខមិនបានត្រឹមត្រូវ • នៅមានផលិតផលសម្អាងនៅលើមុខក្រោយសម្អាត • ស្បែកមើលទៅរឹងគគ្រាត និងមិនម៉ត់រលោង • មុខឡើងមុន និងមានឡើងក្រហមផ្ទាំងៗ ឬ កន្ទួលរលាក ដែលជាសញ្ញានៃការស្ទះរន្ធរោម • មានស្នាមជ្រួញច្រើនជាងមុន • ផលិតផលដែលធ្លាប់មាន ឬរំពឹងថាមានប្រសិទ្ធភាព ហាក់លែងបានផល • ស្បែកឡើងតឹង ក្តៅ រមាស់ ឬស្ងួតក្រោយពីលាងសម្អាត • ស្បែកប្រែជាឡើងខ្លាញ់ច្រើនជាងមុន • សញ្ញាដែលខុសប្រក្រតីលើមុខផ្សេងៗទៀត។ របៀបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ 1.     ភាពញឹកញាប់ក្នុងការសម្អាតមុខ • អ្នកគួរសម្អាតមុខ ឲ្យបានយ៉ាងតិច ២ ដងក្នុងមួយថ្ងៃសម្រាប់អ្នកមានស្បែកធម្មតា គឺមុនពេលចូលគេង ក្រោយពេលភ្ញាក់ពីគេង និងយ៉ាងតិចម្តងចំពោះអ្នកមានស្បែកស្ងួតគឺរាល់មុនពេលចូលគេង។ • អ្នកក៏ត្រូវសម្អាតមុខក្រោយពេលហាត់ប្រាណឬបែកញើសខ្លាំងផងដែរ • ចៀសវាងសម្អាតមុខញឹកញាប់ពេក បើមិនចាំបាច់ ព្រោះវាធ្វើឲ្យស្បែកស្ងួត និងបន្ទាប់មកធ្វើឲ្យមានការផលិតខ្លាញ់កាន់តែច្រើនដើម្បីសម្របសម្រួលភាពស្ងួតនោះវិញ។ 2.    សីតុណ្ហភាពទឹកសម្រាប់លាងមុខ • ការប្រើប្រាស់ទឹកក្តៅ៖  ការប្រើទឹកក្តៅលាងមុខ អាចធ្វើឲ្យសរសៃឈាមរីកធំ ខូចកោសិកា ថែមទាំងបំផ្លាញស្រទាប់ខ្លាញ់ធម្មជាតិសម្រាប់ការពារស្បែកផងដែរ ដែលនាំឲ្យស្បែកស្ងួត  និងងាយរមាស់ប្រតិកម្ម។ ជំនួសមកវិញ គួរប្រើប្រាស់ទឹកក្តៅឧណ្ហៗដែលអាចជួយបន្ទន់ខ្លាញ់កករឹងនៅរន្ធរោមបាន។ • ការផ្លាស់ប្តូរសីតុណ្ហភាពទឹក៖  ចៀសវាងផ្លាស់ប្តូរសីតុណ្ហភាពពីក្តៅមកត្រជាក់ភ្លាមៗ ដោយជឿថាម៉ាស្សាមុខជាមួយទឹកក្តៅជាវិធីបង្កើនចរន្តឈាម និងទឹកត្រជាក់អាចជួយបិទរន្ធរោម ដែលនេះមានតែធ្វើឲ្យស្បែកមានប្រតិកម្ម  និងងាយខូចខាតទៅវិញ។ 3.    ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ • ជាទូទៅហ្វូមសម្អាតមុខមានលក្ខណៈស្រាលដែលមានន័យថាវាមិនអាចសម្អាតផលិតផលគ្រឿងសម្អាង ឬឡេការពារកម្តៅបានស្អាតឡើយ។ ដូចនេះ អ្នកគួរតែប្រើប្រាស់ទឹកសម្អាតមុខដែលស័ក្តិសមនឹងស្បែក ដោយយកល្អវាគួរតែជាប្រភេទស្រាល គ្មានជាតិអាល់កុល ដើម្បីសម្អាតមុខ មុនប្រើហ្វូមលាងមុខ។ • អ្នកត្រូវជ្រើសរើសហ្វូមសម្អាតមុខឲ្យបានត្រឹមត្រូវតាមប្រភេទស្បែក តែមិនថាអ្នកមានស្បែកប្រភេទអ្វី អ្នកត្រូវចៀសវាងផលិតផលដែលមាន Parabens  អាល់កុល ឬក្លិន(Fragrance) ដែលមិនល្អចំពោះស្បែកឡើយ។ 4.    ការខាត់សម្អាតមុខ ការខាត់កោសិកាចាស់ៗចេញជាវិធីរក្សាភាពលូតលាស់នៃកោសិកាថ្មីរបស់ស្បែក។ ទោះយ៉ាងណា នេះពុំមែនមានន័យថា អ្នកគួរខាត់ស្បែកញឹកញាប់ ឬខាត់យូរៗពេកនោះទេ។ ការខាត់ម្តងៗត្រឹម ២០ ទៅ ៣០ វិនាទី តាមចលនាជារង្វង់ រួចលាងជាមួយទឹកឧណ្ហៗ មួយសប្តាហ៍យ៉ាងច្រើន ១ ទៅ ២ ដង ត្រូវបានចាត់ទុកថាគ្រប់គ្រាន់។ 5.    ការជូតសំងួតមុខ ចៀសវាងសម្អាតមុខជាមួយនឹងកន្សែងរួមគ្នា ឬកន្សែងជូតខ្លួន ដើម្បីចៀសវាងការនាំមេរោគមកលើស្បែកមុខ។ យកល្អ អ្នកគួរមានកន្សែងជូតមុខដែលបានបោកសម្អាតជាប្រចាំ។ ម្យ៉ាងទៀត អ្នកគួរប្រាកដថា កន្សែងជូតមុខរបស់អ្នកស្ងួត និងទន់ល្អ ជាពិសេសអ្នកគួរផ្តិតមុខថ្នមៗឲ្យស្ងួត ជាជាងការជូតអូសខ្លាំងៗ។ 6.    ក្រោយពីលាងសម្អាតមុខ ចំពោះគ្រប់ប្រភេទស្បែក អ្នកចាំបាច់ត្រូវលាបក្រែមផ្តល់សំណើមដល់ស្បែកភ្លាមៗក្រោយពីលាងសម្អាត និងមុនពេលលាបផលិតផលរក្សាស្បែកផ្សេងទៀត ឬគ្រឿងសម្អាង ដោយកុំចាំឲ្យស្បែកស្ងួត ធ្វើឲ្យពិបាកលាប។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ      

ចែករំលែក

យើងម្នាក់ៗបាន និងកំពុងចំណាយពេលមួយភាគបីនៃរយៈពេលពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។   ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។ វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើនជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖ 1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអីុម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។ អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំឭកខ្លួនអ្នកអំពីដំណើរការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។ 2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការ-ងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។ កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសាអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។ 3.ចាត់ទុកកន្លែងធ្វើការជារបស់អ្នក ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។ 4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។ 5.ផ្ដោតសំខាន់ទៅលើអនាគត ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃនោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។   អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖ 1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា 2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង 3.កំណត់រង្វាន់ និងផលប្រយោជន៍របស់អ្នក 4.កំណត់ឧបសគ្គ និងការប្រកួតប្រជែង 5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា 6.បង្កើតជាផែនការក្នុងការអនុវត្ត 7.កំណត់យកនូវវិធីសាស្រ្តក្នុងការតាមដានការវិវឌ្ឍនៃផែនការរបស់អ្នក 8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក 9.កំណត់ប្រភពធនធាន 10.ធ្វើវាឲ្យបាន។ យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង  នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។ សង្ឃឹមថាគន្លឹះ​​ខាងលើនេះ​​ នឹងអាចជួយអ្នកឲ្យមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុងចំណោមនិយមន័យជាច្រើន​ រាកអាចសំដៅដល់ការបន្ទោបង់លាមកចាប់ពី ៣ដងក្នុងមួយថ្ងៃ ឬជាការបន្ទោបង់ញឹក និងច្រើនជាងធម្មតា។ ប្រសិនបើការរាកបន្តកើតមានតិចជាង ១៤ថ្ងៃ ត្រូវបានហៅថាការរាកស្រួចស្រាវ (Acute diarrhea) តែបើបន្តច្រើនពី ១៤ ដល់ ៣០ថ្ងៃ ត្រូវបានហៅថា ការរាក (Persistent diarrhea) និងបើលើសពី ៣០ថ្ងៃ ហៅថាការរាករ៉ាំរ៉ៃ (Chronic diarrhea)។ ជំងឺរាកមានមូលហេតុច្រើនយ៉ាងរួមទាំង មេរោគ អាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ ឱសថមួយចំនួន អាល់កុល ឬស្រា ជំងឺក្រពះពោះវៀនរ៉ាំរ៉ៃមួយចំនួន អ្នកជំងឺដែលបានទទួលការវះកាត់ពោះវៀន អ្នកជំងឺមហារីក និងទឹកនោមផ្អែមជាដើម។ ដោយឡែក ចំពោះការរាកដែលបង្កឡើងដោយមេរោគ (Infectious diarrhea) ដែលត្រូវបានជួបប្រទះជាញឹកញាប់ អាចបែងចែកបន្តទៀតបានជា ការរាកដោយបាក់តេរី ការរាកដោយវីរុស និងការរាកដោយប៉ារ៉ាស៊ីត។ ចំពោះកូនក្មេង មូលហេតុនៃការរាកភាគច្រើនគឺបង្កឡើងដោយវីរុស តែមូលហេតុចម្បងនៃការរាកចំពោះមនុស្សធំ ត្រូវបានដឹងថាគឺជាពពួកបាក់តេរី។ ដូចនេះ ការស្វែងយល់អំពីការរាកដោយបាក់តេរី គឺពិតជាសំខាន់ណាស់។ ប្រភេទបាក់តេរីបង្ករោគ គួរបញ្ជាក់ថា ប្រភេទបាក់តេរីដែលងាយបង្កឲ្យមាន ករណីរាកច្រើនជាងគេ អាចមានការប្រែប្រួល បន្តិចបន្តួចទៅតាមប្រភពព័ត៌មាន និងអាយុអ្នកជំងឺ ដោយក្នុងនោះរួមមានពពួក Salmonella,Shigella, Campylobacter និងStaphylo coccus aureus ជាដើម។ ក្រៅពីនោះ ពពួក Clostridium perfringens, Clostridium difficile, Vibrio cholera, Yersinia, Listeria និង E-coli ក៏ជាមូលហេតុបង្កបញ្ហារាកផងដែរ។ តាមរយៈ ស្ថិតិស្រង់ពីរបាយការណ៍ Pediatric disease journal 2011 នៃមន្ទីរពេទ្យកុមារជាតិ បានបង្ហាញថាបញ្ហារាកលើកូនក្មេង ភាគច្រើន គឺបង្កដោយវីរុស តែក្នុងនោះពពួកបាក់តេរី E-Coliក៏ទទួលខុសត្រូវក្នុងការបង្កជំងឺរាក ២០% ផងដែរ។ អ្នកងាយប្រឈមនឹងជំងឺរាក • កូនក្មេង • អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (អ្នកមានជំងឺអេដស៍ជាដើម) • អ្នកធ្វើដំណើរ • អ្នកប្រើប្រាស់ថ្នាំផ្សះច្រើន។ រោគសញ្ញានៃជំងឺរាកដោយបាក់តេរី រោគសញ្ញាត្រូវបានចែកចេញជា ៣ទម្រង់៖ • ទម្រង់រាក Choleriform៖ ជាការរាកចេញតែទឹក និងភាគច្រើនមិនមានគ្រុនក្តៅទេ ដែលជាទូទៅត្រូវបានស្គាល់ថាជា Cholera syndrome ឬអាសន្នរោគ។ ចលនការនៃទម្រង់រាកនេះ គឺទាក់ទងនឹងជាតិពុល (Toxin) ដែលបញ្ចេញដោយ បាក់តេរីទៅភ្ញោចឲ្យមានការបញ្ចេញជាតិទឹក  ឬមានបញ្ហាមិនអាចស្រូបទឹកបាន។ ពពួកបាក់តេរីដែលបណ្តាលឲ្យរាកក្នុងទម្រង់នេះច្រើនជាងគេគឺ E-coli(Escherichia coli), Enterotoxinogene (ETEC) និងStaphylococcus aureus។ ទម្រង់នេះផងដែរ ត្រូវបានឃើញកើតមានភាគច្រើនចំពោះអ្នកធ្វើដំណើរ។ • ទម្រង់ Dysenteric (រាកមួល)៖ សំដៅដល់បញ្ហារាកដែលធ្វើឲ្យអ្នកជំងឺច្រើនឈឺមួលនៅក្នុងពោះ និងចង់តែបន្ទោបង់ តែពុំសូវមានលាមកចេញ មកទេ។ ទម្រង់រាកនេះអាចសម្គាល់ដោយ លាមកអមជាមួយសម្បោរ ឬលាយឈាម និងអាការៈក្តៅខ្លួន។ ចលនការរបស់វា គឺទាក់ទងនឹងការទៅប៉ះពាល់ផ្ទាល់របស់មេរោគជាមួយនឹងជញ្ជាំងពោះវៀន ដែលធ្វើឲ្យខូចខាតផ្ទៃពោះវៀនតែម្តង (Ente-roinvasive)។ បាក់តេរីដែលបណ្តាលឲ្យរាកក្នុងទម្រង់នេះគឺ Shigella, Salmonella, Helicobacter pylori, Enteroinvasive, E-coli ជាដើម។ ទម្រង់រាក Dysenteric នេះ ច្រើន ជាប្រភេទជំងឺរាកកើតមានម្តងម្កាល តែធ្ងន់ធ្ងរ និងកើតរាតត្បាតនៅតាមតំបន់ (Epidemic diarrhea)។ • ទម្រង់ចម្រុះ (Mix syndrome)៖ ជាករណីរួមផ្សំគ្នារវាងទម្រង់ទាំងពីរ ដែលដំបូងគឺមានការកើតឡើងជាទម្រង់លាមកទឹក (Cholera) បន្ទាប់មកគឺទម្រង់លាយសម្បោរ (Dysenteric) ហើយវាបង្កឡើងច្រើនជាងគេដោយ Clostridium difficile។ ករណីនេះ ជាញឹកញាប់អាចកើតមានឡើងចំពោះអ្នកដែលប្រើប្រាស់ថ្នាំផ្សះ។   ការធ្វើរោគវិនិច្ឆ័យសមស្រប ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដូចតទៅ៖ • Orientation clinic៖ ជាការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក ដើម្បីកំណត់ទម្រង់នៃបញ្ហារាកបន្ទាប់មក គឺការថ្លឹងថ្លែងលើភាពធ្ងន់ធ្ងរនៃជំងឺតាមរយៈការមើលទៅលើកម្រិតនៃការខ្សោះជាតិទឹកកម្រិតរាតត្បាតមេរោគក្នុងឈាម  និងរកមើលស្ថានភាពជំងឺផ្សេងៗដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់។ • Orientation epidemiologic៖ ជាការកំណត់ថាករណីរាកជាការរាកជាក្រុម ឬរាកតែឯង។ ប្រសិនជាការរាកជាក្រុម គេនឹងធ្វើការស្វែងយល់ពីតំបន់ដែលមានការរាតត្បាត និងមូលហេតុបង្ក។   • Orientation microbiologic៖ ចុងក្រោយគឺការស្វែងរកមេរោគបង្កតែម្តង តាមរយៈ Microbiologic tests។ ការព្យាបាលជំងឺរាកដោយបាក់តេរី ជាទូទៅ ជំងឺរាកដែលបង្កដោយបាក់តេរី ច្រើនតែ ជាប្រភេទស្រួចស្រាវ ដែលងាយនឹងជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទោះយ៉ាងណា ដើម្បីចៀសវាងនូវផលវិបាកផ្សេងៗ ការព្យាបាលនឹងតម្រូវឲ្យធ្វើឡើងដោយ៖ • ការបង្គ្រប់ជាតិទឹកឡើងវិញ (យកល្អគឺទឹក អូរ៉ាលីត ឬអាចលាយទឹក ១លីត្រ ជាមួយស្ករ៦ស្លាបព្រាកាហ្វេ និងអំបិល កន្លះស្លាបព្រាកាហ្វេ) ជាពិសេសក្នុងករណីរាក Choleriform (រាកសុទ្ធតែទឹក) ដែលធ្វើឲ្យបាត់ជាតិទឹកច្រើន • ការឆាប់បង្គ្រប់សារធាតុចិញ្ចឹមពីអាហារមកវិញដើម្បីបង្កើនកម្លាំង និងទ្រទ្រង់រាងកាយ • ការប្រើប្រាស់ថ្នាំទប់រាក (ឧ. Imodium) ប្រសិនបើអ្នកជំងឺរាកខ្លាំង • ការប្រើប្រាស់ថ្នាំសម្រាប់កាត់បន្ថយការឈឺចុកមួលក្នុងពោះ ក្នុងករណីរាកមួល (Dysenteric diarrhea) • ការប្រើប្រាស់ថ្នាំផ្សះទៅតាមមេរោគបង្ក (ឧ.Tetracycline (Tetracycline, Doxycycline), Macrolide (Erythromycin, Azithromycin…), Quinolone (Ciprofloxacin…), Cotrim (Sulfamethoxazole + Trimethoprim))។ គួរបញ្ជាក់ថា ជាទូទៅ ការរាកប្រភេទ Choleriform មិនត្រូវការប្រើប្រាស់ថ្នាំផ្សះទេ ដោយសារវាច្រើនបង្កដោយវីរុសលើកលែងករណីជាការរាកអាសន្នរោគ (Cholera) រីឯការរាក Dysenteric ច្រើនត្រូវការថ្នាំផ្សះ ដោយសារវាច្រើនបង្កដោយបាក់តេរី • ការប្រើប្រាស់ថ្នាំ ប្រ៊ីប៊ីយ៉ូទិក និងប្រូប៊ីយ៉ូទិក (ឧ. Bioflore) ច្រើនប្រើក្នុងករណីរាកក្រោយពីការប្រើប្រាស់ថ្នាំផ្សះ • ក្រៅពីនោះ ក៏អាចមានការបន្ថែមជាតិស័ង្កសី ចំពោះអ្នកជំងឺរាកផងដែរ ដើម្បីឆាប់បានជាសះស្បើយ។ ក្នុងករណីមិនបានទទួលការព្យាបាលត្រឹមត្រូវទាន់ពេលវេលា នោះអ្នកជំងឺរាកអាចទទួលផលវិបាក ធ្ងន់ធ្ងរដូចជា ការខ្សោះជាតិទឹកខ្លាំង និងការរាតត្បាតរបស់មេរោគក្នុងឈាម (Septicemia)ដែលសុទ្ធតែអាចបង្កឲ្យគ្រោះថ្នាក់ដល់ស្លាប់។ ការការពារជំងឺរាកដោយបាក់តេរី • ប្រកាន់នូវរបៀបរបបក្នុងការរស់នៅស្អាត ដូចជាការហូបស្អាត ផឹកស្អាត ជាពិសេសគឺការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ • រក្សាអនាម័យជារួមដូចជា ការរក្សាទឹកស្អាត​សម្រាប់ប្រើប្រាស់រួមគ្នា និងការគ្រប់គ្រងបង្គន់​អនាម័យសាធារណៈឲ្យបានល្អជាដើម • លាងសម្អាតចំណីអាហារមុនបរិភោគ ​ឬដាក់ឲ្យបរិភោគ • ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំផ្សះ។ល។ ប្រសិនបើអ្នកជំងឺជួបនឹងបញ្ហារាក សូមស្វែងរកការព្យាបាលជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស ចៀសវាងគ្រោះថ្នាក់ដោយកត្តាណាមួយ ឬយ៉ាងហោចណាស់នៅអំឡុងពេលរង់ចាំការព្យាបាល សូមកុំភ្លេចការបង្គ្រប់ជាតិទឹកឡើងវិញឲ្យបានត្រឹមត្រូវ និងចៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយខ្លួនឯង ពិសេសគឺពពួកថ្នាំផ្សះ ដែលវាអាចធ្វើឲ្យប្រឈមនឹងការស៊ាំថ្នាំ ក៏ដូចជាប្រឈមនឹងបញ្ហារាកផងដែរ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេស ថ្លើម ក្រពះ ពោះវៀន និងមានតួនាទីជានាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដោយសារជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ នោះការព្យាបាលត្រូវទាមទារធ្វើឡើងពេញមួយជីវិត  ហើយក្រៅពីការប្រើប្រាស់ឱសថដើម្បីសម្រួលដល់ស្ថានភាពជំងឺ ការអនុវត្តជីវភាពប្រចាំថ្ងៃឲ្យមានផាសុកភាពក៏ត្រូវរួមបញ្ចូលផងដែរ។ ដោយឡែកអ្នកជំងឺអាចនឹងជួបប្រទះនូវអាការៈមួយចំនួនទៀត ដែលប្រហែលជាមិនអាចបែងចែកថាបណ្តាលមកពីជំងឺ ឬយ៉ាងណា ដូចទៅនឹងករណីអ្នកជំងឺម្នាក់តាមរយៈការបកស្រាយខាងក្រោម សំណួរ ៖  ខ្ញុំអាយុ ៥២ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៥ និងទម្ងន់ ៧៨គីឡូក្រាម ជាមេផ្ទះ។ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺទឹកនោមផ្អែមប្រភេទ ២ រយៈពេលជាង ១០ ឆ្នាំមកហើយ។ ខ្ញុំត្រូវប្រើប្រាស់ថ្នាំជាប្រចាំ និងមានការផ្លាស់ប្តូរខ្លះ តែបច្ចុប្បន្នកំពុងប្រើប្រាស់ថ្នាំ Zoliget៣០mg/៤mg ក្នុងកម្រិត១គ្រាប់ក្នុងមួយថ្ងៃ។ ជាទូទៅ ខ្ញុំមានទម្លាប់គ្រប់គ្រងរបបអាហារបានល្អ និងហាត់ប្រាណជារៀងរាល់ព្រឹក ក៏ប៉ុន្តែនៅតែឧស្សាហ៍មានអាការៈល្ហិតល្ហៃក្នុងខ្លួននិងឈឺក្បាល។ តើអាការៈនេះមានជាប់ទាក់ទងនឹងជំងឺរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ? ចម្លើយ ៖ ផ្អែកតាមទិន្នន័យនៃទម្ងន់ និងកម្ពស់ ឃើញថាអ្នកជំងឺមានបញ្ហាលើសទម្ងន់ច្រើន ដែលទម្ងន់ពិតប្រាកដគួរមានត្រឹមតែ ៥០.៥ គីឡួក្រាមតែប៉ុណ្ណោះ។ ចំពោះការសន្និដ្ឋានលើអាការៈដែលកើតមានឡើង គឺទាមទារឲ្យមានសម្មតិកម្មបន្ថែមលើកម្រិតសម្ពាធឈាម ដែលសម្ពាធឈាមរបស់អ្នកជំងឺទឹកនោមផ្អែមជាទូទៅគឺត្រូវស្ថិតនៅក្រោម១៤០/៩០mmHg ចំណែកការគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អគឺមុនអាហារគួរស្ថិតក្នុងចន្លោះតែ ៨០-១៣០ ហើយក្រោយអាហារ (២ ម៉ោងក្រោយ) ត្រូវតិចជាង ១៨០។ បើទោះបីអ្នកជំងឺបានប្រើប្រាស់ថ្នាំ ឬមានទម្លាប់ប្រចាំថ្ងៃល្អយ៉ាងណានោះ អាការៈល្ហិតល្ហៃអាចជាប់នឹងកត្តាផ្សេងមួយចំនួនទៀតដូចជាសម្ពាធឈាម កម្រិតជាតិស្ករ និងជាតិខ្លាញ់ ដូច្នេះអ្នកជំងឺគួរតាមដានស្ថានភាពជំងឺរៀងរាល់ ៣ ទៅ ៦ ខែម្តងជាមួយវេជ្ជបណ្ឌិត។ ម៉្យាងទៀតការធ្វើតេស្តរកកម្រិត HbA1c ក៏គួរត្រូវបានធ្វើការតាមដានផងដែរ ដើម្បីបញ្ជាក់ថាការប្រើប្រាស់ថ្នាំ និងការព្យាបាលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ គួរបញ្ជាក់ផងដែរថា ក្នុងករណីជំងឺមានដល់រយៈពេល១០ឆ្នាំមកហើយ នោះមុខងារលំពែងនឹងមានសភាពខ្សោយខ្លាំង ដែលការប្រើប្រាស់ថ្នាំតែមួយមុខអាចនឹងគ្មានប្រសិទ្ធភាព។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ការលូតលាស់របស់កុមារត្រូវធ្វើឡើងទៅតាមលំដាប់ការធំធាត់នៃរាងកាយ រួមបញ្ចូលទាំងការចាប់កាន់ ចេះដើរ ឬការនិយាយជាដើម ដែលភាពមិនប្រក្រតី ឬយឺតយ៉ាវនៃដំណើរការណាមួយ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពខ្លះដែលអ្នកគួរតែធ្វើការស្វែងយល់។ សំណួរ ៖ នាងខ្ញុំរស់នៅខេត្តកំពង់ស្ពឺ។ នាងខ្ញុំមានកូនចំនួន ៣នាក់ ហើយនាងខ្ញុំមានចម្ងល់មួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ចំពោះកូនទី ៣របស់ខ្ញុំដែលមានអាយុ ១ឆ្នាំ ៨ខែ ហេតុអ្វីបានជាកូនរបស់ខ្ញុំមិនទាន់ចេះដើរទៀត បើកូនរបស់ខ្ញុំ ២នាក់មុនសុទ្ធតែចេះដើរបាននៅអាយុ ១ឆ្នាំ ២ខែ? ចម្លើយ ៖ ប្រក្រតីភាពនៃការមានផ្ទៃពោះ ឬការសម្រាលកូនដែលមានភាពត្រឹមត្រូវ គឺកូនទី១ត្រូវមានទម្ងន់ស្រាល ជាងកូនទី២ ហើយកូនទី ២ត្រូវមានទម្ងន់ស្រាល ជាងកូនទី៣ (ខុសគ្នាតែ ១ ឬ២ខាំ ក៏ត្រូវរាប់បញ្ចូលផងដែរ)៖ • បើកូនទី ៣ មានទម្ងន់ស្រាលជាងកូនទី២ នោះការមិនទាន់ចេះដើររបស់កុមារអាចមកពីសុខភាពមិនសូវល្អ ដែលបណ្តាលមកពីកុមារខ្លួនឯង (ទាក់ទងនឹងការលូតលាស់ផ្នែកបញ្ញារបស់កុមារ) ឬនៅអំឡុងពេលពពោះ ការបរិភោគ និងការគេងរបស់ម្តាយមិនសូវបានល្អ ឬម្តាយមានជំងឺប្រចាំកាយជាដើម។ • បើកូនទី ៣ មានទម្ងន់ធ្ងន់ជាងកូនទី ២ នោះការមិនទាន់ចេះដើរអាចបណ្តាលមកពីសរីរាង្គរបស់កុមារដែលមិនមែនជាជំងឺទាក់ទងនឹងបញ្ញានោះទេ។ បកស្រាយដោយ​៖​  វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធាន គ្លីនិក ពេជ្រ ស័ក្តិសិទ្ធិ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កឲ្យមានការរលាកខូចខាតសាច់សួត និងធ្វើឲ្យមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់បានស្លាប់ដោយសារជំងឺរលាកសួតនេះ។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសម្លាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា៖ - មនុស្សចាស់ - អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) - អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ៣)ការព្យាបាល ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ)។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៤) ការវិវឌ្ឍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើឲ្យមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសារពាង្គកាយទាំងមូល និងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ៥) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ បកស្រាយដោយ  ៖ លោក វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើមនៃមន្ទីរពេទ្យ ព្រះកុសមៈ និងមន្ទីរពេទ្យ សូរិយា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ស្វែងយល់អំពីជំងឺរលាកសួត ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កអោយមានការរលាកខូចខាតសាច់សួត និងធ្វើអោយមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់ស្លាប់ដោយសារជំងឺរលាកសួត។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំនែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសំលាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា៖  - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៖ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា មនុស្សចាស់ អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ) ។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៣) ការវិវត្តន៍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើអោយមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសរពាង្គកាយទាំងមូល និងអាចធ្វើអោយអ្នកជំងឺស្លាប់បាន។ ៤) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ អត្ថបទ វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើម

ចែករំលែក

តើអ្នកផ្តល់អាហារឲ្យសក់របស់អ្នក បានគ្រប់គ្រាន់ហើយឬនៅ? តើអាហារបំប៉នទាំងនោះ គួរតែជាអ្វីខ្លះ? សរសៃសក់ដ៏ស្រស់ស្អាតប្រកបដោយផាសុកភាពរបស់អ្នក ជាផ្នែកមួយនៃរាងកាយដែលត្រូវការអាហារ ក៏ដូចជាសារធាតុចិញ្ចឹមសមស្រប ដើម្បីទ្រទ្រង់ និងដំណើរការលូតលាស់ទៅមុខតាមអាយុកាល។ ដោយហេតុនេះ ហេលស៍ថាម នឹងបង្ហាញនូវអាហារបំប៉នសក់៣យ៉ាង ដែលលោកអ្នកគួរមាន ៖                                             វីតាមីនសំខាន់ៗ -វីតាមីន A ៖ វីតាមីនដ៏សំខាន់សម្រាប់ជួយឲ្យសក់មានសុខភាពល្អគឺវីតាមីនA ដូចទៅនឹងលទ្ធផលនៃដំណើរការធ្វើមេតាបូលីសផ្សេងៗគ្នា។ រាងកាយរបស់យើងផលិតជាបន្តបន្ទាប់នូវរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញការលូតលាស់របស់កោសិកាធម្មតាកម្រិតខ្ពស់។ ស្រដៀងគ្នានេះ គល់សក់របស់អ្នកក៏ត្រូវបានបំផ្លាញទៅតាមការផលិតនូវរ៉ាឌីកាល់សេរីនេះដូចគ្នាដែរ។ វីតាមីនA មានលក្ខណៈប្រឆាំងអុកស៊ីតកម្ម ដែលជួយបញ្ឈប់ការបង្កើតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងស្តារសុខភាពសក់ឡើងវិញ។ -វីតាមីន C ៖ ការបំផ្លាញពីរ៉ាឌីកាល់សេរីអាចរារាំងការលូតលាស់ និងធ្វើឲ្យសក់របស់អ្នកចាស់មុនអាយុ។ វីតាមីនC គឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពារប្រឆាំងការធ្វើអុកស៊ីតកម្មដោយសាររ៉ាឌីកាល់សេរី។ បន្ថែមពីនេះ រាងកាយរបស់អ្នកត្រូវការវីតាមីនC ដើម្បីបង្កើតប្រូតេអុីនមួយប្រភេទ ហៅថាកូឡាជែន ដែលសំខាន់នៅក្នុងផ្នែកមួយនៃការបង្កើតរចនាសម្ព័ន្ធសក់។ បន្លែផ្លែឈើមួយចំនួនដូចជា ស្ត្រូប័ររីម្ទេសផ្លោក ត្របែក និងផ្លែក្រូច សុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីនC ធម្មជាតិ។ -វីតាមីន E ៖ ក្នុងការសិក្សាមួយបង្ហាញថាវីតាមីន E មានឥទ្ធិពលប្រហាក់ប្រហែលនឹងវីតាមីនCដែរ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារកំណើនច្រើននៃរ៉ាឌីកាល់សេរី។ តាមការពិសោធន៍រកឃើញថា ប្រជាជនដែលមានបញ្ហាសក់ជ្រុះប្រមាណ៣៤.៥% មានការកើនឡើងនូវការលូតលាស់នៃសរសៃសក់ បន្ទាប់ពីបានប្រើប្រាស់វីតាមីន E រយៈពេល៨ខែ។ គួរបញ្ជាក់ថាអាហារដែលសម្បូរដោយវីតាមីន E រួមមាន គ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង ផ្លែប័រជាដើម។ សារធាតុរ៉ែចាំបាច់ -ជាតិដែក៖  រាងកាយរបស់អ្នក ត្រូវការជាតិដែកដើម្បីជួយឲ្យកោសិកាឈាមក្រហម អាចចាប់យកអុកស៊ីសែនទៅគ្រប់កោសិកាទាំងអស់។ ម៉្យាង វាធ្វើឲ្យជាតិរ៉ែចាំបាច់មួយចំនួន ចូលរួមក្នុងមុខងារសំខាន់ៗនៃរាងកាយ រួមទាំងការលូតលាស់នៃសរសៃសក់ផងដែរ។ គួរបញ្ជាក់ថា ខ្វះជាតិដែកជាមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងចូលរួមចំណែកក្នុងការបង្កឲ្យសក់ជ្រុះ ពិសេសចំពោះស្ត្រី។ ភាគច្រើនប្រភេទអាហារសម្បូរជាតិដែកជាងគេគឺ អ៊័យស្ទ័រ ស៊ុត សាច់ក្រហម និងបន្លែពណ៌បៃតងចាស់ ជាដើម។ -ជាតិស័ង្កសី៖  វាដើរតួនាទីសំខាន់ក្នុងការលូតលាស់របស់ជាលិកាសក់ និងចូលរួមជួសជុលនូវការខូចខាតផ្សេងៗ។ ជាតិស័ង្កសីក៏ជួយរក្សាក្រពេញប្រេងជុំវិញគល់សក់ ឲ្យដំណើរការបានល្អផងដែរ។អាការៈជ្រុះសក់អាចជាសញ្ញាធម្មតានៃកង្វះជាតិស័ង្កសីនៅក្នុងរាងកាយ។ ដូចនេះ វាអាចជារឿងមួយល្អបំផុតដែលអ្នកបង្កើនបរិមាណជាតិស័ង្កសីពីរបបអាហារប្រចាំថ្ងៃរបស់អ្នក ក្នុងនោះប្រភេទអាហារដែលសម្បូរដោយជាតិស័ង្កសីរួមមានអ៊័យស្ទ័រ សាច់គោ និងស្រូវសាលី ជាដើម។ ប្រូតេអ៊ីនដ៏មានគុណប្រយោជន៍ សក់របស់អ្នកត្រូវបានបង្កើតឡើងស្ទើរតែទាំងស្រុងដោយប្រូតេអ៊ីន ដូច្នេះការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់គឺសំខាន់បំផុត សម្រាប់ដំណើរការលូតលាស់នៃសក់។ កាលណាកម្រិតនៃជាតិប្រូតេអ៊ីនគ្រប់គ្រាន់វានឹងជួយរក្សាឫសសក់របស់អ្នកឲ្យរឹងមាំល្អ និងបង្កើនការលូតលាស់មួយកម្រិតទៀត។ ផ្ទុយមកវិញ ការដែលគ្មាននូវកម្រិតប្រូតេអ៊ីនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកប៉ុណ្ណោះទេវារឹតតែប៉ះពាល់ដល់សក់ធ្ងន់ធ្ងរថែមទៀត។ អាហារបំប៉នខាងលើនេះ លោកអ្នកអាចបង្គ្រប់បានដោយការទទួលទានចំណីអាហារ ឬអាចប្រើប្រាស់វាក្រោមទម្រង់ជាប្រេងលាបសក់ដោយផ្ទាល់ជាប្រចាំ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការចិញ្ចឹមបីបាច់ថែរក្សាកូន ជាកាតព្វកិច្ចដ៏ធំ និងចាំបាច់របស់មាតាបិតាគ្រប់រូប ហើយលោកអ្នកក៏ត្រូវតែប្រាកដថាអ្នកនឹងអាចមើលថែទាំពួកគេបានល្អ ឲ្យមានសុខភាពល្អ និងរឹងមាំ ទើបអាចចៀសឆ្ងាយអំពីបញ្ហាសុខភាព ក៏ដូចជាជំងឺផ្សេងៗ។ តើអ្នកដឹងទេថា…ការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ ក៏ដូចជាបំពេញសកម្មភាពមួយចំនួនរយៈពេលប្រមាណ៦០នាទីក្នុងមួយថ្ងៃ ដល់កូនៗរបស់អ្នក គឺអាចការពារពួកគេពីបញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ?   បើសិនជាអាច លោកអ្នកអាចសាកល្បងនូវទង្វើ ក៏ដូចជាសកម្មភាពខាងក្រោមនេះ ដើម្បីភាពរឹងមាំ នៃសុខភាព និងជីវិតរបស់កូនជាទីស្រឡាញ់របស់អ្នក…   បង្កើតនូវទម្លាប់ធ្វើអ្វីដែលសកម្ម ត្រឹមតែ៦០នាទី ក្នុងរយៈពេល២៤ម៉ោង (មួយថ្ងៃ)ក៏ល្មមគ្រប់គ្រាន់សម្រាប់ឲ្យអ្នក និងកូនរបស់អ្នកបំពេញនូវសកម្មភាពខ្លះដែលបង្កនូវភាពសកម្មនៅក្នុងក្រុមគ្រួសារ។ ក្នុងនោះ អ្នកអាចសាកល្បងនូវហ្គេមមួយចំនួនដូចខាងក្រោម ៖ - បោះប៉េងប៉ោងលេងទៅវិញទៅមក - ផ្លុំពពុះសាប៊ូ ដែលអាចឲ្យកូនរបស់អ្នករត់ចាប់លេង - លេងបាល់ទាត់ ឬលេងបោះបាល់ - ដើរកម្សាន្តនៅសួនច្បារ ឬទីធ្លាណាមួយ។ លើកទឹកចិត្តពួកគេក្នុងការបំពេញសកម្មភាព មានវិធីជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីបង្ហាញអំពីការផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបំពេញសកម្មភាពដែលជួយឲ្យសុខភាពរឹងមាំ។ ជាក់ស្តែងបន្ថែមពីលើការចុះឈ្មោះឲ្យពួកគេក្នុងក្លឹបកីឡា ឬថ្នាក់រៀនអ្វីនោះ អ្នកក៏គួរតែចំណាយពេលខ្លះទៅចូលរួមមើលពួកគេ ឬលើកទឹកចិត្តពេលមានការប្រកួតមិនថាមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់ក្តី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចគាំទ្រដល់ពួកគេ ដោយការត្រៀមនូវសម្លៀកបំពាក់ត្រឹមត្រូវសមស្របទៅនឹងសកម្មភាព ឬធ្វើការរៀបចំអាហារ ឬភេសជ្ជៈដែលជួយទ្រទ្រង់ដល់សកម្មភាពទាំងនោះផងដែរ។ កាត់បន្ថយ ឬកម្រិតពេលសម្លឹងអេក្រង់ ពេលសម្លឹងអេក្រង់ ជាពិសេសការមើលទូរទស្សន៍និងលេងអុីនធើណែត សុទ្ធតែបង្អាក់ពួកគេពីការធ្វើសកម្មភាព ហេតុនេះហើយ អ្នកត្រូវតែមានការដាក់កម្រិត និងកំណត់ពេលវេលា (អ្នកជំនាញណែនាំថា គួរតែចំណាយពេលតិចជាង២ម៉ោង សម្រាប់កុមារដែលមានអាយុ២ឆ្នាំ ឬលើសពីនេះ)ដែលពួកគេគួរតែចំណាយក្នុងការសម្លឹងមើលអេក្រង់។ បើសិនជាអាច អ្នកគួរតែចៀសវាងការដាក់ទូរទស្សន៍ ឬកុំព្យូទ័រនៅក្នុងបន្ទប់របស់ពួកគេហើយដាក់នៅបន្ទប់ទទួលភ្ញៀវ ឬ កន្លែងណាដែលអ្នកអាចឃ្លាំមើលពួកគេបាន។ បន្ថែមពីលើនេះ អ្នកក៏គួរតែមានគម្រោងក្នុងការធ្វើសកម្មភាពផ្សេងៗដើម្បីជំនួសឲ្យការចំណាយពេលអង្គុយចុច និងសម្លឹងមើលតែអេក្រង់។   បង្កើតទម្លាប់ក្នុងការរៀបចំអាហារដែលល្អសម្រាប់សុខភាព វាអាចជាទង្វើតូចតាចដែលអ្នកធ្វើជាប្រចាំក្នុងការរៀបចំម្ហូបអាហារសម្រាប់ក្រុមគ្រួសារ ក្នុងនោះមានដូចជា ការចម្អិនអាហារដោយប្រើប្រេងអូលីវជំនួសឲ្យប៊័រ  ការកាត់បន្ថយការទទួលទានអាហារដែលមានជាតិផ្អែមជាពិសេសនៅពេលយប់ ជំនួសឲ្យការរៀបចំនូវភេសជ្ជៈកំប៉ុង អ្នកគួររៀបចំទឹកធម្មតា ទឹកដោះគោមានជាតិខ្លាញ់ទាប(Low-fat milk) ទឹកផ្លែឈើស្រស់ និងប្រើប្រាស់បន្លែក្នុងអាហារឲ្យបានច្រើន។ល។ ប្រុងប្រយ័ត្នជាមួយរបៀបរបបក្នុងការទុកដាក់អាហារ អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា ទម្លាប់មួយចំនួនជាពិសេសការទុកដាក់ចំណីអាហារនៅក្នុងផ្ទះរបស់អ្នកក៏មានឥទ្ធិពលលើសុខភាពរបស់ពួកគេដែរ។ ជាក់ស្តែង ជាជាងការដាក់នូវប្រអប់នំ ឬចំណីកញ្ចប់ អ្នកគួរត្រៀមនូវផ្លែឈើ ឬអាហារដែលចម្អិននៅផ្ទះសម្រាប់ពួកគេវិញ។ គន្លឹះមួយទៀត គឺការប្រើប្រាស់ចានដែលមានទំហំតូចល្មមនិងប្រើជាប្រចាំ ដើម្បីកម្រិតនូវបរិមាណនៃការទទួលទានរបស់ពួកគេ។   ធ្វើជាគំរូដល់កូនរបស់អ្នក ដូចដែលដឹងស្រាប់ហើយថា លោកអ្នកជាគំរូទីមួយ និងជិតស្និទ្ធជាងគេសម្រាប់បុត្រធីតារបស់អ្នក ហេតុនេះហើយ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ល្អអ្វីនោះ ពួកគេក៏នឹងងាយអនុវត្តតាមផងដែរ។ ជាឧទាហរណ៍ អ្នកអាចមានទម្លាប់ក្នុងការចាត់ទុកសុខភាពជាអាទិភាព តាមរយៈសកម្មភាពប្រចាំថ្ងៃនៅចំពោះមុខពួកគេ ហើយពន្យល់ប្រាប់ ក៏ដូចជារំលឹកជារឿយៗអំពីអត្ថប្រយោជន៍របស់វា។ ថ្វីត្បិតថា វាត្រូវការពេលវេលាខ្លះក៏ដោយ ពួកគេនឹងសង្កេតឃើញ និងអនុវត្តតាមបន្តិចម្តងៗជាមិនខាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កញ្ចក់ភ្នែកជាស្រទាប់ការពារភ្នែកមួយដ៏ល្អ ជួយការពារពីភាពកខ្វក់ មេរោគ និងការប៉ះទង្គិចពីវត្ថុផ្សេងៗ ព្រមទាំងមានតួនាទីសំខាន់ក្នុងគំហើញ។ ករណីកញ្ចក់ភ្នែកមានបញ្ហា វាអាចធ្វើឲ្យមានស្នាមជាប់កញ្ចក់ភ្នែក ជាហេតុឲ្យប៉ះពាល់គំហើញ។ តាមបច្ចេកវិទ្យាជឿនលឿនថ្មីៗនេះ ទើបមានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាមលក្ខណៈ 3D Printing ដែលអាចជំនួសកញ្ចក់ភ្នែកចាស់ដែលខូចបាន។បច្ចេកវិទ្យា 3D Printing ធ្លាប់បានយកមកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរដោយបង្កើតឧបករណ៍សិប្បនិម្មិតសម្រាប់ជំនួយដល់អ្នកពិការផលិតទម្រង់កាយវិភាគវិទ្យា (Ana-tomical Model) ជំនួយបន្ថែមសម្រាប់ការសិក្សារបស់និស្សិតវេជ្ជសាស្ត្រ ហើយក៏កំពុងសិក្សាបង្កើតសរីរាង្គខាងក្នុងជាច្រើន ចំាបាច់សម្រាប់តម្រូវការរបស់មនុស្ស ដោយហេតុថា ការបរិច្ចាគសរីរាង្គមានចំនួនកំណត់ក្នុងពេលបច្ចុប្បន្ន។  កញ្ចក់ភ្នែកសិប្បនិម្មិតត្រូវបានផលិតដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស។ ការផលិតនេះ ចាត់ទុកថាជាសមិទ្ធិផលដ៏ល្អមួយក្នុងន័យធ្វើឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។សព្វថ្ងៃ មានចំនួន ការបរិច្ចាគកញ្ចក់ភ្នែកតិចតួចដែលអាចធ្វើការប្តូរបាន មិនតែប៉ុណ្ណោះ មានប្រជាជនប្រហែល ១០លាននាក់ក្នុងពិភពលោកចាំបាច់ត្រូវការវះកាត់ដើម្បីការពារកញ្ចក់ភ្នែកពីការខ្វាក់ដោយសារបញ្ហាដូចជា ជំងឺ Trachoma និងការឆ្លងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត មានប្រជាជនចំនួនប្រហែល ៥លាននាក់ជួបបញ្ហាខ្វាក់ភ្នែកដោយសារមានស្នាមនៅកញ្ចក់ភ្នែក ដោយពីការរលាក ការប៉ះទង្គិច និងជំងឺភ្នែកជាច្រើន។  នៅក្នុងការស្រាវជ្រាវមួយ ផ្សាយចេញនៅក្នុង Exprimental Eye Research បានឲ្យឃើញថារបៀបបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដោយយក Stromal cell របស់អ្នកបរិច្ចាគកញ្ចក់ភ្នែកដែលនៅល្អ ទៅលាយជាមួយនឹង Alginate និង Collagen  ដើម្បីបង្កើតជាសូលុយស្យុងដែលអាចបោះពុម្ពបាន ហៅថា Bio-Ink។ ការប្រើប្រាស់ 3D Bio-Printing ដែលមានតម្លៃមិនសូវថ្លៃ អាចមានសមត្ថភាព បង្កើតកញ្ចក់ភ្នែកសិប្បនិម្មិត ដូចទៅនឹងកញ្ចក់ភ្នែកពិតរបស់មនុស្ស ព្រមទាំងប្រើប្រាស់រយៈពេលខ្លី ត្រឹមតែ ១០នាទីប៉ុណ្ណោះ។  សាស្រ្តាចារ្យ Che Connon ផ្នែកវិស្វកម្មជាលិកានៃសាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស បានលើកឡើងថា មានក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនទូទាំងពិភពលោកដែលស្រាវជ្រាវអំពី Bio-Ink ដើម្បីចង់ឲ្យការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតនេះបានជោគជ័យ។ ការប្រើប្រាស់ Alginate និងCollagen របស់គាត់ អាចធ្វើឲ្យកោសិកានៅរស់បាន ស្របពេលបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដែលតម្រូវតាមទំហំកញ្ចក់ភ្នែករបស់អ្នកជំងឺ។ អ្នកវិទ្យាសាស្ត្រ និងក្រុមនិស្សិតផ្នែក Genetic Medicine  នៃសាកលវិទ្យាល័យ Newcastle បានបញ្ជាក់ថា ការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាម 3D Bio-Printing ពិតជាអាចទៅរួច ព្រមទាំងតម្រូវចំភាពលម្អិតនៃកញ្ចក់ភ្នែករបស់អ្នកជំងឺផងដែរ។  សាស្រ្តាចារ្យ Che Connon បន្ថែមទៀតថា ការសិក្សារបស់គាត់នេះកំពុងសិ្ថតក្នុងការធ្វើតេស្តបន្ថែមទៀត ហើយប្រហែលជាច្រើនឆ្នាំទៅអនាគតនឹងអាចមានការប្រើប្រាស់កញ្ចក់ភ្នែកសិប្បនិម្មិតនេះ ដើម្បីផ្លាស់ប្តូរឲ្យអ្នកជំងឺផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top