Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វិស្សមកាលរដូវក្តៅនេះ  មិនដូចវិស្សមកាលឆ្នាំមុនៗ ព្រោះអ្នកនឹងរីករាយនឹងវាជាងមុន ចូលចិត្តវាជាងមុន ហើយអ្នកនឹងចំណាយពេលវេលានេះបានល្អជាងមុនមែនទេ? និយាយពីអាកាសធាតុទៀតហើយ វាដូចជាក្តៅបណ្តើរៗ រីឯវិស្សមកាលតូចរបស់សិស្សនិស្សិតក៏ជិតចាប់ផ្តើមហើយដែរ គឺនៅអំឡុងខែមេសាដែលស្របពេលនឹងការឈប់សម្រាកអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្នុងរយៈពេលឈប់សម្រាកដ៏ខ្លី ដែលខ្លះក្រោម១អាទិត្យ(អ្នកធ្វើការ) ឬមិនលើសពីរអាទិត្យ (សិស្សនិស្សិត) តើអ្នកគិតថាអាចចំណាយពេលនេះដោយរបៀបណា? ក្រៅពីគម្រោងការសម្រាប់ធ្វើក្រោយវិស្សមកាល  អ្នកក៏គួរត្រៀមខ្លួនខ្លះសម្រាប់រដូវក្តៅខាងមុខផងដែរបើអ្នកមិនចង់និយាយថារដូវក្តៅឆ្នាំនេះ សូមធីបចោលនោះ! 1.រៀនហែលទឹក មិនដែលថាមានឱកាសបានរៀនឲ្យស្រួលទេ ហើយបើគ្រាន់តែចំណាយពេលម្តង ឬពីរដងក្នុងមួយសប្តាហ៍ក្នុងអាងហែលទឹកនោះ មិនដឹងថាអ្នកនឹងចេះហែលនៅពេលណាឡើយ ដូចនេះ  នេះជាពេលល្អហើយដែលអ្នកមានពេលសម្រាកយូរគ្រាន់ ល្មមនឹងអាចរៀនចេះ។  ម្យ៉ាងបើនិយាយពីការហាត់កីឡា  ឬសកម្មភាពកំសាន្តនៅរដូវក្តៅ ហែលទឹកជាជម្រើសល្អបំផុត ព្រោះមិនត្រឹមត្រជាក់ស្រួលខ្លួន    អ្នកក៏អាចបញ្ចេញកម្លាំងដោយមិនបាច់បែកញើសជោក និងស្អុះស្អាប់ដោយសារញើសនោះទេ។ 2.រៀនជិះស្គីលើទឹកកក ដូចគ្នានឹងការហែលទឹក ការជិះស្គីទឹកកកក៏ជាសកម្មភាពកំសាន្តសប្បាយ​ និងចាត់ទុកដូចជាការហាត់ប្រាណផងដែរជាពិសេសនៅរដូវក្តៅនេះ ធានាថាអ្នកចង់លេងយូរប៉ុណ្ណាក៏នឹងមិនងាយហត់ និងបែកញើសដែរ។ ការជិះស្គីនេះផងដែរ មិនពិបាក និងត្រូវចំណាយពេលយូរពេកទេក្នុងការរៀនចេះជិះល្មមៗ ដូចនេះឆ្លៀតឱកាសថ្ងៃសម្រាកប៉ុន្មានថ្ងៃនេះ អ្នកគួររៀនឲ្យចេះ ដើម្បីអាចលេងបានម៉ាសប្បាយនៅរដូវក្តៅ។ 3.រៀនមេកអាប់ខ្លួនឯង ការមេកអាប់នៅរដូវក្តៅពិតជាពិបាកបន្តិចហើយ មិនថាអ្នកធ្វើវាខ្លួនឯងនៅផ្ទះ ឬនៅសាឡន ព្រោះអាកាសធាតុក្តៅពិតជារំខាន។ ហេតុនេះ អ្នកគួររៀនមេកអាប់ឲ្យស្ទាត់ជាងមុនខ្លួនឯង និងប្រើពេលឲ្យខ្លីជាងមុន ព្រមទាំងអាចឆ្លៀតរកតិកនិចណាងាយៗជាងមុន និងស្ទាយខ្លះៗសម្រាប់តុបតែងមុខឲ្យត្រូវនឹងរដូវក្តៅផងដែរ។   ម្យ៉ាងផលិតផលប្រើប្រាស់អាចនឹងមានការផ្លាស់ប្តូរខ្លះដែរ ដូចជាក្រែមផ្តល់សំណើមគួរតែប្រភេទស្រាលជាងរដូវរងា និងម៉ាស្ការ៉ាគួរជាប្រភេទធន់នឹងទឹកជាដើម។ 4.ថែទាំសម្រស់ មិនអាចរំលងបានទេនៅវិស្សមកាលម្តងៗ ព្រោះជាទូទៅអ្នកមុខជាមិនមានពេលវេលាពេញលេញក្នុងការថែទាំខ្លួនឲ្យបានល្អទេ គ្រាន់តែរកពេលបិទម៉ាសក៏ពិបាកដែរ។ ដូចនេះ អំឡុងពេលនេះ អ្នកអាចចាប់ផ្តើមនូវវិធានការថែរក្សាស្បែក និងផ្នែកផ្សេងៗឲ្យស្រស់ស្អាតបាន ជាពិសេសសម្រាប់រដូវក្តៅ     អ្នកក៏ត្រូវគិតត្រៀមក្រែមការពារកម្តៅថ្ងៃដែលស័ក្តិសមឲ្យហើយផងដែរ។ 5.រក្សាទម្ងន់បន្តិច ប្រាកដណាស់ថា អ្នកមិនចង់មានរាងធាត់ទេនៅរដូវក្តៅ ព្រោះវាមិនត្រឹមប៉ះពាល់ដល់ជំនឿចិត្តពេលអ្នកស្លៀកសម្លៀកបំពាក់ប្រភេទរដូវក្តៅ  ដែលនឹងបង្ហាញរាងរបស់អ្នកច្បាស់ ខុសពីរដូវរងាដែលមានអាវក្រាស់ៗជួយលាក់រាងនោះទេ វាថែមទាំងធ្វើឲ្យអ្នកមិនស្រួលខ្លួនឡើយ ជាពិសេសនៅរដូវក្តៅតែម្តង ព្រោះអ្នកនឹងមានអារម្មណ៍ហប់ជាង ក្តៅជាង និងបែកញើសស្អុះស្អាប់ជាងអ្នកដែលស្គម។ 6.រៀនរាំ ឱកាសបុណ្យចូលឆ្នាំនឹងមកដល់ឆាប់ៗនោះអី! ឆ្នាំហ្នឹងអ្នកមុខជាមិនចង់នៅអង្គុយយាមកាបូបទេមែនទេ? ហើយក៏នៅមានឱកាសក្រោយៗទៀត ដូចជាជប់លៀងចុងឆ្នាំសិក្សា ជប់លៀងបំណាច់ឆ្នាំជាដើម។ ទាន់វិស្សមកាលនេះមានឱកាស រៀនបណ្តើរៗបាន អ្នកអាចរៀននៅផ្ទះដោយខ្លួនឯង ឬក៏ចុះឈ្មោះរៀននៅថ្នាក់បង្រៀនរាំនៅតាមក្លឹបហាត់ផ្សេងៗ។  វាប្រាកដជាសប្បាយមិនតិចទេសម្រាប់រដូវក្តៅនេះ ក្រឡែងខ្លួនម៉ាអស់ដៃបាន។ ក្រៅពីត្រៀមខ្លួនសម្រាប់រដូវក្តៅ អ្នកក៏គួរគិតផងដែរក្នុងការចំណាយពេលវេលាក្នុងការធ្វើដំណើរកម្សាន្តរយៈពេលវែង ឬខ្លី បញ្ចប់ការអានសៀវភៅ ចាប់ផ្តើមទម្លាប់ថ្មីល្អៗ រៀបចំគម្រោងអនាគត ធ្វើការងារស្ម័គ្រចិត្ត ឬចូលរួមសកម្មភាពសង្គមនានា ស្គាល់មិត្តថ្មីៗជាដើម ដែលសុទ្ធតែជាសកម្មភាពដែលមានប្រយោជន៍មិនគួរខកខាន។ ពេលវេលាដើរលឿនហួសពីការស្មាន បើអ្នកមិនបានធ្វើអ្វី ដូចនេះ កុំខាតពេលវេលានៃវិស្សមកាលដ៏មានតម្លៃសម្ងំនៅផ្ទះមើលទូរទស្សន៍ លេងហ្វេស-បុកអី  គួរតែចេញមកក្រៅ ធ្វើអ្វីដែលអ្នកគួរធ្វើ និងរៀបចំអ្វីដែលអ្នកត្រូវការ ជាពិសេសត្រៀមស្វាគមន៍អាកាសធាតុក្តៅជាមួយអារម្មណ៍ត្រជាក់ៗផងណា…

ចែករំលែក

Shopping Shopping!!! ជាញឹកញាប់ជាពិសេស គឺនារីៗឮណាត់គ្នាសឹងតែរាល់ថ្ងៃចុងសប្តាហ៍។ មនុស្សស្រីចូលចិត្តដើរផ្សារទិញឥវ៉ាន់ ហើយបើទោះបីជាត្រូវដើរពេញមួយថ្ងៃក៏មិនមានអារម្មណ៍ធុញទ្រាន់ដែរឲ្យតែបានទិញរបស់ដែលខ្លួនស្រលាញ់  នេះហើយជាសមត្ថភាពពិសេសរបស់នារីៗ(និយាយចំៗតិចហើយណា…) សម្រាប់នៅទីក្រុងភ្នំពេញវិញ ផ្សារមានមិនតិចឯណា? តែភាគច្រើនមិនថាយើងមិនថាគេ បើធ្លាប់ទៅណា ទៅតែកន្លែងនោះ ស្របពេលដែលផ្សារនីមួយៗមានភាពសម្បូរបែបមិនដូចគ្នាឡើយ នេះបើយោងតាមអ្នកជំនាញដើរផ្សារ(ដើររាល់អាទិត្យ)បានប្រាប់ហេលស៍ថាម។ ដូច្នេះ អ្នកគួរតែបានដឹងអំពីរឿងនេះ ដើម្បីទៅឲ្យត្រូវគោលដៅ និងបានទំនិញដែលសមបំណង។ ១. ផ្សារទំនើបអីុអន ស្ថិតក្នុងបរិយាកាសមានម៉ាស៊ីនត្រជាក់ ពោរពេញទៅដោយហាងលក់ទំនិញប្រែ៊នៗ មានទាំងសម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតផលគ្រឿងសម្អាង ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងតែនាំចូលពីបរទេស ដូច្នេះវាជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តម៉ាកល្បីៗ។ ក្រោយពី Shopping អ្នកក៏មិនបាច់បារម្ភពីវិធីសាស្ត្របំពេញថាមពលដែរ នៅទីនោះមិនខ្វះទេអាហារឆ្ងាញ់ៗ ប្លែកៗ មិនថាចង់ញុំាអាហារប្រទេសណាក៏មាន ឲ្យតែចង់ញុំា និងមានលុយ។ ២. ផ្សារទំនើបផេនសល សម្រាប់អ្នកចូលចិត្តផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់ ស្បែកជើង កាបូបយួរដៃតាមសម័យ និងកាលីបៗស្របពេលចង់ទទួលបាននូវតម្លៃសមរម្យ ផេនសលជាកន្លែងដែលភាគច្រើនមិត្តនារីៗមិនងាយដើររំលង។ ថ្វីត្បិតមានអតិថិជន និងតូបលក់ទំនិញច្រើន តែផ្សារនេះក៏នៅតែមិនមានភាពកកស្ទះឡើយ    អ្នកនៅតែទទួលបានផាសុកភាពក្នុងការដើរទិញទំនិញមិនថាជាចុងសប្តាហ៍ក៏ដោយ។ ក្រៅពីនេះ អ្នកក៏អាចរកមើល គ្រឿងសម្អាង និងទឹកអប់ច្រើនប្រភេទផងដែរ។ ៣. ផ្សារទួលទំពូង និយាយដល់ផ្សារទួលទំពូង មនុស្សភាគច្រើនប្រាកដជាដឹងថា ខោអាវធូរថ្លៃ ថ្មី ម៉ូតទាន់សម័យ និងមានម៉ាកត្រឹមត្រូវ ព្រោះសុទ្ធតែជាខោអាវក្បាលគីបនាំចូលពីខាងរោងចក្រ។ សម្រាប់អ្នកស្វែងរកឈុតហែលទឹកស្អាតៗ ក៏មិនដែលភ្លេចផ្សារនេះផងដែរ។ បន្ថែមពីនេះ យើងក៏សង្កេតឃើញមានជនបរទេសច្រើនណាស់ ព្រោះក្រៅពីសម្លៀកបំពាក់ក៏មានលក់នូវវត្ថុអនុស្សាវរីយ៍ជាតិ និងអន្តរជាតិផងដែរ តួយ៉ាងដូចជាកន្សែងបង់ក ផ្ទាំងគំនូរបុរាណ ចម្លាក់ គ្រឿងអលង្ការប្រាក់ និងស្ពាន់ជាដើម។ ៤. ផ្សារធំថ្មី អ្នកណាក៏ស្គាល់ និងនិយមទៅដែរ ក៏ព្រោះតែគេអាចរកទិញនូវកាបូបល្អៗ មានគុណភាព និងខោអាវប្លែកៗបែបនិយមជនបរទេស មិនតែប៉ុណ្ណោះមិត្តនារីអាចរកទិញគ្រឿងអលង្ការដូចជាខ្សែដៃ នាឡិកា ចិញ្ចៀនជាដើម។ ហើយក្រៅពីនេះក៏មានលក់នូវវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទដែលជាផលិតផលផលិតក្នុងស្រុក   និងធ្វើដោយដៃផ្ទាល់ក៏មាន។ អ្វីកាន់តែពិសេសគឺផ្សារមានលក្ខណៈធំទូលាយ ងាយស្រួលក្នុងការដើរទិញឥវ៉ាន់ រីឯទិដ្ឋភាពនៅក្នុងផ្សារ ព្រមទាំងសំណង់អាគារក៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ ៥. ផ្សាររាត្រី ពេលថ្ងៃរវល់គ្មានពេលដើរផ្សារលំហែអារម្មណ៍  ដូច្នេះផ្សាររាត្រីពិតជាអាចឲ្យមិត្តនារីទទួលបានភាពសប្បាយរីករាយ សម្រាប់ចុងសប្តាហ៍របស់ខ្លួន ដោយសារបរិយាកាសអំណោយផល ជាប់មាត់ទន្លេ មានភ្លេងកំដរ និងភ្លើងពណ៌ស្រស់ស្អាតនាពេលរាត្រី។ អ្នកអាចស្វែងរកសម្លៀកបំពាក់ជាច្រើនប្រភេទ មិនថាចំពោះបុរស ឬនារី និងមានលក់វត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃសមរម្យ បន្ទាប់ពីដើរទិញសម្លៀកបំពាក់ហើយ អ្នកក៏អាចទទួលទានអាហារបែប street food បន្ទាប់បន្សំនៅទីនោះផងដែរ មិនចាំបាច់ពិបាកដើរឆ្ងាយនាំតែហត់។ ខាងលើគ្រាន់តែជាផ្សារចំនួន៥ ក្នុងចំណោមផ្សារជាច្រើនទៀត ទាំងជាផ្សារទំនើប និងផ្សារលក្ខណៈតំបន់នៅទីក្រុងភ្នំពេញ ដែលសុទ្ធសឹងជាទិសដៅរបស់អ្នកនិយមទិញទំនិញដោយសារតែភាពទាក់ទាញ និងសម្បូរបែបខុសៗគ្នា ដូចនេះអ្នកតែងតែមានជម្រើសជានិច្ចសម្រាប់ថ្ងៃshopping របស់អ្នក។

ចែករំលែក

ត្រូវគិតគូរលើចំណុចអ្វីខ្លះមុនធ្វើអាជីវកម្មមួយ? -គិតទៅលើConcept៖ អ្នកធ្វើអាជីវកម្មត្រូវមើលទៅលើបញ្ហា និងគិតពីវិធីសាស្ត្រដោះស្រាយបញ្ហាទាំង នោះ ហើយត្រូវធ្វើអោយconcept នោះត្រូវមានភាពខុសពីគេ និងប្លែកពីគេ -វិធីសាស្ត្រធ្វើ ៖ ចំណុចនេះអ្នកត្រូវគិតអំពោះរបៀបដែលអ្នកនឹងធ្វើវា មានធនធានអ្វីខ្លះ ស្វែងរកអ្នក ដទៃមកបំពេញចំណុចខ្វះខាត -សាកលភាវូបនីយកម្ម៖ ថាតើអាជីវកម្មរបស់យើងអាចឈានចូលទៅក្នុងកម្រិតអន្តរជាតិបានដែរឬទេ ក្រោយពីមានគំនិតមួយល្អហើយ ដើម្បីឲ្យដំណើរការទទួលបានជោគជ័យតើត្រូវមានកត្តាអ្វីខ្លះទៀតចូលរួម? -ខ្លួនឯង៖ ត្រូវសួរខ្លួនឯងថាតើយើងស្រលាញ់ការងារនេះដែរឬទេ កើតចេញពីចិត្តដែរឬទេ -គ្រួសារ៖ គ្រួសារជាកត្តាលើកទឹកចិត្តដ៏សំខាន់បំផុត ពីព្រោះថាពេលធ្វើការងារអ្វីមួយអាចនឹងមានការ បាក់ទឹកចិត្តដូចនេះកម្លាំងចិត្តអាចធ្វើឲ្យយើងបន្តទៅមុខទៀត -ជំនាញដែលត្រូវការ៖ នេះជាកត្តាសំខាន់ដែលអាជីវករត្រូវដឹង។ ត្រូវស្វែងយល់ពីជំនាញដែលអ្នកខ្វះខាត រួចស្វែងរកមនុស្សមកជួយបំពេញ។​ កត្តាដែលគួរចៀសវាង អ្វីដែលសំខាន់និងត្រូវចៀសវាងគឺ ការកូពីអាជីវកម្មរបស់អ្នកដទៃ ពីព្រោះទោះបីជាយ៉ាងណាក៏យើងមិនអាចធ្វើឲ្យ ដូចគេបេះបិតនោះដែរ។ ធ្វើយ៉ាងនេះ អាជីវកម្មរបស់លោកអ្នកគឺមិនមានភាពខុសគ្នាពីអ្នកដទៃឡើយ។ ចំណុចដ៏ សំខាន់មួយ ទៀតនោះ​គឺចៀសវាងការកេងប្រវ័ញ្ជនៅក្នុងក្រុម។ ក្នុងនាមជាម្ចាស់អាជីវកម្មគួរ កុំផ្តោតសំខាន់ទៅលើ ការចំណេញខ្លាំងពេក ត្រូវបែងចែក ផលប្រយោជន៍ចំពោះក្រុមការងារដែលទទួលបន្ទុកច្រើនដែលធ្វើឲ្យការងារ រីចម្រើន។​ អនុសាសន៍ ក្នុងនាមជាអាជីវករ អ្នកត្រូវយកចិត្តទុកដាក់ទៅលើអតិថិជន និងផ្តោតសំខាន់ទៅលើតម្រូវការរបស់ពួកគាត់។ ស្តាប់ពីការផ្តល់យោបល់ និងការរិះគន់ ពីព្រោះថាពាក្យរិះគន់ជាពាក្យបោះព្រីយ៉ុង។ ម្យ៉ាងវិញទៀត អាជីវករត្រូវ រកពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង ដោយត្រូវដើរច្រើន ស្វែងយល់ពីស្ថានភាពខុសៗគ្នា ជាពិសេសត្រូវចូលរួមសិក្ខា សាលាផ្សេងៗដើម្បីបង្កើនទំនាក់ទំនងសង្គម និងរៀនពីអ្វីថ្មី។

ចែករំលែក

ពួកយើងស្ទើរតែទាំងអស់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍ក្នុងការហូរឈាមច្រមុះនៅចំណុចណាមួយនៃជីវិតរបស់យើងប៉ុន្តែបញ្ហានេះភាគច្រើនកើតទៅលើកុមារព្រោះពួកគេងាយនឹងរងរបួសនៅពេលលេង និងរត់។ ក្នុងករណីភាគច្រើនវា មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទេ ប៉ុន្តែការហូរឈាមច្រមុះអាចជាបទពិសោធន៍ដ៏គួរឲ្យខ្លាចដែលមិនមែនចំពោះតែកុមារទេថែមទាំងមនុស្សពេញវ័យផងដែរ។ ការហូរឈាមច្រមុះក៏អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនដែរ។ មើលទ្រឹស្ដីទាំងអស់នេះដើម្បីបញ្ឈប់ការហូរឈាមច្រមុះរបស់អ្នកអោយបានលឿន ទីតាំងនៃរាងកាយរបស់អ្នក។​ បើសិនជាអ្នកគ្មានបញ្ហាអ្វីធ្ងន់ធ្ងរដែលអាចធ្វើឲ្យអ្នកហូរឈាមច្រមុះទេអ្នកអាចអនុវត្តវិធីសង្គ្រោះបឋមនៅផ្ទះដើម្បីជួយបញ្ឈប់វា បាន។ ចាប់ផ្ដើមដំបូង យើងត្រូវអង្គុយចុះដែលវាធ្វើឲ្យមានផាសុកភាពជាងឈរ។ ផ្អៀងក្បាលទៅមុខដូច្នេះឈាមនឹងហូរទៅតាមរន្ធច្រមុះ។ អ្នកអាចដាក់កន្សែងនៅក្រោមច្រមុះរបស់អ្នកដើម្បីឲ្យវាប្រមូលឈាមដែលហូរចេញមកហើយមិនត្រូវ គេងចុះទេព្រោះវាអាចឲ្យឈាមហូរចូលបំពង់ករបស់អ្នក។ ច្របាច់ និងសង្កត់ វិធីព្យាបាលដ៏សាមញ្ញបំផុតសម្រាប់ការហូរឈាមច្រមុះគឺវិធីច្របាច់ និងសង្កត់ដែលវាត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយគឺមានប្រសិទ្ធភាពគ្រប់គ្រាន់ និងទទួលបានលទ្ធផលល្អគួរសម។ ប្រើប្រាស់មេដៃ និងដៃចង្អុលរបស់អ្នកច្របាច់ទៅលើ ផ្នែកទន់នៃច្រមុះហើយសង្កត់ទៅលើផ្នែកដែលហូរឈាមនៃជញ្ជាំងច្រមុះ និងត្រួតពិនិត្យលំហូរឈាមឲ្យបានត្រឹមត្រូវ។ បន្តសង្កត់វាឲ្យបាន១០នាទីហើយដកដង្ហើមតាមមាត់របស់អ្នក។បន្ធូរកម្លាំងសង្កត់ហើយធ្វើម្ដងទៀតនៅ៥នាទីក្រោយ។ អង្គុយឲ្យត្រង់ក្បាលអោនទៅមុខដើម្បីការពារឈាមកុំឲ្យហូរចូលក្នុងបំពង់ករបស់អ្នក។ ផ្លុំច្រមុះរបស់អ្នកតិចៗដើម្បីសម្អាតកំណកឈាមដែលតោងជាប់នូវសរសៃឈាម របស់អ្នក។ កំប្រេសត្រជាក់ កំប្រេសត្រជាក់មួយដែលប្រើប្រាស់ទឹកកកគឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពផ្សេងទៀតដើម្បីបញ្ឈប់ការហូរឈាមច្រមុះចំពោះមនុស្សពេញវ័យ។ សីតុណ្ហភាពត្រជាក់ខ្លាំងនៃទឹកកកអាចធ្វើឲ្យសរសៃឈាមនៃច្រមុះរួមតូចបន្ថយល្បឿន លំហូរឈាម និងការហូរឈាមក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាក៏ជួយកាត់បន្ថយការរលាកក្នុងករណីដែលច្រមុះមានការរងរបួស។ ប៉ុន្តែត្រូវចងចាំថាមិនត្រូវដាក់ទឹកកកដោយផ្ទាល់ទៅលើច្រមុះរបស់អ្នកនោះទេ។ ដាក់ទឹកកក២ ទៅ៣ដុំទៅក្នុងកន្សែងស្ដើងមួយហើយដាក់វាទៅលើខ្ទង់ច្រមុះរបស់អ្នករយៈពេល១០នាទីនៅពេលដែលអ្នកអង្គុយចុះត្រង់ខ្លួន និងងើយក្បាលរបស់អ្នកទៅក្រោយ។ ធ្វើវាម្ដងទៀតបើសិនជាអ្នកត្រូវការ។ ទឹកអំបិល ទឹកអំបិលជាញឹកញាប់គឺប្រើប្រាស់នៅពេលរលាកច្រមុះដើម្បីសម្អាតច្រមុះស្ទះដែលបណ្ដាលមកពីការរលាកប្រហោងឆ្អឹងមុខ ឬប្រតិកម្មដោយសារតែធូលីដី និងលំអងនានា។ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ខ្ពស់ក្នុងការព្យាបាលការហូរឈាម ច្រមុះនៅផ្ទះដោយមានសុវត្ថិភាពខ្ពស់ផងដែរ។ រូបមន្តនេះមានប្រសិទ្ធភាពខ្ពស់បើសិនជាការហូរឈាមច្រមុះរបស់អ្នកបណ្ដាលមកពីត្រជាក់ខ្លាំងពេកនិងអាកាសធាតុស្ងួត។ បន្ថែមអំបិលបន្តិចចូលទៅ ក្នុងទឹកកន្លះកែវរួចដាំវាអោយពុះ។ បន្តក់សូលុយស្យុងនេះ ២ ទៅ ៣ ដំណក់ចូលទៅក្នុងរន្ធច្រមុះរបស់អ្នក។ ទោះបីជាការហូរឈាមច្រមុះមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ដោយប៉ុន្តែបើសិនជាអ្នកមានការហូរឈាមច្រមុះជាញឹកញាប់ពួកយើងសូមផ្ដល់យោបល់អ្នកកុំមិនអើពើពីវាឲ្យសោះ។ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក៕  

ចែករំលែក

បើនិយាយពីការងារផ្នែកអ្នកទីផ្សារ ឬអ្នកទំនាក់ទំនងសាធារណៈចៀសមិនផុតពីការសហការផ្ទាល់ជាមួយអតិថិជន ដែលតម្រូវឲ្យពួកគេមានគន្លឹះពិសេសក្នុងការធ្វើឲ្យទំនាក់ទំនងជោគជ័យទៅតាមគម្រោងដែលបានកំណត់។ យល់ច្បាស់ឬនៅ ថាធ្វើដូចម្តេចទើបអាចយកឈ្នះចិត្តរបស់អតិថិជន? បើមិនទាន់ច្បាស់អាចស្វែងយល់អត្ថបទខាងក្រោមដោយ Konexgens បានធ្វើបទសម្ភាសន៍ជាមួយ លោក ង៉ោ ម៉េងហ៊ួង ដែលជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន Hauwei ពីយុទ្ធសាស្រ្តមួយចំនួនពីការទំនាក់ទំនងជាមួយអតិថិជន គួរបញ្ជាក់ផងដែរលោកជាអតីតសិស្សគំរូខាងផ្នែកសារព័ត៌មាននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍រួមជាមួយបទពិសោធន៍ការងារជាច្រើនឆ្នាំនៅតាមបណ្តា ក្រុមហ៊ុននានាជាច្រើន។ ការរៀបចំមុនពេលការណាត់ជួប •    ជាចម្បងគួរមានការសិក្សាពីព័ត៌មានឬសេវាកម្មរបស់ក្រុមហ៊ុនដែលចង់ណាត់ជួបជាមុនដែលវាជាជំនួយក្នុងការពិភាក្សា។ •    ការរៀបចំខ្លួនក៏ជាចំណុចទាក់ទាញផងដែរ ដូចជាការស្លៀកពាក់ឲ្យបានសមរម្យជាដើម។ •    កំណត់ពីទីតាំងនៃការណាត់ជួប ដែលអាចមានការប្រែប្រួលទៅតាមស្ថានភាព តួយ៉ាង សម្រាប់ការណាត់ជួបជាលក្ខណៈផ្លូវការអាចធ្វើឡើងក្នុងការិយាល័យរបស់ក្រុមហ៊ុន ឬទីតាំងរបស់អតិថិជនផ្ទាល់ចំណែកឯការណាត់ជួបមិនផ្លូវការ សម្រាប់បង្កើនចំណងមិត្តភាពវិញ អាចធ្វើឡើងក្នុងទីតាំងសាធារណៈមួយចំនួនដូចជា ហាងកាហ្វេ ឬការរៀបចំជា អាហារសាមគ្គី។ វិធីសាស្រ្តក្នុងការយកឈ្នះចិត្តអតិថិជន •    ជំនួបដំបូង៖ ផ្លាស់ប្តូរទំនាក់ទំនងចំពោះអ្នក និងអតិថិជនដែលអាចធ្វើឡើងតាមរយៈការដោះដូរនូវប័ណ្ឌសម្គាល់ខ្លួននិងការណែនាំខ្លួនដើម្បីបង្កើននូវភាពស្និទ្ធស្នាលរវាងគ្នាទៅវិញទៅមកមុននឹងឈានចូលទៅការចចារពីគម្រោងរបស់អ្នក។ •    ការចចារ៖ វាស្តែងចេញឡើងតាមរយៈការរៀបរាប់ពីគោលបំណងរបស់អ្នកចំពោះ អតិថិជន ដោយធ្វើយ៉ាងណានិយាយចាក់ឲ្យចំបេះដូង និងផ្តល់ព័ត៌មានពិតពីសេវាកម្មឬផលិតផលរបស់អ្នកដោយគួរមានជាការរៀបចំឯកសារសម្រាប់ធ្វើ បទបង្ហាញ ឲ្យបានកាន់តែក្បោះក្បាញ និងទាក់ទាញ ចៀសវាងការបង្ហាញនិយាយតែមាត់ដោយគ្មានភ័ស្តុតាងជាក់លាក់។ •    ការបិទបញ្ចប់៖ ការសម្រេចចិត្តទទួលយក ឬយ៉ាងណារបស់អតិថិជនជាចំណុចសខាន់នៃការណាត់ជួប ប៉ុន្តែអ្នកត្រូវមានការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបាននឹងនរចៀសវាងបង្ហាញការមិនពេញចិត្ត ក្នុងករណីអតិថិជនមិនយល់ព្រមពី ព្រោះថាយើងនៅតែមានឱកាសធ្វើការជាមួយគ្នានៅថ្ងៃខាងមុខទៀត។ អ្វីដែលគួរប្រកាន់ខ្ជាប់ និងចៀសវាង អ្វីគួរប្រកាន់ខ្ជាប់៖ •    គោរពពេលវេលាឲ្យបានត្រឹមត្រូវ យកល្អត្រូវរង់ចាំយ៉ាងតិចមួយម៉ោងនៃការណាត់ជួប •    និយាយឲ្យមានប្រយោជន៍ រួមជាមួួយស្នាមញញឹម និងការយកចិត្តទុកដាក់ •    ប្រើវិធីសាស្រ្តពន្យល់ឲ្យបានច្រើន។ អ្វីគួរចៀសវាង៖ •    ចៀសវាងប្រើពាក្យសម្តី និងអាកប្បកិរិយាដែលមិនសមរម្យ •    មិនគួរបញ្ចេញអត្តចរិកគាបសង្កត់ •    មិនត្រូវបង្ហាញអាការៈខឹងនៅពេលមានការរិះគន់។ អនុសាសន៍សម្រាប់អ្នកអាន ជាការពិតពិភពការងារតែងចៀសមិនផុតពីបញ្ហា ការបាក់ទឹកចិត្ត ឬភាពនឿយហត់ ប៉ុន្តែវាគ្រាន់តែជាឧបសគ្គមួយគ្រា មិនមែនជាការបរាជ័យមួយជីវិត។ គួរតែបណ្តុះភាពរឹុងបឹុង ជំុរុញខ្លួនឯងទៅមុខឲ្យកាន់តែរីកចម្រើននាពេលខាងមុខ។  

ចែករំលែក

នាងខ្ញុំឈ្មោះ ស៊ីផុន អាយុ ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ ជាញឹកញាប់ខ្ញុំតែងតែរមួលក្រពើមិនថាពេលហាត់ប្រាណ ឬពេលកំពុងគេងលក់ហើយក៏ដោយ។ ខ្ញុំមិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតទេតែខ្ញុំមានទម្ងន់ជាង៦០គីឡួ។ តើវាអាច ជាមូលហេតុដែរឬទេ? តើអាការៈនេះមានទាក់ទងនឹងជំងឺអ្វីធ្ងន់ធ្ងរដែរឬទេ? ចម្លើយ៖     ប្រសិនបើអ្នកបានធ្វើការបញ្ជាក់ពីកម្ពស់របស់អុ្នកទៀតវានឹងកាន់តែប្រសើរ។ យោងតាមការរៀបរាប់លើនេះវាមិនបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺនោះទេ។ អ្វីដែលត្រូវគិតដំបូងគេគឺវីតាមីន ដូចជាប្រភេទកាល់ស្យូម វីតាមីនក្រុមបេ ឬ បេ១២ និងជាតិដែកព្រោះថាកង្វះជាតិណាមួយក៏បណ្តាលឲ្យសាច់ដុំមានការចុកស្រពន់ ឬរមួលក្រពើដែរ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក  

ចែករំលែក

សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ស.ភ អាយុ២៣ឆ្នាំ ទម្ងន់៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៧៥ សព្វថ្ងៃជានិស្សិត។ ខ្ញុំធ្លាប់មានបញ្ហាហូរទឹកភ្នែកហើយក៏ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ ក្នុងគ្រួសារខ្ញុំមិនមានអ្នកមានបញ្ហាភ្នែកទេ។ បច្ចុប្បន្នខ្ញុំមានបញ្ហាស្រវាំង ភ្នែកហើយចេះតែខ្លាំងទៅៗ។ម្យ៉ាងទៀត ភ្នែកឡើងក្តៅហើយឈឺ។ ខ្ញុំចាប់ផ្តើមពិបាកបើកភ្នែកពេលសម្លឹងមើលទូរស័ព្ទឬកុំព្យូទ័របានរយៈពេលមួយម៉ោង។ តើពេលហូរទឹកភ្នែកត្រូវធ្វើដូចម្តេច?ពេលភ្នែកឡើងក្រហម និងស្រវាំងត្រូវធ្វើដូចម្តេច? អាការៈអ្វីខ្លះដែលបញ្ជាក់ថាភ្នែកមានបញ្ហាវិវឌ្ឍទៅរកភាពយ៉ាប់យឺន? តើពេលណាឬក្នុងដំណាក់កាលណាដែលត្រូវប្រើវ៉ែនតា? ចម្លើយ ៖ ការហូរទឹកភ្នែករបស់ប្អូននេះជារោគសញ្ញាមួយទាក់ទងនឹងបញ្ហារលាកភ្នែក។ ភ្នែកស្ងួតអាចបណ្តាលមកពីការប្រឈមនឹងធូលីដីហុយ ប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរជាដើម។ ចំពោះដំណោះ ស្រាយ ប្អូនគួរប្រើទឹកភ្នែកសិប្បនិម្មិត(Artificial Tear) ប្រភេទដែលល្អព្រោះវាជួយផ្សើមឲ្យមានសំណើមដល់ភ្នែក បើអាចប្រើវ៉ែនតាទៀតនោះកាន់តែល្អវាជួយកាត់បន្ថយនូវអាការៈភ្នែកស្ងួត និងការហូរទឹកភ្នែក ទោះយើងមានម៉្ញូបឬគ្មានក៏ដោយ។ទាក់ទងនឹងភ្នែកស្រវាំងប្អូនត្រូវតែមកជួបជាមួយគ្រូពេទ្យភ្នែកដើម្បីឲ្យដឹងថាប្អូនស្រវាំងកម្រិតណាតិចឬច្រើន ហើយមូលហេតុស្រវាំងបណ្តាលមកពីអ្វី៖ មកពីភ្នែកម៉្ញូបឬក៏មកពីអ្វីផ្សេងទៀត។ រីឯភ្នែកក្រហមរបស់ប្អូនជារោគសញ្ញាមួយដែលជួប ច្រើនក្នុងជំងឺភ្នែកដូចជាការរលាកភ្នែកអាល្លែកហ្ស៊ី ឬភ្នែកស្ងួតខ្លាំង។​ ប្រសិនបើអាការៈរបស់ប្អូនកើតរយៈពេលខ្លីហើយបាត់ទៅវិញនោះ មិនមានអ្វីគួរឲ្យបារម្ភទេហើយក៏មិនបាច់ទៅជួបគ្រូពេទ្យក៏បានដែរ គ្រាន់តែយើងចេះថែរក្សាភ្នែកឧស្សាហ៍ លុបលាងមុខកុំឲ្យសូវត្រូវខ្យល់ថ្ងៃ ផ្សែង ដីហុយ និងចេះសម្រាកភ្នែកខ្លះគឺល្អបំផុត។ ប្រសិនបើអាការៈនេះកើតឡើងញឹកញាប់ដោយចេះតែមានក្រហមហៀរទឹកភ្នែក គួរតែទៅជួបគ្រូពេទ្យភ្នែកដើម្បីមើលថាតើភ្នែកប្អូនមានបញ្ហាជំងឺរលាក ឬមានរោមភ្នែកចាក់ភ្នែកឬយ៉ាងណា។ ចំពោះវ៉ែនតាប្អូនគួរប្រើចំពោះពេលប្រើប្រាស់កុំព្យូទ័រច្រើន ឬធ្វើការងារខាងក្រៅច្រើនដែលប្រឈមនឹងធូលីដីផ្សែងជាដើម។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត ម៉ារ  អមរិន្ទ ជាប្រធានផ្នែកនិងអនុប្រធានការិយាល័យបច្ចេកទេសហើយក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកចក្ខុសាស្ត្រដល់និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ និងនិស្សិតឯកទេសចក្ខុសាស្រ្ត

ចែករំលែក

សំណួរ ៖ ខ្ញុំបាទឈ្មោះ ឡ.គ.ល អាយុ២៤ឆ្នាំ ទម្ងន់៨៨គីឡូក្រាម កម្ពស់១ម៉ែត្រ៧០ សព្វថ្ងៃជានិស្សិត។ខ្ញុំឧស្សាហ៍រោយភ្នែក និងស្រវាំងភ្នែកមើលមិនច្បាស់។ តើមានវិធីណាសម្រាប់កាត់បន្ថយការស្រវាំងភ្នែកដែលចំណាយថវិកាតិច និងសន្សំសំចៃពេលវេលា? មួយវិញទៀត ភាគច្រើនខ្ញុំជួបប្រទះនឹងមនុស្សច្រើនដែលគាត់មានភ្នែកខាងឆ្វេងមានដឺក្រេខ្ពស់ជាងភ្នែកខាងស្តាំតើវាមានមូលហេតុអ្វីដែលបណ្តាលឲ្យកើតឡើងដូច្នេះ?   ចម្លើយ៖ ប្អូនត្រូវប្តូរឥរិយាបថនៃការប្រើប្រាស់ភ្នែកដោយកាត់បន្ថយការអាន។ នៅពេលភ្នែករោយត្រូវសម្រាកភ្នែក៣០នាទីដោយងើបឈរហើយសម្លឹងទៅឆ្ងាយ៣០នាទី ឬបិទភ្នែក២០នាទី។ ការស្រវាំងភ្នែកនេះក៏អាចទាក់ទងនឹងការអស់កម្លាំង ដូចនេះប្អូនត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់និងសម្រាកកាយឲ្យគ្រប់គ្រាន់។ ឯការមានដឺក្រេភ្នែកខាងឆ្វេងខ្ពស់ជាងភ្នែកខាងស្តាំគឺមិនទាន់មានការបកស្រាយនៅឡើយទេ។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជំងឺភ្នែកនិងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែកសព្វថ្ងៃជាជាអនុប្រធានផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  

ចែករំលែក

ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយនានានៅលើបណ្តាញសង្គមស្តីពីការបម្រាមមិនឲ្យមានការប្រើប្រាស់ឱសថP/500​ ដោយសារការកឃើញនូវវត្តមានវីរុស Machupo នៅក្នុងឱសថនេះ។​ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឱសថនៃក្រសួងសុខាភិបាលបានបង្ហាញឲ្យឃើញថា​ ព័ត៌មាននេះមិនមែនជាការពិតនោះទេ ព្រោះថាមិនទាន់មានប្រភពច្បាស់លាស់ និងការសិក្សា ដើម្បីបង្ហាញ ឬប្រើប្រាស់ជាភស្តុតាងបញ្ជាក់នៅឡើយ។ នាយកដ្ឋាន​​​ឱសថក៏បានបានលើកឡើងផងដែរថា ឱសថP/500នេះ​ ពុំត្រូវបានចុះបញ្ជិកានៅក្រសួងសុខាភិបាល និងមិនមានចរាចរណ៍នៅទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះទេ​។ អាស្រ័យដូចបានជម្រាបជូនខាងលើ ​សូមប្រជាជនកម្ពុជាទាំងអស់ជ្រាបជាដំណឹង... Credit : Pharmacy Council of Cambodia

ចែករំលែក

សំណួរ ៖ នាងខ្ញុំឈ្មោះអាយុ ២០ឆ្នាំរស់នៅភ្នំពេញ។ ខ្ញុំមិនពេញចិត្តនឹងកម្ពស់ខ្លួនឯងសោះខ្ញុំចង់ខ្ពស់ជាងនេះបន្តិចទៀត។ តើខ្ញុំនៅអាចលូតកម្ពស់បន្ថែមទេបើខ្ញុំប្រើថ្នាំពន្លូតកម្ពស់ និងហាត់ប្រាណឲ្យបានច្រើន? តើមានវិធីអ្វីផ្សេងទៀតក្រៅពីនេះទេ? ចម្លើយ ៖ ជាក់ស្តែងវ័យលូតលាស់នៅមានដល់អាយុ២៥ឆ្នាំ ឬលើសបន្តិចបន្តួច។ ក្នុងករណីប្អូន គឺប្អូនគ្រាន់តែប្រាប់អំពីអាយុ ហើយគ្រាន់តែបញ្ជាក់ពីភាពមិនសប្បាយចិត្តដោយមិនបានប្រាប់ពីកម្ពស់នោះទេ។ ជាទូទៅគ្រូពេទ្យតែងតែផ្ទៀងផ្ទាត់ជាមួយការថតកាំរស្មី x ទៀតដើម្បីពិនិត្យមើលផ្ទៃលូតលាស់របស់ឆ្អឹងថាតើប្អូននៅលូតលាស់ច្រើនទៀតឬអត់។ វិធីដែលប្អូនអាចធ្វើបាន គឺការលេងកីឡាដែលជាជម្រើសល្អមួយដែលជួយឲ្យឆ្អឹងមានការលូតលាស់ល្អ ហើយការប្រើថ្នាំគួរតែប្រើក្នុងករណីដែលបានធ្វើការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ។ ចំណែកឯជម្រើសមួយទៀតដែលមានការពេញនិយមនៅប្រទេសរីកចម្រើននោះ គឺការវះកាត់ពន្លូតកម្ពស់។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

ចែករំលែក

ធ្វើអ្វីមួយក៏សុទ្ធតែមានលើកដំបូងដែរ...គឺថា...បើមិនមានលើកទីមួយ ក៏មិនមានលើកទីពីរ និងបន្តបន្ទាប់ដែរ... នរណាខ្លះមិនទាន់ធ្លាប់បានហោះហើរទៅប្រទេសក្រៅ? វីដេអូនេះនឹងជាជំនួយយ៉ាងពិសេសសម្រាប់អស់លោកអ្នក ដើម្បីសម្រួលដល់ការធ្វើដំណើរតាមយន្តហោះរបស់អ្នក... ប្រហែលជាមានគន្លឹះជាច្រើនណែនាំពីប្រភពផ្សេងៗគ្នា ហើយក្នុងនោះផងដែរ Central Mall-Phnom Penh ក៏បានរៀបចំឡើងនូវវីដេអូខ្លីសម្រាប់ជាមគ្គទ្ទេសក៍ខ្លឹមៗទៅតាមដំណាក់កាលផ្សេងៗនៅក្នុងព្រលានយន្តហោះ... សង្ឃឹមថា វីដេអូនេះនឹងក្លាយជាផ្នែកមួយក្នុងការសម្រួលដល់ការធ្វើហោះហើរលើកដំបូងរបស់គ្រប់គ្នា... Credit : Central Mall-Phnom Penh

ចែករំលែក

ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយដូចដែលលោកអ្នកបានធ្វើការស្វែងយល់តាមរយៈប្រភពព័ត៌មានផ្សេងៗ ដែលរួមមានទាំងការសិក្សាការស្រាវជ្រាវជាដើម។ ក្រៅពីយល់ដឹងពីគុណតម្លៃនៃអាហារទាំងនោះហើយ លោកអ្នកប្រហែលជាមើលរំលងពីពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានវា ក៏ដូចជាចន្លោះពេលវេលាដែលគ្រោះថ្នាក់ក្នុងការទទួលទានវាដូចគ្នាផងដែរ។ដោយសារតែបែបនេះហើយ ហេលស៍ថាមក៏សូមធ្វើការណែនាំលោកអ្នកនូវអាហារទាំង៧ រួមជាមួយនឹងគុណប្រយោជន៍របស់ពួកគេ ព្រមជាមួយនឹងពេលវេលាដែលគួរ និងមិនគួរទទួលទានដែលមានដូចខាងក្រោមនេះ ៖ •ផ្លែប៉ោម ពេលគួរទទួលទាន ៖ ពេលព្រឹកសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិកទីន(Pectin) ជាសារធាតុស្ករដែលរលាយហើយមាននៅក្នុងផ្លែឈើទុំ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ បន្ថែមពីលើនេះផងដែរ វាក៏ជួយលុបបំបាត់នូវសារធាតុបង្កជាជំងឺមហារីក។ ពេលគួរចៀសវាង ៖  ពេលល្ងាច ឬពេលយប់អាស៊ីតសរីរាង្គរបស់ផ្លែប៉ោមនឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលនឹងបង្កជាភាពមិនស្រួល។មិនត្រឹមតែប៉ុណ្ណោះ ប៉ិកទីននឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារនៅពេលយប់ផងដែរ។ •ស្ករស ពេលគួរទទួលទាន ៖ ពេលព្រឹកអាំងស៊ុយលីននៃរាងកាយរបស់យើងធ្វើការបំបែកជាតិស្ករបានមានប្រសិទ្ធភាពជាងនៅពេលព្រឹក។ ម្យ៉ាងទៀត ឱកាសក្នុងការបំបែកវានៅក្នុងពេលថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃក៏មានខ្ពស់ជាងផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ស្ករសមិនត្រឹមតែបង្កើននូវខ្លាញ់នៅក្នុងរាងកាយទេ វាក៏បណ្តាលឲ្យរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។ •ចេក ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់ចេកជាប្រភេទផ្លែឈើដែលសម្បួរនូវជាតិសរសៃ ហើយក៏តែងតែជួយសម្រួលដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏ជាថ្នាំធម្មជាតិបន្សាបជាតិអាស៊ីត និងបង្អន់បញ្ហាឆ្អល់ចុងដង្ហើមផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ការទទួលទានផ្លែចេកពេលយប់អាចនឹងបណ្តាលឲ្យការបង្កឡើងនៃសំបោរ ឬស្លេស្ម និងផ្តាសាយ។ ប្រសិនបើលោកអ្នកធ្វើការទទួលទានដោយពោះទទេនោះវានឹងប៉ះពាល់ក្រពះ ដោយសារតែវាជាប្រភពនៃម៉ាញេស្យូម។ •បាយ ពេលគួរទទួលទាន ៖ ពេលថ្ងៃការរំលាយអាហារមានដំណើរការប្រសើរជាង ដែលនឹងតម្រូវឲ្យអ្នកប្រើប្រាស់កាបូអ៊ីដ្រាត។ ពេលគួរចៀសវាង ៖ ពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។ •ទឹកដោះគោ ពេលគួរទទួលទាន ៖ ពេលយប់ទឹកដោះគោក្តៅឧណ្ហៗ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។ ពេលគួរចៀសវាង ៖ ពេលព្រឹកដរាបណាមិនមានការធ្វើលំហាត់ប្រាណអ្វីបន្តិចសោះ អ្នកមិនគួរទទួលទានទឹកដោះគោពេលព្រឹកឡើយ ដោយហេតុថាវាអាចនឹងពិបាកនឹងធ្វើការរំលាយ ហើយក៏បង្កជាបញ្ហាក្នុងពេលទទួលទានអាហារផងដែរ។ •ឈីស (Cheese) ពេលគួរទទួលទាន ៖ ពេលព្រឹកព្រលឹមសម្រាប់អ្នកដែលញ៉ាំម្ហូបបួស វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសឲ្យសាច់។ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម នោះវាអាចបង្ការនូវការឡើងទម្ងន់ និងហើមពោះ។ ពេលគួរចៀសវាង ៖ ពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។ •សាច់ ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់សាច់ជាប្រភេទអាហារដែលពិបាកនឹងធ្វើការរំលាយ។ វាសម្បូរនូវជាតិប្រូតេអ៊ីន ហើយជួយបង្កើននូវភាពខ្លាំងនៃរាងកាយ ព្រមទាំងបង្កើននូវកម្រិតនៃការផ្តោតអារម្មណ៍ ឬផ្ចង់ស្មារតី ប្រសិនបើអ្នកទទួលទានវាក្នុងអំឡុងពេលថ្ងៃ។ ពេលគួរចៀសវាង ៖ ពេលយប់ភាពសម្បូរនូវប្រូតេអ៊ីនធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាដំណេកពេលយប់ផងដែរ។

ចែករំលែក
Top