- May 02, 2017 |
- 7 ឆ្នាំមុន |
- 4K មើល
ធ្វើជាប៉ាៗល្អ គួរធ្វើអ្វីខ្លះ?
ពីចំណងអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាហើយ លោកឱពុកក៏ត្រូវមានចំណងជាមួយនឹងបុត្រាបុត្រីរបស់ខ្លួនដែរ។ មិនថាអ្នកមានកិច្ចការងាររវល់ដល់កម្រិតណានោះទេ អ្នកត្រូវតែឆ្លៀត ដើម្បីបំពេញកាតព្វកិច្ចជាឱពុកល្អមួយរូប ជាពិសេសគឺ ដើម្បីផ្តល់ជាភាពជាគម្រូ និងភាពកក់ក្តៅដល់កូន។ ដូច្នេះ តើធ្វើដូចម្តេចទើបក្លាយជាប៉ាៗល្អបាន? · គោរពភរិយា ៖ កិច្ចការចំបងដែល ឱពុកត្រូវតែធ្វើ ដើម្បីកូនរបស់ខ្លួននោះ គឺគោរពម្តាយរបស់គេ។ គ្រួសារដែលមានឱពុកម្តាយគោរពគ្នាទៅវិញទៅមក ធ្វើឲ្យកូនមានអារម្មណ៍ថាបរិយាកាសនៅជុំវិញខ្លួន មានសុវត្ថិភាព ហើយនៅពេលដែលគេឃើញរូបភាពបែបនោះ គេក៏ទទួលអារម្មណ៍ថាខ្លួនគេផ្ទាល់ត្រូវបានយកចិត្តទុកដាក់ និងគោរពផងដែរ។ · ចំណាយពេលនៅជាមួយកូន ៖ កូននឹងមានអារម្មណ៍កក់ក្តៅ និងស្និទ្ធស្នាល ពេលដែលឱពុករបស់ខ្លួនចំណាយពេលច្រើនជាមួយគេ ហើយងាយនឹងស្តាប់បង្គាប់តាមអ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនសូវរវីរវល់នឹងសុខទុក្ខរបស់គេទេនោះ គេនឹងច្រានចោលរាល់ការនិយាយរបស់អ្នកទៅកាន់គេម្តងៗ ហើយនិងបង្កជាគន្លាតរវាងអ្នក និងគេផងដែរ។ ក្មេងៗលូតលាស់រហ័សណាស់ ហេតុនេះហើយ សូមកុំឲ្យឱកាសរំលងផុតឲ្យសោះ។ · បង្កើតឱកាសនិយាយជាមួយកូនឲ្យបានច្រើន ៖ ដោយសារឱពុកភាគច្រើននិយាយជាមួយកូនតែពេលដែលមានបញ្ហាអ្វីខុសឆ្គងប៉ុណ្ណោះ ហេតុនេះហើយ រាល់ពេលដែលលឺម្តាយប្រាប់ថា “ប៉ាមានរឿងចង់និយាយជាមួយ” កូនតែក្រាញននាលមិនចង់ស្តាប់។ ដើម្បីចៀសវាងបញ្ហានេះ អ្នកគួរចាប់ផ្តើមនិយាយជាមួយពួកគេតាំងពីនៅវ័យក្មេងឲ្យហើយ អំពីនេះអំពីនោះ ដើម្បីកុំឲ្យមានអារម្មណ៍ទើសទាល់ពេលអនាគត។ · ប្រៀនប្រដៅ និងដាក់កម្រិតដោយក្តីស្រលាញ់ ៖ ក្មេងទាំងឡាយចង់បាននូវការណែនាំ និងការកំហិតអ្វីមួយដែលមានហេតុផលច្បាស់លាស់។ ដូច្នេះ អ្វីដែលអ្នកអាចធ្វើបាន គឺរំលឹកពីគុណវិបត្តិផ្សេងៗដែលអាចនឹងកើតមានប្រសិនបើគេធ្វើរឿងនោះហើយលើកទឹកចិត្តដល់ពួកគេតាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តខ្លះៗ សម្រាប់ការប្រតិបត្តិតាមអ្វីដែលគេគោរពតាមអ្វីដែលអ្នកបានប្រាប់។ · ធ្វើជាបុគ្គលគម្រូ ៖ សម្រាប់កូនស្រីដែលបានចំណាយពេលច្រើនជាមួយនឹងឱពុកដែលតែងផ្តល់ភាពកក់ក្តៅដល់គេ នឹងយល់ពីសារសំខាន់នៃការដែលត្រូវបានគោរព និងគិតគូរពីលក្ខណៈសម្បត្តិស្វាមីរបស់ខ្លួន ដើម្បីជ្រើសរើសឲ្យបានត្រឹមត្រូវ។ រីឯកូនប្រុសវិញ ឱពុកអាចបង្ហាត់បង្ហាញពីភាពស្មោះត្រង់ ភាពទំនួលខុសត្រូវ និងការប្រមាថមើលងាយផ្សេងៗ។ · ជាគ្រូបង្រៀន ៖ ឱពុកដែលបង្ហាត់បង្រៀនកូនអំពីដែលត្រូវ និងខុស ហើយផ្តល់កម្លាំងចិត្តឲ្យគេខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនោះ នឹងឃើញថាកូនរបស់ខ្លួនធ្វើការជ្រើសរើសផ្លូវជីវិតសម្រាប់ខ្លួនឯងបានត្រឹមត្រូវ។ · ទទួលទានអាហារជុំគ្នាជាលក្ខណៈគ្រួសារ ៖ ការទទួលទានអាហារ(ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច) ជាមួយគ្នាចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបង្កើនគុណភាពនៃគ្រួសារ។ វាជាឱកាសមួយសម្រាប់កូនចែករំលែកពីអ្វីដែលគេកំពុងធ្វើ និងចង់ធ្វើ ហើយអ្នកក៏អាចឆ្លៀតពេលស្តាប់ និងផ្តល់ដំបូន្មានដល់គេវិញផងដែរ។ · អានឲ្យកូនអ្នកស្តាប់ ៖ ទោះបីជាសម័យបច្ចេកវិទ្យាជឿនលឿនបាននាំមកជូននូវទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ដោយ ការអានឲ្យកូនស្តាប់មុនពេលចូលគេង នឹងជួយរឹតចំណងរវាងអ្នក និងកូនឲ្យកាន់តែស្អិតរមួតទៀត។ ហើយវានឹងបង្កើតជាទម្លាប់ល្អមួយសម្រាប់កូនរបស់អ្នក ដើម្បីការអភិវឌ្ឍខ្លួនដោយផ្ទាល់ និងអាជីព។ · បង្ហាញក្តីស្រលាញ់ ៖ ក្មេងត្រូវការអារម្មណ៍សុវត្ថិភាពដែលបានមកពីការដឹងថាខ្លួនត្រូវបានយកចិត្តទុកដាក់ និងស្រលាញ់ពីក្រុមគ្រួសារ។ ហេតុនេះហើយ ឱពុកម្តាយ ជាពិសេសឱពុកត្រូវតែចេះបង្ហាញអារម្មណ៍ទាំងនោះដល់គេ និងឧស្សាហ៍អោប ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជិតស្និទ្ធ។ · ដឹងថាតួនាទីជាឱពុកនឹងមិនងាយបញ្ចប់នោះឡើយ ៖ ទោះបីជាក្រោយពេលដែលគេធំធាត់ ហើយដល់វ័យដែលចាកចេញពីផ្ទះទៅរស់នៅដោយខ្លួនឯងហើយក៏ដោយ ក៏គេនៅតែត្រូវការជាចាំបាច់នូវដំបូន្មាន និងពាក្យពេចន៍ល្អៗពិគ្រោះយោបល់ជាមួយនឹងឱពុករបស់គេជានិច្ច។ មិនថាជាបញ្ហាបន្តការសិក្សា ការងារ ឬ អាពាហ៍ពិពាហ៍នោះទេ ឱពុកនៅតែជាទីប្រឹក្សាដ៏ល្អរបស់កូនៗជានិច្ច។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក