-
Feb 13, 2017
|
-
7 ឆ្នាំមុន
|
-
19.9K មើល
ការមានចិត្តទៅលើនរណាម្នាក់ជារឿងមួយសាមញ្ញហើយងាយជាទីបំផុត ប៉ុន្តែអ្វីដែលពិបាក គឺថាយើងមិនអាចមើលដឹងពីជម្រៅចិត្តរបស់គេម្នាក់នោះ ថាតើគេមានចិត្តលើយើងវិញឬអត់? ប្រសិនបើអ្នកស្ទាក់ស្ទើរថាគួរបញ្ជាក់ពីអារម្មណ៍របស់ខ្លួនឬអត់ សូមចំណាយពេល៥នាទី ដើម្បីធ្វើការអាននូវចំណុចទាំង៧ខាងក្រោមនេះសិន ហើយសឹមធ្វើការសម្រេចចិត្តថាតើគួរឈានមួយជំហានទៀតទេ៖
•តើកាយវិការរបស់គេប្លែកទេ?
តើគេមានអាកប្បកិរិយាអៀនប្រៀន ពេលនៅក្បែរអ្នកដែរឬទេ? ព្យាយាមពិនិត្យមើលកែវភ្នែករបស់គេ តើគេឧស្សាហ៍ញញឹមមកកាន់អ្នកដោយគ្មានមូលហេតុទេ?ប្រសិនបើគេចែករំលែក ឬឈឺឆ្អាលរឿងរ៉ាវសូម្បីតែរឿងតូចតាចរបស់អ្នក ហើយព្យាយាមនិយាយពីនេះពីនោះរហូត នោះអ្នកមានសង្ឃឹមហើយ។
•តើគេប្រាប់ពត៌មានផ្ទាល់ខ្លួនដល់អ្នកដែរទេ?
ប្រសិនបើគេសុខៗក៏និយាយប្រាប់ពីរឿងផ្ទាល់ខ្លួនរបស់គេដូចជា គ្រួសារ អតីតកាលជាដើមនោះ ជាសញ្ញាមួយដែលបញ្ជាក់ថាគេមានទំនុកចិត្តចំពោះអ្នក ហើយក៏ចង់ឲ្យអ្នកចែករំលែកសេចក្តីសុខ ឬទុក្ខរបស់អ្នកដែរ។
•តើគេឧស្សាហ៍ប៉ះអ្នកដែរឬទេ?
មនុស្សដែលមានអារម្មណ៍ល្អចំពោះអ្នកនឹងប៉ះអ្នកដោយមិនដឹងខ្លួន នេះមិនសំដៅដល់ការលូកលាន់រូបរាងកាយឡើយ អាចជាការប៉ះស្មា ការប៉ះសក់ ការអង្អែលក្បាលជាដើម ទោះបីដោយចេតនា ឬអចេតនាក៏ដោយ។
•តើគេសម្លឹងមើលអ្នកញឹកញាប់ដែរទេ?
អ្នកប្រាកដជាព្យាយាមគេចពីកែវភ្នែករបស់គេដោយមានបំណងលាក់បាំងអារម្មណ៍របស់ខ្លួន ដូច្នេះហើយចូរពឹងពាក់មិត្តជិតស្និទ្ធិរបស់អ្នកឲ្យជួយមើលជំនួសវិញ។ ប្រសិនបើគេសម្លឹងមើលអ្នកជាញឹកញាប់ហើយយូរៗនោះ វាជាក្តីសង្ឃឹមមួយទៀតហើយ។ បើចង់ដឹងឲ្យច្បាស់ខ្លួនឯង ត្រូវហ៊ានងាកមើលគេវិញ ពេលដែលមានអារម្មណ៍ថាគេកំពុងសម្លឹងមើលអ្នក បើគេងាកចេញភ្លាមៗនោះ ប្រាកដណាស់ថាគេមានអារម្មណ៍ដូចគ្នាចំពោះអ្នក។
•តើគេមានភាពអៀនប្រៀនទេ ពេលនៅក្បែរអ្នក?
បើឫកពារបស់គេផ្លាស់ប្តូរជាអៀនប្រៀនជាងធម្មតា ពេលដែលមានវត្តមានរបស់អ្នកនោះ ក៏ជាសញ្ញាវិជ្ជមានមួយដែរ។ ប៉ុន្តែសម្រាប់មនុស្សដែលអៀនច្រើន គេនឹងមានអាក្បកិរិយាបែបនោះជាប្រចាំ ហេតុដូចនេះហើយ ត្រូវពិនិត្យមើលចំណុច៦ផ្សេងទៀត ដើម្បីឲ្យប្រាកដចិត្ត។
•តើគេនៅក្បែរអ្នកញឹកញាប់ដែរទេ?
តើគេមានចេតនាបង្កើតឱកាសនៅក្បែរអ្នកដែរទេ? តើគេព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីអ្នកទេ? ដូចជាការខំប្រឹងនិយាយអំពីអ្វីដែលអ្នកចូលចិត្ត ឬប្រើសម្លេងខ្លាំងៗដើម្បីឲ្យអ្នកបានលឺ? បើគេតែងតែរកលេសតិចតួច ដើម្បីបានជួបអ្នក ដូចជា ខ្ចីរបស់ ពឹងពាក់អ្នកឲ្យធ្វើកិច្ចការអ្វីមួយ បបួលអ្នកទៅកន្លែងណានោះ ហ្នឹងហើយជាភ្លើងខៀវហើយ។
•តើគេមានការគោរពចំពោះអ្នកដែរទេ?
ក្នុងករណីអ្នកត្រូវគេធ្វើបាប ឬនិយាយមិនល្អនោះ បើគេចេញមុខតវ៉ា ឬការពារអ្នកនោះ ច្បាស់ណាស់គេចង់ផ្តល់ភាពកក់ក្តៅ និងកិត្តិយសដល់អ្នក។ ជួនកាល គេចែករំលែកនូវរបស់ខ្លះ ឬធ្វើរឿងខ្លះដែលគេមិនងាយធ្វើ តែគេបានធ្វើដើម្បីអ្នក នេះក៏បញ្ជាក់ថាគេមានអារម្មណ៍ល្អចំពោះអ្នកដែរ។
គ្មានអ្វីប្រាកដជាងកែវភ្នែកនោះទេ ប្រសិនបើអ្នកពិតជាចង់ដឹងថាគេមានអារម្មណ៍ចំពោះអ្នកឬទេ អ្នកត្រូវហ៊ានប្រថុយសង្កេតមើលកែវភ្នែកមួយគួនោះ។ បើចង់ឲ្យកាន់តែប្រាកដក្នុងចិត្តទៀតនោះ សាកល្បងសារភាពប្រាប់គេហ្មងទៅដើម្បីទទួលបានចម្លើយពីក្នុងមាត់របស់គេ…តែបើដឹងថាមិនអាចទៅរួចហើយ កុំខ្ជះខ្ជាយពេលវេលាបន្តទៀតធ្វើអ្វី,,,
ចែករំលែក