Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាទូទៅ ជំងឺខាន់ស្លាក់ កើតជាចម្បងទៅលើកុមារអាយុចន្លោះពី៣ទៅ៧ឆ្នាំដោយសារតែប្រព័ន្ធការពាររបស់កុមារនៅខ្សោយនៅឡើយ។ ម្យ៉ាងទៀត ជំងឺនេះ ភាគច្រើនត្រូវបានរកឃើញថាកើតមាននៅក្នុងប្រទេសអន់ថយ និងប្រទេសកំពុងអភិវឌ្ឍ។ ដោយឡែក កម្រមានករណីជំងឺនេះលេចឡើងលើកុមារកម្ពុជាយើងណាស់ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុក សំអាត អតីតប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។ ជំងឺខាន់ស្លាក់នេះ ត្រូវបានគេឲ្យនិយមន័យថាជាជំងឺឆ្លងមួយប្រភេទដែលមានសភាពធ្ងន់ធ្ងរ ហើយវាបណ្តាលមកពីបាក់តេរីមួយប្រភេទដែលមានឈ្មោះថា Corynebacterium diphtherae។ មេរោគនេះ ចម្លងជំងឺដោយបញ្ចេញជាតិពុល (Exotoxin) ដែលនាំឲ្យកោសិកាខូចឬរលាកនៅកន្លែងណាមួយដូចជា បំពង់ក បំពង់សំឡេង ច្រមុះឬក៏អាចមាននៅលើស្បែកផងដែរ។ ជំងឺនេះឆ្លងពីមនុស្សឈឺទៅមនុស្សជាព្រមទាំងតាមរយៈរបស់ប្រើប្រាស់ និងចំណីអាហារចំពោះខាន់ស្លាក់ប្រភេទផ្សេងទៀត។ រោគសញ្ញារបស់ជំងឺនេះ អាចលេចចេញក្នុងរយៈពេលពី ២ទៅ៥ថ្ងៃក្រោយឆ្លងជំងឺ។ វាស្តែងឡើងនូវរោគសញ្ញាមួយចំនួនដែលស្រដៀងទៅនឹងជំងឺរលាកបំពង់កធម្មតាដូចជា ក្តៅខ្លួន ឈឺបំពង់ក ហើមកូនកណ្តុរ ឬពិបាកលេបជាដើម។ ប៉ុន្តែអ្វីដែលគេអាចញែកជំងឺនេះពីជំងឺឈឺបំពង់ក នោះគឺមានលេចឡើងនូវភ្នាសសមួយបាំងទៅលើបំពង់ក ជាពិសេសនៅលើអាមីដាល់ហើយមិនអាចជូតវាចេញបានទេ តែបើនៅតែព្យាយាមជូតវានោះនឹងមានឈាមហូរនៅកន្លែងនោះ ព្រមទាំងមានដុះដុំសាច់ផងដែរ។ រោគវិនិច្ឆ័យ គឺផ្អែកទៅលើការកាត់យកសាច់ដែលដុះមួយផ្នែកទៅមើលនិងធ្វើការបណ្តុះមេរោគ។ មួយវិញទៀត យើងអាចធ្វើតេស្តមួយដែលមានឈ្មោះថា Mononucleoinfectious ដើម្បីទាត់ចោលនូវការចម្លងពីពួកវីរុសឈ្មោះថា Epstine barr virus ដែលវាមានលក្ខណៈស្រដៀងទៅនឹងជំងឺខាន់ស្លាក់។ យ៉ាងណាមិញ ខាន់ស្លាក់អាចព្យាបាលជាឬមិនជា អាស្រ័យទៅលើកន្លែងកើតជំងឺ និងស្ថានភាពរបស់អ្នកជំងឺពេលមកជួបគ្រូពេទ្យ។ ការព្យាបាលជំងឺនេះ ត្រូវប្រើប្រាស់ថ្នាំផ្សះរួមជាមួយនឹងសេរ៉ូមប្រឆាំងជាតិពុលទប់ទល់នឹងបាក់តេរី Diphtherae នេះ។ ប្រសិនបើជំងឺនេះកើតលើប្រព័ន្ធប្រសាទឬសាច់ដុំ នោះការព្យាបាលអាចនឹងពិបាកព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺពិបាកដកដង្ហើម និងត្រូវការការសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីចៀស-វាងការប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ គួបផ្សំជាមួយការព្យាបាលដោយថ្នាំផ្សះ និងសេរ៉ូមប្រឆាំងជាតិពុល។ ចំពោះការការពារជំងឺខាន់ស្លាក់នេះវិញ យើងត្រូវ៖ •ចៀសវាងការប៉ះពាល់អ្នកជំងឺខាន់ស្លាក់ •ដាក់អ្នកជំងឺឲ្យនៅដាច់ពីគេ •ចាក់វ៉ាក់សាំង ក្រោយព្យាបាលជំងឺនេះជា •ចាក់វ៉ាក់សាំងលើទារក។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋថា ជំងឺនេះកម្រតែមានសភាពធ្ងន់ធ្ងរ ដូចនេះប្រសិនបើកូនលោកអ្នកមានបញ្ហាពិបាកដកដង្ហើម ត្រូវប្រញាប់នាំកូនៗរបស់លោកអ្នកទៅជួបគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា ព្រោះបំពង់ករបស់ក្មេងតូចហើយបើមានដុះដុំសាច់នៅទីនោះ អាចនឹងងាយស្ទះដង្ហើមដែលជាហេតុបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ពួកគាត់។

ចែករំលែក

ភ្នែកជាផ្នែកដ៏សំខាន់មួយដែលអ្នកចាំបាច់ត្រូវថែរក្សាជាប្រចាំដើម្បីចៀសវាងនូវបញ្ហាជាច្រើនក្នុងនោះបញ្ហាភ្នែកដែលគេតែងតែជួបប្រទះញឹកញាប់ជាងគេ គឺបញ្ហាភ្នែកម៉្ញូប។ក្នុងនោះ ភ្នែកម៉្ញូបមានច្រើនប្រភេទ និងកម្រិតផ្សេងៗពីគ្នាដែលអាចកើតលើមនុស្សគ្រប់វ័យ ដូច្នេះហើយ ហេលស៍ថាម បានលើកយកប្រធានបទទាក់ទងនឹងភ្នែកម៉្ញូបមួយប្រភេទហៅថា «ម៉្ញូបក្លែងក្លាយ»។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេសនៅមន្ទីរពេទ្យព្រះអង្គឌួង និងជាសាស្រ្តាចារ្យផ្នែកចក្ខុសាស្ត្រ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ «ម៉្ញូបក្លែងក្លាយ» ឬដែលពាក្យបច្ចេកទេសហៅថា « Pseudomyopia » មកពីពាក្យថា «Pseudo» មានន័យថាមិនពិតប្រាកដ ឬក្លែងក្លាយ រីឯ « Myopia » គឺសំដៅទៅភ្នែកស្រវាំងឆ្ងាយដូចនេះម៉្ញូបក្លែងក្លាយ (Pseudomyopia) មានន័យថាភ្នែកស្រវាំងឆ្ងាយមិនពិតប្រាកដ ឬម៉្ញូបមិនពិតប្រាកដ។ ដោយឡែកម៉្ញូបក្លែងក្លាយខុសពីម៉្ញូបផ្សេងទៀតដោយសារវាមានលក្ខណៈជាបណ្តោះអាសន្នមិនមានលេខម៉្ញូបខ្លាំងដូចលេខម៉្ញូបធម្មតា និងជាទូទៅមានរយៈពេលខ្លីហើយអាចបាត់ទៅវិញ។ រីឯរោគសញ្ញាដែលស្តែងចេញជាម៉្ញូបក្លែងក្លាយនេះក៏មិនខុសពីម៉្ញូបធម្មតាដែរ មានការមើយឆ្ងាយស្រវាំង រោយភ្នែក ចុកគ្រាប់ភ្នែក ហួលគ្រាប់ភ្នែកប៉ុន្តែនៅពេលគាត់បានសម្រាក ពិសេសសម្រាកពីការមើលជិតដូចជាទូរស័ព្ទ កុំព្យូទ័រ នោះអាការៈវានឹងធូរវិញ។ លោកវេជ្ជបណ្ឌិតបានបន្តថាភ្នែកម៉្ញូបក្លែងក្លាយនេះបណ្តាលមកពីមូលហេតុចម្បងបី៖ •ទីមួយ គឺទាក់ទងនឹងការមើលជិតច្រើនដែលភាសាបច្ចេកទេស ហៅថា Excessive Near Working គឺការមើលវត្ថុជិតរយៈពេលយូរច្រើនម៉ោងលើសពី៨ឬលើសពី១២ម៉ោងធ្វើឲ្យភ្នែកមានលក្ខណៈម៉្ញូបដែលពាក្យបច្ចេកទេសមួយហៅថា Accommodation Spam មានន័យថានៅពេលដែលយើងប្រើភ្នែកជិតច្រើនធ្វើឲ្យសាច់ដុំក្នុងភ្នែកហៅថា Ciliary Muscle កន្រ្តាក់រយៈពេលយូរម៉ោងបណ្តាលឲ្យកែវភ្នែកប៉ោងមានលក្ខណៈម៉្ញូបរយៈពេលខ្លីហើយក៏បាត់ទៅវិញ។ •ទីពីរ គឺទាក់ទងទៅនឹងភ្នែកមួយចំនួនដែលមានលក្ខណៈរលាកក្នុងភ្នែកហៅថា Uveitisធ្វើឲ្យភ្នែកមានការរលាកក្រហម ហើយមានលក្ខណៈដូចម៉្ញូបក្លែងក្លាយផងដែរ។ •ទីបី គឺទាក់ទងទៅនឹងការប្រើប្រាស់ប្រភេទថ្នាំមួយចំនួនភ្នែកចាប់ផ្តើមឡើងបាយ ឬគាត់មានបញ្ហាសរសៃប្រសាទឬក៏មានគ្រោះថ្នាក់ខួរក្បាលជាដើមក៏បណ្តាយឲ្យមានអាការៈស្រវាំងឆ្ងាយ និងរោយគ្រាប់ភ្នែកផងដែរ។ ថ្វីត្បិតតែវាជាម៉្ញូបក្លែងក្លាយក៏ពិតមែន ចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញផ្នែកភ្នែកនៅពេលលោកអ្នកមានអាការៈស្រវាំងភ្នែកពិសេសពេលមើលឆ្ងាយ ឬចុករោយគ្រាប់ភ្នែក ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យនេះទៀតសោតវាអាស្រ័យទៅតាមមូលហេតុនៃម៉្ញូបក្លែងក្លាយដោយដំបូងឡើយនឹងសាកសួររកមូលហេតុថាតើគាត់មានសម្លឹងច្រើនម៉ោងឬទេគាត់មានការរលាកក្នុងភ្នែកឬទេ? គាត់មានជំងឺប្រព័ន្ធប្រសាទឬរបួសផ្នែកក្បាល ឬទេ។ បន្ទាប់មកសួរអំពីអាការៈរបស់គាត់រួមជាមួយនឹងការវាស់គំហើញភ្នែកទាំងសងខាងរបស់គាត់ ដើម្បីដឹងថាមានថយចុះ ឬស្រវាំង ឬទេដោយប្រើឧបករណ៍សម្រាប់វាស់ភ្នែកដូចឧបករណ៍វាស់វ៉ែនតាទូទៅឈ្មោះថា Auto Refractometer វាផ្តល់លទ្ធផលជាលេខម៉្ញូប ក៏ប៉ុន្តែលេខម៉្ញូបនេះអាចមានលក្ខណៈប្រែប្រួល គឺថាបើបានសម្រាកភ្នែក ឬក៏បានព្យាបាលពេលយើងវាស់ម្តងទៀតទៅ គឺយើងឃើញលេខនោះថយចុះ ឬក៏បាត់។ ចំពោះការព្យាបាលបញ្ហាម៉្ញូបក្លែងក្លាយនេះមិនមានអ្វីជាពិសេសនោះទេ បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាអ្នកមានបញ្ហាម៉្ញូបក្លែងក្លាយហើយ គាត់នឹងណែនាំឲ្យអ្នកប្រើប្រាស់ភ្នែកបានត្រឹមត្រូវមិនលើសពី៨ម៉ោង ឬ១២ម៉ោងព្រមទាំងបរិភោគអាហារមានវីតាមីនគ្រប់គ្រាន់។ ប្រសិនបើមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវទេនោះភ្នែកម៉្ញូបក្លែងក្លាយរបស់អ្នកនឹងវិវឌ្ឍទៅជាភ្នែកម៉្ញូបពិតប្រាកដដែលទាមទារឲ្យមានការប្រើប្រាស់វ៉ែនតាជាប្រចាំនិងការព្យាបាលច្បាស់លាស់។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់នូវដំបូន្មានថាគួរតែថែរក្សាភ្នែក និងអនាម័យវាឲ្យបានជាប្រចាំព្រោះវាអាចជួយលោកអ្នកបានរហូតដល់៥០%ឲ្យរួចផុតពីបញ្ហាភ្នែកនានា។ ការធ្វើអនាម័យខ្លួនប្រាណ និងលើផ្ទៃមុខក៏ជាផ្នែកមួយនៃការថែរក្សាភ្នែកដែរ។ ម៉្យាងទៀត ការប្រើប្រាស់វ៉ែនតាត្រឹមត្រូវនៅពេលយើងប្រឈមមុខនឹងបរិស្ថានមិនល្អខ្យល់ពន្លឺថ្ងៃ ផ្សែង ដីហុយ ឬប្រើកុំព្យូទ័រយូរក៏ជាការថែទាំភ្នែកអ្នកដែរ។ បើអ្នកសម្លឹងជិតរយៈពេលយូរត្រូវចេះសម្រាកភ្នែកខ្លះ តាមគោលការណ៍២០ ២០ ២០ មានន័យថាសម្លឹង ២០នាទី សម្រាក២០ វិនាទីហើយសម្លឹងទៅឆ្ងាយ ២០ហ្វីត(ប្រហែល៦ម៉ែត្រ) ឬប្រើវ៉ែនតាជំនួយពេលស្រវាំងឆ្ងាយ។ ការថែទាំភ្នែកនេះត្រូវគិតតាំងពីក្មេងតាំងពីកើតមករហូតដល់ចាស់នៅពេលមានបញ្ហាតិចតួច មិនស្រួលយើងត្រូវរួតរះប្រញាប់ទៅជួបគ្រូពេទ្យឯកទេសភ្នែក ដើម្បីពិនិត្យថាតើភ្នែកយើងមានជំងឺអ្វីឬអត់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ត្រចៀកត្រូវបានគេប្រើប្រាស់សម្រាប់ការស្តាប់នូវសំឡេងដែលនៅជុំវិញខ្លួនហើយវាក៏មាននាទីក្នុងការរក្សាលំនឹងរបស់សារពាង្គកាយផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថាត្រចៀកផ្គុំឡើងយ៉ាងដូចម្តេចខ្លះ? ជាទូទៅ ត្រចៀករបស់មនុស្សត្រូវបានគេចែកចេញជាបីតំបន់ គឺត្រចៀកក្រៅត្រចៀកកណ្តាល និងត្រចៀកក្នុងដែលគេហៅថា Labyrinth។ ត្រចៀកខាងក្នុងមានបីផ្នែកតូចៗទៀតគឺ Semicircular Canal រួមជាមួយ Vestibularដែលមាននាទីក្នុងការរក្សាលំនឹងរបស់យើង និង Cochlea មាននាទីធ្វើឲ្យយើងស្តាប់លឺសំឡេង។ ហេលស៍ថាម បានលើកយកប្រធានបទស្តីពីជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង)។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសវះកាត់ និងព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេសពីប្រទេសថៃ។ បច្ចុប្បន្នលោកសាស្ត្រាចារ្យជាប្រធានផ្នែកត្រចៀក ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អនុប្រធាននៃគ្លីនិកលុច្ស និងជាអនុប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាលនិងកម្ពុជា។ តាមរយៈលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា បានឲ្យដឹងថាជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) គឺជាជំងឺដែលរលាកនៅត្រង់កន្លែងណាមួយនៃត្រចៀកខាងក្នុង។ ជំងឺនេះបណ្តាលមកពីមូលហេតុជាច្រើនតែមានបីមូលហេតុដែលគ្រូពេទ្យជួបញឹកញាប់ជាងគេគឺ៖ -ជំងឺរលាកត្រចៀកផ្នែកកណ្តាលរ៉ាំរ៉ៃឬហៅថាជំងឺអំបៅអំបែកដែលមានពីរប្រភេទគឺអំបៅអំបែកស្លូតនិងអំបៅអំបែកកាច -មហារីកក្នុងរន្ធត្រចៀកឬមានដុំសាច់ក្នុងត្រចៀកខាងក្នុង -ការប៉ះទង្គិចមកលើក្បាលឬគ្រោះថ្នាក់ចរាចរណ៍ត្រង់ត្រចៀក -ការវះកាត់ត្រចៀកដោយមិនប្រយ័ត្នធ្វើឲ្យធ្លាយដល់សម្បករបស់ត្រចៀកខាងក្នុង។ លោកសាស្ត្រាចារ្យបានបន្តថាជំងឺនេះមានស្តែងចេញនូវរោគសញ្ញាដូចជាវិលមុខ គ្រាប់ភ្នែករេទៅម្ខាងដោយឯកឯងពោលគឺខាងដែលរលាក​​​ (Nyst-agmus) ចង្អោរ ក្អួតជាដើម។ ក្រៅពីនេះក៏មានសញ្ញាថយចុះនូវការស្តាប់ផងដែរប្រសិនបើការរលាកនេះរាលដាលដល់ Cochlea។ប៉ុន្តែករណីជំងឺនេះសិ្ថតក្នុងដំណាក់កាលធ្ងន់ធ្ងរវាអាចបណ្តាលឲ្យអ្នកជំងឺស្តាប់មិនលឺតែម្តង។ ជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ៖ -ការថត CT scan   -ការសង្កត់ទៅលើ Tragus (Put pressure ontragus) ដើម្បីឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍វិលមុខ និងភ្នែករេមកម្ខាងដោយឯកឯង។ -ការពិនិត្យតាម Siegel Speculum ដោយដាក់ឧបករណ៍នេះចូលក្នុងរន្ធត្រចៀកហើយសប់ខ្យល់ឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍ថាវិលមុខ ភ្នែកងាកទៅម្ខាងដោយឯក  ឯង។ តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជំងឺនេះមាន៣កម្រិតគឺ៖ ១. Circumscribed labyrinthitis : វាកើតនៅតែមួយកន្លែងនៃត្រចៀកខាងក្នុង។ការរលាកក្នុងកម្រិតនេះគឺអាចព្យាបាលជាដោយធ្វើការវះកាត់និងប្រើជេលហ្វូមរួមទាំងកម្ទេចឆ្អឹងទៅបិទនៅនឹងកន្លែងប្រហោងដែលបណ្តាលឲ្យរលាកនោះ។បន្ទាប់មកត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ នឹងធ្វើការប៉ះប៉ូវនូវមុខងាររបស់ត្រចៀកដែលរលាកដោយឯកឯងនៅពេលនោះអ្នកជំងឺនឹងមិនមានអាការៈវិលមុខបន្តទៀតទេហើយការរលាកនេះ នឹងជាសះស្បើយបន្តិចម្តងៗ។ ២. Diffuses serous labyrinthitis: ការរលាកបានសាយភាយពីកន្លែងមួយទៅកន្លែងផ្សេងទៀតរបស់ត្រចៀកខាងក្នុងរួចទៅហើយ។ ការរលាកក្នុងកម្រិតនេះគឺពិបាកក្នុងការព្យាបាល។ ៣. Diffuse suppurative labyrinthitis: វត្តមានខ្ទុះបានលេចឡើងនៅក្នុងត្រចៀកខាងក្នុងហើយបានសាយភាយទៅដល់ស្រោមខួររួចជាស្រេច។ ការព្យាបាលរលាកត្រចៀកខាងក្នុងកម្រិតនេះគឺមានការពិបាកនិងអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតថែមទៀត។​ ករណីដែលអ្នកជំងឺមិនបានមកជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះជំងឺនេះនឹងវិវឌ្ឍបន្តិចម្តងៗទៅដំណាក់កាលចុងក្រោយ។ បន្ទាប់មកវានឹងបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរ និងអាចឈានដល់អាប់សែខួរក្បាលថែមទៀត។ ដើម្បីការពារមិនឲ្យកើតជំងឺរលាកត្រចៀកខាងក្នុងនេះកើតឡើងយើងត្រូវការពារមូលហេតុនៃជំងឺនេះ ពោលគឺ៖ -ការពារកុំឲ្យកើតជំងឺអំបៅអំបែកត្រចៀក -ពាក់មួកសុវត្ថិភាពដើម្បីការពារកុំឲ្យប៉ះទង្គិចត្រង់ក្បាលជាពិសេសត្រចៀកដោយគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងទៀតគ្រូពេទ្យវះកាត់ត្រង់ត្រចៀកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដល់ត្រចៀកខាងក្នុង។ ជាចុងក្រោយលោកសាស្ត្រាចារ្យក៏បានជូនជាមតិខ្លះផងដែរថា «សូមនិស្សិតទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីឲ្យមានជំនាញច្បាស់លាស់ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកុំឲ្យអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសហើយក៏សូមគិតលើក្រមសីលធម៌វិជ្ជាជីវៈឲ្យច្បាស់លាស់។  មួយវិញទៀតចំពោះអ្នកជំងឺវិញសូមមកជួបគ្រូពេទ្យនៅពេលមានបញ្ហាភ្លាមៗសូមកុំទុកឲ្យជំងឺខកពេលក្នុងការព្ព្យាបាលព្រោះវាអាចបណ្តាលឲ្យបាត់បង់ជីវិតហើយសូមមកជួបគ្រូពេទ្យតាមជំនាញរបស់គាត់ដូចជាបើឈឺត្រង់ត្រចៀក ច្រមុះ បំពង់ក ត្រូវទៅរកគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ បំពង់ក តែបើមានបញ្ហារោគស្ត្រីត្រូវទៅជួបគ្រូពេទ្យរោគស្រ្តីវិញ»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អត្រាជំងឺមហារីកលើកុមារបើផ្អែកតាមស្ថិតិនៅបណ្តាប្រទេសអឺរ៉ុប អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ ករណីក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ចំណែកនៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញ ពីអត្រាជំងឺនេះនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។ ជំងឺមហារីកកុមារដែលកើតជាញឹកញាប់មានដូចជា៖ •    ជំងឺមហារីកឈាមស្រួចស្រាវ •    ជំងឺមហារីកកូនកណ្តុរ •    ជំងឺមហារីកខួរក្បាល •    ជំងឺមហារីកប្រព័ន្ធប្រសាទ •    ជំងឺមហារីកតម្រងនោម •    ជំងឺមហារីកថ្លើម •    ជំងឺមហារីកឆ្អឹង •    ជំងឺមហារីកភ្នែក         លក្ខណៈខុសគ្នានៃជំងឺមហារីកកុមារ និងមនុស្សពេញវ័យជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យ មានលក្ខណៈខុសគ្នាច្រើនទាំង ទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍ និងវិធី ព្យាបាល។ ជាទូទៅជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ប៉ុន្តែការសិក្សាវិទ្យា សាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។         មូលហេតុ មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖ •    កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតនៃហ្សែន •    ការបង្ករោគដោយវីរុស (HIV, Epstein-Barr  Virus) •    សារជាតិវិទ្យុសកម្ម។         រោគសញ្ញា រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក តួយ៉ាងដូចជា៖ +    មហារីកឈាមស្រួចស្រាវ -    អាចកើតលើកុមារគ្រប់វ័យ -    ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ -    សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ -    ស្លេកស្លាំង -    អណ្តើក ថ្លើម កូនកណ្តុររីកធំ។ +    មហារីកតម្រងនោម -    ភាគច្រើនកើតលើក្មេងអាយុក្រោម ៨ឆ្នាំទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ -    ជួនកាលនោមឈាម  ឬ  លើសសម្ពាធឈាម។     ការព្យាបាល តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជំងឺមហារីកខ្លះអាចព្យាបាលជាសះ- ស្បើយស្ទើរតែ ១០០%  ឯខ្លះទៀតមានឱកាសជាសះស្បើយតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជា សះស្បើយ ៧០%  ចំណែកវិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។ វិធីសាស្ត្រដែលប្រើអាចមានដូចជា ៖ •    ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនសូវមានផលវិបាក •    ការព្យាបាលដោយកាំរស្មីបែបទំនើប •    ការព្យាបាលដោយការវះកាត់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

ជំងឺទឹកនោមផ្អែម មានច្រើនប្រភេទ តែប្រភេទដែល  ច្រើនជាងគេគឺ ជំងឺទឹកនោមផ្អែមប្រភេទ២(៩០%ទៅ៩៥%នៃករណីជំងឺទឹកនោមផ្អែមសរុប) និងជំងឺទឹកនោមផ្អែមប្រភេទ១(៥%ទៅ១០%នៃករណីជំងឺទឹកនោមផ្អែមសរុប)។ ក្រៅពីនេះ មានប្រភេទជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ(Gestational diabetes) និងជំងឺទឹកនោមផ្អែមដែលបង្កឡើងដោយបញ្ហាផ្សេងៗទៀត(Secondary diabetes)។ ជំងឺទឹកនោមផ្អែមនេះផងដែរ ច្រើនកើតមានលើមនុស្សធំ ប៉ុន្តែក៏មានជំងឺទឹកនោមផ្អែមដែលកើតឡើងលើកុមារផងដែរ។ អត្ថបទនេះ នឹងបកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ។ និយមន័យ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។ មូលហេតុ គ្មានមូលហេតុច្បាស់លាស់ណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទនេះ ត្រូវបានបង្ហាញនៅឡើយទេ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ភាគច្រើនប្រព័ន្ធភាពស៊ាំការពាររាងកាយ នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលជាធម្មតាសម្លាប់បាក់តេរី និងវីរុសបង្ករោគ ច្រឡំបំផ្លាញកោសិកាអាំងស៊ុយលីន អ័រម៉ូនផលិតនៅហ្នឹងលំពែង។ ហ្សែនក៏អាចដើរតួនាទីក្នុងដំណើរការនេះ និងប៉ះពាល់ទៅលើវីរុសជាច្រើនដែលអាចបង្កជាជំងឺនេះ។ កត្តាដែលជម្រុញឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ រួមមាន៖ •កត្តាហ្សែន ប្រវត្តិគ្រួសារ •កត្តាបរិស្ថានជុំវិញ •ការប៉ះពាល់ជាមួយពពួកវីរុសដូចជា Epstein-Barr virus, coxsackie virus, rubella or cytomegalovirus •កង្វះបរិមាណវីតាមីនD •កត្តារបបអាហារមួយចំនួនរួមមានទឹកដែលមានផ្ទុកនីត្រាត។ រោគសញ្ញា រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១ លេចឡើងក្នុងដំណាក់កាលដំបូងនៃជំងឺ ដែលខុសពីរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២មានលក្ខណៈស្ងប់ស្ងាត់នៅដំណាក់កាលដំបូងហើយលេចចេញនៅដំណាក់កាលធ្ងន់ទៅហើយក្នុងរយៈពេល៥ទៅ១០ឆ្នាំ។ នេះជាហេតុដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មកជួបនឹងគ្រូពេទ្យក្នុងដំណាក់កាលដំបូង។ រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានដូចជា៖ •បទជើងតូចញឹក •ស្រេកទឹក •ញ៉ាំច្រើន •ស្រកទម្ងន់ •ស្រវាំងភ្នែក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម អាចធ្វើបានតាម៤ប្រភេទ៖ ១. ពិនិត្យរកជាតិស្ករក្នុងឈាមពេលពោះទទេ(ពោះទទេរយៈពេលយ៉ាងតិច៨ម៉ោង)៖ ជាតិស្ករច្រើនជាង ១២៦ម.ក្រ/ដ.ល ២. ពិនិត្យរក HbA1c មានច្រើនជាងឬស្មើ ៦.៥% ៣. ពិនិត្យរកជាតិស្ករដោយចៃដន្យ៖ ជាតិស្ករធំជាង ២០០ម.ក្រ/ដ.ល បូករួមជាមួយនឹងរោគសញ្ញា ៤. ពិនិត្យជាតិស្ករ ២ម៉ោងក្រោយឲ្យអ្នកជំងឺបរិភោគជាតិស្ករ ៧៥ក្រាម៖ ជាតិស្ករច្រើនជាង ២០០ម.ក្រ/ដ.ល។ ការធ្វើតេស្តនេះ ប្រើតែក្នុងការសិក្សា ស្រាវជ្រាវតែប៉ុណ្ណោះ។ ការព្យាបាល ការព្យាបាលជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ត្រូវធ្វើការព្យាបាលនិងតាមដានអស់មួយជីវិត។ ដោយឡែក ជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានតែដោយឱសថប្រភេទចាក់ប៉ុណ្ណោះ។ ដូចនេះ ករណីដែលអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែម តែមិនមានឱសថអាំងស៊ុយលីនប្រភេទចាក់សម្រាប់ព្យាបាលទេនោះ អ្នកជំងឺគឺមិនអាចបន្តអាយុបានយូរទេ។ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានរហូតដល់ជាតិស្ករចុះដល់កម្រិត ពោលគឺ៖ •ជាតិស្ករមុនអាហារ ត្រូវស្ថិតនៅចន្លោះ ៩០ម.ក្រ/ដ.ល ទៅ ១៣០ម.ក្រ/ដ.ល •ជាតិស្ករ២ម៉ោងក្រោយអាហារ ត្រូវទាបជាងឬស្មើ ១៨០ម.ក្រ/ដ.ល •HbA1c តិចជាង ៧%។ វិធានការព្យាបាល •ចាក់អាំងស៊ុយលីនពី២ទៅ៥ដងក្នុងមួយថ្ងៃ •គ្រប់គ្រងរបបអាហារពិសេសអាហារផ្អែម •ធ្វើលំហាត់ប្រាណជាប្រចាំ លើកលែងតែក្មេងតូច •តាមដានកម្រិតជាតិស្ករមុននិងក្រោយអាហារជាប្រចាំ។ ផលវិបាក ករណីអ្នកជំងឺមិនបានអនុវត្តតាមវិធានការនៃការព្យាបាលឲ្យបានខ្ជាប់ខ្ជួន ផលវិបាកភ្លាមៗដែលជួបញឹកញាប់បំផុតគឺការឡើងជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងដែលអាចធ្វើឲ្យអ្នកជំងឺសន្លប់។ ឯផលវិបាករ៉ាំរ៉ៃ បញ្ញាដែលប្រឈមចម្បងគេនោះគឺខូចតម្រងនោម ដែលអាចឈានទៅដល់ការលាងឈាមឬផ្សាំតម្រងនោមក្នុងដំណាក់កាលចុងក្រោយ។ ក្រៅពីនេះ មានខូចខាតដល់៖ •ភ្នែក •ប្រព័ន្ធប្រសាទបញ្ជា •សរសៃឈាមធំៗ៖ ស្ទះត្បៀតសរសៃឈាមបេះដូង ស្ទះត្បៀតសរសៃឈាមដែលអាចធ្វើឲ្យមានដំបៅរលួយនៅជើង ឬស្ទះត្បៀតសរសៃឈាមខួរក្បាល(Stroke)។ សរុបមក អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ នោះផលវិបាកនៃជំងឺនេះនឹងអាចចៀសវាងបានទាំងស្រុង ឬកើតក្នុងរយៈពេលយូរទៀតមិនមែនកើតភ្លាមៗទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺរលាកទងសួតតូច ជាជំងឺកើតមានលើកុមារដែលមានអាយុមិនលើសពី២ឆ្នាំ ហើយភាគច្រើនបង្កឡើងដោយពពួក Respiratory syncytial virus និងមួយចំនួនទៀតបង្កឡើងដោយមេរោគដទៃទៀតដូចជា Adenovirus  ជាដើម។  ជាទូទៅ ៧០%ទៅ៨០%នៃកុមារដែលតែងឃើញមានការចម្លងនូវជំងឺនេះ គឺមានអាយុក្រោមមួយឆ្នាំ និងជាពិសេស ចំពោះទារកដែលមានអាយុជុំវិញ៦ខែ។ របៀបចម្លងរោគ ដោយហេតុថាវាជាជំងឺប្រព័ន្ធផ្លូវដង្ហើម មេរោគត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើម ទឹកមាត់ ឬសមាសធាតុផ្សេងៗដែលមាននៅក្នុងផ្លូវដង្ហើម។ កត្តាប្រឈម អាកាសធាតុត្រជាក់ ជាកត្តាចម្បងដែលនាំឲ្យកុមារងាយប្រឈមទៅនឹងការចម្លងជំងឺរលាកទងសួតតូចនេះ ហើយជំងឺនេះនឹងធ្វើការវិវឌ្ឍពីស្រាលទៅធ្ងន់ក្នុងករណីដែលមានលក្ខខណ្ឌអនុញ្ញាតដូចជា ក្មេងកើតមិនគ្រប់ខែ ក្មេងកើតមិនគ្រប់ទម្ងន់ ក្មេងដែលមានប្រព័ន្ធការពារចុះខ្សោយ ឬក្មេងដែលកង្វះអាហារូបត្ថម្ភជាដើម។ រោគសញ្ញា ជំងឺនេះត្រូវបានចែកចេញជា២ទម្រង់ គឺទម្រង់ស្រាល និងធ្ងន់ ដែលជាធម្មតាវាស្ដែងឡើងនូវរោគសញ្ញាសំខាន់៤ គឺ ក្ដៅខ្លួន  ហៀរសំបោរក្អក ហើយបន្ទាប់មកចាប់ផ្ដើមដង្ហក់ដែលឃើញមានជាការទាញទុចដើមទ្រូង(Chest retraction)។ ក្នុងករណីដែលវាវិវឌ្ឍទៅជាស្ថានភាពធ្ងន់ធ្ងរ ក្រៅពីរោគសញ្ញាទាំង៤នេះ គេឃើញមានការឡើងស្វាយរួមបញ្ចូលផងដែរ ដែលភាគច្រើនកើតមានលើអ្នកជំងឺដែលស្ថិតក្នុងការប្រឈមខ្ពស់ដូចដែលបានរៀបរាប់ខាងលើ។ ការធ្វើរោគវិនិច្ឆ័យ ត្បិតតែវាជាជំងឺប្រព័ន្ធផ្លូវដង្ហើមក៏ពិតមែន ប៉ុន្តែការធ្វើរោគវិនិច្ឆ័យមិនត្រូវបានរំពឹងលើការថតកាំរស្មីអ៊ិចលើសួតនោះទេ លើកលែងតែក្នុងករណីដែលមានផលវិបាកប៉ុណ្ណោះដោយវាត្រូវបានពឹងផ្អែកទៅតាមរោគសញ្ញាចម្បងទាំង ៤ខាងលើ កត្តាអាយុរបស់អ្នកជំងឺរួមផ្សំជាមួយការពិនិត្យទៅលើសួតដែលមានដូចជា៖ •ការស្ដាប់៖ ឃើញមានការថយចុះនៃសំឡេងដង្ហើមរបស់សួត និងឮជាសំឡេងបែបដកដង្ហើមតឹងៗ (Wheezing ឬ Rhonchi)ដែលជាសញ្ញាបញ្ជាក់ថាមានការប៉ះពាល់ដល់ទងសួត ឬទងសួតតូច។ ប៉ុន្តែ នៅពេលដែលមានផលវិបាកឈានដល់ការរលាកលើសាច់សួតទៅជារលាកកូនថង់សួត(Alveolitis)ឬ Bronchopneumonia វានឹងប្ដូរទៅជាសំឡេងដូចអំបិលផ្ទុះ (Crackle) វិញ។ •ការគោះ៖ ដោយសារតែមានការស្ទះនៅនឹងទងសួតតូច វាបណ្ដាលឲ្យមានជាជំងឺដែលធ្វើឲ្យមានកង្វះអុកស៊ីសែនដោយសារតែការខូចខាតថង់តូចៗនៃសួត (Emphysema)ដែលនាំឲ្យពេលគោះឮសូរជា Hypersonority  ឬ Tympanic នៅនឹងបាតសួត។ ប្រសិនបើជំងឺនេះបានធ្វើឲ្យសាច់វិវឌ្ឍទៅជាជំងឺ Atele-ctasis ការគោះនឹងឮសូរជា Dullness ។   ការព្យាបាល ជាទូទៅ ជំងឺនេះនឹងធូរស្បើយក្នុងរយៈពេល៤ទៅ៥ថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាលរោគសញ្ញាដូចជា៖ -ប្រើប្រាស់ថ្នាំបញ្ចុះកម្តៅ (Antipyreticdrug) ជាពពួកបារ៉ាសេតាមុល (Paracetamol)(15មក/គីឡូក្រាម) ដោយមិនលើសពី៤ដងក្នុងមួយថ្ងៃ ដើម្បីបន្ថយកម្ដៅ។ ម្យ៉ាងទៀត ត្រូវចៀសវាងការប្រើប្រាស់អាស្ពីរីន(Aspirin) ទៅលើក្មេងដែលវាអាចបណ្ដាលឲ្យមានអន្តរកម្ម (interaction) ហើយបង្កទៅជា Reye’s syndrome (ជាជំងឺកម្រតែកាចសាហាវដែលស្ដែងឡើងជាការហើមខួរក្បាល និងថ្លើម) -លាងសម្អាតច្រមុះដោយប្រើប្រាស់សេរ៉ូមប្រៃ (Hypertonic សេរ៉ូម) -ការប្រើប្រាស់ឱសថពង្រីកទងសួតដូចជាពពួកថ្នាំពង្រីកសរសៃទងសួត (Bronchodilator)មិនត្រូវបានណែនាំឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុតិចជាង៦ខែទេ ដោយគេជ្រើសយកការប្រើប្រាស់ Ventoline ឬ Epinephrine ជំនួសវិញ -យើងត្រូវធ្វើការបង្រ្គប់ជាតិទឹកដែលបានបាត់បង់ទៅលើក្មេងតាមការផឹក ឬដាក់សេរ៉ូម ក្នុងករណីដែលក្មេងមិនអាចផឹកបាន -ថ្នាំប្រឆាំងនឹងវីរុស (Antiviral drug) ពពួកImmunoglobulin និង អង់ទីប៊ីយ៉ូទិកត្រូវនឹងប្រភេទមេរោគ(Adaptable antibi-otic)ដែលត្រូវបានធ្វើការប្រើប្រាស់នៅតែក្នុងទម្រង់ធ្ងន់ធ្ងរ ឬមានការលេចចេញនូវផលលំបាកតែប៉ុណ្ណោះ។ ផលវិបាក ក្នុងករណីដែលអ្នកជំងឺមានកត្តាប្រឈមដែលនាំឲ្យជំងឺនេះវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរទៅជាជំងឺមួយចំនួនដូចជា៖ •Atelectasis •Bronchoalveolitis •Bronchopneumonia •ក្នុងករណីកម្រមួយចំនួន វាក៏ឈានដល់ការវិវឌ្ឍទៅជាជំងឺរលាកស្រោមសួត ខ្យល់ក្នុងស្រោមសួត ឬទឹកក្នុងថង់សួត ផងដែរ។   ដោយរួមផ្សំនឹងកត្តាសុខភាពដទៃទៀត គេសង្កេតឃើញការកើតឡើងវិញនៃជំងឺហឺតទៅក្មេងដែលធ្លាប់កើតជំងឺរលាកទងសួតតូចនេះ។ វិធីបង្ការ ពុំទាន់មានវ៉ាក់សាំងណាដែលអាចបង្ការការចម្លងជំងឺនេះនៅឡើយទេ ប៉ុន្តែយើងអាចកាត់បន្ថយការចម្លងដោយការថែរក្សាអនាម័យក្នុងការរស់នៅដូចជា ការលាងសម្អាតដៃឲ្យបានស្អាតជាដើម បន្ថែមពីលើការថែរក្សាអនាម័យកុមារគួរទទួលបានការចាក់ថ្នាំបង្ការមួយចំនួនដូចជា Anti-influenzavaccine(អាយុលើសពី៦ខែ) Pneumo-coccal vaccine(PCV) និង Hemophlousinfluenza B vaccine (Hib)ដែលមានស្រាប់ក្នុងកម្មវិធីថ្នាំបង្ការជាតិ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យមហាបរិញ្ញា អ៊ុំ សុខុម សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានវិទ្យាសាស្រ្ត និងសុខាភិបាលខេមរភូមិន្ទ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកបើកបរពេលយប់មួយចំនួនតែងតែត្អូញត្អែរថា ខ្លួនពិបាកមើលផ្លូវ ឬស្លាកសញ្ញាចរាចរណ៍។ តើអ្នកដឹងទេថានេះជារោគសញ្ញារបស់ជំងឺអ្វី? តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ នេះជារោគសញ្ញានៃជំងឺម៉្ញូបពេលយប់ (Nocturnal myopia or night myopia)។ និយមន័យ ជំងឺម៉្ញូបពេលយប់ (Noctunal myopia or nightmyopia) គឺជាប្រភេទម៉្ញូបម្យ៉ាងដែលអ្នកជំងឺអាចមើលឃើញធម្មតានៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់តែមិនអាចមើលឃើញរូបភាពនៅក្នុងទីតាំង ដែលមានពន្លឺមិនគ្រប់គ្រាន់ឬងងឹតដែលអ្នកមានភ្នែកធម្មតាអាចមើលឃើញបាន។ ជំងឺនេះភាគច្រើនកើតលើក្មេងជំទង់ និងមនុស្សពេញវ័យអាយុក្រោម៤០ឆ្នាំ ដែលមានទម្លាប់ក្នុងការសម្លឹងមើលវត្ថុក្នុងទីងងឹតនិងរយៈពេលយូរ។ មូលហេតុ ម៉្ញូបពេលយប់មិនបង្កឡើងពីតំណពូជទេ តែវាកើតឡើងដោយសារលក្ខខណ្ឌនៃការងាររបស់បុគ្គលនោះផ្ទាល់ដូចជាគាត់ជាអ្នកបើកបរឡានពេលយប់។ យន្តការនៃការកើតជំងឺនេះ គឺដោយសារអ្នកជំងឺប្រឹងសម្លឹងទីតាំងឆ្ងាយនៅទីងងឹតរយៈពេលយូរដែលជាហេតុធ្វើឲ្យកូនក្រមុំភ្នែករីកធំនាំឲ្យភ្នែកស្រវាំងហើយសាច់ដុំខាងក្នុងភ្នែកទាញរូបភាពទៅជិតដែលកំនុំរូបភាពមិនត្រូវនឹងរ៉េទីន។ រោគសញ្ញា អ្នកដែលមានម៉្ញូបបែបនេះអាចដឹងថាខ្លួនឯងម៉្ញូបបានតាមការប្រៀបធៀបគំហើញរបស់ខ្លួនជាមួយនឹងអ្នកនៅជិតខ្លួន។ ឧទារហណ៍ពេលបើកបរឡានពេលងងឹតគាត់មិនអាចមើលឃើញស្លាកសញ្ញាចរាចរណ៍បាន ផ្ទុយទៅវិញអ្នកដែលអង្គុយនៅជិតគាត់បែរជាមើលឃើញទៅវិញ។ ចំពោះអ្នកដែលកុំពុងប្រើប្រាស់វ៉ែនតាអាចដោះវ៉ែនតាហើយប្រៀបធៀបគំហើញរបស់ខ្លួននៅពេលថ្ងៃ និងពេលយប់ ប្រសិនបើមានលក្ខណៈខុសគ្នានោះអ្នកអាចនឹងមានម៉្ញូបពេលយប់មួយទៀតហើយ។ ប្រសិនបើការងាររបស់អ្នកត្រូវធ្វើនៅទីងងឹតដូចជាអ្នកបើកបរពេលយប់ នោះអ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យលើជំងឺនេះ គឺទាមទារដឹងពីប្រវត្តិរបស់អ្នកជំងឺលើការងាររបស់គាត់ប្រចាំថ្ងៃ និងការត្អូញត្អែររបស់អ្នកជំងឺពីការពិបាកមើលនៅទីងងឹត។ វិធីសាស្ត្រសម្រាប់ពិនិត្យរកម៉្ញូបពេលយប់នេះ គឺប្រើ Retinoscope ដែលជាតេស្តវាស់គំហើញនៅទីងងឹត។ ការព្យាបាល ជំងឺនេះនឹងបាត់ទៅវិញនៅពេលអ្នកជំងឺឈានដល់វ័យ៤០ឆ្នាំដោយសារតែសាច់ដុំរបស់ភ្នែកនឹងឈប់ប្រឹងខ្លាំងដូចមុនទៀត។ ដូចនេះហើយ ការព្យាបាលជំងឺនេះក្នុងពេលកំពុងកើតមានគឺគ្រាន់តែកែគំហើញរបស់អ្នកជំងឺឲ្យមកធម្មតាវិញតាមរយៈការប្រើប្រាស់វ៉ែនតានៅពេលយប់ ឬនៅទីកន្លែងងងឹត។ មួយវិញទៀតអ្នកជំងឺអាច នឹងមិនចាំបាច់ពាក់វ៉ែនតាប្រសិនបើគាត់អាចផ្លាស់ប្តូរការងាររបស់គាត់បាន។ ផលវិបាក ការមិនបានមកព្យាបាលជំងឺនេះមិនមានផលប៉ះពាល់ណាមួយលើភ្នែករបស់អ្នកជំងឺទេ ប៉ុន្តែវាអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងការងារដែលធ្វើនៅទីងងឹតដោយសារតែគំហើញរបស់អ្នកជំងឺមិនអាចមើលឃើញច្បាស់។ ជាចុងក្រោយលោកវេជ្ជបណ្ឌិតសូមផ្តាំដល់មាតាបិតាទាំងអស់គួរនាំកូនមកពិនិត្យភ្នែកមុនពេលចូលរៀនដើម្បីឲ្យគំហើញរបស់ក្មេងបានគ្រប់គ្រាន់។ ម្យ៉ាងទៀតសូមកុំទាន់ឲ្យកូនៗរបស់លោកអ្នកប្រើប្រាស់ iPad ឬ Smartphone នៅពេលដែលពួកគេនៅវ័យក្មេងពេកយ៉ាងហោចណាស់ក៏រង់ចាំដល់ពួកគេមានអាយុ៦ឆ្នាំសិនដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

អ្វីទៅដែលជាភាពទាក់ទាញលើផ្ទៃមុខនៅពេលញញឹម? តើអ្នកធ្លាប់យល់ដឹងអំពីធ្មេញមុខដែរឬទេ?  ហេលស៍ថាម នឹងនាំអារម្មណ៍អ្នកអានទាំងអស់មកជាប់នឹងការជួបសំភាសជាមួយទន្តបណ្ឌិតជំនាញ ទាក់ទងទៅនឹងប្រធានបទ   «សិល្បៈ និងវិធីសាស្ត្រនៃការដាក់ធ្មេញមុខ»។ ធ្មេញមុខមានសារៈសំខាន់អ្វីខ្លះ? ធ្មេញមុខពិតជាសំខាន់ដោយសារវាផ្តល់ជាសោភ័ណភាពនៅលើផ្ទៃមុខនៅពេលញញឹម ហើយវាមានតួនាទីខាំផ្តាច់ចំណីអាហារឲ្យបានល្អមុនពេលទំពា និងផ្តល់នូវការបញ្ចេញសំឡេង ប្រសិនបើមិនមានធ្មេញមុខ ឬការដាក់ ធ្មេញមុខមានសភាពវែងពេកឬក៏ខ្លីពេក វាអាចនឹងធ្វើឲ្យអ្នកជំងឺបញ្ចេញសំឡេងមិនច្បាស់។ មូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យអញ្ចាញធ្មេញខាងមុខឡើងខ្មៅបន្ទាប់ពីធ្វើការដាក់ធ្មេញ? តើមានដំណោះស្រាយអ្វីខ្លះ? បញ្ហានេះអាចបណ្តាលមកពី ធ្មេញដែលមានការព្យាបាលរន្ធឬសរួច រយៈពេលយូរឆ្នាំ ធ្វើឲ្យមានការប្រែប្រួលពណ៌របស់ធ្មេញ។ មូលហេតុមួយទៀតនោះគឺដោយសារបង្គោលលោហៈ(metal post core)ដែលដាក់ចូលទៅក្នុងធ្មេញ នឹងឆ្លុះពណ៌ខ្មៅចេញមកក្រៅ។  ម្យ៉ាងវិញទៀតការដាក់ធ្មេញប្រភេទ សេរាមិកដែលមានសារធាតុលោហៈនៅខាងក្នុង (PFM)ធ្វើឲ្យឆ្លុះពណ៌លោហៈតាមគល់ធ្មេញមកលើអញ្ចាញ។ ការដាក់ធ្មេញមិនជិតល្អធ្វើឲ្យមានការជ្រៀបទឹក និងការជាប់កំណកកំបោរផ្សេងៗ ក៏ជាមូលហេតុធ្វើឲ្យអញ្ចាញឡើងពណ៌ខ្មៅដូចគ្នា។ ដើម្បីដោះស្រាយបញ្ហាធ្មេញដែលព្យាបាលរន្ធឬសរួច ទន្តបណ្ឌិតអាចធ្វើការបាញ់កាំរស្មីធ្វើឲ្យធ្មេញសឬធ្វើ internal bleaching។ ចំពោះការដាក់បង្គោលលោហៈ អាចប្តូរទៅជាបង្គោលព័រសឺឡែន(Porcelain) ពណ៌ស។ ការដាក់ធ្មេញប្រភេទ all Ceramic ដែលជាព័រសឺឡែនសុទ្ធ ជៀសវាងការដាក់ប្រភេទCeramic PFM អាចជួយអញ្ចាញមិនអោយឡើងខ្មៅបាន។ ចំណែកឯការដាក់ធ្មេញមិនបានជិតល្អធ្វើឲ្យមានការជ្រៀបទឹកនោះ មានតែការគាស់ចេញរួចដាក់សារជាថ្មីតែប៉ុណ្ណោះ។ តើធ្មេញមុខគួរតែដាក់ធ្មេញប្រភេទអ្វី ទើបមើលទៅមានភាពស្រស់ស្អាត?ហេតុអ្វី? ការដាក់ធ្មេញប្រភេទអ្វីទើបមើលទៅស្រស់ស្អាត វាអាស្រ័យលើបុគ្គលម្នាក់ៗ។ អ្នកជំងឺខ្លះមានធ្មេញស្អាតស្រាប់ប៉ុន្តែគាត់ចង់កែនូវទម្រង់ ប្រវែង និងពណ៌ នោះគាត់អាចទទួលការដាក់ជាប្រភេទ Veneers។ ប៉ុន្តែប្រសិនបើធ្មេញគាត់ធ្លាប់ដាក់ពីមុនមក ឬមានការបែកបាក់ខ្លាំងដែលតម្រូវឲ្យធ្វើការដាក់ធ្មេញ អ្នកជំងឺអាចទទួលយកធ្មេញប្រភេទ all Ceramic (Empress, EMax, Zirconia…) ឬប្រភេទporcelain ផ្សេងៗទៀតដែលមិនមានលោហៈនៅខាងក្នុង ព្រោះវាមិនចាំងឆ្លុះនូវពណ៌ឬក៏ស្រមោលមកខាងក្រៅ និងមើលទៅមានសភាពដូចធម្មជាតិ។ តើអ្នកជំងឺគួរតែថែរក្សាធ្មេញមុខដែលដាក់ហើយយ៉ាងដូចម្តេចខ្លះ? ការថែរក្សាធ្មេញដាក់ក៏ដូចជាការថែរក្សាធ្មេញធម្មជាតិដូចគ្នា អ្នកជំងឺគួរតែមកពិនិត្យធ្មេញនិងសម្អាតធ្មេញជាមួយទន្តបណ្ឌិតជំនាញឲ្យបានទៀងទាត់។ សម្អាតធ្មេញដោយខ្លួនឯងឲ្យបានត្រឹមត្រូវនិងមួយថ្ងៃយ៉ាងតិច២ដង ជាមួយថ្នាំដុសធ្មេញនិងខ្សែទាក់ធ្មេញ(dental floss)។ ចំពោះករណីដែលមិនមានធ្មេញមុខ រវាងការដាំបង្គោលអុីមផ្លេននិងការដាក់ធ្មេញជាប់គ្នា តើវិធីណាមួយប្រសើរជាង?ហេតុអ្វី? ប្រសិនបើអ្នកជំងឺបាត់បង់ធ្មេញមុខ ការដាំបង្គោលអ៊ីមផ្លេនប្រាកដជាជម្រើសដែលល្អជាងគេ ប្រសិនបើគាត់មានបរិមាណឆ្អឹងគ្រប់គ្រាន់និងគុណភាពឆ្អឹងល្អ ពីព្រោះវាផ្តល់នូវសោភ័ណភាពដូចធ្មេញធម្មជាតិ និងមិនត្រូវការឆាបធ្មេញដែលល្អសងខាងធ្វើជាបង្គោល។ ក៏ប៉ុន្តែ ការដាក់ធ្មេញដោយបង្គោលអ៊ីមផ្លេនមានតម្លៃថ្លៃ ត្រូវធ្វើការវះកាត់ ហើយត្រូវធ្វើដោយទន្តបណ្ឌិតមានជំ-នាញដោយសារធ្មេញខាងមុខស្ថិតនៅតំបន់សោភ័ណភាព។ តើការយល់ដឹងអំពីងាំធ្មេញមុខមានសារៈសំខាន់អ្វីខ្លះចំពោះទន្តបណ្ឌិត និងអ្នកជំងឺ? វាពិតជាមានសារៈសំខាន់ណាស់ចំពោះទន្តបណ្ឌិតគ្រប់រូប ព្រោះប្រសិនបើងាំធ្មេញខាងមុខរបស់អ្នកជំងឺមិនល្អ ដូចជាកល់ នោះនៅពេលដែលគាត់ប្រើប្រាស់វានឹងងាយបែកបាក់ និងពិបាកប្រើ។ រីឯចំពោះអ្នកជំងឺវិញ មិនមានអ្វីពិបាកនោះទេដោយសារបញ្ហារបស់គាត់នឹងត្រូវបានពិនិត្យនិងកែតម្រូវឡើងវិញដោយទន្តបណ្ឌិត។

ចែករំលែក

កន្លងមកដោយសារតែជំងឺរលាកសន្លាក់ឆ្អឹង (ជំងឺសឹកសន្លាក់ឆ្អឹង)គឺជាកង្វល់របស់អ្នកជំងឺជាច្រើនក៏ប៉ុន្តែជឿជាក់ថាមិនមានប៉ុន្មានអ្នកទេដែលបានយល់ច្បាស់និងយកចិត្តទុកដាក់លើជំងឺនេះដោយយល់ច្រឡំថាវាជាជំងឺធម្មតារបស់មនុស្សចាស់ប៉ុណ្ណោះដែលតាមពិតមានរឿងជាច្រើនដែលអ្នកអាចនឹងមិនទាន់បានដឹងនៅឡើយ។ ហេតុនេះលោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសសន្លាក់ឆ្អឹង សាច់ដុំ និងជានាយផ្នែកខាងជំងឺសន្លាក់ឆ្អឹង សាច់ដុំ ទឹកនោមផ្អែម តម្រងនោម និងជំងឺទូទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក៏ជាសាស្ត្រាចារ្យផ្នែកសន្លាក់ឆ្អឹងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឆ្លៀតឱកាសចូលរួមចែករំលែកក៏ដូចជាលាតត្រដាងការពិតទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះតែម្តង។ និយមន័យ ទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះលោកសាស្ត្រាចារ្យបានរៀបរាប់ថាវាជាជំងឺដែលកើតមានជាញឹកញាប់ពិសេសចំពោះមនុស្សចាប់ពីវ័យកណ្តាលទៅដោយវាទាក់ទង នឹងការសឹករេចរឹលនៃសន្លាក់ ដោយសារការប្រើប្រាស់នាពេលកន្លងមក។ យ៉ាងណាមិញចំពោះបុគ្គលដែលមានវ័យក្មេងក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរប៉ុន្តែជាទូទៅច្រើនទាក់ទងតំណពូជ ឬភាពមិនធម្មតានៃសន្លាក់ឆ្អឹង ឧទាហរណ៍ដូចជា ភាពស្តើងពេកនៃទ្រនាប់សន្លាក់ភាពកោង ឬវៀចនៃឆ្អឹងក្បាលឆ្អឹងនិងប្រហោងសន្លាក់មានទម្រង់មិនស៊ីគ្នាជាមួយនឹងសន្លាក់ដែលជាទូទៅកើតឡើងត្រង់តំបន់អាងត្រគាក។ មូលហេតុបង្កជំងឺ ជំងឺរលាកសន្លាក់ឆ្អឹងកកើតឡើងទាក់ទងនឹងវ័យរបស់អ្នកជំងឺ។ ជាទូទៅសន្លាក់ឆ្អឹងរបស់មនុស្សមានការលូតលាស់ល្អពីក្មេងមកដល់ពេលពេញវ័យ តែហួសពីនោះទៅសន្លាក់នឹងចាប់ផ្តើមទ្រុឌទ្រោម និងសឹករេចរឹលបន្តិចម្តងៗរហូតដល់វ័យប្រហែល៤០ទៅ៥០ឆ្នាំអ្នកជំងឺនឹងអាចចាប់ផ្តើមមានជំងឺនេះតែម្តង។ ដោយឡែកកតា្តជម្រុញផ្សេងៗទៀតដូចជាការលើសទម្ងន់ ការធ្វើការងារធ្ងន់ ឬធ្វើការច្រើន ប្រវត្តិធ្លាប់រងគ្រោះថ្នាក់ឬប៉ះទង្គិចត្រង់សន្លាក់ណាមួយ ការមានជំងឺសន្លាក់រ៉ាំរ៉ៃ ឬរលាកសន្លាក់ដោយមេរោគផ្សេងៗទៀតកាន់តែធ្វើឲ្យអ្នកជំងឺងាយប្រឈមមុខនឹងជំងឺនេះផងដែរ។ រោគសញ្ញានៃជំងឺ បើតាមលោកវេជ្ជបណ្ឌិតបានឲ្យដឹងថាជាទូទៅជំងឺនេះបង្ហាញនូវអាការៈដូចជាការឈឺចាប់នៅពេលដើរនិងពេលឈរ ការហើមសន្លាក់ មានអារម្មណ៍តឹងត្រង់សន្លាក់ ពិបាកបត់ ពិបាកលា និងអាចឈានដល់មានសម្លេងពេលធ្វើចលនាត្រង់សន្លាក់ទៀតផង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើការសន្និដ្ឋានថាជាជំងឺរលាកសន្លាក់ឆ្អឹង សំខាន់គឺត្រូវសួរនាំលម្អិតពីរោគសញ្ញារបស់អ្នកជំងឺដែលអាចឲ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងរហ័ស។ ម្យ៉ាងទៀត គេអាចធ្វើការថតវិទ្យុសាស្ត្រ និងពិនិត្យឈាមបន្ថែមផងដែរតែជាទូទៅការប្រមូលព័ត៌មានពីរោគសញ្ញារួមជាមួយការថតវិទ្យុសាស្ត្រ គឺគ្រប់គ្រាន់ក្នុងការសន្និដ្ឋានបានហើយ។ ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង លោកវេជ្ជបណ្ឌិត លី ជាតិតា បានបញ្ជាក់ថាចំពោះការព្យាបាលគឺអាស្រ័យនឹងមូលហេតុដែលបង្កជំងឺផ្ទាល់។ ជាក់ស្តែង ករណីដែលអ្នកជំងឺកំពុងមានអាការៈឈឺចាប់ខ្លាំងត្រូវឲ្យគាត់សម្រាកមួយរយៈពីការងារ ឬគួរផ្លាស់ប្តូរការងារតែម្តង ប្រសិនបើនោះជាការងារប្រភេទប្រើកម្លាំងធ្ងន់ធ្ងរ។ ដោយឡែក ករណីអ្នកជំងឺលើសទម្ងន់ទាមទារឲ្យគាត់ធ្វើការបន្ថយទម្ងន់ជាចាំបាច់។ ម្យ៉ាងទៀត ត្រូវស្វែងរកការព្យាបាលឲ្យបានឆាប់រហ័ស និងត្រឹមត្រូវករណីដែលមានជំងឺសន្លាក់ឆ្អឹងផ្សេងៗក៏ដូចជាមានគ្រោះថ្នាក់ ឬប៉ះទង្គិចនានាត្រង់សន្លាក់ឆ្អឹងដើម្បីចៀសវាងការវិវឌ្ឍឈានទៅរកការរលាកសន្លាក់ឆ្អឹង និងកាត់បន្ថយផលវិបាកនៃជំងឺ។ ផ្ទុយទៅវិញ បើមិនទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវនោះទេអ្នកជំងឺអាចនឹងចៀសមិនផុតពីការកកើតនៃជំងឺរលាកសន្លាក់ឆ្អឹងទេដោយហេតុថាជាធម្មជាតិមនុស្សគ្រប់រូបគឺមានឱកាសប្រឈម នឹងជំងឺនេះស្រាប់ទៅហើយបូកផ្សំជាមួយកត្តាជម្រុញខាងលើ នឹងរិតតែងាយឲ្យកកើតជាជំងឺរលាកសន្លាក់ឆ្អឹងនេះឡើង។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាសម្រាប់អ្នកជំងឺដែលមានភាពមិនប្រក្រតីនៃសន្លាក់ឆ្អឹងពីកំណើតត្រូវឆាប់ទៅពិនិត្យក៏ដូចជាព្យាបាលជាមួយអ្នកជំនាញពីវ័យក្មេងតែម្តងដោយមិនត្រូវរងចាំដល់ពេលពេញវ័យ ឬដល់ពេលលេចចេញជារោគសញ្ញាច្បាស់ ហើយទើបស្វែងរកការព្យាបាលនោះទេព្រោះដំណាក់នេះគឺការព្យាបាលមិនសូវទទួលបានលទ្ធផល និងអាចបណ្តាលឲ្យមានផលអវិជ្ជមានដល់ការរស់នៅរបស់អ្នកជំងឺទៅថ្ងៃក្រោយ។ ទន្ទឹមនឹងនេះក៏មានការព្យាបាលដោយការប្រើប្រាស់ថ្នាំមួយចំនួនផងដែរដូចជាថ្នាំបំបាត់ការឈឺចាប់បំបាត់ការរលាក និងថ្នាំជំនួយដល់ការលូតលាស់កោសិកាសន្លាក់ឆ្អឹង និងឆ្អឹងខ្ចីដើម្បីឲ្យវាបំពេញតួនាទីបានល្អឡើងវិញ។ លើសពីនេះទៀត ករណីដែលអ្នកជំងឺមានឆ្អឹងស្ពោត ឬពុកតម្រូវឲ្យមានការព្យាបាលឆ្អឹងបន្ថែមទៀត ដើម្បីជម្រុញប្រសិទ្ធភាពនៃការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនេះ។ ជម្រើសចុងក្រោយ គឺធ្វើការវះកាត់ប្តូរសន្លាក់ឆ្អឹងក្នុងករណីដែលការព្យាបាលដោយប្រើប្រាស់ថ្នាំមិនទទួលបានជោគជ័យ។ ការការពារ ឬកាត់បន្ថយការប្រឈមមុខនឹងជំងឺ ដូចដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ពីខាងលើរួចមកហើយថា ប្រសិនបើអ្នកជំងឺធាត់ពេក ត្រូវតែបន្ថយទម្ងន់មកវិញព្រោះវាមិនត្រឹមតែកាត់បន្ថយអត្រាប្រឈមនឹងជំងឺរលាកសន្លាក់ឆ្អឹងទេ ថែមទាំងជួយបន្ថយឱកាសប្រឈមនឹងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាដើម។ រួមជាមួយគ្នានេះដែរ អ្នកដែលមានជំងឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ឬមិនរ៉ាំរ៉ៃក្តី ដោយគ្រោះថ្នាក់ ឬមូលហេតុផ្សេងៗទៀត គប្បីរកការព្យាបាលឲ្យបានត្រឹមត្រូវចៀសវាងបណ្តោយឲ្យមានការខូចខាតនៃសន្លាក់ឆ្អឹងដែលពិបាកក្នុងការកែកុន រីឯការព្យាបាលទៀតសោត ក៏មិនសូវបានលទ្ធផលដែរ។ ផលវិបាកនៃជំងឺ ត្រឹមចំណុចនេះលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីមិនមានការព្យាបាលត្រឹមត្រូវនោះជំងឺនឹងវិវឌ្ឍកាន់តែធ្ងន់ធ្ងរបើទោះបីជាវាមិនប៉ះពាល់ផ្ទាល់ដល់ជីវិតក៏ដោយតែវារំខានដល់ការរស់នៅប្រចាំថ្ងៃ និងប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកជំងឺយ៉ាងខ្លាំង ហើយទន្ទឹមនឹងនោះ ក៏ប៉ះពាល់ផងដែរដល់ក្រុមគ្រួសារ និងជីវភាពរស់នៅក្នុងសង្គមទៀតផង។ មុននឹងបញ្ចប់លោកវេជ្ជបណ្ឌិត លី ជាតិតា បានផ្ញើជាសារខ្លះៗក្នុងអត្តន័យសំណូមពរដល់សាធារណជន និងអ្នកជំងឺទាំងអស់សូមទទួលការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមិនថាករណីមានជំងឺសន្លាក់ប្រភេទណាមួយទេដើម្បីចៀសផុតពីផលវិបាកទៅថ្ងៃក្រោយពិសេសគឺឱកាសបង្កទៅជាជំងឺមួយផ្សេងទៀត។ លើសពីនេះ សូមកុំព្រងើយកន្តើយនឹងជំងឺប្រភេទនេះទោះវាមិនប៉ះពាល់ដល់អាយុជីវិតក៏ដោយតែពិតណាស់វានឹងបង្កផលលំបាកជាច្រើនដោយប្រយោលដល់ការរស់នៅ។ ដូចគ្នាផងដែរ សូមថែរក្សាសុខភាពទូទៅរបស់អ្នកដោយផ្លាស់ប្តូរការហូបចុកក៏ដូចជាការរស់នៅឲ្យបានសមរម្យពោលគឺចៀសវាងអាហារមិនត្រឹមត្រូវ បញ្ឈប់ការជក់បារី ផឹកស្រា និងចាប់ផ្តើមរបបអាហារដែលមានអត្ថប្រយោជន៍ដូចជាបន្លែ ផ្លែឈើត្រី គ្រាប់ធញ្ញជាតិដែលមិនត្រឹមតែជួយដល់សុខភាពសន្លាក់ឆ្អឹងទេថែមទាំងសុខភាពទូទៅផងដែរ។ «ការមានសុខភាពល្អគឺហាក់ដូចជាមានអ្វីៗគ្រប់យ៉ាង» នេះជាអនុសាសន៍ដ៏មានតម្លៃរបស់លោកវេជ្ជបណ្ឌិត លី ជាតិតា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការមិនរីកធំធាត់ គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់ចំពោះកុមារ ហើយជាទូទៅមិនសូវមានការចាប់អារម្មណ៍ពីឪពុកម្ដាយទេ។ និយមន័យ កុមារដែលមិនមានការរីកធំធាត់ មានន័យថាកុមារនោះមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់។ មូលហេតុ មូលហេតុដែលបណ្ដាលឲ្យកុមារមិនឡើងទម្ងន់និងមិនរីកលូតលាស់មាន ដូចជា៖ -កុមាររើសចំណី -កុមារមានជំងឺពីកំណើត ជំងឺរ៉ាំរ៉ៃ ឬជំងឺសត្វល្អិតក្នុងពោះវៀន -កុមាររស់ក្នុងគ្រួសារមានជីវភាពក្រីក្រ ឬក៏រស់នៅក្នុងប្រទេសមានសង្គ្រាម។ កត្តាដែលបង្ក និងកុមារដែលប្រឈម មានកត្តាមួយចំនួនដែលធ្វើឲ្យកុមារប្រឈមទៅនឹងការមិនរីកលូតលាស់នេះគឺ -គ្រួសារដែលមានជីវភាពក្រីក្រ -កុមារដែលរស់នៅខ្វះអនាម័យ -កុមារមានជំងឺរ៉ាំរ៉ៃ (ជំងឺរបេង ជំងឺតម្រងនោម ជំងឺអេដស៍) -កុមារដែលរស់នៅក្នុងប្រទេសមានសង្គ្រាម -កុមារដែលមានជំងឺពីកំណើត -កុមារដែលមានសុខភាពមិនល្អ ឈឺញឹកញាប់មានប្រព័ន្ធការពារខ្សោយ។ រោគសញ្ញា នៅពេលកុមារមិនមានការរីកលូតលាស់មានស្តែងចេញជារោគសញ្ញាដូចជា កុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី   កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យកុមារអាចជាជំងឺកង្វះអាហារូបត្ថម្ភ ជំងឺបេះដូងពីកំណើត ជំងឺរ៉ាំរ៉ៃ (របេង អេដស៍)។ ការព្យាបាល ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ ឪពុកម្តាយគ្រប់រូបត្រូវព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ ហើយត្រូវព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត ឬព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលជំងឺនេះផងដែរ។ លើសពីនេះទៅទៀត មាតាបិតាត្រូវចេះពីវិធីសាស្រ្តថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ ហើយត្រូវជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនកុមារ។ ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើនិងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។ (សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ) ផលវិបាក កុមារនឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងមានជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងអាចរហូតដល់បាត់បង់ជីវិត។ ការបង្ការ ដើម្បីចៀសវាងកុំឲ្យកុមារមានជំងឺនេះ ឬកុំឲ្យវាវិវឌ្ឍកាន់តែធ្ងន់ធ្ងរ គឺត្រូវនាំកុមារទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញខាងកុមារ ឬខាងកង្វះអាហារូបត្ថម្ភ ម៉្យាងទៀត ឪពុកម្តាយគ្រប់រូបគួរតាមដានសុខភាពរបស់កូនឲ្យបានដិតដល់ និងទទួលការរៀនសូត្រអប់រំអំពីការថែទាំសុខភាពកុមារឲ្យបានល្អ។ លើសពីនេះទៅទៀត ប្រសិនបើកុមារមានជំងឺពីកំណើត គួរតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ការចិញ្ចឹមបុត្រធីតាមិនមែនជាការងាយស្រួលនោះឡើយ ជាពិសេសចំពោះឪពុកម្ដាយដែលមានវ័យក្មេងខ្ចី ដែលពុំទាន់មានបទពិសោធន៍ក្នុងជីវិត។ ដូច្នេះ សូមយកចិត្តទុកដាក់ថែទាំបុត្រធីតារបស់លោកអ្នក ទាំងសុខភាព និងការរៀនសូត្រឲ្យបានល្អនោះ ទើបអនាគតរបស់ពួកគាត់បានរុងរឿង។ បកស្រាយជូនដោយ ៖ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារជាតិ និងជាម្ចាស់ មន្ទីរសម្រាកព្យាបាល និងសម្ភព​ ឈួ អ៊ីសេង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

នៅព្រឹកថ្ងៃទី ២៤ និង ២៦ ខែកុម្ភៈឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Health Time Corp ក្រោមការសហការឧបត្ថម្ភពី Sunlife Multivitamin + Mineral និង Co-plaster បានរៀបចំនូវវេទិកានិយាយពីសុខភាព នៅសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ជប៉ុន( CJCC) នៅក្នុងកម្មវិធីមហោស្រពគីហ្សូណា ដែលមានអ្នកចូលរួមប្រមាណជា១០០ នាក់ក្នុងបទបង្ហាញនីមួយៗ។ នៅថ្ងៃទី ២៤ ពីម៉ោង ៨ ដល់ ១១ ព្រឹក កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថា DJ Nana បានចូលរួមជាវាគ្មិនបកសា្រយនូវប្រធានបទ «ការគ្រប់គ្រងស្រ្តេសដោយការផ្លាស់ប្តូរបែបផែនការរស់នៅ» ដែលអ្នកចូលរួមបានបំពេញនូវកម្រងសំណួរ ដើម្បីឲ្យដឹងថាតើស្ត្រេសរបស់ពួកគេស្ថិតនៅក្នុងកម្រិតណា មុននឹងស្តាប់នូវការចែករំលែកបទពិសោធន៍ពីវិធីសាស្ត្រគ្រប់គ្រងស្ត្រេស ដូចជាការរៀនមើលខ្លួនឯងនៅក្នុងផ្លូវដ៏ល្អ និងមិនសូវខ្វល់ពីការគិតរបស់អ្នកដទៃ ជាពិសេសគឺមិនប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ និងវិធីសាស្ត្រដទៃជាច្រើនទៀតសម្រាប់កាត់បន្ថយភាពតានតឹង។ សម្រាប់ព្រឹកម៉ោងដដែលនៅថ្ងៃទី ២៦ មានវេទិកានិយាយមួយទៀតក្រោមប្រធានបទ «កត្តាហានិភ័យនៃជំងឺមហារីកមាត់ស្បូន» ដោយមានករអញ្ជើញចូលរួមពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរ័ត្ន ជាវាគ្មិនកិត្តិយស ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងទាក់ទងទៅនឹងរោគសញ្ញា ការចម្លង និងវិធីសាស្ត្រការពារជាដើម។ យោងទៅតាមលោកស្រីវេជ្ជបណ្ឌិត «ស្ត្រីដែលមិនទាន់មានស្វាមីអាចការពារខ្លួនដោយប្រើវ៉ាក់សាំង និងអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ។ ចំណែកឯស្ត្រីដែលមានគ្រួសារហើយគួរទៅធ្វើការពិនិត្យរយៈពេល ៣ ទៅ ៥ ឆ្នាំម្តង ដើម្បីឲ្យដឹងច្បាស់និងស្វែងរកវិធានការឲ្យបានទាន់ពេលវេលា»។ ក្រៅពីបទបង្ហាញនីមួយៗដែលរៀបចំដោយ Health Time Corp ក៏មានការបង្ហាញអំពីការប្រកួតសំណេរក្រោមប្រធានបទ ការចែករំលែក និងចំណាប់អារម្មណ៍ចំពោះកម្មវិធីពីអ្នកចូលរួម ដោយការសរសេរ និងចែករំលែកតាមរយៈគេហទំព័រ www.healthtime.tips។

ចែករំលែក

និយមន័យ ជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ឬCOPD គឺជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលមិនអាចព្យាបាលឲ្យត្រឡប់មកធម្មតាវិញទេ។ ជំងឺនេះ វិវឌ្ឍសន្សឹមៗ ស្តែងឡើងដោយសារការបឺតយកខ្យល់ពុល រួមផ្សំនឹងការរលាកមិនធម្មតា។ ជំងឺនេះ ត្រូវបានគេចាត់ទុកថាជាជំងឺដែលធ្វើឲ្យមានការរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ ដោយសារតែវាធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម ពិសេសពេលដកដង្ហើមចេញ និងមានកំហាក។ ហេតុការទាំងនេះ កើតឡើងដោយសារតែការត្បៀតផ្លូវដង្ហើម ពិសេសផ្នែកខាងក្រោម ដែលធ្វើឲ្យខូចខាតដល់ការដោះដូរឧស្ម័ន និងបន្ថយបរិមាណនៃការដកដង្ហើមចូល។ ជំងឺនេះ អាចញែកចេញពីជំងឺហឺតនិងជំងឺរីកទងសួតដោយសារ៖ •ការកកើត៖ COPD កើតពីការប៉ះពាល់ផ្សែងពុលយូរអង្វែង ជាពិសេសផ្សែងបារី ហើយធ្វើឲ្យខូចរចនាសម្ព័ន្ធរបស់ថង់សួត ភាគច្រើនកើតឡើងលើមនុស្សចាស់ មិនសូវជួបចំពោះក្មេងទេ ឯជំងឺហឺត កើតឡើងដោយសារប្រតិកម្មនឹងអាល្លែកហ្សែន ធ្វើឲ្យប្រព័ន្ធភាពស៊ាំកើនឡើង និងមានកើតលើមនុស្សគ្រប់វ័យ ជាពិសេសកុមារ។ •ការព្យាបាល៖ ការប្រើប្រាស់ថ្នាំបើកទងសួតមិនអាចធ្វើឲ្យអ្នកជំងឺCOPD បានធូរស្បើយច្រើនដូចអ្នកជំងឺហឺតនោះទេ។ មូលហេតុ មូលហេតុនៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ចម្បងគេគឺ ផ្សែងបារី ទាំងការជក់ និងស្រូបយកផ្សែង។ ក្រៅពីនេះ សារធាតុពុលនៅក្នុងបរិយាកាស ជាពិសេសផ្សែងពុលជាដើម ក៏ជាមូលហេតុនៃជំងឺនេះដែរ។ សារធាតុទាំងនេះ ធ្វើឲ្យផ្លូវដង្ហើមរលាករ៉ាំរ៉ៃ រហូតវិវឌ្ឍទៅជាជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ។ រោគសញ្ញា ភាគច្រើនអ្នកជំងឺមានអាការៈដូចជា ក្អក មានស្លេស្ម ពិបាកដកដង្ហើម និងតឹងទ្រូងរ៉ាំរ៉ៃ។ រោគវិនិច្ឆ័យ ក្នុងការធ្វើរោគវិនិច្ឆ័យដោយ ការសាកសួរអ្នកជំងឺ អំពីរោគសញ្ញានានាដូចជា មានក្អក ឡើងស្លេស្មច្រើន ហត់រយៈពេលយូរ។ អ្នកជំងឺ មានប្រវត្តិជក់បារី ឬធ្វើការប៉ះពាល់ជាមួយផ្សែងរយៈពេលច្រើនឆ្នាំ ហើយស្ថានភាពអ្នកជំងឺវិវឌ្ឍអាក្រក់ទៅអាក្រក់ទៅ។ តេស្តពិនិត្យមុខនាទីផ្លូវដង្ហើម(Epreuve Fonctionelle Respiratoire) បញ្ជាក់ពីវត្តមាននៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ និងដំណាក់កាលនៃជំងឺនេះ។ អ្នកជំងឺត្រូវបានតម្រូវឲ្យផ្លុំក្នុងបំពង់ ដែលមានភ្ជាប់នឹងម៉ាស៊ីន Spirometer។ម៉ាស៊ីននេះ បង្ហាញពីចំណុះខ្យល់ដែលបញ្ចេញក្នុង១វិនាទី(FEV-1)និងបរិមាណខ្យល់ក្នុងសួត (FVC)។ ការធ្វើផលធៀបនៃតម្លៃទាំងពីរដែលត្រូវបានបែងចែកជា៤ដំណាក់កាល៖       •ដំណាក់កាល០៖ កម្រិតស្រាល FEV-1/FVC>7០% , FEV-1>8០%តែអ្នកជំងឺមានក្អក ស្លេស្មច្រើន និងមានសញ្ញាហត់។ •ដំណាក់កាលទី១៖ កម្រិតធ្យម FEV1/FVC៨០%។ •ដំណាក់កាលទី២៖ កម្រិតធ្ងន់ធ្ងរ ដែលត្រូវបានបែងចែកជា២ដំណាក់កាលផ្សេងទៀតរួមមាន·         -ដំណាក់កាលទី២A៖ FEV1/FVC

ចែករំលែក
Top